Tuesday, November 16, 2010

គំរោង​ការ​នាំ​ចេញផលិត​ផលស្រាបៀរ​ខ្មែរទៅក្រៅប្រទេស

លោក​ជំទាវឧកញ៉ា ភាព​ ហៀក ក្នុងការ​ជួប​សំដែង​ការគួរសមជា​មួយលោក​ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ច័ន្ទ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១០
(រូបថត សហការី)
លោក​ជំទាវឧកញ៉ា ភាព​ ហៀក ក្នុងការ​ជួប​សំដែង​ការគួរសមជា​មួយលោក​ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម
 
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១២ វិច្ឆិកា ​កន្លងមកក្នុងការ​ជួប​សំដែង​ការគួរសម​រវាង​ក្រុម​ហ៊ុន​ខ្មែរ​ប្រ៊ី​វើររី (Khmer Brewery Ltd) តំណាង​ដោយលោក​ជំទាវឧកញ៉ា ភាព​ ហៀក ​លោកឧកញ៉ា​លាង ឃុន ជាប្រធានក្រុម​ប្រឹក្សា​ភិ​បាល​ជា​មួយលោក​ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម ស្តី​អំពីការ​នាំចេញ​ផលិត​ផលស្រាបៀរ​ខ្មែរទៅ​ក្រៅ​ប្រទេស។ លោក​ទេស​រដ្ឋ​មន្ត្រី​​ ចម ប្រសិទ្ធ បាន​កោត​សរសើរ​លោកជំទាវ​ឧកញ៉ា ភាព​ ហៀក ប្រធាន​​ក្រុម​ប្រឹក្សា​ភិបាលនៃក្រុម​ហ៊ុនខ្មែរ​ប្រីវើររីដែល​ ពីមុនមានលក់តែគ្រឿង​សំណង់ និង​នាំ​ចូល​ផលិត​ផល​គ្រឿង​ឧបភោគ​បរិភោគ​គ្រប់​មុខ​តែ​រហូត​​ដល់​ បច្ចុប្បន្ន​ឈាន​ដល់ការ​ផលិត​ស្រាបៀរ​ខ្មែរ​​ថែម​ទៀត​​​ នេះ​ជា​ការរីកចំរើន​គួរឱ្យ​កត់​សំគាល់។ លោកទេសរដ្ឋ​មន្ត្រី​​បានធ្វើ​ការផ្តាំផ្ញើ​​ដល់​ក្រុម​ហ៊ុនខ្មែរ​ប្រីវើររី​ ឱ្យ​ខិត​ខំផលិត​ស្រា​បៀរដែលមាន​គុណ​ភាព​ល្អ​ស័ក្តិសម​នឹងឈ្មោះ​លើស​ពីនេះទៀត ​ស្លាក​សញ្ញារបស់ស្រាបៀរ​នេះ ត្រូវមាន​លក្ខណៈ​ជាខ្មែរ​ និងសោភ័ណ​ភាពល្អ។
រោង​ចក្រ​ផលិត​ស្រាបៀរ​ខ្មែរ​ដ៏​ធំមួយ​ដែល​បានវិនិយោគ​​អស់​ទឹក​ប្រាក់​ ចំនួន​៦០​លាន​​​ដុល្លារ អាមេរិក និងដែលបានប្រារព្ធ​ពិធីបើក​ការ​ដ្ឋាន​សាង​សង់​កាល​ពីថ្ងៃទី១៧ មីនា ឆ្នាំ​២០១០ នៅ​ការដ្ឋាន​រោងចក្រ​ស្រាបៀរ​ខ្មែរ ស្ថិតក្នុងភូមិ​ជើង​ឯក​សង្កាត់​ជើង​ឯក​ ខណ្ឌដង្កោ​។ ក្នុង​គោលបំណង​ប្រកួត​ប្រជែង​ជាមួយស្រា​បៀរ​​អន្តរ​ជាតិ​ និងប្រកាស​ប្រាប់ពីរោងចក្រ​ស្រាបៀរ​ខ្មែរដែល​មានសមត្ថ​ភាព​ផលិត​ស្រា​បៀរ​ ក្នុង​មួយឆ្នាំ បានចាប់ពី១​លានហិចតូលីត្រ ​រហូត​ដល់​ទៅ​២​លានហិចតូលីត្រ ដោយ​ប្រើ​បច្ចេក​វិទ្យា​ទំនើប​បំផុត​មកពី​ប្រទេសអាល្លឺម៉ង់​​ក្នុងការ​ផលិត។ លោកឧកញ៉ា​ប្រធាន​ក្រុម​ហ៊ុន​និយាយ​ថា ចំពោះ​ការសាង​សង់​រោង​ចក្រ ​​យើង​បាន​ផ្តល់​សិទ្ធិ​សាង​សង់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ហ្ស៊ីម៉ាន់ គ្រុប​ជា​ដៃគូដ៏​រឹងមាំ​ និងមានបទពិសោធន៍ឯក​ទេស​ខាង​ផលិត​ស្រា​បៀរ​ជាង១៥០ឆ្នាំ នៅ​លើ​ពិភពលោក​ ហើយក៏​ជាក្រុមហ៊ុន​​នាំមុខគេ​ផ្នែក​អនុវត្ត​​គំរោង​សាងសង់​លើពិភពលោកដែរ។
រោង​ចក្រ​ស្រាបៀរ​ខ្មែរថ្មី​ជាមួយ​នឹង​កិត្តិនាម​ថ្មី​នេះ រួមផ្សំ​ជា​មួយ​នឹង​បទ​ពិសោធន៍​១៥០​ឆ្នាំ​មក​ពីអាល្លឺម៉ង់ ​ស្រាបៀរ​ខ្មែរនឹង​ធ្វើ​ការនាំចេញ​ទៅ​ក្រៅ​ប្រទេស​ក្នុង​គោល​បំណង​ ប្រកួតប្រជែង​លើ​ទី​ផ្សារ​អន្តរ​ជាតិ។ ម្យ៉ាង​វិញ​ទៀត​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ី​វើររី និងដើរ​តួយ៉ាងសំខាន់​ក្នុងការ​ជួយកាត់​បន្ថយ​ភាព​ក្រីក្រ ព្រម​ទាំង​លើកស្ទួយអភិវឌ្ឍន៍​​វិស័យឧស្សាហកម្ម​ផ្នែក​ស្រាបៀរ នៅ​កម្ពុជា​ដោយ​ផលិតនូវ​ស្រា​បៀរ​​គុណ​ភាព​ចំណាត់ថ្នាក់​ពិភពលោក។
ឈរលើអត្ថប្រយោជន៍ ​ស្រាបៀរ​ខ្មែរ ផលិត​​ដោយខ្មែរ ក្នុងន័យ​បំពេញ​តំរូវការ​អតិ​ថិជន​ជាតិ​ និងអន្តរជាតិ​ឱ្យមានភាពជាប់​ចិត្ត​ជា​មួយ​នឹង​គុណភាពផ្តាច់​គេរបស់ស្រាបៀរ​ ខ្មែរ។ ដូច្នេះ​ក្រុម​ហ៊ុនខ្មែរប្រ៊ីវើររី (Khmer Brewery Ltd) ដ៏​ថ្មីនេះ នឹង​រួមចំណែក​យ៉ាង​ផុស​ផុល​ក្នុង​ការ​ធ្វើឱ្យ​រីក​ចំរើន​ប្រកបដោយ​ជោគជ័យនៅ​ ក្នុង​ប្រទេស​កម្ពុជា៕ដកស្រង់ពី​ កោះសន្តិភាព