Saturday, November 13, 2010

កិច្ចប្រជុំ​គណៈ​រដ្ឋម​ន្ត្រី អនុម័តសេចក្តី​ព្រាង​ច្បាប់​​អនុវត្ត​ក្រម​រដ្ឋ​ប្បវេណី

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១០
នៅទីស្តី​ការ​គណៈរដ្ឋមន្ត្រី មានបើកសម័យប្រជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
(​រូបថត សហការី​)
នៅទីស្តី​ការ​គណៈរដ្ឋមន្ត្រី មានបើកសម័យប្រជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

រាជធានីភ្នំពេញ ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០១០ វេលាម៉ោង​៨​និង៣០នាទីព្រឹក នៅទីស្តី​ការ​គណៈរដ្ឋមន្ត្រី មានបើកសម័យប្រជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី​៤ ដើម្បីឆ្លង ១-សេចក្តីព្រាងច្បាប់ ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី។ ២-សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពីការបណ្តុះបណ្តាលថ្នាក់បណ្ឌិត។ ៣-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតតំបន់​គ្រប់គ្រង និងអភិរក្សដែនបំរុងសត្វក្រៀល និង​សត្វស្លាបផ្សេងទៀត ស្ថិតនៅទីតាំងអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត។ ៤-បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំ​សច្ចាប័នពីស្ថាប័ននីតិប្បញ្ញតិ្តលើ​ក​កិច្ចព្រមព្រៀង​ចំនួន៣ ក្រោមតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា» ។
ក្រោយពីបានស្តាប់របាយការណ៍ និងមតិ​ពិភាក្សា​ផ្លាស់​ប្តូរយោបល់រួចមក ​កិច្ចប្រជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រីបានសម្រេច៖
១-សេចក្តីព្រាងច្បាប់​ស្តីពីការអនុវត្ត​ក្រមរដ្ឋ​ប្បវេណីក្រមរដ្ឋប្បវេណីកម្ពុជា ដែល​ប្រមូល​ផ្តុំនូវ​បណ្តាច្បាប់ជាមូលដ្ឋាននៃនីតិឯកជនទាំង​ឡាយ ត្រូវបានប្រកាសឱ្យប្រើតាមព្រះរាជក្រម​លេខ​នស/រកម/១២០៧/០៣០ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ​២០០៧។ ទោះបីជា​ក្រមរដ្ឋប្បវេណីត្រូវបាន​ប្រកាស​ឱ្យប្រើរួចហើយក៏ដោយ នៅក្នុងបញ្ញត្តិ​នៃ​មាត្រា១៣០៥ ចែងថា ក្រមនេះត្រូវអនុវត្ត​ចាប់ពីថ្ងៃដែលកំណត់ផ្សេងដោយច្បាប់ ក៏ដូចជាទំនាក់ទំនងរដ្ឋប្បវេណីនេះមាន​ភាពស្មុគស្មាញ​ ទាំងនៅក្នុងការបកស្រាយ និងទាំងនៅក្នុងការ​អនុ​វត្ត​ជាមួយបណ្តាច្បាប់មួយចំនួនដូចជា ក្រឹត្យ ច្បាប់លេខ​៣៨ក្រ.ច ស្តីពីកិច្ចសន្យា និង​ការ​ទទួលខុសត្រូវក្រៅកិច្ចសន្យា​ ច្បាប់ស្តីពី​អាពាហ​៍​ពិពាហ៍​និងគ្រួសារ ច្បាប់ភូមិបាល និង​ច្បាប់ស្តី​ពី​ប្រតិបត្តិការដែលមានកិច្ចធានាជាដើម​។ អាស្រ័យ​ហេតុនេះទើបក្រសួងយុត្តិធម៌ ដោយ​មាន​ជំនួយពីទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរ​ជាតិ​ជប៉ុន បានរៀបចំសេចក្តីព្រាងច្បាប់នេះ​ឡើង ដើម្បីធ្វើការសម្របសម្រួលជាមួយបទ​ប្បញ្ញត្តិ​ច្បាប់ និងបទដ្ឋានគតិយុត្តធរមាននានា ឱ្យ​មានភាពស៊ីសង្វាក់នៅក្នុងការអនុវត្ត និងដើម្បី​ឱ្យ​ក្រមរដ្ឋប្បវេណីអាចអនុវត្តបានដោយរលូន។ សេចក្តីព្រាងច្បាប់​ស្តីពីការអនុវត្តក្រម​រដ្ឋប្ប​វេណី ដែលមានវិសាលភាពអនុវត្ត ចំពោះបញ្ហា​ដែលទាក់ទងនឹងការអនុវត្តក្រមរដ្ឋប្បវេណី រួម​មាន​៨ជំពូក និង​៨៤មាត្រា។
២-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបណ្តុះ​បណ្តាល​ថ្នាក់បណ្ឌិតដោយអនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់​បំផុតរបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ​កម្ពុជា ដែលបានថ្លែងក្នុងពិធីសន្និបាតជាតិអប់រំ និងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៃសាកល​វិទ្យាល័យអន្តរជាតិនៅឆ្នាំ២០០៩ សេចក្តីព្រាង​អនុក្រឹត្យស្តីពីការបណ្តុះបណ្តាលថ្នាក់បណ្ឌិតនេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិ​រៀបចំគោលការណ៍ណែនាំ និងនីតិវិធីក្នុងការដឹក​នាំ និងការពារសារណានិក្ខេបបទ​ក្នុងគោល​បំណង ដើម្បីបង្កើននិងធានាគុណភាព និងធ្វើ​ឯក​ភាពនីយកម្មក្នុងការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ហើយក៏ដើម្បីជួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និង​ឯកជនឱ្យមានភាពងាយស្រួលក្នុងការរៀបចំការ​បណ្តុះបណ្តាលថ្នាក់បណ្ឌិត ហើយក៏ដើម្បីជួយ​ជម្រុញ និងលើកទឹកចិត្តចំពោះការស្រាវជ្រាវ​ផង​ដែរ។សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបណ្តុះ​បណ្តាល​ថ្នាក់បណ្ឌិតរួមមាន៧​ជំពូក និង៣១ មាត្រា។
៣-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើត​តំបន់​គ្រប់គ្រង និងអភិរក្សដែនបំរុងសត្វក្រៀល និងសត្វស្លាបផ្សេងទៀតស្ថិតនៅទីតាំងអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពតសេចក្តីព្រាងអនុក្រឹត្យនេះត្រូវបានរៀបចំ​ឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងគោលបំណងអភិរក្សសត្វក្រៀល និង​សត្វស្លាបផ្សេងទៀតស្ថិតនៅទីតាំងអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត ហើយប្រែក្លាយ​តំបន់​អភិរក្ស ដែលមានផ្ទៃក្រឡាទំហំ​២១៧​ហិកតា ឱ្យទៅជាគោលដៅ​អេកូ​ទេស​ចរណ៍​នា​ពេល​អនាគត ក៏ដូចជាជួយរួមចំណែកដល់​ការ​នេសាទត្រីជាលក្ខណៈគ្រួសារគ្រប់រដូវកាល​សំរាប់ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះផងដែរ។ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើត​តំបន់​គ្រប់គ្រង និងអភិរក្សដែនបំរុងសត្វក្រៀល និង​សត្វស្លាបផ្សេងទៀតស្ថិតនៅទីតាំងអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត រួមមាន​៤​ជំពូក និង ៨មាត្រា។
៤-បញ្ហាផ្សេងៗ
-អង្គប្រជុំគណៈរដ្ឋមន្ត្រីបានសម្រេច​បញ្ជូន «កិច្ចព្រមព្រៀងចំនួន៣ ក្រោមតំបន់ពាណិជ្ជកម្ម​សេរី​អាស៊ាន-ឥណ្ឌា» ទៅសុំការផ្តល់សច្ចាប័នពី​ស្ថាប័ន​នីតិប្បញ្ញត្តិតាមនីតិវិធី។
-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការងារបង្កបង្កើន​ផលស្រូវរដូវវស្សាឆ្នាំ២០១០ ដែលសម្រេចបាន​លទ្ធផលល្អ បើទោះបីជាត្រូវជួបប្រទះនឹងគ្រោះ​ធម្មជាតិជំនន់ទឹកភ្លៀងក៏ដោយ ដោយសម្តេច​មាន​ប្រសាសន៍បញ្ជាក់ថា ច្រូតស្រូវក្នុងទឹក​ប្រសើរ​ជាង​គ្មានស្រូវច្រូត។ សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី​បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និង​ស្ថាប័នពាក់ព័ន្ធឲ្យបន្តចាត់វិធានការនានា ដើម្បី​ធានាឱ្យការប្រមូលផលស្រូវមានប្រសិទ្ធភាព​ខ្ពស់។
-សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុ​សាសន៍ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ស្ថាប័ន​ត្រូវយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខសុវត្ថិ​ភាព និងរៀបចំសណ្តាប់ធ្នាប់​ចរាចរណ៍ឱ្យ​បាន​ល្អ​សំរាប់បំរើឱ្យអង្គប្រជុំអន្តរជាតិនានា ដែល​ប្រព្រឹត្ត​ទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា និង​ដើម្បី​បំរើសេចក្តីសប្បាយរីករាយជូន​ប្រជាពល​រដ្ឋ និងភ្ញៀវទេសចរ​ដែលមកចូលរួមក្នុង​ពិធី​បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅពេល​ខាង​មុខនេះ។ ជាពិសេសអាជ្ញាធររាជធានី-ខេត្ត​ត្រូវ​យកចិត្តទុកដាក់ខ្ពស់ ចំពោះសន្តិសុខ សុវត្ថិ​ភាពជូនដល់កីឡាករ កីឡាការិនីប្រណាំងទូក​ចាប់​តាំងពីពេលចាកចេញរហូតដល់ការវិល​ត្រលប់​ទៅ​ដល់មូលដ្ឋានដើមវិញ៕

រដ្ឋាភិបាល​យោធា​ភូមា​ដោះ​លែង​អ្នក​ស្រី​អ៊ួង សានស៊ូជី ហើយ


សុក្រ, 12 វិច្ឆិកា 2010 17:52
12-11-2010-kយោង​តាម​វេបសាយ​ទស្សនាវដ្ដី​ឈ្មោះ​អ៊ីរ៉ាក់ ប៊ូឌី របស់​ភូមា​បាន​រាយ​ការណ៍​អះអាង​តាម​ប្រ ភព​អ្នក​យក​ព័ត៌មាន​ដែល​កំពុង​ឃ្លាំ​យក​ព័ត៌មាន​នៅ​មុខ​ផ្ទះ​អ្នក​ស្រី អ៊ួង សានស៊ូជី ជា​មេ​ដឹក​នាំ​ទាម ទារ​ប្រជាធិបតេយ្យ​របស់​ភូមា នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្កោន​ថា នាយ​ឧត្តម​សេនីយ៍ ប៉ាន់ ឈួយ មេ​ដឹក​នាំ កំពូល​របស់​ភូមា បាន​ចុះ​ហត្ថ​លេខា​បញ្ជា​ឲ្យ​ដោះ​លែង​អ្នក​ស្រី​រួច​ទៅ​ហើយ​ក្នុង​ថ្ងៃ​នេះ។
ប្រភព​បន្ត​ឲ្យ​ដឹង​ទៀត​ថា គណបក្ស​សន្និបាត​ជាតិ ដើម្បី​ប្រជាធិបតេយ្យ ឬ​ហៅ​ថា NLD ដែល ត្រូវ​បាន​គេ​រំលាយ​ចោល​ទៅ​ហើយ​នោះ បាន​ប្រកាស​អញ្ជើញ​អ្នក​សារព័ត៌មាន​ឲ្យ​ចូល​រួម​ស្ដាប់​ការ ថ្លែង​ព័ត៌មាន​របស់​អ្នកស្រី​អ៊ួង សានស៊ូជី នៅ​វេលា​ម៉ោង​៥​រសៀល ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ តាម​ពេល​វេលា​តំបន់។ ខណៈ​ខាង​សមត្ថកិច្ច​របស់​ភូមា​បាន​រៀប​ចំ​ផែន​ការ​រក្សា​សន្តិសុខ ដល់​អ្នក​ស្រី ដោយ​បាន​រៀប​ចំ​ក្រុម​កុម្ម៉ង់ដូ​ពិសេស ដែល​ជា​ក្រុម​ធ្លាប់​រក្សា​សុវត្ថិភាព​ឲ្យ​អ្នក​ស្រី​កន្លង​មក។
ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា មាន​អ្នក​សារព័ត៌មាន​ច្រើន​កក​កុញ​បាន​ឃ្លាំ​រង់​ចាំ​នៅ​មុខ​ផ្ទះ​របស់​អ្នកស្រី​អ៊ួង សានស៊ូជី និង​ការិយាល័យ​របស់ NLD ច្រើន​កក​កុញ​ក្រៅ​ពី​នោះ​ក៏​មាន​លេច​ឮ ព័ត៌មាន​ថា លោក​គីម អារីស កូន​ប្រុស​វ័យ​៣៣​ឆ្នាំ​របស់​អ្នកស្រី អ៊ួង សានស៊ូជី ក៏​​ទទួល​បាន​​​វីហ្សា​ចូល​ភូមា​វិញ​ដែរ​ ដែល​អាច​ធ្វើ​ឲ្យ​កូន​ប្រុស​ម្នាក់​នេះ​បាន​ជួប​មុខ​ម្ដាយ​ជា​លើក​ដំបូង​ក្នុង​អំឡុង​ជាង​១០​ឆ្នាំ​កន្លង​មក​នេះ។
ប្រភព​បន្ត​ទៀត​ថា ការ​ដោះ​លែង​ខ្លួន​អ្នកស្រី​អ៊ួង សានស៊ូជី វា​ហាក់​ដូច​ជា​មាន​ដំណើរ​ការ​លឿន​ជាង​អ្វី​ដែល​គេ​បាន​ប៉ាន់​ស្មាន​ទុក​មួយ​ថ្ងៃ ព្រោះ​កំណត់​ទោស​ឃុំ​ខ្លួន​រយៈពេល​១៨​ខែ​របស់ អ្នក​ស្រី​ក្នុង​បទ​ល្មើស​និង​បទ​បញ្ជា​ឃុំឃាំង​ក្នុង​បរិវេណ​ នឹង​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍​ឯ​ណោះ។ អ្នកស្រី​ត្រូវ​បាន​គេ​ចាប់​ខ្លួន​តាំង​ពី​ខែ​ឧសភា ឆ្នាំ​កន្លង​ទៅ ហើយ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ដាក់​ពន្ធនាគារ​៣​ឆ្នាំ កាល​ពី​ខែ​សីហា ក្នុង​ឆ្នាំ​តែ​មួយ​​ដោយ​យោង​តាម​ករណី​មាន​បុរស​អាមេរិកាំង​ហែល​ទឹក​ទន្លេ​ឆ្លង​ចូល ទៅ​ផ្ទះ​របស់​អ្នក​ស្រី ហើយ​បាន​ដេក​នៅ​ទី​នោះ​មួយ​យប់​ដោយ​អ្នក​ស្រី​មិន​បាន​អញ្ជើញ។ ក៏​ប៉ុន្តែ​នាយ ឧត្ដមសេនីយ៍ តាន់ ឈួយ បាន​កាត់​បន្ថយ​ទោស​ឲ្យ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​រយៈពេល​១៨​ខែ។
សហការី​នយោបាយ​ដ៏​ជិត​ស្និទ្ធ​ម្នាក់ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា លោកស្រី​អ៊ួងសាន ស៊ូជី នឹង​ជួយ​ធ្វើ​ឲ្យ​ការ​ស៊ើប​អង្កេត​ចោទ​ប្រកាន់​ ស្ដីពី​ការ​លួច​​បន្លំ​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត ប្រសិន​បើ​នៅ​ពេល​ដែល​លោកស្រី​ត្រូវ​បាន​គេ​ដោះលែង​ពី​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​នៅ​សប្ដាហ៍​នេះ។ គោល​បំណង​នេះ ត្រូវ​បាន​គេ​ប្រកាស​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៅ​មុន​ពេល​ចេញ​លទ្ធផល​ជា​ផ្លូវ​ការ លើក​ដំបូង​ពី​ការ​បោះឆ្នោត នៅ​ថ្ងៃ​អាទិត្យ​ត្រូវ​បាន​ចេញ​ផ្សាយ​នោះ ហើយ​ដែល​បាន​បង្ហាញ​ថា គណ បក្ស​យោធា​និយម​របស់​ប្រទេស​បាន​នាំ​មុខ​ឆ្ពោះ​ទៅ​រក​ជ័យ​ជំនះ ដែល​គេ​បាន​រំពឹង​ទុក​ជាមុន​នៅ​ក្នុង ការ​បោះឆ្នោត​នេះ។
ពួក​អ្នក​សង្កេត​ការណ៍​ឯករាជ្យ និង​ពួក​មេ​ដឹក​នាំ​លោក​ខាង​លិច​រួម​ទាំង​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ផង​នោះ បាន​និយាយ​ថា ការ​បោះឆ្នោត​នៅ​លើក​ដំបូង​​ក្នុង​រយៈ​ពេល​២​ទសវត្សរ៍ កន្លង​មក​នេះ ​គឺ​មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌​នោះ​ឡើយ៕

បំផ្លាញ​ស្នាម​មេ​ដៃ​និង​ហត្ថលេខា​​និយាយ​ពី​បញ្ហា​ពុក​រលួយ


សុក្រ, 12 វិច្ឆិកា 2010 18:22
12-11-2010-lភ្នំពេញ ៖ ឯកសារ​សន្ធិសញ្ញា​ស្នាម​មេ​ដៃ និង​ហត្ថ​លេខា​ប្រមាណ​ជាង​១​លាន ដែល​ត្រូវ​បាន ប្រមូល​ពី​ប្រជាពលរដ្ឋ​នា​ពេល​កន្លង​មក នឹង​ត្រូវ​រំលាយ​ចោល បន្ទាប់​ពី​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​បាន​អនុម័ត។
កញ្ញា ឡុង បូរិន អ្នក​សម្រប​សម្រួល​សម្ព័ន្ធ​ដើម្បី​សុច្ចរិត​ភាព និង​គណនីយ​ភាព​សង្គម បាន ប្រាប់​កម្ពុជា​ថ្មី​កាល​ពី​រសៀល​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ឲ្យ​ដឹង​ថា ស្នាម​មេ​ដៃ និង​ហត្ថលេខា​ដែល អង្គការ​បាន​ប្រមូល​ពី​ប្រជាពលរដ្ឋ ដើម្បី​គាំទ្រ ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​​នា​ពេល កន្លង​មក​នោះ នឹង​ត្រូវ​បំផ្លាញ​ចោល នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០ វេលា​ម៉ោង​៨​និង​៣០​នាទី ព្រឹក នៅ​អគ្គលេខាធិការដ្ឋាន នៃ​សម្ព័ន្ធ ដើម្បី​សុច្ចរិត​ភាព និង​គណនេយ្យ​ភាព​សង្គម ដែល​ស្ថិត​នៅ ផ្ទះលេខ ១៣១B ផ្លូវ​លេខ​២៥៩ សង្កាត់​ទឹក​ល្អក់​១ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ៕

រូបថតស្នាដៃកូនខ្មែរទទួលបានចំណាត់ថ្នាក់​លេខ២​ក្នុង​មហោស្រពពិព័រណ៍រូបថតអាស៊ាន

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១០
រូបថតរបស់លោក ចាន់ សូរ
(រូបថត សារ៉ាយ)
រូបថតរបស់លោក ចាន់ សូរ

រាជធានីភ្នំពេញ ៖ ពិព័រណ៍​រូប​ថត​​ប្រទេស​​អាស៊ាន ដែល​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០១០ នៅប្រទេស​វៀត​ណាម​ មាន​១០​ប្រទេស​ចូលរួម​ ក្នុង​នោះ​​​​រូប​ថតជា​ស្នាដៃ​​របស់​លោក​ចាន់ សូរ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ ខណៈដែល​រូប​ថត​របស់​អ្នក​ថតរូប​ប្រទេស​ភូមា​ ទទួល​​បាន​ចំណាត់​ថ្នាក់​លេខ​១។ លោក​ចាន់ សូរ មាន​អាយុ​៦០ឆ្នាំ​ ជា​ប្រធាន​ការិយាល័យ​រៀបរៀង​ និង​វិចិត្រ​កម្ម​នាយក​​ដ្ឋា​ន​​​ទស្សនាវដ្តី​កម្ពុជា​ ក្រសួង​ព័ត៌​មាន​ ។
លោក​គឺ​ជា​អតីត​អ្នក​ថតរូប​ ដែល​មាន​ជំនាញ​ម្នាក់​និង​ធ្លាប់​ត្រូវ​បាន​ទទួល​​ស្គាល់​និង​គាំទ្រ​ ហើយ​ស្នាដៃ​រូប​ថត​របស់​លោក​ក៏​ធ្លាប់​យកទៅ​ប្រកួត​ប្រជែង​ក្នុងពិព័រណ៍​រូប​ថត​អន្តរជាតិ​ចំនួន​៣​លើក​រួច​មក​ហើយដែរ​ នៅ​ប្រទេស​វៀតណាម​ និង​ឡាវ តែ​​ជា​អកុសល​​​ទាំង​៣​លើក​​នោះ ស្នាដៃ​របស់​លោក​មិនទទួល​បាន​ចំណាត់​ថ្នាក់អ្វី​​​ឡើយ ។ លោក​ចាន់ សូរ មាន​ប្រសាសន៍​ថា ការ​ជ្រើស​រើស​យករូប​ថត​ដែលជា​ស្នាដៃ​របស់​លោក​ទៅ​តាំងពិព័រណ៍​លើក​នេះ​ គឺជា​ការ​អបអរសាទរ​ខួប​១៧ឆ្នាំ​របស់​សមាគម​អាស៊ាន​ ដែល​រៀបចំ​ធ្វើ​​នៅទីក្រុង​ហាណូយ ប្រទេស​វៀតណាម ។
ប៉ុន្តែ​អ្វីដែល​ជាការ​ភ្ញាក់​ផ្អើល​នោះ គឺ​លោក​មិន​បាន​ត្រៀម​ខ្លួនជាមុន​ដើម្បី​សំរិតសំរាំង ​ក្នុងការ​​ថតរូបនោះទេ តែ​លោក​បានយក​ហ្វីល​រូប​ថត​​​​ចាស់​ៗ​ដែលជា​ស្នាដៃ​របស់​លោក​ទៅផ្តិត​ ហើយ​យកទៅ​ចូលរួម​ប្រកួត​ប្រជែង​​តែម្តង។ ព្រោះ​ការ​ទទួល​​ព័ត៌​មាន​និង​ការ​សំរេចចិត្ត​របស់​ក្រសួង​ព័ត៌​មាន ​ឱ្យ​លោក​យក​រូប​ថត​ទៅ​ចូលរួម​ក្នុង​ការ​តាំង​ពិព័រណ៍​នោះ​មាន​រយៈពេល​តែ២​ថ្ងៃប៉ុណ្ណោះ​។ យ៉ាងនេះក្តី​​ស្នាដៃ​រូប​ថត​របស់​លោក​​ដែល​ភាគច្រើន​ជារូប​ភាព​នៃ​ប្រាង្គ​ប្រាសាទ​​បុរាណ​របស់​ខ្មែរ ​​ពិសេស​រូបភាព​អង្គរ​វត្ត​ គឺទទួល​បាន​ការគាំទ្រ​យ៉ាង​ខ្លាំងតែម្តង រហូត​មានការ​វាយ​តម្លៃ​ក្នុង​ចំណាត់​ថ្នាក់​លេខ២​ ដែល​ធ្វើ​​​ឱ្យ​លោក​មាន​ក្តី​រំភើប ​និង​​រីករាយយ៉ាង​​ខ្លាំង ។
លោក​ចាន់ សូរ បានបន្ត​​ថា ថ្វី​ដ្បិត​តែ​អ្វី​ដែល​ទទួល​បាន​​ជាស្នាដៃ​របស់​លោក​មែន តែក៏​​ជា​មោទនភាព​សំរាប់​ប្រជាជាតិ​ខ្មែរ​​ទាំង​មូលផង​ដែរ​ ។ លោក​មាន​ជំនឿ​ថា ស្នាដៃ​របស់​​លោក​និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ នាពេល​ខាង​មុខ​មិន​ខាន ព្រោះ​លោក​ធ្លាប់​មាន​ជំនាញ​ថតរូប​នេះ​រយៈ​ពេល​ជិត​៣០ឆ្នាំ​ហើយ​ និង​មាន​​បទ​ពិសោធន៍​ច្រើន ក្នុង​ការ​ថតរូប​ដើម្បី​​​​​​ចូលរួម​ក្នុង​ការ​តាំង​ពិព័រណ៍ ​និង​ការ​ប្រកួត​​ប្រជែង​​ទាំង​លក្ខណៈ​ជាតិ​ និង​អន្តរជាតិ​ ៕ ដកស្រង់ពី​ កោះសន្តីភាព

អតីតមេ​ដឹកនាំ​តៃវ៉ាន់​លោកចេន ស៊ូបៀន និង​ភរិយា​ ត្រូវ​តុលាការ​កំពូល កាត់ទោស​ដាក់គុក​​១៩ឆ្នាំ​​​គ្មានការប្តឹង​​ឧទ្ធរណ៍

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១០
អតីតមេ​ដឹកនាំ​តៃវ៉ាន់​ លោកចេន ស៊ូបៀន
រូបភាព​ពី​វ៉េបសាយ​បរទេស
អតីតមេ​ដឹកនាំ​តៃវ៉ាន់​ លោកចេន ស៊ូបៀន

មន្ត្រីតុលាការនិយាយ​ថា តុលាការ​កំពូល​តៃ​វ៉ាន់ កាលពី​ល្ងាចថ្ងៃទី​​១១ វិច្ឆិកា បាន​សំរេច​កាត់​ទោស​​អតីត​មេដឹកនាំ​លោកចេន ស៊ូបៀន ​និង​ភរិ​យារបស់លោកដាក់ពន្ធនាគារ​រយៈ​ពេល​១៩​ឆ្នាំ ពី​បទ​ស៊ី​សំណូក ។ ការ​សំរេច​នោះ​របស់​តុលាការ​កំពូល​តៃ​វ៉ាន់ បានបញ្ចប់​ករណី​ដ៏ស្មុគស្មាញ​​ប្រឆាំង​គ្រួសារ​របស់លោកចេន ស៊ូបៀន មាន​ន័យ​ថា ទោសប្រឆាំង​​គ្រួសារ​របស់​លោក​ចេន ស៊ូបៀន ​អាចកើនឡើង​​ថែមទៀតនៅពេលតុលា​ការ​សើរើ​ឡើងវិញ នូវការ​ចោទប្រកាន់​ផ្សេងៗ ប្រឆាំង​​គ្រួសារ​​​លោក ។
កាលពី​ខែមិថុនា កន្លងមក តុលាការ​ជាន់ខ្ពស់​តៃ​វ៉ាន់ បានកាត់ទោស ​លោកចេន ស៊ូបៀន និង​ភរិយា​​ ដាក់ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ ​។ ទោះ​បី​​ជា​​បែបណា ការ​កាត់ទោស​លោកចេន ស៊ូ​បៀន ​លើក​ចុងក្រោយ​នេះធ្វើ​ឱ្យលោក​ចេន ស៊ូ​បៀន មិន​អាច​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​​បាន​ទៀត​ឡើយ គឺលោក​ និង​ភរិយា ​ត្រូវ​តែ​ជាប់​ពន្ធនា​គារ​​​រយៈ​ពេល​១៩​ឆ្នាំ ដោយ​ស្វ័យប្រវត្តិ ។
ទោះបីជា​បែប​ណា​ លោកចេន ស៊ូ​បៀន ​ដែល​ត្រូវ​បានដាក់​ពន្ធនាគារ​​រយៈ​ពេល​២​ឆ្នាំ​រង់​ចាំ​ការកាត់ទោស​​បាន​ច្រាន​ចោល​ការចោទប្រកាន់​​ទាំងនេះ ។ ការ​សំរេច​របស់​តុលាការ​​កំពូល​កាលពី​ល្ងាច​ថ្ងៃទី​១១ វិច្ឆិកា គ្រប​សណ្តប់​​លើ​ករណី​ស៊ីសំណូករបស់លោក​ចេន ស៊ូបៀន ដែល​ទាក់ទង​​ទៅនឹង​គំរោង​អភិវឌ្ឍន៍​ដីធ្លី​ និង​ការ​តែង​តាំង​​ផ្នែក​នយោបាយ ។​ លោកចេន ស៊ូ​បៀន និង​ភរិយា របស់​លោក​ឈ្មោះ Wu Su-Jen ប្រឈម​​មុខ​នឹង​ការ​ចោទ ប្រកាន់​ពីបទ​លាង​លុយ​កខ្វក់​ និងពីបទ​ប្រើ​ប្រាស់​ថវិកា​រដ្ឋ​មិនត្រឹមត្រូវ ៕ ដកស្រង់ពី​ កោះសន្តិភាព

យន្តហោះ​សង្កេត​ការណ៍​កូរ៉េ​ខាង​ត្បូង​មួយគ្រឿង​ធ្លាក់នៅ​ខាងត្បូង​ប្រទេស

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១០

អាជ្ញាធរ​យោធា​ថ្លែង​ថា យន្តហោះ​​ស៊ើប​​ការណ៍ធុន RF-4C មួយគ្រឿង​របស់កង​ទ័ព​អាកាស​​កូរ៉េ​ខាងត្បូង​បាន​ធ្លាក់​កាលពីថ្ងៃទី​១២ វិច្ឆិកា នាវេលាម៉ោង​១១​និង​៥០នាទី​នៅជិត​ទីក្រុង JEONJU ខេត្ត JEOLLA ភាគ​ខាង​ត្បូង​ប្រទេស ។
ការ​តាម​​រុករក​យន្តហោះ​​ស៊ើបការណ៍ធុន RF-4C នេះ​កំពុង​ធ្វើក្រោយ​​ពីវា​បាត់​ដានជិត​ទីក្រុង​ JEONJU ចំងាយ​ប្រមាណ​ជា​២៤០​គីឡូ​ម៉ែត្រ ខាងត្បូង​ក្រុង​សេអ៊ូល ពេល​​កំពុងហោះ​ហើរ​​​បំពេញ​បេសកកម្ម​​ស៊ើប​ការណ៍​​ក្នុង​កំពស់​ទាប ។ អាជ្ញាធរ​យោធា​ថ្លែង​ថា ពុំ​មាន​ព័ត៌មាន​​លំអិត​​​នានា​បន្ថែម​ទៀតឡើយ សំរាប់​ពេលនេះ​ទាំងពី​វាសនា​របស់​អ្នក​បើក​ទាំង​២រូប ៕

ភ្លៀង​ធ្លាក់​ខ្លាំង​ជន់​លិច​អគារ​រដ្ឋ​សភា​ស្រី​លង្កា

ដោយ ៖ សា​ម៉​ន
ថ្ងៃ សុក្រ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១០
ភ្លៀងធ្លាក់ជនលិចនៅស្រីលង្កា
រូបថតបរទេស
ភ្លៀងធ្លាក់ជនលិចនៅស្រីលង្កា

លោក​សាម៉ាល រាជ​ប៉ាក​សេ​ អ្នក​នាំ​ពាក្យ​រដ្ឋា​ភិ​បាល​ស្រី​លង្កា​បាន​ប្រើ​ទូក​ចូល​ទៅ​ត្រួត​ពិនិត្យ​ស្ថាន​ភាព​អគារ​រដ្ឋ​សភា​ដែល​សង់នៅ​លើ​កោះ​កណ្តាល​ទន្លេ​ ហើយ​តំរូវ​ឱ្យ​​ពន្យារ​ពេល​ប្រជុំ​សភា​កាល​ពី​​ថ្ងៃ​ទី​១១ វិច្ឆិកា កន្លង​មក​។ មន្រី្តរូប​នោះ​​បញ្ជាក់​ថា​ អគារ​រដ្ឋ​សភា​មាន​ទឹក​លិច​ប្រហែល​៤៣,៥​សង្ទី​ម៉ែត្រដោយ​សារ​ភ្លៀង​ធ្លាក់​ពេញ​មួយ​​យប់​កាល​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា​ និង​ជា​បរិមាណ​កំពស់​ទឹក​ខ្ពស់​បំផុត​ក្នុង​អំឡុង​ពេល​១៨​ឆ្នាំ​កន្លង​ទៅ​ដែល​ធ្លាប់​មាន​ភ្លៀង​ធ្លាក់​លិច​៤៩,៧​សង្ទី​ម៉ែត្រ​កាល​ពី​ឆ្នាំ​១៩៩២។
អ្នក​នាំ​ពាក្យ​រដ្ឋា​ភិ​បាល​ប្រកាស​ថា​ មន្ត្រី​ដែល​ទទួល​ផល​ប៉ះ​ពាល់​ពី​ទឹក​ជំនន់​នឹង​បាន​ទទួល​ប្រាក់​ឈ្នួល​ ខណៈ​ពេល​ឈប់សំរាក​ពី​ការ​ងារ​ ៕ដកស្រង់ពីកោះសន្តិភាព

