Sunday, October 24, 2010

កម្ពុជា​ទទួល​ជំនួយ​យោធា​ឥត​សំណង​ពី​កូរ៉េ

ដោយ សុខ សេរី
2010-10-22
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​បំភ្លឺ​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា​ថា សម្ភារៈ​យោធា ដូចជា​រថយន្ត​យោធា រួម​ទាំង​គ្រឿង​បរិក្ខារ​ពេទ្យ ដែល​កម្ពុជា​ទទួល​បាន​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថ្មីៗ​នេះ គឺ​ជា​ជំនួយ​ឥត​សំណង សម្រាប់​ប្រទេស​ក្រីក្រ​ដូចជា​កម្ពុជា​ជា​ដើម តាម​ការ​ស្នើ​សុំ​របស់​កម្ពុជា កន្លង​ទៅ​ថ្មីៗ​នេះ មិន​មែន​ជា​ការ​ទិញ​ដូរ​នោះ​ទេ។
ជំនួយ​ទាំង​នោះ​ត្រូវ​បាន​ដឹក​តាម​កប៉ាល់​ទឹក​មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។
ឧត្ដមសេនីយ៍ឯក លោក ឈុំ សុជាត ជា​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​សុក្រ ទី​២២ ខែ​តុលា​ថា សម្ភារៈ​យោធា​ទាំង​នេះ គឺ​ជា​សេចក្ដី​ត្រូវការ​ចាំបាច់​របស់​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា នៅ​ក្នុង​នោះ​មាន​រថយន្ត​យោធា សម្ភារៈ វិស្វកម្ម និង​កប៉ាល់​ប្រដេញ សម្រាប់​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់ និង​បទ​ឧក្រិដ្ឋ​នៅ​ក្នុង​ដែន​សមុទ្ទ ដូចជា​បទ​ល្មើស​រត់​ពន្ធ​គ្រឿង​ញៀន​ជាដើម។
លោក​បន្ត​ថា ៖ «សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង ដែល​បាន​ជួយ​ចំពោះ​ការ​ខ្វះខាត​ចំពោះ​មុខ​នៃ​កង​យោធពល​ខេមរភូមិន្ទ​របស់​យើង ​នេះ ដើម្បី​បំពេញ​ភារកិច្ច​ការពារ​ជាតិ​មាតុភូមិ។ យើង​គិត​ថា យក​សម្ភារៈ​ទាំង​អស់​នេះ ដើម្បី​ប្រើប្រាស់​នូវ​ប្រយោជន៍ ពង្រឹង​នូវ​សមត្ថភាព​របស់​កង​យោធពល​ខេមរភូមិន្ទ​របស់​យើង»
លោក ឈុំ សុជាត មិន​បាន​ឲ្យ​ដឹង​ជា​ពិស្ដារ​ទេ អំពី​ចំនួន​ជាក់លាក់​នៃ​សម្ភារៈ​យោធា​ទាំង​នោះ ប៉ុន្តែ​សេចក្ដី​រាយការណ៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា សម្ភារៈ​យោធា​ទាំង​នោះ​មាន ៣​ប្រភេទ ដូចជា​កប៉ាល់​ប្រដេញ​ចំនួន ៣​គ្រឿង រថយន្ត​យោធា​ចំនួន ១០០​គ្រឿង រថយន្ត​វិស្វកម្ម​ចំនួន ២៤​គ្រឿង និង​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ទៀត។
មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រសួង​ការពារ​ជាតិ​កម្ពុជា កំពុង​តែ​ស្វែង​រក​ជំនួយ​យោធា​មួយ​ចំនួន​ទៀត​ពី​ប្រទេស​ជា​មិត្ត ដើម្បី​បំពេញ​តាម​សេចក្ដី​ត្រូវការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា។
ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក កឹម សុខា បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា សម្ភារៈ​ទាំង​នេះ​មាន​សារប្រយោជន៍​ទៅ​បាន អាស្រ័យ​លើ​ឆន្ទៈ​នៃ​ការ​ប្រើប្រាស់ ៖ «តែ​បើ​យក​មក​សម្រាប់​តែ​បាញ់​ប្រជាពលរដ្ឋ​យក​ដី​យក​ធ្លី អា​ហ្នឹង​អត់​មាន​ប្រយោជន៍​ទេ។ វា​អាស្រ័យ​លើ​អ្នក​ដែល​ប្រើប្រាស់»
កាល​ពី​ខែ​កញ្ញា កន្លង​ទៅ​នេះ ប្រទេស​កម្ពុជា បាន​ទទួល​រថក្រោះ និង​រថពាសដែក​សរុប​ចំនួន ៩៤​គ្រឿង ពី​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត ដើម្បី​យក​មក​ពង្រឹង​សមត្ថភាព​ក្នុង​វិស័យ​យោធា​នៃ​កង​យោធពល​ខេមរភូមិន្ទ​ កម្ពុជា។
មុន​ពេល​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផ្ដល់​ជំនួយ​សម្ភារៈ​យោធា​ខាង​លើ​នេះ គឺ​ប្រទេស​ចិន ក៏​ធ្លាប់​បាន​ផ្ដល់​ជំនួយ​រថយន្ត​យោធា​ចំនួន ២៥៧​គ្រឿង និង​ឯកសណ្ឋាន​យោធា​ចំនួន ៥​ម៉ឺន​កំប្លេ កាល​ពី​ខែ​មិថុនា កន្លង​ទៅ មក​ឲ្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា។
ប្រទេស​កម្ពុជា ដែល​​បាន​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​អូស​បន្លាយ​អស់​ជាង ៣០​ឆ្នាំ ហើយ​​ទើប​​តែ​ងើប​ផុត​​ចេញ​ពី​សង្គ្រាម​នោះ បាន​ស្វះស្វែង​រក​ជំនួយ​យោធា​ពី​បរទេស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ ក្រោយ​នេះ ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​ថា កម្ពុជា​កំពុង​ត្រៀម​ការពារ​ខ្លួន​​ទប់ទល់​​ការ​ឈ្លាន​ពាន​របស់​កងទ័ព​ថៃ តែ​រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ៕

ទស្សនៈ​ជុំវិញ​ការ​ប្រារព្ធ​ទិវា​១៩​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

2010-10-23
គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​អះអាង​ថា ខ្លួន​បាន​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម នៅ​តែ​បន្ត​ឃោសនា​ឲ្យ​មាន​ការ​អបអរ​ថ្ងៃ​៧ មករា​នេះ យ៉ាង​គគ្រឹកគគ្រេង ប៉ុន្តែ​គ្មាន​ពិធី​អបអរ​ចំពោះ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ថ្ងៃ​២៣ តុលា ដែល​នាំ​ឲ្យ​មាន​ការ​បង្កើត​រដ្ឋធម្មនុញ្ញ និង​ការ​ទទួល​ស្គាល់​ប្រទេស​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ​ឡើយ។
Photo Provided
កិច្ច​ព្រមព្រៀង​សន្តិភាព​ប៉ារីស ចុះ​ហត្ថលេខា ថ្ងៃ​ទី​២៣ តុលា ១៩៩១ (ពី​ឆ្វេង​ទៅ​ស្ដាំ​ ៖ លោក សឺន សាន, សម្ដេច នរោត្តម សីហនុ, លោក ហ៊ុន សែន)
រយៈ​ពេល​ប្រហែល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ប្រារព្ធ​ពិធី​អបអរ និង​ការ​ទទួល​ស្គាល់​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​រវាង​ខ្មែរ និង​ខ្មែរ មិន​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ជា​ថ្ងៃ​សម្រាក​ជា​សាធារណៈ​ដូច​មុន​ទៀត​ ឡើយ។
មនុស្ស​ដែល​មាន​វ័យ​ចំណាស់​ចាប់​ពី​ជាង ៤០​ឆ្នាំ​ឡើង​ទៅ បាន​ថ្លែង​ថា ថ្ងៃ​២៣ តុលា​នោះ គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សំខាន់​បំផុត​សម្រាប់​ខ្មែរ ដែល​នាំ​ឲ្យ​ខ្មែរ​ត្រូវ​គេ​ទទួល​ស្គាល់​ឡើង​វិញ​នៅ​លើ​ឆាក​អន្តរជាតិ ជា​ថ្ងៃ​បញ្ចប់​សង្គ្រាម​រវាង​ខ្មែរ និង​ខ្មែរ ជា​ថ្ងៃ​ដែល​ខ្មែរ​ជា​ម្ចាស់​ប្រទេស​រួច​ផុត​ពី​ការ​គ្រប់គ្រង​របស់​កង​ទ័ព​ វៀតណាម ហើយ​ក៏​ជា​ថ្ងៃ​ដែល​នាំ​ឲ្យ​មាន​ការ​ដឹកនាំ​ប្រទេស​មក​ដល់​ថ្ងៃ​នេះ។
បុរស​ម្នាក់​នៅ​ខេត្ត​សៀមរាប ឈ្មោះ សែន រៀប​រាប់​ដូច្នេះ ៖ «រដ្ឋាភិបាល ​សព្វថ្ងៃ​គេ​មិន​សូវ​ឲ្យ​តម្លៃ​ថ្ងៃ​២៣ តុលា​ទេ នៅ​សៀមរាប​នេះ គេ​ប្រារព្ធ​ថ្ងៃ​៧ មករា គ្រាន់​ជា​ប្រជាភិថុតិ។ ថ្ងៃ​២៣ តុលា មាន​ប្រយោជន៍​ណាស់ ជា​ការ​បញ្ចប់​នូវ​សង្គ្រាម​រវាង​ខ្មែរ និង​ខ្មែរ ប៉ុន្តែ​គេ​នាំ​គ្នា​ឲ្យ​តម្លៃ​ថ្ងៃ​៧ មករា»
លោក សួន សុភ័ក្ដិ រស់​នៅ​ស្រុក​ស្អាង ៖ «គឺ​មាន​សារសំខាន់​ណាស់! ដោយសារ​តែ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ហ្នឹង​ហើយ ដែល​កាល​ពី​មុន​ចុះ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស គឺ​មាន​តែ​ប្រទេស​កុម្មុយនិស្ត​ទេ ដែល​បាន​ផ្ដល់​ពោត​សាលី ហើយ​អា​របស់​អត់​ប្រយោជន៍ ដល់​តែ​យើង​មាន​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ហើយ​ខ្មែរ​យើង​គេ​ជួយ​ច្រើន​ ណាស់»
លោក សារិទ្ធ ៖ «រដ្ឋាភិបាល​យើង​គ្មាន​ខ្លាច​អ្នក​ណា​ទាំង​អស់។ អំណាច​លើ​គាត់​ទាំង​អស់ បើ​គាត់​ឲ្យ​ធ្វើ ធ្វើ បើ​គាត់​មិន​ឲ្យ​ធ្វើ អត់​មាន​ធ្វើ​អី​ទេ»
កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង គឺ​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល ១៩​ឆ្នាំ​មក​ហើយ។ ភាគី​ខ្មែរ​ធំៗ ក្នុង​នោះ​មាន​រដ្ឋ​កម្ពុជា នៃ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​តំណាង​លោក ហ៊ុន សែន បាន​ចូល​រួម​ក្នុង​តុ​ចរចា​ជាមួយ​នឹង​ភាគី​ខ្មែរ​ចំនួន ៣​ទៀត គឺ​មាន​ភាគី​លោក សឺន សាន ប្រធាន​បក្ស​សេរី​និយម​ព្រះពុទ្ធ​សាសនា សម្ដេច នរោត្ដម សីហនុ សម្ដេច នរោត្តម រណឫទ្ធិ តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង ខៀវ សំផន តំណាង​ឲ្យ​ភាគី​ខ្មែរ​ក្រហម បាន​ស្រុះស្រួល​គ្នា​បញ្ចប់​សង្គ្រាម​ស៊ីវិល​ក្រោម​ការ​រៀបចំ​របស់​អង្គការ​ សហ​ប្រជាជាតិ។
