Saturday, November 13, 2010

ជុំ​វិញ​ការ​បង្កើត​ និង​ពង្រឹង​សាលា​ក្តី​ខ្មែរ​ក្រហម​ដើម្បី​រក​យុត្តិ​ធម៌​ពី​ប្រវត្តិ​សាស្ត្រ

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១០
លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​សុខ អាន ថ្លែង​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​ថ្ងៃ​ទី​២៧ តុលា ២០១០​​​​
(​រូបថត សហការី​)
លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​សុខ អាន ថ្លែង​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​ថ្ងៃ​ទី​២៧ តុលា ២០១០​​​​

នៅ​ឆ្នាំ​១៩៩៧ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ស្នើ​សុំ​ការ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ពី​អង្គ​ការ​សហ​ប្រជា​ជាតិ​ដើម្បី​ស្វែង​រក​ការ​ទទួល​ខុស​ត្រូវចំពោះ​​ឧក្រិដ្ឋ​កម្ម​ដ៏​សាហាវ​យង់​ឃ្នង​ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ហើយ​ដែល​បទ​ឧក្រិដ្ឋ​កម្ម​នេះ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ជា​យូរ​ណាស់​មក​ហើយ​។ អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​ឆ្លើយ​តប​ជា​វិជ្ជ​មាន​ចំពោះ​សំណើ​នេះ ហើយ​ដំណើរ​ការ​ដើម្បី​បង្កើត​សាលា​ក្តី​ ដែល​ជា​ដំណើរ​ការ​ដ៏​មាន​សារ​សំខាន់​មួយ​បញ្ជាក់​ពី​ការ​បង្កើត​បាន​នូវ​មូល​ដ្ឋាន​ថ្មីៗ​សំរាប់​ប្រព័ន្ធ​យុត្តិ​ធម៌​អន្តរ​ជាតិ​ក៏​បាន​ចាប់​ផ្តើម​ និង​សំរេច​បាន​លទ្ធ​ផល​ល្អ​ដូច​សព្វ​ថ្ងៃ​នេះ ជា​ពិសេស​ក្រោម​ការ​គាំ​ទ្រ​ជាប់​មិន​ដាច់​ពី​សំណាក់​ឯក​ឧត្តម​ក្នុង​រយៈ​ពេល​ជិត​៤​ឆ្នាំ​ដែល​ឯកឧត្តម​ត្រូវ​បាន​តែង​តាំង​​ជា​ថ្នាក់​ដឹក​នាំ​កំពូល​។
អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ងារ​នៅ​ដើម​ឆ្នាំ​២០០៦ ដោយ​នៅ​ក្នុង​ឆ្នាំ​ដំបូង​បាន​ផ្តោត​លើ​បញ្ហា​នី​តិវិធី​និង​បញ្ហា​រៀប​ចំ​ដំណើរ​ការ​ការ​ងារ​មុន​ពេល​ចាប់​ផ្តើម​ការ​ងារ​លើ​សំណុំ​រឿង​លើក​ដំបូង​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០០៧​។ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចាប់​ពី​ពេល​នោះ​មក​ អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​បាន​វិវឌ្ឍន៍​ទៅ​មុខ​យ៉ាង​ល្អ​ប្រសើរ​ក្នុង​ការ​បំពេញ​ការ​ងារ​របស់​ខ្លួន​។ ការ​ជំនុំ​ជំរះ​លើ​សំណុំ​រឿង​០០១ ទទួល​បាន​នូវ​ការ​ស្វា​គមន៍​យ៉ាង​ទូលំ​ទូលាយ​ពី​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរ​ជាតិ​។ អង្គ​ជំនុំ​ជំរះ​សាលា​ដំបូង​ដែល​រួម​មាន​សមា​សភាព​ចៅ​ក្រម​ជាតិ​ចំនួន​៣​រូប​ និង​ចៅ​ក្រម​អន្តរ​ជាតិ​ចំនួន​២​រូប​បាន​រក​ឃើញ​ថា​ កាំង​ ហ្គេក​អ៊ាវ​ ហៅ​ឌុច មាន​ពិរុទ្ធ​ភាព​លើ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ហើយ​បាន​សំរេច​ដាក់​ពន្ធនា​គារ​ចំនួន​៣៥​ឆ្នាំ​។ ភាគី​ទាំង​បី​ពោល​គឺ ក្រុម​មេធាវី​ការ​ពារ​ក្តី សហ​ព្រះ​រាជ​អាជ្ញា និង​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ បាន​ដាក់​សេចក្តី​ជូន​ដំណឹង​អំពី​ការ​ដាក់បណ្តឹង​សាទុក​ជូន​ទៅ​អង្គ​ជំនុំ​ជំរះ​តុលា​ការ​កំពូល​ដែល​នឹង​ត្រូវ​សំរេច​លើករណី​​នេះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។
តាម​សំដី​របស់​សមា​ជិក​ព្រឹទ្ធ​សភា ចន ខេរី បាន​លើក​ឡើង​ថា​ «ការ​កាត់​ទោស​ឌុច គឺ​ជា​សមិទ្ធ​ផល​ដ៏​មាន​សារ​សំខាន់​មួយ​សំរាប់​ប្រទេស​កម្ពុជា។ អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​ បាន​បង្ហាញ​ឱ្យ​យើង​ឃើញ​​ទាំង​អស់​គ្នា​ដោយ​គ្មាន​មន្ទិល​សង្ស័យ​ថា ស្ថាប័ន​នេះ​ពិត​ជា​មាន​លទ្ធ​ភាព​ធ្វើ​ការ​ជំនុំ​ជំរះ​លើ​រឿង​ក្តី​ធំៗ​ដែល​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ទៅ​តាម​បទ​ដ្ឋាន​អន្តរ​ជាតិ​។ លើស​ពី​នេះ​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​បាន​បង្ហាញ​អំពី​សមត្ថ​ភាព​ធន​ធាន​មនុស្ស​ផ្នែក​ជាតិ​របស់ខ្លូន​ដែល​ត្រូវ​បាន​អភិ​វឌ្ឍ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។ ដូច្នេះ​យើង​ក៏​ត្រូវ​ចាប់​យក​ឱកាស​នេះ ​ហើយ​ព្យា​យាម​ច្របាច់​ចំណេះ​ដឹង​ និង​ជំនាញ​ទាំង​ឡាយ​ដាក់​បញ្ចូល​ទៅ​ក្នុង​រចនា​សម្ព័ន្ធ​តុលា​ការ​ និង​ប្រព័ន្ធ​គតិ​យុត្ត​ជាតិ​នៅ​កម្ពុជា​ផង​ដែរ​។
បទ​ពិសោធន៍​នៅ​ក្នុង​តុលាការ​ផ្សេងៗ​ទៀត​នៅ​លើ​ពិភព​លោក​ទាក់​ទង​នឹង​បទឧក្រិដ្ឋ​កម្ម​ធំៗ​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នេះ​ដែល​សហ​គមន៍​អន្តរ​ជាតិ​ធ្លាប់​បាន​ចូល​រួម​បង្ហាញ​ថា​ ចំណេះ​ដឹង​ និង​ជំនាញ​នឹង​ត្រូវ​បាន​ផ្ទេរ​ទៅ​​ឱ្យ​ប្រព័ន្ធ​យុត្តិ​ធម៌​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រព័ន្ធ​យុត្តិ​ធម៌​អន្តរ​ជាតិ​ផង​ដែរ​។ ដំណើរ​ការ​ជំនុំ​ជំរះ​សំណុំ​រឿង​បែប​នេះ​គឺ​ជា​រឿង​ងាយ​ស្រួល​ណាស់​ប៉ុន្តែ​ប្រសិន​បើ​គេ​ចង់បន្សល់​ទុក​ឱ្យ​មាន​កេរ​ដំណែល​ដ៏​ល្អ​សំរាប់​ប្រព័ន្ធ​យុត្តិ​ធម៌​ទៅ​ថ្ងៃ​ក្រោយ​នោះ​ ការ​ប្រព្រឹតិ្ត​ទៅ​របស់​អង្គ​ជំនុំ​ជំរះ​គឺ​ពិត​ជា​ត្រូវ​ការ​ពេល​វេលា​ និង​ធន​ធាន​ជា​ច្រើន​។ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​មាន​ពាក្យ​ស្លោក​មួយ​ពោល​ថា​ «ទូក​ទៅ​កំពង់នៅ​»។ យើង​ត្រូវ​តែ​ធានា​ឱ្យ​បាន​ថា​ ប្រជា​ជន​កម្ពុជា​យល់​ដឹង​ច្បាស់​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​អង្គ​ជំនុំ​​ជំរះ​នេះ ហើយ​ពួក​គាត់​បាន​និង​កំពុង​ទទួល​បាន​យុត្តិ​ធម៌​ និង​ទទួល​បាន​អត្ថ​ប្រយោជន៍​បន្ត​ទៅ​ទៀត​ពី​ភាព​ប្រសើរ​ឡើង​នៃ​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិ​ធម៌​របស់​យើង​។ តាំង​ពី​ដើម​មក​នេះ​គឺ​ជា​កម្ម​វត្ថុ​ដ៏​ជាក់​លាក់​មួយ​របស់​អង្គ​ជំនុំ​ជំរះ​ដែល​រួម​ចំណែក​ដោយ​រាជ​រដ្ឋា​ភិ​បាល​ និង​អង្គការ​សហ​ប្រជា​ជាតិ​ ហើយ​នេះ​គឺ​ជា​កត្តា​សំខាន់បំផុត​មួយ​នៃ​កេរ​ដំណែល​ដ៏​ពិត​ប្រាកដ​ និង​យូរ​អង្វែង​របស់​អង្គ​ជំនុំ​ជំរះ​។
