Tuesday, October 26, 2010

ជំលៀស​មនុស្ស​ចេញខ្លាច​ភ្នំភ្លើង​ផ្ទុះ​នៅឥណ្ឌូណេស៊ី

អាជ្ញា​ធរ​ឥណ្ឌូ​ណេ​ស៊ី​កាលពីថ្ងៃទី២៥តុលា បានចេញ​ការ​ប្រកាស​អាសន្ន​នៅជុំ​វិញ​ភ្នំភ្លើង​​ MEREPI ​ដែល​អាច​ផ្ទុះ​គ្រប់​ពេល​ ហើយ​បាន​ជំលៀស​អ្នកភូមិ​ជា​ច្រើន​ពាន់​នាក់​ដែល​រស់នៅ​តាម​ចង្កេះ​ភ្នំភ្លើង ​នេះ ។ សកម្ម​ភាព​របស់​ភ្នំភ្លើង​ MERAPI នៅ​លើ​កោះ​ជ្វា បានបង្កើន​កាលពី​សបា្តហ៍​មុន​ជំរុញ​ឱ្យ​អាជ្ញា​ធរ​បង្កើន​កំរិត​ប្រកាស​ អាសន្ន ។ ការ​ផ្ទុះ​លើក​មុនរបស់​ភ្នំ​ភ្លើង​នេះ​ដែល​មានកំពស់​២.៩៦៨​ម៉ែត្រ​​កើត​មាន​ កាលពីឆ្នាំ​២០០៦ បណ្តាល​ឱ្យមនុស្ស​២​នាក់​ស្លាប់​ដោយ​សារឧស្ម័ន​ឆេះ​និងដុំថ្ម​ក្តៅ ។ បណ្តា​អ្នកទទួល​ខុសត្រូវ​ឥណ្ឌូ​ណេស៊ីព្យា​​ករណ៍​ថា ប្រសិនបើ​ផ្ទុះ ​ភ្នំភ្លើង​នេះ​នឹង​បញ្ចេញ​កំអែ​ហូរធ្លាក់​មកចង្កេះភ្នំ​ប៉ែក​​ខាងឆ្វេង ។ មនុស្ស​ប្រមាណ​ជា១១.៤០០​នាក់​ដែស​់​រស់នៅ​តាម​ចង្កេះ​ភ្នំ​ត្រូវ​បាន​ស្នើ​ ឱ្យ​រៀប​ចំ​ខ្លួន​ជំលៀស​ចេញ​ជា​បន្ទាន់ ។ មាន​មនុស្ស​ដល់ទៅ​ជិត​៤០.០០០​នាក់ រស់នៅ​ជុំ​វិញ​​ភ្នំភ្លើងនោះ ៕

អាមេរិក​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ឥទ្ធិពល​ជា​អវិជ្ជ​មាន​របស់អ៊ីរ៉ង់​លើ​អាហ្វ​ហ្គានីស្ថាន

សហរដ្ឋអាេមរិក​កាលពីថ្ងៃទី​២៥ តុលា បាន​សំដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ឥទ្ធិ​ពល​ជា​អវិជ្ជ មាន​របស់អុីរ៉ង់​លើ​អាហ្វ​ហ្គានីស្ថាន ក្រោយ​ពី​ប្រធានាធិបតីអាហ្វ​ហ្គានីស្ថា​ន លោក​ហា​មីដ កា​ហ្សៃ បានសារ​ភាព​ពី​ការ​ទទួល​ប្រាក់​ពី​ក្រុង​តេហេរ៉ង់ ។ ទាក់ទិន​ទៅនឹង​ករណីនេះ​អ្នក​នាំ​​ពាក្យ​សេត​វិមាន​ លោក Bill Burtan បាន​ទទូច​សុំ​ឱ្យអ៊ីរ៉ង់​ដើ​រេ​តួ​ជា​វិជ្ជ​មាន​ថែមទៀត ។​ លោក​​ប្រធានាធិបតី​អាហ្វ​ហ្គានីស្ថាន​ហា​មីដ កា​ហ្សៃ​ បាន​ថ្លែង​បដិសេធ​ថា រូបលោក​មិន​បាន​ធ្វើ​​អ្វីខុស​ឡើយ ដោយ​លោក​ថ្លែង​ថា ប្រាក់ដែល​លោក​​ទទួលបាន​​នោះ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​​តម្លា​ភាព ដើម្បី​ជួយលើ​ការ​គ្រប់គ្រង​ការិយា​ល័យ​​ប្រធានាធិបតី ។ លោក​កាហ្សៃ ​ថ្លែង​ដូច្នេះ​ ដើម្បី​ឆ្លើយ​តប​ចំពោះ​របាយ​ការណ៍​ដែល​ថា អ៊ីរ៉ង់​បាន​ផ្តល់​ប្រាក់​ទៅ​ឱ្យ​លោក​តាម​រយៈ​ជំនួយ​ការ​របស់លោក​ម្នាក់​ ។​
អ្នក ​នាំពាក្យ​សេតវិមាន​​ថ្លែង​បន្ថែមទៀត​ថា រដ្ឋ​ការ​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបា​ម៉ា ​បានឃើញ​របាយការន៍​ស្តីអំពី​ការ​ផ្តល់​ប្រាក់​របស់​អ៊ីរ៉ង់​ទៅ​ឱ្យអាហ្វ​ ហ្គានីស្ថាន​ ប៉ុន្តែ​​​បាន​បដិ​សេធ​​មិន​ផ្តល់​ព័ត៌មាន​លំអិត​ទេ ។ លោក Bill Burton បានធ្វើ​​​អត្ថា​ធិប្បាយ​ដូច្នេះ​​​​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​លោក​កាហ្សៃ​សារ ​ភាព​ថា សេនា​ធិកា​ររ​បស់​លោក​គឺលោក Umar Daudzai ទទួលបាន​ប្រាក់នោះ​ ៕

