ដើមអំពិល កោះសន្តិភាព កម្ពុជាថ្មី ភ្នំពេញប៉ុស្តិ ...........
Monday, February 27, 2012
ថៃបើកធ្វើសមយុទ្ធយោធាតាមព្រំដែននៅថ្ងៃអាទិត្យនេះ
ទាហានថៃបានបើកធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំមួយនៅថ្ងៃអាទិត្យនេះនៅក្នុងខេត្តសុរិន្ទជាប់ព្រំដែនកម្ពុជាត្រង់តំបន់ប្រាសាទតាមាន់ ថ្មដូននិងប្រាសាទតាក្របីនៃខេត្តឧត្តរមានជ័យ។ សមយុទ្ធឈ្មោះថា«ពស់វែក» បានប្រព្រឹត្តទៅដោយគ្មានផលប៉ះពាល់ចូលទឹកដីកម្ពុជាដូចកាលពីឆ្នាំ២០០៨ទេ។ យ៉ាងណាក៏ដោយសមយុទ្ធនៅតាមព្រំដែនដែលមានទំនាស់គឺជាសញ្ញាមិនល្អមួយ។ ប៉ុន្តែ មេទ័ពកម្ពុជាបានព្យាយាមសម្រាលស្ថានការណ៍ដោយអះអាងថាសមយុទ្ធធ្វើនៅក្នុងទឹកដីរបស់គេគឺជារឿងធម្មតាមួយប៉ុណ្ណោះ។
យោធាថៃបានបើកធ្វើសមយុទ្ធបាញ់គ្រាប់ពិតមួយ នៅថ្ងៃអាទិត្យនេះ នៅតំបន់ជាប់ព្រំដែនប្រទេសកម្ពុជា។ សមយុទ្ធឈ្មោះថា«ពស់វែក»ត្រូវបានរៀបចំឡើងនៅក្នុងព្រៃភ្នំដងរ៉ាក់ខេត្តសុរិន្ទរបស់ថៃ ឈមគ្នាជាមួយតំបន់ប្រាសាទតាមាន់ ថ្មដូន និងប្រាសាទតាក្របី ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ របស់កម្ពុជា។
ប្រភពយោធាពីតំបន់ជាយដែនបានឲ្យដឹងនៅថ្ងៃនេះថា សមយុទ្ធ«ពស់វែក»នេះបានបើកធ្វើកាលពីព្រឹកមិញ នៅចម្ងាយ៨គីឡូម៉ែត្រពីព្រំដែន។ លំហាត់យោធាទ្រង់ទ្រាយធំនេះបានប្រព្រឹត្តទៅដោយមិនបានធ្វើឲ្យប៉ះពាល់ដល់ទឹកដីកម្ពុជាទេ ហើយក៏គ្មានគ្រាប់ផ្លោងណាមួយធ្លាក់មកក្នុងទឹកដីកម្ពុជាដូចកាលពីឆ្នាំ២០០៨ដែរ។ កាលពីឆ្នាំ២០០៨ នៅក្នុងឱកាសបើកសមយុទ្ធដូចគ្នានេះដែរ គ្រាប់ផ្លោងជាច្រើនគ្រាប់បានធ្លាក់ចូលមកក្នុងទឹកដីកម្ពុជា។ បន្ទាប់ពីភាគីកម្ពុជាបញ្ចេញប្រតិកម្មខ្លាំងៗ ភាគីថៃបានសុំទោស ដោយអះអាងថាជាការបាញ់មិនចំគោលដៅ។
ប្រភពពីមន្ត្រីយោធាដដែលឲ្យដឹងទៀតថា ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃមានសភាពស្ងប់ស្ងាត់ជាធម្មតាទេនៅពេលនេះ។ មុនធ្វើសមយុទ្ធនេះប៉ុន្មានថ្ងៃ យោធាថៃបានជូនដំណឹងដល់កម្ពុជាដែរ ដោយអះអាងថា សមយុទ្ធនេះមានប្រើប្រាស់សម្ភារៈយោធាចម្រុះ ដូចជាកាំភ្លើងធំ កាំភ្លើងដៃ រថពាសដែក និងរថក្រោះ។ ជាការកត់សម្គាល់ ភាគីថៃតែងតែបើកធ្វើសមយុទ្ធនៅកៀកនឹងព្រំដែនដែលមានទំនាស់ ដោយមិនខ្វល់ខ្វាយពីផលអាក្រក់ដែលកើតពីសមយុទ្ធនេះឡើយ។ សមយុទ្ធបែបនេះត្រូវបានអ្នកខ្លះចាត់ទុកជាការគំរាមដល់ភាគីកម្ពុជា ប៉ុន្តែ មន្ត្រីយោធាកម្ពុជាតែងព្យាយាមសម្រាលស្ថានការណ៍ដោយអះអាងថាជារឿងធម្មតាទេដែលថៃធ្វើសមយុទ្ធក្នុងទឹកដីរបស់គេ។
កាលពី២សប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ បានសរសេរលិខិតទៅសមភាគីថៃ ដើម្បីរម្លឹកឲ្យថៃកំណត់ពេលនៃកិច្ចប្រជុំក្រុមការងារចម្រុះព្រំដែន ដែលភាគីទាំងពីរបានសម្រេច កាលពីថ្ងៃទី២១ខែធ្នូ ឆ្នាំ២០១១ កន្លងទៅ។ ប៉ុន្តែ រហូតមកដល់ពេលនេះ ក្រសួងការពារជាតិថៃនៅមិនទាន់ឆ្លើយតបនៅឡើយទេ តែភាគីថៃបែរជាបើកធ្វើសមយុទ្ធតាមព្រំដែនទៅវិញ ខណៈដែលបញ្ហាព្រំដែនរវាងប្រទេសទាំងពីរមិនទាន់បានដោះស្រាយអ្វីសោះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment