Tuesday, October 26, 2010

តួ ​លេខ​នៃ​ការ​ខូច​ខាត​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​ផ្សារ​ស្វាយ​ដូនកែវ៖ ទឹក​ប្រាក់​ជាង​២១​ម៉ឺន​ដុល្លារ, ៥១​លាន​រៀល, ម៉ូតូ​២​គ្រឿង, រថយន្ត​វីហ្គូ​១ និង​សម្ភារៈ​គិត​ជា​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ត្រូវ​ឆេះ​ម៉ដ្ឋ

ពោធិ៍សាត់ ៖ ទំហំ​នៃ​ការ​ខូច​ខាត​ដោយ​សារ​គ្រោះ​អគ្គិភ័យ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១០ នៅ​ផ្សារ​ស្វាយ​ដូនកែវ ភូមិ​ស្វាយ​ដូន​កែវ ឃុំ​ស្វាយ​ដូន​កែវ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​នោះ មាន​ទឹក​ប្រាក់​ប្រ មាណ​ជា​២១​ម៉ឺន​ដុល្លារ និង​៥១​លាន​រៀល ម៉ូតូ​២​គ្រឿង រថយន្ត​វីហ្គោ​១ និង​សម្ភារៈ​ជាច្រើន​ទៀត​គិត​ជា​ប្រាក់ រាប់​ម៉ឺន​ដុល្លារ។
លោក​គុយ បូរ៉ា នាយ​ប៉ុស្ដិ៍​នគរបាល​ស្វាយ​ដូនកែវ បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ តុលា​នេះ​ថា ទឹក​ប្រាក់​នៃ​ការ​ខូច​ខាត​នោះ​បាន​ដឹង​តាម​រយៈ​ម្ចាស់​ផ្ទះ និង​ម្ចាស់​តូប​លក់​អីវ៉ាន់ ដែល​រង​គ្រោះ​ដោយ​សារ​អគ្គិភ័យ។ លោក​បន្ត​ថា អាជីវករ​បាន​រៀប​រាប់​អំពី​ប្រាក់​ដែល​ខ្លួន​មាន​នៅ​ក្នុង​ផ្ទះ​​សរុប​មាន​ ចំនួន​២១​ម៉ឺន ៥​ពាន់ ៨​រយ​ដុល្លារ​អាមេរិក និង​ប្រាក់​ចំនួន​៥១​លាន ៤៧​ម៉ឺន ៤​ពាន់​រៀល, ម៉ូតូ​ចំនួន​២​គ្រឿង, រថយន្ត វីហ្គោ​១​គ្រឿង ចំណែក​ឯ​ទ្រព្យ​សម្បត្តិ​ និង​សម្ភារៈ​មិន​អាច​ប៉ាន់​ស្មាន​គិត​ជា​តម្លៃ​នៃ​ការ​ខូច​ខាត​នៅ​ឡើយ​ទេ។
 
លោក​បន្ត​ថា នៅ​ក្នុង​ពេល​គ្រោះ​អគ្គិភ័យ​កើត​ឡើង ក្រុម​អាជីវករ​បាន​យក​ម៉ាស៊ីន​គោយន្ត​ចំនួន ១៥​គ្រឿង​​បូម​ទឹក​ស្រះ​នៅ​ជិត​នោះ​បាញ់​ទៅ​លើ​ផ្សារ​ឲ្យ​ហៀរហូរ ទើប​តូប​ខ្លះ​មិន​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចំនួន​៤១​នាក់​បាន​ចេញ​ប្រតិបត្តិ​ការ​បាញ់​ទឹក​ ពន្លត់៕

No comments:

Post a Comment