ប្រទេស​ចំនួន ១៨ ក្នុង​នោះ​មាន​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី ដូចជា វៀតណាម លាវ ថៃ និង​ប្រទេស​មហា​អំណាច​ធំៗ ដូចជា​សហរដ្ឋ​អាមេរិក បារាំង អូស្ត្រាលី បាន​ចុះ​ហត្ថលេខា​រួម​គ្នា​ក្នុង​ការ​គោរព និង​ជួយ​ជ្រោមជ្រែង​ប្រទេស​កម្ពុជា ការ​បោះឆ្នោត ការ​បង្កើត​រដ្ឋធម្មនុញ្ញ ការ​គោរព​អធិបតេយ្យ ជួយ​ស្ដារ​សេដ្ឋកិច្ច ជួយ​ផ្នែក​នយោបាយ ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស និង​បញ្ហា​ជាច្រើន​ទៀត។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​លីកាដូ លោកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​រំឭក​អំពី​សារប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ ដូច្នេះ ៖ «សំខាន់​ខ្លាំង​ណាស់ ពីព្រោះ​យើង​កុំ​ភ្លេច​ថា ពេល​ហ្នឹង​ប្រទេស​កម្ពុជា យើង​មាន​សង្គ្រាម ហើយ​សង្គ្រាម​ហ្នឹង សង្គ្រាម​ស៊ីវិល​ទៅ​ទៀត បាន​ន័យ​ថា ខ្មែរ និង​ខ្មែរ​គ្នា​ឯង​ទៅ​ទៀត អកុសល​អី​ទៅ​វាយ​គ្នា​ឯង​ទៅ​ទៀត។ មាន​បក្ស​បី នៅ​ខាង​ក្រៅ​ជា​អ្នក​រៀបចំ​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន និង​មាន​អ្នក​នៅ​ខាង​ក្នុង។ វាយ​គ្នា​មិន​អស់​មិន​ហើយ​សោះ ដល់​បាន​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ហ្នឹង​មក​ទាំង​អស់​គ្នា​ព្រមព្រៀង​ គ្នា។ កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ហ្នឹង​សំខាន់​ណាស់​សម្រាប់​ឯកសារ​ជា​អន្តរជាតិ មាន​អគ្គលេខាធិការ​សហ​ប្រជាជាតិ ជា​អ្នក​ចុះ​ហត្ថលេខា ហើយ​មាន​ប្រទេស​ចំនួន ១៨​ទៀត អ៊ីចឹង​ឯកសារ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​នេះ ជា​ឯកសារ​មួយ​ដើម្បី​ឲ្យ​ប្រទេស​ទាំង ១៨ គោរព​ផង ហើយ​ប្រទេស​ឯ​ទៀត​ក៏​ទទួល​ស្គាល់​ដែរ»
ចាប់​តាំង​ពី​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​នោះ​រួច​មក រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ក៏​បាន​បង្កើត​ឡើង ហើយ​ការ​បោះឆ្នោត​លើក​ដំបូង​ក៏​កើត​មាន​ឡើង​នៅ​ឆ្នាំ​១៩៩៣។ កងទ័ព​វៀតណាម ក៏​បាន​ដក​ចេញ​ពី​ប្រទេស​កម្ពុជា ហើយ​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​បាន​ផ្ដល់​នូវ​ជំនួយ​មនុស្ស​ធម៌ ជំនួយ​ទឹក​ប្រាក់ និង​ជំនួយ​ជា​ច្រើន​ទៀត ផ្អែក​លើ​ការ​សន្យា​នៃ​ការ​ជួយ​ស្ដារ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ឡើង​វិញ។
ចាប់​ពី​ពេល​នោះ​មក ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ដែល​ជា​ថ្ងៃ​ព្រមព្រៀង​សន្តិភាព​រវាង​ខ្មែរ និង​ខ្មែរ​នេះ ត្រូវ​បាន​គេ​រំឭក​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​ចាប់​ពី​ពេល​នោះ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា រដ្ឋាភិបាល​ក៏​ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​ស្គាល់​អំពី​អត្ថប្រយោជន៍​នៃ​ថ្ងៃ​នោះ ដោយ​ធ្វើការ​ផ្សព្វផ្សាយ ប៉ុន្តែ​នៅ​ជុំវិញ​សំណួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​គណបក្ស​ប្រជាជន ក៏​ដូច​រដ្ឋាភិបាល​មិន​រៀបចំ​ការ​សាទរ​សម្រាប់​ថ្ងៃ​នេះ ឲ្យ​ដូច​ថ្ងៃ​៧ មករា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ?
លោក ជាម យៀប បញ្ជាក់​ថា ៖ «៧ មករា​ហ្នឹង​ហើយ​ដែល​ជា​កំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា ដែល​នៅ​សេសសល់​ពី ប៉ុល ពត ហើយ​ជា​គុណូបការៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​រំដោះ​ប្រជាជន​កម្ពុជា ដែល​នៅ​សេសសល់​ពី​ការ​កាប់​សម្លាប់ គួប​ផ្សំ​នឹង​ការ​ជួយ​របស់​កងទ័ព​វៀតណាម ។ ប៉ុន្តែ​សៀម គេ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចង់​បំផ្លាញ​កម្ពុជា គេ​ឲ្យ ប៉ុល ពត រស់​នៅ​តាម​ព្រំដែន។ អ៊ីចឹង​ខ្ញុំ​សូម​ជម្រាប​ថា យើង​ទាំង​អស់​គ្នា​ត្រូវ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ដិតដល់។ មាន​អ្នក​ខ្លះ​សុទ្ធ​តែ​ចោទ​ថា ៧ មករា កង​ទ័ព​វៀតណាម​ឈ្លានពាន បើ​អត់​មាន ៧ មករា​ទេ យើង​ទាំង​អស់​គ្នា​អត់​មាន​ថ្ងៃ​នេះ​ទេ»
ការ​ព្រងើយ​កន្តើយ មិន​ដឹង​មិន​ឮ ចំពោះ​ថ្ងៃ​នោះ ដោយ​គេ​មិន​ឃើញ​មាន​ការ​ឈប់​សម្រាក​របស់​មន្ត្រី​រាជការ ឬ​ពិធី​បុណ្យ​ជាតិ​យ៉ាង​ឱឡារិក ដូចជា​បណ្ដា​ប្រទេស​មហា​អំណាច​ធំៗ ក្នុង​ពិភពលោក សម្រាប់​សម្ដែង​ការ​រំឭក​ថ្ងៃ​ប្រវត្តិសាស្ត្រ​នេះ ស្ទើរ​តែ​នាំ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ជា​ច្រើន​នាក់​ភ្លេច​បាត់​ថា តើ​ថ្ងៃ​នោះ​ជា​ថ្ងៃ​អ្វី​ទៅ​ហើយ។
ផ្ទុយ​ទៅ​វិញ​គេ​ឃើញ​មាន​ភាព​គគ្រឹកគគ្រេង​នៃ​ការ​អបអរ​នៅ​ក្នុង​ប្រទេស នៅ​ថ្ងៃ​បុណ្យ​ជា​ច្រើន ដូចជា​ថ្ងៃ​៧ មករា ថ្ងៃ​ចម្រើន​ព្រះជន្ម ថ្ងៃ​សិទ្ធិ​នារី ថ្ងៃ​ទិវា​ពលកម្ម ថ្ងៃ​បុណ្យ​ពិសាខបូជា មាឃបូជា និង​ថ្ងៃ​បុណ្យ​ជា​ច្រើន​ស្អេកស្កះ​ទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា។
ប្រធាន​អង្គការ​លីកាដូ​ដដែល លោកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​ពន្យល់​អំពី​ភាព​ខុស​គ្នា​រវាង​ថ្ងៃ​៧ មករា និង​ថ្ងៃ​២៣ តុលា នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ដូច្នេះ ៖ «ខ្ញុំ​មាន​ការ​សោក​ស្តាយ និង​ក្រៀមក្រំ​ណាស់ ដែល​ថា មិន​គួរ​សោះ មិន​គោរព​ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១។ ដូច​យើង​និយាយ​អម្បាញ់មិញ​ថា ខ្ញុំ​ទទួល​ស្គាល់​ថា ថ្ង​ ៧ មករា​នេះ គឺ​ជា​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​ក្រហម​នោះ​រត់​ចេញ ធ្វើ​ឲ្យ​ខ្មែរ​រួច​ខ្លួន​ឡើង​វិញ ប៉ុន្តែ​យើង​វិភាគ​ទៅ​មើល ចប់​ពី​៧ មករា មក នៅ​តែ​មាន​វាយ​គ្នា ពីព្រោះ​មាន​ទ័ព​បរទេស​នៅ​ក្នុង​ស្រុក​យើង។ ខ្ញុំ​ជឿ​ជាក់​ថា បើ​អត់​ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ខ្ញុំ​នៅ​តែ​ជឿ​ជាក់​ថា យើង​នៅ​តែ​វាយ​គ្នា យើង​គ្មាន​សេរីភាព​ទេ ទ័ព​បរទេស​នៅ​តែ​នៅ​ក្នុង​ស្រុក​របស់​យើង ដោយ​ថា ខ្មែរ​ហើយ និង​ខ្មែរ​នៅ​តែ​វាយ​គ្នា»
ជុំវិញ​ការ​ខ្វែង​គំនិត​គ្នា​នៃ​អ្នក​ចង់​រំឭក​ថ្ងៃ​កិច្ចព្រមព្រៀង​ សន្តិភាព​ក្រុង​ប៉ារីស និង​ថ្ងៃ​រំដោះ ៧ មករា អ្នក​វិភាគ​ផ្សេង​ទៀត​ឲ្យ​យោបល់​ថា គណបក្ស​ប្រជាជន​គួរ​តែ​គោរព​ថ្ងៃ​នោះ សម្រាប់​សកម្មជន និង​អ្នក​គាំទ្រ​ក្នុង​រង្វង់​បក្ស​របស់​ខ្លួន​ទៅ​បាន​ហើយ មិន​គួរ​ដាក់​ឲ្យ​មាន​ការ​គោរព​ជា​សាធារណៈ ចំពោះ​មនុស្ស​ដែល​មាន​ទស្សនៈ​ផ្សេង​ផ្ទុយ ហើយ​រដ្ឋាភិបាល​បច្ចុប្បន្ន​មាន​ការ​គាំទ្រ​ពី​អន្តរជាតិ ដោយសារ​តែ​សន្ធិសញ្ញា​សន្តិភាព​មួយ​នោះ ក៏​មិន​ត្រូវ​បំភ្លេច​ថ្ងៃ​នេះ​ដែរ។
ក្នុង​ដំណើរ​រយៈ​ពេល ១៩​ឆ្នាំ​កន្លង​មក​នេះ អ្នក​សង្កេត​ឯករាជ្យ​ក្នុង​ស្រុក​បាន​អះអាង​ថា ប្រទេស​កម្ពុជា បាន​វិវឌ្ឍ​ពី​ប្រទេស​ដែល​មាន​ឋានៈ​ជា​ប្រទេស​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់ ​ប្រកាស​គ្រោះ​អាសន្ន បាន​ឈាន​ឡើង​មួយ​កម្រិត មក​ជា​ប្រទេស​ចាប់​ផ្ដើម​កសាង ហើយ​បាន​វិវឌ្ឍ​មក​ដល់​សព្វថ្ងៃ ក្នុង​ឋានៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍។
យ៉ាង​ណា​ក្ដី អ្នក​សង្កេត​ឯករាជ្យ​ក្នុង​ស្រុក​បាន​ចង្អុល​បង្ហាញ​ថា ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​គំរាម​កំហែង​លើ​សិទ្ធិ​រស់​នៅ ការ​គាប​សង្កត់​សិទ្ធិ​បញ្ចេញ​មតិ ការ​រំលោភ​ដីធ្លី​របស់​អ្នក​ក្រ​ពី​សំណាក់​អ្នក​មាន​ប្រាក់ និង​អ្នក​មាន​អំណាច ប្រព័ន្ធ​យុត្តិធម៌​មិន​ឯករាជ្យ ដែល​ធ្វើ​ឲ្យ​តម្លៃ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជាជន​ខ្មែរ​ទូទៅ​ត្រូវ​គេ​រំលោភ និង​ជិះជាន់​ឥត​ស្រាកស្រាន្ត​រហូត​ដល់​សព្វថ្ងៃ​នេះ៕