អ៊ីរ៉ាក់​បើក​​ការ​ស៊ើប​អង្កេត​លើ​ឯកសារ​សំងាត់​ដែល​ចេញ​ផ្សាយ​ដោយ​សហ​រដ្ឋ​អាមេរិក

ថ្ងៃ អង្គារ ទី ២៦ ខែ តុលា ឆ្នាំ ២០១០
 
អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ថ្លែង​ កាលពីថ្ងៃ​ទី​២៥ តុលា ថា រដ្ឋាភិបាល​អ៊ីរ៉ាក់​ពេលនេះ​បាន​បង្កើត​​គណៈ​កម្មាធិការ​មួយ ដើម្បី​ស៊ើបអង្កេត​លើ​ឯកសារ​សំងាត់ ដែល​ចេញ​ផ្សាយ​​​ដោយ​សហ​រដ្ឋ​អាមេរិក កាលពីថ្ងៃទី​២២ តុលា កន្លងមក ដែល​ស្តី​​អំពី​ការ​ចោទប្រកាន់​លើ​ការ​ចាប់រំលោភ​ ដោយកង​កំលាំង​អ៊ីរ៉ាក់ និងកង​កំលាំង​អាមេរិក ប្រឆាំង​​​អ្នកទោស​ និង​ជនស៊ីវិល​អ៊ីរ៉ាក់ ។​ អ្នក​នាំពាក្យ​រូបនេះ​គឺ​លោក Ali al-Dabbagh ថ្លែង​ទៀត​ថា ក្រុ​ម​ប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ីរ៉ាក់ ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី​នូរី​​អាល់​ម៉ា​លីគី បាន​សំរេច​ចិត្ត​បង្កើត​គណៈ​កម្ម​ការ​មួយ​ដែលដឹកនាំ​ដោយ​រដ្ឋ​មន្ត្រី​ ក្រសួង​យុត្តិ​ធម៌ ។ លោកបាន​បន្ត​ទៀត​ថា គណៈ​កម្ម​ការ​​នេះ​នឹង​​បើក​ការ​ស៊ើបអង្កេត​​ទាំង​ស្រុងលើ​ឯក​សារ​​ទាំង​នោះ ​ ​ដើម្បី​រក​ឱ្យឃើញ​អ្នក​ដែលជាប់ពាក់ព័ន្ធ​​ជាមួយ​នឹង​ការ​រំលោភ​បំពាន​ សិទ្ធិ​មនុស្ស​​ប្រឆាំង​ជន​ស៊ីវិល​អ៊ីរ៉ាក់​​ដែល​នឹង​​ទទួលខុស​ត្រូវ​ចំពោះ​ ទង្វើ​របស់​ពួកគេ ។
កាលពីថ្ងៃទី​២៤ តុលា ​កន្លងមក​ រដ្ឋាភិបាល​អ៊ីរ៉ាក់​បានរិះ​គន់​ចំពោះ​ឯកសារ​ដែល​ចេញ​ដោយ​គេហទំព័រ Wiki Leaks ដោយ​​​ថ្លែង​ថា​ ឯក​សារ​ដែល​ត្រូវបាន​ចេញ​ផ្សាយ​ទាំង​នោះ​​​ត្រូវ​បាន​ជំរុញ​ដោយ​នយោ​បាយ​ដែរ ​ឬ​ក៏អត់ ។​
ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​​ រដ្ឋាភិបាល​​អ៊ីរ៉ាក់ និយាយ​ថា នឹង​ស្វះស្វែង​រកយុត្តិធម៌ ​សំរាប់​ពល​រដ្ឋ​អ៊ីរ៉ាក់ ដែល​ក្លាយ​​ជា​ជន​រងគ្រោះ​នៃ​ការ​ចាប់​រំលោភ ។​ មួយ​​ចំនួននៃ​ឯកសារ​​ប្រមាណ​៤០០.០០០​ច្បាប់ ដែលត្រូវ​បាន​ចេញ​ផ្សាយ​នោះ ផ្តល់​ព័ត៌​មាន​​លំអិត​អំពីការ​ចោទ​ប្រកាន់​លើ​ការ​ចាប់​រំលោភ និង​អំពើ​សាហាវ​ឃោរឃៅ​ដែល​បង្ក​ឡើង​​ដោយកង​កំលាំង​សន្តិសុខ​កាន់​សាសនា​ស៊ី​ អ៊ីត ប្រឆាំង​អ្នកទោស​កាន់សាសនា​ស៊ុន​នីត ៕