ជុំ​វិញ​ការ​បង្កើត​ និង​ពង្រឹង​សាលា​ក្តី​ខ្មែរ​ក្រហម​ដើម្បី​រក​យុត្តិ​ធម៌​ពី​ប្រវត្តិ​សាស្ត្រ

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១០
លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​សុខ អាន ថ្លែង​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​ថ្ងៃ​ទី​២៧ តុលា ២០១០​​​​
(​រូបថត សហការី​)
លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​សុខ អាន ថ្លែង​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​ថ្ងៃ​ទី​២៧ តុលា ២០១០​​​​

នៅ​ឆ្នាំ​១៩៩៧ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ស្នើ​សុំ​ការ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ពី​អង្គ​ការ​សហ​ប្រជា​ជាតិ​ដើម្បី​ស្វែង​រក​ការ​ទទួល​ខុស​ត្រូវចំពោះ​​ឧក្រិដ្ឋ​កម្ម​ដ៏​សាហាវ​យង់​ឃ្នង​ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ហើយ​ដែល​បទ​ឧក្រិដ្ឋ​កម្ម​នេះ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ជា​យូរ​ណាស់​មក​ហើយ​។ អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​ឆ្លើយ​តប​ជា​វិជ្ជ​មាន​ចំពោះ​សំណើ​នេះ ហើយ​ដំណើរ​ការ​ដើម្បី​បង្កើត​សាលា​ក្តី​ ដែល​ជា​ដំណើរ​ការ​ដ៏​មាន​សារ​សំខាន់​មួយ​បញ្ជាក់​ពី​ការ​បង្កើត​បាន​នូវ​មូល​ដ្ឋាន​ថ្មីៗ​សំរាប់​ប្រព័ន្ធ​យុត្តិ​ធម៌​អន្តរ​ជាតិ​ក៏​បាន​ចាប់​ផ្តើម​ និង​សំរេច​បាន​លទ្ធ​ផល​ល្អ​ដូច​សព្វ​ថ្ងៃ​នេះ ជា​ពិសេស​ក្រោម​ការ​គាំ​ទ្រ​ជាប់​មិន​ដាច់​ពី​សំណាក់​ឯក​ឧត្តម​ក្នុង​រយៈ​ពេល​ជិត​៤​ឆ្នាំ​ដែល​ឯកឧត្តម​ត្រូវ​បាន​តែង​តាំង​​ជា​ថ្នាក់​ដឹក​នាំ​កំពូល​។
អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ងារ​នៅ​ដើម​ឆ្នាំ​២០០៦ ដោយ​នៅ​ក្នុង​ឆ្នាំ​ដំបូង​បាន​ផ្តោត​លើ​បញ្ហា​នី​តិវិធី​និង​បញ្ហា​រៀប​ចំ​ដំណើរ​ការ​ការ​ងារ​មុន​ពេល​ចាប់​ផ្តើម​ការ​ងារ​លើ​សំណុំ​រឿង​លើក​ដំបូង​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០០៧​។ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចាប់​ពី​ពេល​នោះ​មក​ អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​បាន​វិវឌ្ឍន៍​ទៅ​មុខ​យ៉ាង​ល្អ​ប្រសើរ​ក្នុង​ការ​បំពេញ​ការ​ងារ​របស់​ខ្លួន​។ ការ​ជំនុំ​ជំរះ​លើ​សំណុំ​រឿង​០០១ ទទួល​បាន​នូវ​ការ​ស្វា​គមន៍​យ៉ាង​ទូលំ​ទូលាយ​ពី​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរ​ជាតិ​។ អង្គ​ជំនុំ​ជំរះ​សាលា​ដំបូង​ដែល​រួម​មាន​សមា​សភាព​ចៅ​ក្រម​ជាតិ​ចំនួន​៣​រូប​ និង​ចៅ​ក្រម​អន្តរ​ជាតិ​ចំនួន​២​រូប​បាន​រក​ឃើញ​ថា​ កាំង​ ហ្គេក​អ៊ាវ​ ហៅ​ឌុច មាន​ពិរុទ្ធ​ភាព​លើ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ហើយ​បាន​សំរេច​ដាក់​ពន្ធនា​គារ​ចំនួន​៣៥​ឆ្នាំ​។ ភាគី​ទាំង​បី​ពោល​គឺ ក្រុម​មេធាវី​ការ​ពារ​ក្តី សហ​ព្រះ​រាជ​អាជ្ញា និង​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ បាន​ដាក់​សេចក្តី​ជូន​ដំណឹង​អំពី​ការ​ដាក់បណ្តឹង​សាទុក​ជូន​ទៅ​អង្គ​ជំនុំ​ជំរះ​តុលា​ការ​កំពូល​ដែល​នឹង​ត្រូវ​សំរេច​លើករណី​​នេះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។