អង្ករ​កម្ពុជា​ចូល​អឺរ៉ុប កើន​ជាង ៣៦​ភាគ​រយ នៅ​ត្រី​មាស​ទី​បី

101020_06
អង្ករ ​​គឺ​ជា​ប្រភព​​អាហារ​ដ៏​​សំខាន់​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា ហើយ​ក៏​ជា​ប្រភព​ដ៏​ធំ​នៃ​ចំណូល​ថវិកា​ជាតិ តាម​រយៈ​ការ​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ ជា​មួយ​ការ​ជំរុញ​ពី​រដ្ឋាភិបាល។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ការ ​នាំ​ចេញ​អង្ករ​កម្ពុជា​ជា​ផ្លូវ​ការ​ចូល​ទៅ​កាន់​ទី​ផ្សារ​អឺ​រ៉ុប​នៅ​ ក្នុង​ត្រី​មាស​ទី​ ៣​ មាន​ការ​កើន​​ជាង​ ៣៦​ភាគ​រយ ​បើ​ធៀប​ជា​មួយ​នឹង​ការ​នាំ​ចេញ​នៅ​ក្នុង​ត្រី​មាស​ទី​ ២​ នេះ​បើ​យោង​តាម​តួ​លេខ​ដែល​ទទួល​​បាន​ពី​ក្រ​សួង​ពា​ណិជ្ជ​កម្ម​នៅ​ថ្ងៃ​ពុធ ​ ទី​២០ តុលា​នេះ។
យោង​តាម​ស្ថិ​តិ​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ​នៅ​ត្រី​មាស​ទី​ ៣​ នេះ​ ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទី​ផ្សារ​​អឺ​រ៉ុប​មាន​ចំ​នួន​សរុប​ ១៣ ១២០​ តោន​ស្មើ​នឹង​ទឹក​ប្រាក់​ប្រ​មាណ​ជាង​ ៨,១៣​ លាន​ដុល្លារ​អាមេរិក ​កើន​ឡើង​ចំនួន​ ៣៥​ ភាគ​រយ​ បើ​ធៀប​ទៅ​នឹង​ត្រី​មាស​ទី​ ២​ ដែល​ការ​នាំ​ចេញ​សរុប​មាន​ចំ​នួន​តែ​ ៩ ៧១៩​ តោន​ ស្មើ​នឹង​ទឹក​ប្រាក់​សរុប​ចំ​នួន​ ៧,៧២​ លាន​ដុល្លារ​អាមេរិក។
តាម​ មន្ត្រី​របស់​ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា កំណើន​បរិមាណ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប បាន​កើត​ឡើង​ក្រោយ​ពី​សហគមន៍​អឺរ៉ុប បាន​ប្រកាស​លុប​ចោល​ពន្ធនាំ​ចូល និង​កូតា និង​ការ​ជំរុញ​របស់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​ទៅ​បរទេស។
លោក​ គង់​ ពុទ្ធារ៉ា ​ប្រ​ធាន​នា​យក​ដ្ឋាន​ស្ថិតិ​ និង​ព័ត៌​មាន ​នៃ​ក្រ​សួង​ពា​ណិជ្ជ​កម្ម ​បាន​ប្រាប់​ភ្នំ​ពេញ​ ប៉ុស្តិ៍​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​២០ តុលា​នេះ​ថា​ ការ​ប្រ​កាស​ដាក់​ចេញ​គោល​ន​យោ​បាយ​ស្តី​ពី​ការ​បង្កើន​​ផលិត​កម្ម​ស្រូវ ​និង​ការ​នាំ​ចេញ​អង្ករ​របស់​រដ្ឋាភិបាល​ កាល​ពី​ខែ​សី​ហា​ ក៏​ជា​កត្តា​ជំ​រុញ​ឱ្យ​មាន​កំណើន​នេះ​ដែរ​ ពី​ព្រោះ​ថា​ ផលិត​ករ​ដែល​ជា​អ្នក​នាំ​ចេញ​ទទួល​បាន​នូវ​ការ​សម្រួល​ពាណិជ្ជ​កម្ម​ប្រ​សើរ ​ជាង​មុន​។

បណ្តាញ​ផ្លូវ​ដែក​ទី​មួយ​របស់​កម្ពុជា ស្តារ​មុខ​មាត់​ឡើង​វិញ

101024_b01
លោក គាត ឈន់ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (ឆ្វេង) និង​លោក ត្រាំ អ៊ីវតឹក (ជាប់​លោក​ គាត ឈន់) រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន លោក​ស្រី ហ្វីអូណា កូឈូត (ស្តាំ) តំណាង​ស្ថានទូត​អូស្ត្រាលី និង​លោក វ៉េយនី ហាន់ នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុម​ហ៊ុន Toll Global Logistics ឈរ​នៅ​ក្នុង​ទូរ​រថភ្លើង​ នៅ​ពេល​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ផ្លូវ​រថភ្លើង​នៅ​ឯ​ស្ថានីយ​រថភ្លើង​ រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​ ២២​ តុលា ឆ្នាំ​២០១០។ រូបថត AFP
 ផ្លូវ​ដែក​មួយ​ខ្សែ​ថ្មី​ បាន​បើក​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ ដែល​នេះ​ជា​ជំហាន​ទី​មួយ​ដ៏​មាន​តម្លៃ ឆ្ពោះ​ទៅ​ស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ផ្លូវ​ដែក​ដ៏​ខ្ទេច​ខ្ទាំ​​របស់​ ប្រទេស​ បន្ទាប់​ពី​បាន​ឆ្លង​កាត់​សង្រ្គាម​ស៊ីវិល​ និង​ការ​បោះ​បងើ​ចោល​រាប់​ទសវត្សរ៍។
ផ្លូវ​រថភ្លើង​ទើប​ស្ថាបនា​ឡើង​ វិញ​ថ្មីៗ​ប្រវែង ១២០​គីឡូ​ម៉ែត្រ ភ្ជាប់​ទីក្រុង​ភ្នំពេញ ទៅ​នឹង​ទីប្រជុំ​ជន​ទូកមាស​​ភាគ​ខាង​ត្បូង​ប្រទេស ជិត​តំបន់​ព្រំដែន​វៀតណាម។
នេះ​គឺ​ជា​ផ្នែក​ដំបូង​នៃ​ផែនការ​សាង​សង់​ ឡើង​វិញ​នូវ​បណ្តាញ​ផ្លូវ​ដែក​ប្រវែង ៦៥០​គីឡូ​ម៉ែត្រ​ នៅ​ទូ​ទាំង​ប្រទេស ដែល​នឹង​ភ្ជាប់​ព្រំដែន​ភាគ​ខាង​ជើង​ជាប់​ប្រទេស​ថៃ ឆ្លង​កាត់​រាជធានី​ភ្នំពេញ ទៅ​កាន់​តំបន់​ទីក្រុង​មាត់​សមុទ្រ​ខេត្ត​ព្រះ​សីហនុ នៅ​ភាគ​ខាង​ត្បូង​ប្រទេស។
ការ​ចំណាយ​សរុប​ទៅ​លើ​ការ​ស្តារ​ឡើង​វិញ​ នូវ​បណ្តាញ​ផ្លូវ​រថភ្លើង ដែល​គ្រោង​នឹង​សម្រេច​រួច​រាល់​នៅ​ឆ្នាំ​២០១៣​នោះ មាន​តម្លៃ ១៤១​លាន​ដុល្លារ ដោយ​ក្នុង​នោះ​បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ​ពី​សំណាក់​ធនាគារ​ពិភព​លោក​នូវ​ ទឹក​ប្រាក់ ៨៤​លាន​ដុល្លារ។
លោក​ កុននីយ៉ូ សេងហ្គា អគ្គ​នាយក​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​មាន​ប្រសាសន៍​ថា៖ «ផ្លូវ​ដែក​ថ្មី​នេះ បង្ហាញ​នូវ​ជំហាន​ដ៏​មាន​សារ​សំខាន់​មួយ​ទៀត សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ​ជម្នះ​ជម្លោះ​ផ្លូវ​ច្បាប់»។
យោង​តាម​ធនាគារ​អភិវឌ្ឍន៍​ អាស៊ី បណ្តាញ​ផ្លូវ​ដែក​ភ្ជាប់​រាជ​ធានី​ភ្នំពេញ​ ទៅ​នឹង​តំបន់​ទូកមាស​មួយ​នេះ ក៏​ជា​ជំហាន​ដ៏​សំខាន់​មួយ​ ឆ្ពោះ​ទៅ​រក​ផែនការ​ដ៏​ធំ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ផ្លូវ​ដែក​ពី​ សិង្ហបុរី ទៅ​កាន់​ប្រទេស​ចិន។
បណ្តា​ប្រទេស​ក្នុង​តំបន់ កំពុង​តែ​គាំ​ទ្រ​ដល់​បណ្តាញ​ផ្លូវ​ដែក​អាស៊ី ដែល​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​មាន​តម្លៃ​ថោក៕ ប្រែ​សម្រួល ឌិត សុខធី

