Tuesday, October 26, 2010

UN ប្រកាស​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​បាន គីមូន នៅ​កម្ពុជា

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​តុលា ឆ្នាំ​២០១០ នៅ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​កម្ពុជា​បាន​រៀប​ចំ​ធ្វើ​សន្និសីទ​មួយ​​ ដើម្បី​ប្រកាស​នូវ​កម្មវិធី​សំខាន់​ៗ​របស់​លោក​អគ្គលេខាធិការ ​អង្គការ​សហប្រជាជាតិ​​ក្នុង​ ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា។
យោង​តាម​ការ​ប្រកាស​របស់​តំណាង​អង្គការ​សហប្រជាជាតិ​ ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នឹង​ជួប​សវនាការ​ជាមួយ​សម្ដេច អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា នៅ​ក្នុង​វិមាន​សន្តិភាព នៅ​ថ្ងៃ ទី​២៧ ខែ​តុលា វេលា​ម៉ោង​៩​ព្រឹក ហើយ​នៅ​វេលា​រសៀល លោក​បាន គីមូន នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ កម្ពុជា ដែល​នៅ​ទី​នោះ​លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​ឯកឧត្ដម ឧបនាយក រដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្រ្តី។
យោង​តាម​សេចក្ដី​ប្រកាស​នោះ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​២៨ វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នឹង​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ទួល​ស្លែង និង​ទស្សនកិច្ច​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត៕

No comments:

Post a Comment