Tuesday, October 26, 2010

អ៊ីរ៉ាក់​បើក​​ការ​ស៊ើប​អង្កេត​លើ​ឯកសារ​សំងាត់​ដែល​ចេញ​ផ្សាយ​ដោយ​សហ​រដ្ឋ​អាមេរិក

ថ្ងៃ អង្គារ ទី ២៦ ខែ តុលា ឆ្នាំ ២០១០
 
អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ថ្លែង​ កាលពីថ្ងៃ​ទី​២៥ តុលា ថា រដ្ឋាភិបាល​អ៊ីរ៉ាក់​ពេលនេះ​បាន​បង្កើត​​គណៈ​កម្មាធិការ​មួយ ដើម្បី​ស៊ើបអង្កេត​លើ​ឯកសារ​សំងាត់ ដែល​ចេញ​ផ្សាយ​​​ដោយ​សហ​រដ្ឋ​អាមេរិក កាលពីថ្ងៃទី​២២ តុលា កន្លងមក ដែល​ស្តី​​អំពី​ការ​ចោទប្រកាន់​លើ​ការ​ចាប់រំលោភ​ ដោយកង​កំលាំង​អ៊ីរ៉ាក់ និងកង​កំលាំង​អាមេរិក ប្រឆាំង​​​អ្នកទោស​ និង​ជនស៊ីវិល​អ៊ីរ៉ាក់ ។​ អ្នក​នាំពាក្យ​រូបនេះ​គឺ​លោក Ali al-Dabbagh ថ្លែង​ទៀត​ថា ក្រុ​ម​ប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ីរ៉ាក់ ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី​នូរី​​អាល់​ម៉ា​លីគី បាន​សំរេច​ចិត្ត​បង្កើត​គណៈ​កម្ម​ការ​មួយ​ដែលដឹកនាំ​ដោយ​រដ្ឋ​មន្ត្រី​ ក្រសួង​យុត្តិ​ធម៌ ។ លោកបាន​បន្ត​ទៀត​ថា គណៈ​កម្ម​ការ​​នេះ​នឹង​​បើក​ការ​ស៊ើបអង្កេត​​ទាំង​ស្រុងលើ​ឯក​សារ​​ទាំង​នោះ ​ ​ដើម្បី​រក​ឱ្យឃើញ​អ្នក​ដែលជាប់ពាក់ព័ន្ធ​​ជាមួយ​នឹង​ការ​រំលោភ​បំពាន​ សិទ្ធិ​មនុស្ស​​ប្រឆាំង​ជន​ស៊ីវិល​អ៊ីរ៉ាក់​​ដែល​នឹង​​ទទួលខុស​ត្រូវ​ចំពោះ​ ទង្វើ​របស់​ពួកគេ ។
កាលពីថ្ងៃទី​២៤ តុលា ​កន្លងមក​ រដ្ឋាភិបាល​អ៊ីរ៉ាក់​បានរិះ​គន់​ចំពោះ​ឯកសារ​ដែល​ចេញ​ដោយ​គេហទំព័រ Wiki Leaks ដោយ​​​ថ្លែង​ថា​ ឯក​សារ​ដែល​ត្រូវបាន​ចេញ​ផ្សាយ​ទាំង​នោះ​​​ត្រូវ​បាន​ជំរុញ​ដោយ​នយោ​បាយ​ដែរ ​ឬ​ក៏អត់ ។​
ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​​ រដ្ឋាភិបាល​​អ៊ីរ៉ាក់ និយាយ​ថា នឹង​ស្វះស្វែង​រកយុត្តិធម៌ ​សំរាប់​ពល​រដ្ឋ​អ៊ីរ៉ាក់ ដែល​ក្លាយ​​ជា​ជន​រងគ្រោះ​នៃ​ការ​ចាប់​រំលោភ ។​ មួយ​​ចំនួននៃ​ឯកសារ​​ប្រមាណ​៤០០.០០០​ច្បាប់ ដែលត្រូវ​បាន​ចេញ​ផ្សាយ​នោះ ផ្តល់​ព័ត៌​មាន​​លំអិត​អំពីការ​ចោទ​ប្រកាន់​លើ​ការ​ចាប់​រំលោភ និង​អំពើ​សាហាវ​ឃោរឃៅ​ដែល​បង្ក​ឡើង​​ដោយកង​កំលាំង​សន្តិសុខ​កាន់​សាសនា​ស៊ី​ អ៊ីត ប្រឆាំង​អ្នកទោស​កាន់សាសនា​ស៊ុន​នីត ៕

No comments:

Post a Comment