តាម​សំដី​របស់​សមា​ជិក​ព្រឹទ្ធ​សភា ចន ខេរី បាន​លើក​ឡើង​ថា​ «ការ​កាត់​ទោស​ឌុច គឺ​ជា​សមិទ្ធ​ផល​ដ៏​មាន​សារ​សំខាន់​មួយ​សំរាប់​ប្រទេស​កម្ពុជា។ អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​ បាន​បង្ហាញ​ឱ្យ​យើង​ឃើញ​​ទាំង​អស់​គ្នា​ដោយ​គ្មាន​មន្ទិល​សង្ស័យ​ថា ស្ថាប័ន​នេះ​ពិត​ជា​មាន​លទ្ធ​ភាព​ធ្វើ​ការ​ជំនុំ​ជំរះ​លើ​រឿង​ក្តី​ធំៗ​ដែល​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ទៅ​តាម​បទ​ដ្ឋាន​អន្តរ​ជាតិ​។ លើស​ពី​នេះ​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​បាន​បង្ហាញ​អំពី​សមត្ថ​ភាព​ធន​ធាន​មនុស្ស​ផ្នែក​ជាតិ​របស់ខ្លូន​ដែល​ត្រូវ​បាន​អភិ​វឌ្ឍ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។ ដូច្នេះ​យើង​ក៏​ត្រូវ​ចាប់​យក​ឱកាស​នេះ ​ហើយ​ព្យា​យាម​ច្របាច់​ចំណេះ​ដឹង​ និង​ជំនាញ​ទាំង​ឡាយ​ដាក់​បញ្ចូល​ទៅ​ក្នុង​រចនា​សម្ព័ន្ធ​តុលា​ការ​ និង​ប្រព័ន្ធ​គតិ​យុត្ត​ជាតិ​នៅ​កម្ពុជា​ផង​ដែរ​។
បទ​ពិសោធន៍​នៅ​ក្នុង​តុលាការ​ផ្សេងៗ​ទៀត​នៅ​លើ​ពិភព​លោក​ទាក់​ទង​នឹង​បទឧក្រិដ្ឋ​កម្ម​ធំៗ​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នេះ​ដែល​សហ​គមន៍​អន្តរ​ជាតិ​ធ្លាប់​បាន​ចូល​រួម​បង្ហាញ​ថា​ ចំណេះ​ដឹង​ និង​ជំនាញ​នឹង​ត្រូវ​បាន​ផ្ទេរ​ទៅ​​ឱ្យ​ប្រព័ន្ធ​យុត្តិ​ធម៌​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រព័ន្ធ​យុត្តិ​ធម៌​អន្តរ​ជាតិ​ផង​ដែរ​។ ដំណើរ​ការ​ជំនុំ​ជំរះ​សំណុំ​រឿង​បែប​នេះ​គឺ​ជា​រឿង​ងាយ​ស្រួល​ណាស់​ប៉ុន្តែ​ប្រសិន​បើ​គេ​ចង់បន្សល់​ទុក​ឱ្យ​មាន​កេរ​ដំណែល​ដ៏​ល្អ​សំរាប់​ប្រព័ន្ធ​យុត្តិ​ធម៌​ទៅ​ថ្ងៃ​ក្រោយ​នោះ​ ការ​ប្រព្រឹតិ្ត​ទៅ​របស់​អង្គ​ជំនុំ​ជំរះ​គឺ​ពិត​ជា​ត្រូវ​ការ​ពេល​វេលា​ និង​ធន​ធាន​ជា​ច្រើន​។ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​មាន​ពាក្យ​ស្លោក​មួយ​ពោល​ថា​ «ទូក​ទៅ​កំពង់នៅ​»។ យើង​ត្រូវ​តែ​ធានា​ឱ្យ​បាន​ថា​ ប្រជា​ជន​កម្ពុជា​យល់​ដឹង​ច្បាស់​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​អង្គ​ជំនុំ​​ជំរះ​នេះ ហើយ​ពួក​គាត់​បាន​និង​កំពុង​ទទួល​បាន​យុត្តិ​ធម៌​ និង​ទទួល​បាន​អត្ថ​ប្រយោជន៍​បន្ត​ទៅ​ទៀត​ពី​ភាព​ប្រសើរ​ឡើង​នៃ​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិ​ធម៌​របស់​យើង​។ តាំង​ពី​ដើម​មក​នេះ​គឺ​ជា​កម្ម​វត្ថុ​ដ៏​ជាក់​លាក់​មួយ​របស់​អង្គ​ជំនុំ​ជំរះ​ដែល​រួម​ចំណែក​ដោយ​រាជ​រដ្ឋា​ភិ​បាល​ និង​អង្គការ​សហ​ប្រជា​ជាតិ​ ហើយ​នេះ​គឺ​ជា​កត្តា​សំខាន់បំផុត​មួយ​នៃ​កេរ​ដំណែល​ដ៏​ពិត​ប្រាកដ​ និង​យូរ​អង្វែង​របស់​អង្គ​ជំនុំ​ជំរះ​។
ទាំង​នេះ​គឺ​ជា​ផ្នែក​មួយ​សំខាន់​នៃ​កេរ​ដំណែល​ដ៏​ពិត​ប្រាកដ​ និង​យូរ​អង្វែង​ដែល​បន្សល់​ទុក​ដោយ​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។ ទន្ទឹម​នឹង​ការ​ផ្ទេរ​ចំណេះ​ដឹង​ និង​សមត្ថ​ភាព​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​និង​កំពុង​គិត​គូរ​ទៅ​ដល់​គំរោង​រក្សា​ទុក​កេរ​ដំណែល​ផ្សេងៗ​ទៀត​ដូច​ជា​ការ​សាង​សង់​ទី​កន្លែង​សុវត្ថិ​ភាព​មួយ​សំរាប់​រក្សា​ទុក​ប័ណ្ណ​សារ​របស់​តុលា​ការ។ ប្រជា​ជន​កម្ពុជា​ អ្នក​ស្រាវ​ជ្រាវ​ និង​អ្នក​ច្បាប់​ជាតិ​ និង​អន្តរ​ជាតិ​ នឹង​មាន​លទ្ធ​ភាព​ប្រើ​ប្រាស់​ប័ណ្ណ​សា​រ​ទាំង​នេះ​តាម​តំរូវ​ការ​ផ្សេងៗ​របស់​ខ្លួន​នៅ​មណ្ឌល​ថែ​រក្សា​នោះ។ ជា​ការ​ពិត​ណាស់​ កេរ​ដំណែល​ដ៏​ធំបំផុត​ក្នុង​ចំណោម​កេ​រ​ដំណែល​ទាំង​អស់​នោះ​ គឺ​ការ​នាំ​មកនូវ​យុត្តិ​ធម៌​ដែល​មនុស្ស​គ្រប់​រូប​កំពុង​ទន្ទឹង​រង់​ចាំ​យ៉ាង​យូរ​មក​ហើយ​ និង​ការ​បង្កើត​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​បទ​ឧក្រិដ្ឋ​កម្ម​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នា​ពេល​កន្លង​ទៅ​។
