Friday, November 19, 2010

លទ្ធ​ផល​ជំនួប​រវាង​សម្តេច​តេជោ​ហ៊ុន សែន ​និង​លោកអាប់ភីស៊ីត វ៉េ​ចាជីវ

ជំនួប​រវាង​សម្តេច​តេជោ​ហ៊ុន សែន​នាយករដ្ឋ​មន្ត្រី និង​លោកអាប់ភីស៊ីត នាយករដ្ឋ​មន្ត្រីថៃ ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១០
ជំនួប​រវាង​សម្តេច​តេជោ​ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រី និង​លោកអាប់ភីស៊ីត នាយករដ្ឋ​មន្ត្រីថៃ
(រូបថត សហការី)
ជំនួប​រវាង​សម្តេច​តេជោ​ហ៊ុន សែន​នាយករដ្ឋ​មន្ត្រី និង​លោកអាប់ភីស៊ីត នាយករដ្ឋ​មន្ត្រីថៃ
 
រាជធានីភ្នំពេញ ៖ ជំនួប​រវាង​សម្តេច​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ​និង​លោកអាប់ភីស៊ីត វ៉េ​ចាជីវ៉ា នាយករដ្ឋ​មន្ត្រី​ថៃ នា​ល្ងាចថ្ងៃទី​១៧ វិច្ឆិកា ​គឺជា​ជំនួប​លើកទី​៤ បន្ទាប់ពី​ការជួប​គ្នា​បន្ត​បន្ទាប់​ចាប់តាំង​ពីជំនួប​​ក្រុង​ញូវយ៉ក​ សហ​រដ្ឋ​អាមេរិក​ ជំនួប​នៅក្រុង​ប៊្រុច​សែល ប្រទេស​​បែលហ្ស៊ិក ជំនួប​នៅក្រុង​ហាណូយ ប្រទេស​វៀតណាម ។​ ទោះបីជំនួប​​បន្តបន្ទាប់​មិនមែនជា​​ជំនួប​ផ្លូវការ​សំរាប់ការ​ចរចា​​ពី​ បញ្ហាព្រំដែន​ក្តី​ ក៏​​ជំនួប​នេះ​បាន​ធ្វើ​ឱ្យស្ថាន​ភាព​តានតឹង​នានាលើ​វិស័យ​ការទូត​​បានទទួល​ លក្ខណៈ​ល្អប្រសើរឡើង​ជា​លំដាប់ ទាំង​​ស្ថានភាព​​ផ្នែកសេដ្ឋ​កិច្ច​រហូតដល់​​ស្ថាន​ការណ៍​ខា​ងយោធា ដែល​តាម​តំបន់ព្រំដែន​​ធ្លាប់​តែ​មានការ​ប្រឈម​មុខ​ដាក់គ្នា​ និងធ្លាប់​ប៉ះទង្គិច​គ្នា​​នោះក៏​បានស្ងប់ស្ងាត់​​ និងធូរស្រាល​ឡើង​វិញ។
ក្នុងជំនួប​លើកទី​៤នេះ ​តាម​លោកកុយ គួង អ្នកនាំពាក្យ​​ក្រសួងការបរទេស​​មានប្រសាសន៍​ឱ្យ​ដឹង​ថា លទ្ធ​ផល​ជំនួប​រវាង​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី និង​លោកអាប់ភីស៊ីត នាយករដ្ឋ​មន្ត្រីថៃ កាលពីថ្ងៃទី​១៧ វិច្ឆិកា ​២០១០​ គឺ​​​ភាគី​ទាំង​២​បានឯកភាពគ្នា​ ៖
១-​បន្តប្រើប្រាស់​​យន្ត​ការដែលមានស្រាប់​ដូច​ជា​គណៈ​ កម្មការ​ព្រំដែន​ចំរុះ និង​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ​ដែលដឹក​នាំ​​ដោយរដ្ឋមន្ត្រី​ការបរទេស និងរដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ ហើយ​ឱ្យ​មាន​កិច្ចប្រជុំ​ផ្សេងៗ​​ជា​ទៀង​ទាត់ ។
២-​កាត់​បន្ថយ​​ភាពតានតឹង​​នៅតាមព្រំ​ដែន​ ជាពិសេស​ចៀស​វា​ង​ការ​ប្រឈម​​​មុខ​ដាក់គ្នា​​ផ្នែក​​យោធា ដោយពិនិត្យ​​មើល​លទ្ធ​ភាព​នៃ​ការ​​ដក​កង​ទ័ព​ពីតំបន់​ព្រំដែន ។
៣-​ពិភាក្សា​​ស្ថាន​ភាព​ពលករ​ខ្មែរ​​ដែលកំពុង​​ស្នាក់នៅ​ធ្វើការ​ក្នុង​ប្រទេសថៃ​ នា​ពេលបច្ចុប្បន្ន​ ។
៤-​និយាយ​ពី​សកម្ម​​ភាព​​រៀបចំ​ការ​ប្រារព្ធ​ខួបលើក​ ទី​៦០​នៃ​ទំនាក់​ទំនង​​ការទូត​រវាង​​ប្រទេស​ទាំង​២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​១៩ ធ្នូ​ ខាង​មុខនេះ ហើយ​ស្ថាន​ទូត​ថៃ​គ្រោង​​រៀបចំ​​ពិធីជប់លៀង​ និង​សំដែង​​សិល្បៈ​ផ្សេងៗ ។
៥-​ព្រឹត្តិការណ៍វប្បធម៌​សាសនា និង​ពាណិជ្ជ​កម្ម​កន្លងទៅថ្មីៗ​នេះ ភាគី​ថៃ​​បាន​​ដង្ហែ​កឋិនទាន​​ចូលមក​ប្រទេស​កម្ពុជា ហើយគ្រោង​​ធ្វើ​បុណ្យ​​ផ្កា​មក​បន្តទៀត ។
ក្រៅពី​នេះ ក៏​មាន​ការ​រៀបចំ​​តាំង​​ពិព័រណ៍​ពាណិជ្ជ​កម្ម​ថៃ​នៅ​កម្ពុជាផងដែរ ។
លោក​កុយ គួង មាន​ប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា ជា​ចុង​ក្រោយ​ភាគី​ទាំង​២សង្ឃឹម​ថា គណៈ​កម្មការ​​​ចំរុះ​​សភាថៃ នឹង​អនុម័ត​ឯកសារ​ទាំង​៣ របស់​គណៈកម្មការ​ព្រំដែន​ចំរុះ JBC ​ក្នុង​នោះ​មានកិច្ច​ព្រមព្រៀង​​បណ្តោះអាសន្ន​​ដែលជា​លទ្ធ​ផល​នៃកិច្ច​ ប្រជុំថ្នាក់​រដ្ឋ​មន្ត្រី​​ការ​បរទេស​​នៃ​ប្រទេសទាំង​២ ដែលធ្វើ​ឡើង​​ក្នុងឆ្នាំ​២០០៨-២០០៩ កន្លង​មកនេះ​៕