តួ ​លេខ​នៃ​ការ​ខូច​ខាត​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​ផ្សារ​ស្វាយ​ដូនកែវ៖ ទឹក​ប្រាក់​ជាង​២១​ម៉ឺន​ដុល្លារ, ៥១​លាន​រៀល, ម៉ូតូ​២​គ្រឿង, រថយន្ត​វីហ្គូ​១ និង​សម្ភារៈ​គិត​ជា​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ត្រូវ​ឆេះ​ម៉ដ្ឋ

ពោធិ៍សាត់ ៖ ទំហំ​នៃ​ការ​ខូច​ខាត​ដោយ​សារ​គ្រោះ​អគ្គិភ័យ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១០ នៅ​ផ្សារ​ស្វាយ​ដូនកែវ ភូមិ​ស្វាយ​ដូន​កែវ ឃុំ​ស្វាយ​ដូន​កែវ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​នោះ មាន​ទឹក​ប្រាក់​ប្រ មាណ​ជា​២១​ម៉ឺន​ដុល្លារ និង​៥១​លាន​រៀល ម៉ូតូ​២​គ្រឿង រថយន្ត​វីហ្គោ​១ និង​សម្ភារៈ​ជាច្រើន​ទៀត​គិត​ជា​ប្រាក់ រាប់​ម៉ឺន​ដុល្លារ។
លោក​គុយ បូរ៉ា នាយ​ប៉ុស្ដិ៍​នគរបាល​ស្វាយ​ដូនកែវ បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ តុលា​នេះ​ថា ទឹក​ប្រាក់​នៃ​ការ​ខូច​ខាត​នោះ​បាន​ដឹង​តាម​រយៈ​ម្ចាស់​ផ្ទះ និង​ម្ចាស់​តូប​លក់​អីវ៉ាន់ ដែល​រង​គ្រោះ​ដោយ​សារ​អគ្គិភ័យ។ លោក​បន្ត​ថា អាជីវករ​បាន​រៀប​រាប់​អំពី​ប្រាក់​ដែល​ខ្លួន​មាន​នៅ​ក្នុង​ផ្ទះ​​សរុប​មាន​ ចំនួន​២១​ម៉ឺន ៥​ពាន់ ៨​រយ​ដុល្លារ​អាមេរិក និង​ប្រាក់​ចំនួន​៥១​លាន ៤៧​ម៉ឺន ៤​ពាន់​រៀល, ម៉ូតូ​ចំនួន​២​គ្រឿង, រថយន្ត វីហ្គោ​១​គ្រឿង ចំណែក​ឯ​ទ្រព្យ​សម្បត្តិ​ និង​សម្ភារៈ​មិន​អាច​ប៉ាន់​ស្មាន​គិត​ជា​តម្លៃ​នៃ​ការ​ខូច​ខាត​នៅ​ឡើយ​ទេ។
 