ព័ត៌មាន៖ កូរ៉េ​ខាង​ជើង​ប្រហែល នឹង​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ទី​បី

101021_b02
ទាហាន ​កូរ៉េ​ខាង​ជើង​ឈរ​យាម​កាល​នៅ​ភូមិ​ប៉ាន់មុនជុំ កណ្តាល​តំបន់​ស រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ នៅ​ថ្ងៃ​ទី ២០​តុលា ២០១០ ខណៈ​ដែល​ព័ត៌មាន​រាយ​ការណ៍​ថា កូរ៉េ​ខាង​ជើង​ត្រៀម​រៀប​ចំ​ធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ​ទី​៣។ រូបថត AFP

កាសែត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​មួយ ​បាន​រាយ​ការណ៍​នៅ​​ថ្ងៃ​ព្រហស្បតិ៍ ទី ២១ ខែ​តុលា​​នេះ ដោយ​ស្រង់​ប្រភព​ពី​រដ្ឋា​ភិបាល​ថា ប្រទេស​កូរ៉េ​ខាង​ជើង​ហាក់​ដូច​ជា​កំពុង​រៀប​ចំ​ធ្វើ​ការ​សាក​ល្បង​អាវុធ​ បរមាណូ​លើក​ទី ៣ របស់​ខ្លួន។
កាសែត​ចូស៊ុន​អ៊ីលបូ ​បាន​រាយ​ការណ៍​ថា ផ្កាយ​រណប​របស់​អាមេរិក​ចាប់​បាន​រូប​ភាព​ចល័ត​ទ័ព និង​យាន​យន្ត​នៅ​ទី​តាំង​មួយ ជា​ទី​ដែល​រដ្ឋ​កុម្មុយនិស្ត​ឯកោ​​មួយ​នេះ​ធ្លាប់​បាន​ធ្វើ​ការ​សាក​ល្បង​ អាវុធ​នុយក្លេអ៊ែរ ២ លើក​ដំបូង​របស់​ខ្លួន​រួច​មក​ហើយ។
ប៉ុន្តែ មន្ត្រី​ម្នាក់​នៃ​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ថ្លែង​ប្រាប់ AFP ក្នុង​លក្ខ​ខណ្ឌ​អនាមិក​ថា ការ​ចល័ត​ទ័ព​បែប​នោះ​ត្រូវ​បាន​គេ​ត្រួត​ពិនិត្យ​ចាប់​បាន​ជា​ញឹក​ញាប់ ដែល​វា​អាច​ជា​សកម្ម​ភាព​ថែ​ទាំ​ប្រចាំ​ថ្ងៃ​របស់​រោង​ចក្រ​យុទ្ធ​សាស្ត្រ​ ដ៏​សំខាន់​នេះ​នៅ​ទី​នោះ។
កាសែត​ចូស៊ុន​បាន​ស្រង់​សម្តី​ពី​ប្រភព​ មន្ត្រី​រដ្ឋា​ភិបាល​មិន​បង្ហាញ​អត្ត​សញ្ញាណ​រូប​នោះ​ដែល​បាន​ថ្លែង​ថា៖​ «ការ​ចល័ត​ទ័ព និង​យាន​យន្ត​ជានិច្ច​កាល និង​ដោយ​ប្រញាប់​ប្រញាល់​កាល​ពី​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​ផ្កាយ​រណប​ចាប់​ បាន​នៅ​តំបន់​ពុងយេរី»។
យោង​តាម​ប្រភព​ដដែល កូរ៉េ​ខាង​ជើង​ក៏​ហាក់​ដូច​ជា​កំពុង​ស្តារ​ឡើង​វិញ​នូវ​ផ្លូវ​រូង​ក្រោម​ដី​ ដែល​រង​ការ​បំផ្លាញ​នៅ​ក្នុង​ពេល​ធ្វើ​ការ​សាក​ល្បង ២ លើក​មុន​នេះ​ផង​ដែរ។