ចំពោះ​សំណុំ​រឿង​០០២​ ដីកា​ដំណោះ​ស្រាយ​បាន​ចេញ​កាល​ពី​ខែ​មុន​ ហើយ​ការ​ជំនុំ​ជំរះ​រំពឹង​ថា នឹង​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​ក្រោយ​។ សំណុំ​រឿង​០០២ មាន​លក្ខណៈ​ស្មុគ​ស្មាញ​ខ្លាំង​ជាង​សំណុំ​រឿង​០០១​។ មេ​ដឹក​នាំ​ជាន់​ខ្ពស់​ចំនួន​បួន​រូប​នៅ​ក្នុង​របប​នោះ​ដែល​នៅ​មាន​ជីវិត​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ទាំង​ឡាយ​ដែល​គេ​អាច​អះ​អាង​ថា ជាសំណុំ​រឿង​ដែល​មាន​លក្ខណៈ​សំខាន់​ជាង​គេ​នៅ​ក្នុង​ប្រវត្តិ​គតិ​យុត្ត​អន្តរ​ជាតិ​។ តាម​រយៈ​សំណុំ​រឿង​ទាំង​ពី​រនេះ​តុលា​ការ​អាច​បង្កើត​បាន​នូវ​កំណត់​ត្រា​ជា​ប្រវត្តិ​សាស្ត្រ​ និង​គណ​នេយ្យ​ភាព​ផ្នែក​គតិ​យុត្ត​របស់​មេ​ដឹក​នាំ​ជាន់​ខ្ពស់ និង​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​ទុក្ខ​វេទនា​ និង​សេចក្តី​ឈឺ​ចាប់​របស់​ប្រជា​ជន​កម្ពុជា​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ ៨ខែ និង​២០​ថ្ងៃ​។ យើង​នឹង​រង់​ចាំ​ទទួល​ការ​គាំទ្រ​បន្ត​របស់​​សហ​គមន៍​អន្តរ​ជាតិ​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​នេះ​​ដើម្បី​ស្វែង​រក​យុត្តិ​ធម៌​ជូន​ជន​រង​គ្រោះ​ទាំង​អស់​នៃ​របប​ខ្មែរ​ក្រហម​ឱ្យ​បាន​ជា​ស្ថាពរ​។
គ្រប់​មជ្ឈ​ដ្ឋាន​ទាំង​អស់​តែង​តែ​លើក​ឡើង​អំពី​ឯត​ទគ្គ​កម្ម​ពិភព​លោក​ទាំង​ប្រាំ​របស់​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ជា​អាទិ៍​ល្បឿន​នៃ​ការ​អនុវត្ត​ការ​ងារ​របស់​ខ្លួន​ដោយ​រាប់​បញ្ចូល​ទាំង​ការ​អនុ​ម័ត​បទ​បញ្ជា​ផ្ទៃ​ក្នុង​ និង​ដំណើរ​ការ​ជំនុំ​ជំរះ​លើក​ដំបូង​ កំរិត​ចំណាយ​ទាប​ជាង​តុលា​ការ​ផ្សេងៗ​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា ​ចាប់​ខ្លួន​ជន​ជាប់​ចោទ​ទាំង​អស់​​ក្នុង​រយៈ​ពេល​ខ្លី​ ការ​ចូល​រួម​ និង​ការ​ចាប់​អារម្មណ៍​ខ្ពស់​ពី​សា​ធា​រណ​ជន​ទូ​ទៅ​ និង​ការ​អនុញ្ញាត​ឱ្យ​ជន​រង​គ្រោះ​ចូល​រួម​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​នៅ​ក្នុង​ដំណើរ​ការ​ជំនុំ​ជំរះ​នេះ​។
នា​ពេល​បច្ចុប្បន្ន​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​​ជា​អន្តរ​ជាតិ​ថា​ មិន​ត្រឹម​តែ​ជា​តុលាការ​គំរូ​ល្អ​មួយ​សំរាប់​ប្រទេស​ក​ម្ពុជា​ប៉ុណ្ណោះ​ទេ ហើយ​វា​ក៏​ជា​តុលា​ការ​គំរូ​ល្អ​មួយសំរាប់​តុលាការ​ទាំង​ឡាយ​ដែល​អាច​នឹង​ត្រូវ​បង្កើត​ឡើង​នា​ពេល​អនា​គត​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​របស់​សហ​គមន៍​អន្តរ​ជាតិ​ផង​ដែរ​។ បញ្ហា​ប្រឈម​ខ្លាំង​បំផុត​នា​ពេល​បច្ចុប្បន្ន​គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​បំពេញ​ការ​ងារ​ដែល​នៅ​សេស​សល់​ឱ្យ​បាន​រលូន​ និង​ចប់​សព្វ​គ្រប់​ឱ្យ​បាន​ទាន់​ពេល​វេលា​ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។ ប្រសិន​បើ​យើង​ទទួល​បាន​ជោគ​ជ័យ​លើ​បញ្ហា​ប្រឈម​ទាំង​នេះ​ នោះ​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជានឹង​ទទួល​បាន​ឯត​ទគ្គ​កម្ម​ពិភព​លោក​ទី​៦​បន្ថែម​ទៀត៕
  • ដកស្រង់​សុន្ទរកថា​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​សុខ អាន ថ្លែង​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​ថ្ងៃ​ទី​២៧ តុលា ២០១០​​​​៕ ដកស្រង់ពី​ កោះសន្តិភាព

បន្ទាប់ពីប្រកាស​ជូនរង្វាន់​៣ពាន់ដុល្លារ ចាប់បានចោរ​អាកា​៤នាក់​ ​ប្លន់​កក្រើក

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ ក្រុម​ចោរ​កាំ​ភ្លើង​អាកា ដែល​ធ្វើសកម្មភាពប្លន់​យកទ្រព្យសម្បត្តិ​​តាម​ផ្ទះ​ប្រជាពលរដ្ឋ​​យ៉ាង​កក្រើក​​កន្លង​មមក ត្រូវ​បាន​កំលាំង​ប៉ូលិសនៃ​អធិការដ្ឋាន​​ខណ្ឌដង្កោ ចាប់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​​៤នាក់ ព្រមទាំង​ដក​ហូត​បាន​អាវុធ​អាកា​២ដើម និង​កំពុងបន្តស្វែង​រក​ចាប់ខ្លួន​បក្សពួក​ដែល​នៅ​សេស​សល់​ជា​បន្ត​ទៀត ។
ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៤នាក់​នោះ​បាន​ធ្វើ​ឡើង​រយៈ​ពេល​២ថ្ងៃមកហើយ ចាប់តាំង​ពី​ថ្ងៃ​ទី​១១-១២ វិច្ឆិកា ​២០១០ នៅ​កន្លែង​ផ្សេងៗ​ពី គ្នា​​ដូចជា​នៅ​ខេត្ត​តាកែវ ​ព្រៃ​វែង និងក្នុងមូល​ដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ ។​​​ ​ការ​ចាប់​ខ្លួន​នេះ​គឺ​បន្ទាប់ពី​គណៈ​បញ្ជាការ​​​ឯកភាព​កោះប្រជុំ​ពង្រឹង​សន្តិសុខ​​ និង​ប្រកាស​រង្វាន់​៣ពាន់​​​ដុល្លារ សំរាប់​អ្នក​រាយការណ៍​​មុខ​សញ្ញា​ចោរ​ប្លន់​អាកា ។
ជនសង្ស័យ​ជា​ក្រុម​ចោរ​ប្លន់​ទាំង​៤​នាក់​នោះ សមត្ថ​កិច្ច​ពុំទាន់​បង្ហាញ​ពីអត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់​​តែ​បង្ហើប​ឱ្យដឹង​ថា ការ​ចាប់ខ្លួន​នោះគឺ​​ចំ​មុខសញ្ញា​​ចោ​រ​កាំ​ភ្លើង​​អាកា​ដែល​តែង​តែ​ធ្វើ​​សកម្មភាព​ប្លន់ប្រជាពលរដ្ឋ​យកទ្រព្យ​ស​ម្បត្តិ​នៅតាម​​​​ផ្ទះ​នោះហើយ ៕