លោក​បន្ត​ថា នៅ​ក្នុង​ពេល​គ្រោះ​អគ្គិភ័យ​កើត​ឡើង ក្រុម​អាជីវករ​បាន​យក​ម៉ាស៊ីន​គោយន្ត​ចំនួន ១៥​គ្រឿង​​បូម​ទឹក​ស្រះ​នៅ​ជិត​នោះ​បាញ់​ទៅ​លើ​ផ្សារ​ឲ្យ​ហៀរហូរ ទើប​តូប​ខ្លះ​មិន​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចំនួន​៤១​នាក់​បាន​ចេញ​ប្រតិបត្តិ​ការ​បាញ់​ទឹក​ ពន្លត់៕

មេទ័ព​កំពូល​ៗ​កម្ពុជា-ថៃ ណាត់​ជួប​គ្នា​នៅ​ភ្នំពេញ​ថ្ងៃ​២៧ តុលា និយាយ​រឿង​ដក​ទ័ព

ភ្នំពេញ ៖ ជំនួប​កំពូល​ថ្នាក់​មេ​ទ័ព​កម្ពុជា-ថៃ បាន​កំណត់​យក​ថ្ងៃ​ទី​២៧ ខែ​តុលា​នេះ ជា​ជំនួប ពិសេស​ចុង​ក្រោយ​របស់​ពួក​គេ​ ដើម្បី​ដក​កង​ទ័ព​ឲ្យ​ផុត​ពី​ព្រំដែន ​ដែល​ប្រឈម​ដាក់​គ្នា​ជាង​២​ឆ្នាំ​ កន្លងមក។
លោក​នាយ​ឧត្ដម​សេនីយ៍​ជា តារា បាន​ប្រាប់​កម្ពុជា​ថ្មី​ថា សណ្ឋាគារ​ភ្នំពេញ គឺ​ជា​ទីតាំង​កំណត់​យក​ធ្វើ​ជា​កន្លែង​ជំនួប​កំពូល​ថ្នាក់​មេ​ទ័ព​ទាំង​ពីរ​ ភាគី។ លោក​បាន​ប្រាប់​ថា ភាគី​ថៃ​ថ្នាក់​មេ​ទ័ព កំពូល​ៗ​របស់​គេ​គ្រប់​សមាសភាព​ចំនួន​២៦​នាក់ ក្នុង​នោះ​ក៏​មាន​ទីប្រឹក្សា​ក្រសួង​ការពារ​ជាតិ​របស់​គេ ចូល​រួម​ផង​ដែរ។ តាម​គម្រោង​ប្រតិភូ​មេ​បញ្ជា​ការ​កង​ទ័ព​ទាំង​២​ភាគី​មាន​គម្រោង​ក្រោយ​ពី​ បញ្ចប់ ជំនួប នឹង​ចូល​គាល់​ព្រះមហាក្សត្រ។
ទាក់ទង​នឹង​ការ​ដក​កង​ទ័ព​ចេញ​ពី​ព្រំដែន​ទៀត​នោះ យើង​មិន​ទាន់​ធ្វើ​ក្នុង​ជំហាន​ទី​៣​ទេ ដោយ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា ក្រោយ​ពី​បញ្ចប់​ជំនួប​កំពូល​ថ្នាក់​មេ​ទ័ព​នៅ​ទីក្រុង​ភ្នំពេញ​នេះ កង​ទ័ព​នៅ​តាម​ព្រំដែន​នឹង​មាន​ការ​កែ​សម្រួល​ភ្លាម​ៗ។
លោក​នាយ​ឧត្ដម​សេនីយ៍​ជា តារា បាន​បញ្ជាក់​ថា បើ​ទោះ​បី​ជំនួប​កំពូល​នេះ ត្រូវ​ជួប​នៅ​ថ្ងៃ​ទី ២៧ តុលា ក៏​ដោយ​តែ​ប្រតិភូ​មួយ​ចំនួន​ដែល​យើង​ចែក​ចេញ​ជា​ក្រុម​ពិសេស​តូច​ៗ បាន​មក​ដល់​ថ្ងៃទី ២៦ តុលា ហើយ​ជួប​ប្រជុំ​គ្នា​មុន​ពេល​ឈាន​ដល់​ជំនួប​កំពូល​ថ្ងៃ​ទី​២៧​តុលា។
លោក​ឧត្ដម​សេនីយ៍​ទោ ស្រី ឌឹក បាន​និយាយ​ថា ជា​ការ​ពិត​ហើយ​ជំនួប​នេះ ពិត​ជា​កើត​មាន មែន​នៅ​ទីក្រុង​ភ្នំពេញ តែ​នេះ​ជា​ថ្នាក់​ប្រិតភូ​កង​ទ័ព​ដែល​យើង​បាន​ឯកភាព​គ្នា​ថា បញ្ចប់​បញ្ហា​នៅ​តាម​ព្រំដែន រួច​ហើយ​ដក​កង​ទ័ព​ចេញ​ឲ្យ​ផុត​ពី​តំបន់​ប្រាសាទ​បូរាណ​របស់​ខ្មែរ។
លោក​កាស៊ីត ភីរម្យយ៉ា រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ថៃ ក៏​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​កម្ពុជា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ ទៅ​ទីក្រុង​បាង​កក​រយៈពេល​១​សប្ដាហ៍​ថា រដ្ឋាភិបាល​របស់​លោក​ចង់​បាន​សន្តិភាព​នៅ​តាម​ព្រំដែន ហើយ​ការ​ពន្យារ​ពេល​ក្នុង​ការ​ផ្ដល់​សច្ចាប័ន​ពី​សភា​លើ​កំណត់​ហេតុ ៣ មិន​មែន​ជា​ចេតនា​អូស​បន្លាយ​ជម្លោះ​នោះ​ទេ។ តែ​រឿង​ទាំងអស់​ខាង​លើ​ដោយ​សារ​តែ​សភា​របស់ ខ្លួន​មាន​របៀប​វារៈ​ច្បាប់​ច្រើន​ដែល​ត្រូវ​អនុម័ត។
លោក​អាប់ភីស៊ីត និយាយ​ថា យើង​អត់​ពង្រីក​ទំនាស់​ឬ​ប្រើប្រាស់​កម្លាំង​នោះ​ទេ បើ​ទោះ​បី ជម្លោះ​នេះ​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​ចប់​ក៏​ដោយ។ លោក​អាប់ភីស៊ីត​បាន​បង្ហាញ​ជំហរ​យ៉ាង​ច្បាស់​ចំពោះ​រដ្ឋាភិបាល​របស់​ខ្លួន​ ថា ដំណោះ​ស្រាយ​ព្រំដែន​នេះ ត្រូវ​ប្រើប្រាស់​យន្តការ​រូប​មន្ត អនុស្សរណៈ​យោគ​យល់​គ្នា​ឆ្នាំ​២០០០(MOU)។
លោក​អាប់ភីស៊ីត​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា​ ទៀត​ថា អនុសញ្ញា និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៤-១៩០៧-១៩០៨ រដ្ឋាភិបាល​ថៃ​មិន​បដិសេធ​ទេ តែ​យើង​ត្រូវ​តែ​កែ​សម្រួល​ខ្លះ​ឲ្យ​ត្រូវ​តាម​ស្ដង់ ដារ​បច្ចេកវិទ្យា​ទំនើប​ទាន់​សម័យ​ដែល​សង្គម​កំពុង​តែ​ដើរ​បច្ចុប្បន្ន៕

