Tuesday, October 26, 2010

មេទ័ព​កំពូល​ៗ​កម្ពុជា-ថៃ ណាត់​ជួប​គ្នា​នៅ​ភ្នំពេញ​ថ្ងៃ​២៧ តុលា និយាយ​រឿង​ដក​ទ័ព

ភ្នំពេញ ៖ ជំនួប​កំពូល​ថ្នាក់​មេ​ទ័ព​កម្ពុជា-ថៃ បាន​កំណត់​យក​ថ្ងៃ​ទី​២៧ ខែ​តុលា​នេះ ជា​ជំនួប ពិសេស​ចុង​ក្រោយ​របស់​ពួក​គេ​ ដើម្បី​ដក​កង​ទ័ព​ឲ្យ​ផុត​ពី​ព្រំដែន ​ដែល​ប្រឈម​ដាក់​គ្នា​ជាង​២​ឆ្នាំ​ កន្លងមក។
លោក​នាយ​ឧត្ដម​សេនីយ៍​ជា តារា បាន​ប្រាប់​កម្ពុជា​ថ្មី​ថា សណ្ឋាគារ​ភ្នំពេញ គឺ​ជា​ទីតាំង​កំណត់​យក​ធ្វើ​ជា​កន្លែង​ជំនួប​កំពូល​ថ្នាក់​មេ​ទ័ព​ទាំង​ពីរ​ ភាគី។ លោក​បាន​ប្រាប់​ថា ភាគី​ថៃ​ថ្នាក់​មេ​ទ័ព កំពូល​ៗ​របស់​គេ​គ្រប់​សមាសភាព​ចំនួន​២៦​នាក់ ក្នុង​នោះ​ក៏​មាន​ទីប្រឹក្សា​ក្រសួង​ការពារ​ជាតិ​របស់​គេ ចូល​រួម​ផង​ដែរ។ តាម​គម្រោង​ប្រតិភូ​មេ​បញ្ជា​ការ​កង​ទ័ព​ទាំង​២​ភាគី​មាន​គម្រោង​ក្រោយ​ពី​ បញ្ចប់ ជំនួប នឹង​ចូល​គាល់​ព្រះមហាក្សត្រ។
ទាក់ទង​នឹង​ការ​ដក​កង​ទ័ព​ចេញ​ពី​ព្រំដែន​ទៀត​នោះ យើង​មិន​ទាន់​ធ្វើ​ក្នុង​ជំហាន​ទី​៣​ទេ ដោយ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា ក្រោយ​ពី​បញ្ចប់​ជំនួប​កំពូល​ថ្នាក់​មេ​ទ័ព​នៅ​ទីក្រុង​ភ្នំពេញ​នេះ កង​ទ័ព​នៅ​តាម​ព្រំដែន​នឹង​មាន​ការ​កែ​សម្រួល​ភ្លាម​ៗ។
លោក​នាយ​ឧត្ដម​សេនីយ៍​ជា តារា បាន​បញ្ជាក់​ថា បើ​ទោះ​បី​ជំនួប​កំពូល​នេះ ត្រូវ​ជួប​នៅ​ថ្ងៃ​ទី ២៧ តុលា ក៏​ដោយ​តែ​ប្រតិភូ​មួយ​ចំនួន​ដែល​យើង​ចែក​ចេញ​ជា​ក្រុម​ពិសេស​តូច​ៗ បាន​មក​ដល់​ថ្ងៃទី ២៦ តុលា ហើយ​ជួប​ប្រជុំ​គ្នា​មុន​ពេល​ឈាន​ដល់​ជំនួប​កំពូល​ថ្ងៃ​ទី​២៧​តុលា។
លោក​ឧត្ដម​សេនីយ៍​ទោ ស្រី ឌឹក បាន​និយាយ​ថា ជា​ការ​ពិត​ហើយ​ជំនួប​នេះ ពិត​ជា​កើត​មាន មែន​នៅ​ទីក្រុង​ភ្នំពេញ តែ​នេះ​ជា​ថ្នាក់​ប្រិតភូ​កង​ទ័ព​ដែល​យើង​បាន​ឯកភាព​គ្នា​ថា បញ្ចប់​បញ្ហា​នៅ​តាម​ព្រំដែន រួច​ហើយ​ដក​កង​ទ័ព​ចេញ​ឲ្យ​ផុត​ពី​តំបន់​ប្រាសាទ​បូរាណ​របស់​ខ្មែរ។
លោក​កាស៊ីត ភីរម្យយ៉ា រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ថៃ ក៏​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​កម្ពុជា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ ទៅ​ទីក្រុង​បាង​កក​រយៈពេល​១​សប្ដាហ៍​ថា រដ្ឋាភិបាល​របស់​លោក​ចង់​បាន​សន្តិភាព​នៅ​តាម​ព្រំដែន ហើយ​ការ​ពន្យារ​ពេល​ក្នុង​ការ​ផ្ដល់​សច្ចាប័ន​ពី​សភា​លើ​កំណត់​ហេតុ ៣ មិន​មែន​ជា​ចេតនា​អូស​បន្លាយ​ជម្លោះ​នោះ​ទេ។ តែ​រឿង​ទាំងអស់​ខាង​លើ​ដោយ​សារ​តែ​សភា​របស់ ខ្លួន​មាន​របៀប​វារៈ​ច្បាប់​ច្រើន​ដែល​ត្រូវ​អនុម័ត។
លោក​អាប់ភីស៊ីត និយាយ​ថា យើង​អត់​ពង្រីក​ទំនាស់​ឬ​ប្រើប្រាស់​កម្លាំង​នោះ​ទេ បើ​ទោះ​បី ជម្លោះ​នេះ​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​ចប់​ក៏​ដោយ។ លោក​អាប់ភីស៊ីត​បាន​បង្ហាញ​ជំហរ​យ៉ាង​ច្បាស់​ចំពោះ​រដ្ឋាភិបាល​របស់​ខ្លួន​ ថា ដំណោះ​ស្រាយ​ព្រំដែន​នេះ ត្រូវ​ប្រើប្រាស់​យន្តការ​រូប​មន្ត អនុស្សរណៈ​យោគ​យល់​គ្នា​ឆ្នាំ​២០០០(MOU)។
លោក​អាប់ភីស៊ីត​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា​ ទៀត​ថា អនុសញ្ញា និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៤-១៩០៧-១៩០៨ រដ្ឋាភិបាល​ថៃ​មិន​បដិសេធ​ទេ តែ​យើង​ត្រូវ​តែ​កែ​សម្រួល​ខ្លះ​ឲ្យ​ត្រូវ​តាម​ស្ដង់ ដារ​បច្ចេកវិទ្យា​ទំនើប​ទាន់​សម័យ​ដែល​សង្គម​កំពុង​តែ​ដើរ​បច្ចុប្បន្ន៕

No comments:

Post a Comment