សិង្ហបុរី និង​ហុងកុង នៅ​តែ​ខ្លាំង​ក្នុង​បញ្ជី​ភោជនីយដ្ឋាន​ល្អ​បំផុត​​ ២០

101021_b01
រូប​ចម្លាក់​ក្បាល​តោ ខ្លួន​ត្រី ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​សិង្ហបុរី ដែល​ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​ធំ​បំផុត​មួយ​ក្នុង​ពិភព​លោក។ រូបថត Bloomberg
 ការ​ស្ទាប់​ស្ទង់​មតិ​ប្រចាំ​ឆ្នាំ​មួយ បាន​បង្ហាញ​ថា សិង្ហបុរី និង​ទីក្រុង​ហុងកុង នៅ​តែ​គ្រប់​គ្រង​​​នៅ​លើ​បញ្ជី​ឈ្មោះ​​ភោជនីយដ្ឋាន​ល្អ​បំផុត​ក្នុង​តំបន់​ អាស៊ី ប៉ុន្តែ​ម៉ាឡេស៊ី បាន​ជាប់​ចំណាត់​ថ្នាក់​ដ៏​ល្អ​​នេះ​ជា​លើក​ទី​មួយ។
ភោជនីយដ្ឋាន ​សិង្ហបុរី អ៊ីគហ្គី បាន​ឈាន​ឡើង​ពី​ចំណាត់​ថ្នាក់​លេខ​ ២ កាល​ពី​ឆ្នាំ​មុន មក​ចំណាត់​ថ្នាក់​កំពូល​នៅ​ឆ្នាំ​នេះ។ នេះ​បើ​យោង​តាម​ការ​ចាត់​ចំណាត់​ថ្នាក់​ប្រចាំ​ឆ្នាំ​នូវ​ភោជនីយដ្ឋាន​ កំពូលៗ​ទាំង​ ២០​ នៅ​ក្នុង​តំបន់​អាស៊ី ដែល​ធ្វើ​ឡើង​ដោយ ដឺ មីឡេ ហ្គាយ។
ភោជនីយដ្ឋាន ឡាតេលីយ័រ ដេ ចូល រ៉ប៊ូជុន ក្នុង​ទីក្រុង​ហុងកុង បាន​ធ្លាក់​ពី​ចំណាត់​ថ្នាក់​លេខ​ ១​ កាល​ពី​ឆ្នាំ​មុន មក​នៅ​លេខ​ ២​ នៅ​ក្នុង​ឆ្នាំ​នេះ។
ភោជនីយដ្ឋាន​ចំនួន​ ៦​ទៀត ក្នុង​ទីក្រុង​ហុងកុង ក៏​ស្ថិត​នៅ​លើ​បញ្ជី​ចំណាត់​ថ្នាក់​នោះ​ដែរ ភោជនីយដ្ឋាន​ចំនួន ៥​ មក​ពី​សិង្ហបុរី ភោជនីយដ្ឋាន​ចំនួន ២ មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី និង​ភោជនីយដ្ឋាន ២ ​ទៀត​ មក​ពី​ប្រទេស​ឥណ្ឌា ហើយ​ភោជនីយដ្ឋាន​ចំនួន ១​ មក​ពី​​ទីក្រុង​ម៉ាកាវ ប៉េកាំង ម៉ាឡេស៊ី ហ្វីលីពីន និង​ជប៉ុន។
ប្រទេស ​ម៉ាឡេស៊ី បាន​ជាប់​ក្នុង​បញ្ជី​នេះ​ជា​លើក​ដំបូង នៅ​ពេល​ដែល​ភោជនីយដ្ឋាន ស៊ីឡានត្រូ ក្នុង​ទីក្រុង​គួឡាឡុំពួរ បាន​ចូល​ក្នុង​ចំណាត់​ថ្នាក់​លេខ ៨។
ដឺ មីឡេ ហ្គាយ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ការ​ជាប់​នៅ​ក្នុង​បញ្ជី​ចំណាត់​ទាំង ២០ របស់​ភោជនីយដ្ឋាន ស៊ីឡានត្រូ បង្ហាញ​ថា ប្រទេស​ម៉ាឡេស៊ី​គួរ​តែ​អបអរ​ឲ្យ​បាន​ច្រើន​សម្រាប់​មុខ​ម្ហូប​​ «អ្នក​បង្ហាត់​ឆ្លាម​សមុទ្រ»​ របស់​ខ្លួន។
អ្នក​ទើប​ជាប់​ថ្មី​មួយ​ ទៀត គឺ​ភោជនីយដ្ឋាន ដុម ភូក ក្នុង​ក្រុង​ប៉ុមប៉ៃ ស្ថិត​នៅ​ក្នុង​លំដាប់​ទី ១៧។ ចំណែក​ភោជនីយដ្ឋាន​ប៊ូខារ៉ា ក្នុង​ទីក្រុង​ញូដេលី ដែល​ធ្លាប់​ជា​ម្ចាស់​ចំណាត់​ថ្នាក់​លេខ ១១​ កាល​ពី​ឆ្នាំ​មុន​នោះ បាន​ធ្លាក់​មក​លេខ ១៤៕ ប្រែសម្រួល ឌិត សុខធី

នាយករដ្ឋ​មន្ត្រី​​បាបាដូស​ទទួលមរណភាព​ដោយ​សារ​ជំងឺ​មហារីក​លំពែង

ថ្ងៃ អាទិត្យ ទី ២៤ ខែ តុលា ឆ្នាំ ២០១០
លោក ដេវីដ​ថមសុន
លោក ដេវីដ​ថមសុន
នាយករដ្ឋ​មន្ត្រី​នៃ​ប្រទេស​បាបាដូស លោក​ដេវីដ ថម​សុន បានទទួល​មរណភាព​ហើយ ដោយ​សារ​ជំងឺ​មហារីក​លំពែង ។ លោក​បាន​ទទួលមរណ​ភាព​ក្នុង​អាយុ​៤៨​ឆ្នាំ នៅភូមិ​គ្រឹះ​របស់​លោក​​ក្នុង​តំបន់ St Philip នៃ​ប្រជុំ​កោះ​ការ៉ា​​អុីប ។ តាមប្រភពព័ត៌​មាន​​ឱ្យ​ដឹង​ថា លោក​នាយករដ្ឋ​មន្ត្រី​ដេវីដ ថម​សុន បានធ្លាក់ខ្លួន​ឈឺ ចាប់តាំង​ពី​ខែ​មីនា​មក​ម៉្លេះ ហើយ​បាន​ទទួល​ការ​ព្យាបាល​ជា​ច្រើន​ដង​នៅ​ក្នុង​​ទីក្រុងញូវយ៉ក ។
លោក​ដេវីដ ថម​សុន ត្រូវបាន​ជ្រើស​រើសជា​នាយក​រដ្ឋ​មន្ត្រី​​​នៃប្រទេស​បាបាដូស កាលពីខែ​​មករា ឆ្នាំ​២០០៨ កន្លងមក ដោយធ្វើ​ឱ្យ​លោក​ក្លាយជា​នាយក​រដ្ឋ​មន្ត្រី​ទី​៦របស់ប្រទេស​នេះ ។
លោកដេវីដ​ ថម​សុន កើតនៅថ្ងៃទី​២៥ ធ្នូ ឆ្នាំ​១៩៦១ ក្នុង​ប្រទេស​អង់គ្លេស ប៉ុន្តែ​លោកធំ​ដឹង​ក្តី​​ក្នុង​ប្រទេស​បាបាដូស ។ ដោយ​មាន​អាជីព​​ជា​អ្នកច្បាប់ លោក​បាន​ចូលប្រឡូក​ក្នុង​ឆាក​នយោ​បាយ​ ហើយ​ទទួលបានជ័យជំនះ​ក្នុងការ​បោះ​ឆ្នោត បំពេញ​កន្លែង​ចន្លោះ​សំរាប់​តំណែង​​ជា​មេដឹកនាំ​គណបក្ស​​ពលករ​ប្រជា​ ធិបតេយ្យ (DLP) នៅឆ្នាំ​១៩៨៧ ហើយ​នៅ​ក្នុងការបោះ​ឆ្នោត​​ឆ្នាំ​២០០៨ លោកបានដឹកនាំ​គណបក្ស DLP ចូលរួមបោះឆ្នោត​​ ហើយ​ទទួល​​បាន​ជ័យ​ជំនះ​ក្លាយជា​នាយករដ្ឋ​មន្ត្រី​ថ្មី​របស់​ប្រទេស​បា​បា​ ដូស ៕

ភូមា​ដូរ​ឈ្មោះ​ប្រទេស ទង់ជាតិ និង​ភ្លេង​ជាតិ

ថ្ងៃ សុក្រ ទី ២២ ខែ តុលា ឆ្នាំ ២០១០
 
របប​យោធាដែលកាន់​អំណាច​នៅភូមា​បាន​ដូរ​កាល​ ពីថ្ងៃទី​២១ តុលា នូវ​ឈ្មោះ​ផ្លូវការ​របស់​ប្រទេស ទង់ជាតិ និង​ភ្លេង​ជាតិ ។ នេះជា​សេច​ក្តី​រាយការណ៍​​របស់ម៉ាស៊ីន​ឃោសនា​ផ្លូវការ ។​ ការ​ផ្លាស់​ប្តូរ​នេះត្រូវ​បាន​គេ​ចាត់ទុក​ថា​ធ្វើ​ឱ្យ​​ស្រប​ទៅ​តាម​រដ្ឋ​ ធម្មនុញ្ញថ្មី ដែល​អនុម័ត​កាល​ពី​ឆ្នាំ​២០០៨ ក៏​ប៉ុន្តែរដ្ឋ​ាភិបាល​នៅពុំទាន់​ប្រកាស​ពី​​ការ​ចូល​ជា​ធរ​មាន​នៃការ​ ផ្លាស់​ប្តូរនោះ​ ។ ប្រទេស​​ភូមា​​ចាប់ពី​ពេលនេះ​តទៅ​ឈ្មោះ​សាធា​រណរដ្ឋ សហ​ភាព​មីយ៉ាន់ម៉ា ហើយពុំ​មែន​សហ​ភាព​មីយ៉ាន់​ម៉ា​ទៀតឡើយ ។ ពួកយោធា​​ដែល​កាន់​អំណាច​ចាប់​​តាំង​ពី​ឆ្នាំ​១៩៦២​មក បានប្រែ​ឈ្មោះ​​ប្រទេស​ភូមា​ទៅជា​មីយ៉ាន់ម៉ា កាលពី​ឆ្នាំ​១៩៨៩ ​គឺមួយ​ឆ្នាំ​​ក្រោយ​បរាជ័យ​នៃការ​បះបោរ​របស់ប្រជាជន ។ ចំណែក​ទង់ជាតិ​ថ្មី​មាន​ឆ្នូត​៣ ដោយ​​ឆ្នូត​មួយពណ៌​ខៀវ​ថ្លា ឆ្នូត​មួយ​ទៀត​​ពណ៌លឿង ហើយ​ឆ្នូត​ក្រោមគេ​ពណ៌​ក្រហម​ រួច​មាន​ផ្កាយ​ពណ៌ស​ធំ​មួយ​នៅ​ចំ​កណ្តាល ។ ពុំមាន​ការ​​ផ្តល់​ន័យ​របស់​ទង់ជាតិ​នេះ​ឡើយ ។ ក្រៅ​ពី​ដូរ​ទង់ជាតិ​​ ភ្លេង​ជាតិ ក៏​ត្រូវ​បានផ្លាស់ប្តូរដែរ ៕

នារី​ម៉ិច​ស៊ិក​អាយុ​20ឆ្នាំ​ហ៊ានធ្វើ​មេ​ប៉ូលិស​ប្រឈមមុខពួក​រត់ពន្ធគ្រឿងញៀន

ថ្ងៃ សុក្រ ទី ២២ ខែ តុលា ឆ្នាំ ២០១០
នារីម៉ិចស៊ិកអាយុ២០ឆ្នាំជាមេប៉ូលិស
រូបភាព បរទេស
នារីម៉ិចស៊ិកអាយុ២០ឆ្នាំជាមេប៉ូលិស
 
នេះ​ជាតំណែង​មួយ​ដែលមនុស្ស​ទាំងឡាយ​ពុំចង់​ បានឡើយ​ ព្រោះ​វាប្រថុយ​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ។ ​តំណែង​នេះគឺ​ប្រមុខ​ប៉ូលិសក្រុង​ PRAXEDIS GUADALUPE GUERR-ERO ជា​ទី​ក្រុង​ម៉ិច​ស៊ិក​តូចមួយ​ស្ថិត​នៅ​ចំងាយ​​ប៉ុន្មាន​គីឡូ​ ម៉ែត្រប៉ុណ្ណោះពី​ព្រំដែនអាេមរិក ។ ទី​ក្រុង​នេះ​ជា​តំបន់​ឆ្លងកាត់​គ្រឿង​ញៀន ឆ្ពោះ​ទៅ​កាន់​ទី​ផ្សារ​អាមេរិកជា​មូល​ដ្ឋានមួយ​ដែលមាន​គ្រោះ​ថ្នាក់​ខ្លាំង ​ជាងគេ​បំផុត​របស់ប្រទេស ។ អភិ​បាល​ក្រុង​នេះ​ត្រូវធ្វើ​ឃាត​កាល​ពី​ខែ​មិថុនា ​កន្លងមកនេះ​ហើយប៉ូលិសក្រុង​ជា​ច្រើន​រូប​ត្រូវសម្លាប់​ដោយ​មួយចំនួន​ត្រូវ​ កាត់​ក្បាល​ទៀត​ផង ។ គ្រាន់​តែ​កាលពីសបា្តហ៍​មុន​នៅទី​នោះ​មាន​ការសម្លាប់​មនុស្ស​៨​នាក់ ។
នាង​ម៉ារីសូល វ៉ាលលេស បានសំរេច​ប្រថុយ​​នឹង​គ្រោះ​ថ្នាក់​សុខ​ចិត្ត​ធ្វើ​ជាមេ​ប៉ូលិស​ក្រុង​នេះ ខណៈ​ពេលគ្មាន​បេក្ខ​ជន​ណាម្នាក់​ហ៊ាន​ដាក់​ពាក្យ។ នាងជានិស្សិត​សិក្សា​ខាងឧក្រិដ្ឋ​កម្ម​នៅ​ទី ក្រុង CIUDAD JUAREZ ។ និស្សិត​ស្ត្រីរូប​នេះ អាយុ​ទើប​២០​ឆ្នាំបានចូល​កាន់​តំណែង​​ផ្លូវការ​ជា​ប្រមុខ​ ប៉ូលិសកាលពីថ្ងៃទី២០ តុលា កន្លង​មក​នេះ ក្នុងពិធី​ជា​ផ្លូវ​ការ​មួយ ។ នាង​ថ្លែង​នាឱកាស​នោះ​ថា ខ្ញុំ​ចង់​ឱ្យ​មនុស្ស​ទាំង​ឡាយ​កុំឱ្យ​រស់​នៅ​ក្នុង​ការ​ភ័យ​ខ្លាច ដូចដែលពួក​គេធ្លាប់ជួបប្រទះ​កាលពី​មុន​ ហើយ​រួម​រស់​ជាមួយគ្នា  ៕