Monday, February 27, 2012

ថៃ​បើក​ធ្វើ​សមយុទ្ធ​យោធា​តាម​ព្រំដែន​នៅ​ថ្ងៃ​អាទិត្យ​នេះ

ទាហាន​ថៃ​បាន​បើក​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​ក្នុង​ខេត្ត​សុរិន្ទ​ជាប់​ព្រំដែន​កម្ពុជា​ត្រង់​តំបន់​ប្រាសាទ​តាមាន់ ​ថ្មដូន​និង​ប្រាសាទ​តាក្របី​នៃ​ខេត្ត​ឧត្តរ​មានជ័យ។​ សមយុទ្ធ​ឈ្មោះ​ថា​«ពស់វែក» ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ផល​ប៉ះពាល់​ចូល​ទឹក​ដី​កម្ពុជា​ដូច​កាលពី​ឆ្នាំ​២០០៨​ទេ។ ​យ៉ាងណា​ក៏ដោយ​សមយុទ្ធ​​នៅ​តាម​ព្រំដែន​ដែល​មាន​ទំនាស់​គឺជា​សញ្ញា​មិន​ល្អ​មួយ។ ​ប៉ុន្តែ ​មេទ័ព​កម្ពុជា​បាន​ព្យាយាម​សម្រាល​ស្ថានការណ៍​ដោយ​អះអាង​ថា​សមយុទ្ធ​ធ្វើ​នៅ​ក្នុង​ទឹកដី​របស់​គេ​គឺជា​រឿង​ធម្មតា​មួយ​ប៉ុណ្ណោះ។ យោធា​ថៃ​បាន​បើក​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​មួយ ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​នៅ​តំបន់​ជាប់​ព្រំដែន​ប្រទេស​កម្ពុជា។ ​សមយុទ្ធ​ឈ្មោះ​ថា​«ពស់វែក»​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ព្រៃ​ភ្នំ​ដងរ៉ាក់​ខេត្ត​សុរិន្ទ​របស់​ថៃ ​ឈម​គ្នា​ជាមួយ​តំបន់​ប្រាសាទ​តា​មាន់ ថ្ម​ដូន និង​ប្រាសាទ​តា​ក្របី​ ក្នុង​ស្រុក​បន្ទាយ​អំពិល ​ខេត្ត​ឧត្តរមានជ័យ ​របស់​កម្ពុជា។​ ប្រភព​យោធា​ពី​តំបន់​ជាយដែន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា​ សមយុទ្ធ​«ពស់វែក»​នេះ​បាន​បើក​ធ្វើ​កាលពី​ព្រឹក​មិញ ​នៅ​ចម្ងាយ​៨​គីឡូម៉ែត្រ​ពី​ព្រំដែន។ ​លំហាត់​យោធា​ទ្រង់ទ្រាយ​ធំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹកដី​កម្ពុជា​ទេ ​ហើយ​ក៏​គ្មាន​គ្រាប់​ផ្លោង​ណា​មួយ​ធ្លាក់​មក​ក្នុង​ទឹកដី​កម្ពុជា​ដូច​កាលពី​ឆ្នាំ​២០០៨​ដែរ។ ​កាល​ពី​ឆ្នាំ២០០៨​ នៅ​ក្នុង​ឱកាស​បើក​សមយុទ្ធ​​​ដូច​គ្នា​នេះ​ដែរ​ គ្រាប់​ផ្លោង​ជាច្រើន​គ្រាប់​បាន​ធ្លាក់​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា។ បន្ទាប់​ពី​ភាគី​កម្ពុជា​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ ​ភាគី​ថៃ​បាន​សុំ​ទោស​ ដោយ​អះអាង​ថា​ជា​ការ​បាញ់​មិន​ចំ​គោលដៅ។ ប្រភព​ពី​មន្ត្រី​យោធា​ដដែល​ឲ្យ​ដឹង​ទៀត​ថា​ ស្ថានការណ៍​នៅ​តាម​ព្រំដែន​កម្ពុជា​-ថៃ​មាន​សភាព​ស្ងប់ស្ងាត់​ជា​ធម្មតា​ទេ​នៅ​ពេល​នេះ។​ មុន​ធ្វើ​សមយុទ្ធ​នេះ​ប៉ុន្មាន​ថ្ងៃ​ យោធា​ថៃ​បាន​ជូន​ដំណឹង​ដល់​កម្ពុជា​ដែរ​ ដោយ​អះអាង​ថា​ សមយុទ្ធ​នេះ​មាន​ប្រើប្រាស់​សម្ភារៈ​យោធា​ចម្រុះ ​ដូចជា​កាំភ្លើង​ធំ ​កាំភ្លើង​ដៃ​ រថពាសដែក ​និង​រថក្រោះ។ ជាការ​កត់សម្គាល់ ​ភាគី​ថៃ​តែងតែ​បើក​ធ្វើ​សមយុទ្ធ​នៅ​កៀក​នឹង​ព្រំដែន​ដែល​មាន​ទំនាស់​ ដោយ​មិន​ខ្វល់ខ្វាយ​ពី​ផល​អាក្រក់​ដែល​កើត​ពី​សមយុទ្ធ​​​នេះ​ឡើយ។ ​សមយុទ្ធ​បែប​នេះ​ត្រូវ​បាន​អ្នក​ខ្លះ​ចាត់​ទុក​ជា​ការ​គំរាម​ដល់​ភាគី​កម្ពុជា ​ប៉ុន្តែ ​មន្ត្រី​យោធា​កម្ពុជា​តែង​ព្យាយាម​សម្រាល​ស្ថានការណ៍​ដោយ​អះអាង​ថា​ជា​រឿង​ធម្មតា​ទេ​ដែល​ថៃ​ធ្វើ​សមយុទ្ធ​ក្នុង​ទឹកដី​របស់​គេ។ កាលពី​២​សប្តាហ៍​មុន​ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ លោក​ ទៀ បាញ់ ​បាន​សរសេរ​លិខិត​ទៅ​សមភាគី​ថៃ​ ដើម្បី​រម្លឹក​ឲ្យ​ថៃ​កំណត់​ពេល​នៃ​កិច្ច​ប្រជុំ​ក្រុម​ការងារ​ចម្រុះ​ព្រំដែន​ ដែល​ភាគី​ទាំងពីរ​បាន​សម្រេច​ កាល​ពី​ថ្ងៃ​ទី​២១​ខែ​ធ្នូ ឆ្នាំ២០១១​ កន្លង​ទៅ។ ប៉ុន្តែ ​រហូត​មក​ដល់​ពេល​នេះ ​ក្រសួង​ការពារ​ជាតិ​ថៃ​នៅ​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ តែ​ភាគី​ថៃ​បែរ​ជា​បើក​ធ្វើ​សមយុទ្ធ​​តាម​ព្រំដែន​ទៅ​វិញ​ ខណៈ​ដែល​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​មិន​ទាន់​បាន​ដោះស្រាយ​អ្វី​សោះ៕