UN ប្រកាស​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​បាន គីមូន នៅ​កម្ពុជា

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​តុលា ឆ្នាំ​២០១០ នៅ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​កម្ពុជា​បាន​រៀប​ចំ​ធ្វើ​សន្និសីទ​មួយ​​ ដើម្បី​ប្រកាស​នូវ​កម្មវិធី​សំខាន់​ៗ​របស់​លោក​អគ្គលេខាធិការ ​អង្គការ​សហប្រជាជាតិ​​ក្នុង​ ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា។
យោង​តាម​ការ​ប្រកាស​របស់​តំណាង​អង្គការ​សហប្រជាជាតិ​ ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នឹង​ជួប​សវនាការ​ជាមួយ​សម្ដេច អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា នៅ​ក្នុង​វិមាន​សន្តិភាព នៅ​ថ្ងៃ ទី​២៧ ខែ​តុលា វេលា​ម៉ោង​៩​ព្រឹក ហើយ​នៅ​វេលា​រសៀល លោក​បាន គីមូន នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ កម្ពុជា ដែល​នៅ​ទី​នោះ​លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​ឯកឧត្ដម ឧបនាយក រដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្រ្តី។
យោង​តាម​សេចក្ដី​ប្រកាស​នោះ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​២៨ វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នឹង​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ទួល​ស្លែង និង​ទស្សនកិច្ច​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត៕