ទាំង​នេះ​គឺ​ជា​ផ្នែក​មួយ​សំខាន់​នៃ​កេរ​ដំណែល​ដ៏​ពិត​ប្រាកដ​ និង​យូរ​អង្វែង​ដែល​បន្សល់​ទុក​ដោយ​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។ ទន្ទឹម​នឹង​ការ​ផ្ទេរ​ចំណេះ​ដឹង​ និង​សមត្ថ​ភាព​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​និង​កំពុង​គិត​គូរ​ទៅ​ដល់​គំរោង​រក្សា​ទុក​កេរ​ដំណែល​ផ្សេងៗ​ទៀត​ដូច​ជា​ការ​សាង​សង់​ទី​កន្លែង​សុវត្ថិ​ភាព​មួយ​សំរាប់​រក្សា​ទុក​ប័ណ្ណ​សារ​របស់​តុលា​ការ។ ប្រជា​ជន​កម្ពុជា​ អ្នក​ស្រាវ​ជ្រាវ​ និង​អ្នក​ច្បាប់​ជាតិ​ និង​អន្តរ​ជាតិ​ នឹង​មាន​លទ្ធ​ភាព​ប្រើ​ប្រាស់​ប័ណ្ណ​សា​រ​ទាំង​នេះ​តាម​តំរូវ​ការ​ផ្សេងៗ​របស់​ខ្លួន​នៅ​មណ្ឌល​ថែ​រក្សា​នោះ។ ជា​ការ​ពិត​ណាស់​ កេរ​ដំណែល​ដ៏​ធំបំផុត​ក្នុង​ចំណោម​កេ​រ​ដំណែល​ទាំង​អស់​នោះ​ គឺ​ការ​នាំ​មកនូវ​យុត្តិ​ធម៌​ដែល​មនុស្ស​គ្រប់​រូប​កំពុង​ទន្ទឹង​រង់​ចាំ​យ៉ាង​យូរ​មក​ហើយ​ និង​ការ​បង្កើត​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​បទ​ឧក្រិដ្ឋ​កម្ម​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នា​ពេល​កន្លង​ទៅ​។
ចំពោះ​សំណុំ​រឿង​០០២​ ដីកា​ដំណោះ​ស្រាយ​បាន​ចេញ​កាល​ពី​ខែ​មុន​ ហើយ​ការ​ជំនុំ​ជំរះ​រំពឹង​ថា នឹង​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​ក្រោយ​។ សំណុំ​រឿង​០០២ មាន​លក្ខណៈ​ស្មុគ​ស្មាញ​ខ្លាំង​ជាង​សំណុំ​រឿង​០០១​។ មេ​ដឹក​នាំ​ជាន់​ខ្ពស់​ចំនួន​បួន​រូប​នៅ​ក្នុង​របប​នោះ​ដែល​នៅ​មាន​ជីវិត​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ទាំង​ឡាយ​ដែល​គេ​អាច​អះ​អាង​ថា ជាសំណុំ​រឿង​ដែល​មាន​លក្ខណៈ​សំខាន់​ជាង​គេ​នៅ​ក្នុង​ប្រវត្តិ​គតិ​យុត្ត​អន្តរ​ជាតិ​។ តាម​រយៈ​សំណុំ​រឿង​ទាំង​ពី​រនេះ​តុលា​ការ​អាច​បង្កើត​បាន​នូវ​កំណត់​ត្រា​ជា​ប្រវត្តិ​សាស្ត្រ​ និង​គណ​នេយ្យ​ភាព​ផ្នែក​គតិ​យុត្ត​របស់​មេ​ដឹក​នាំ​ជាន់​ខ្ពស់ និង​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​ទុក្ខ​វេទនា​ និង​សេចក្តី​ឈឺ​ចាប់​របស់​ប្រជា​ជន​កម្ពុជា​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ ៨ខែ និង​២០​ថ្ងៃ​។ យើង​នឹង​រង់​ចាំ​ទទួល​ការ​គាំទ្រ​បន្ត​របស់​​សហ​គមន៍​អន្តរ​ជាតិ​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​នេះ​​ដើម្បី​ស្វែង​រក​យុត្តិ​ធម៌​ជូន​ជន​រង​គ្រោះ​ទាំង​អស់​នៃ​របប​ខ្មែរ​ក្រហម​ឱ្យ​បាន​ជា​ស្ថាពរ​។
គ្រប់​មជ្ឈ​ដ្ឋាន​ទាំង​អស់​តែង​តែ​លើក​ឡើង​អំពី​ឯត​ទគ្គ​កម្ម​ពិភព​លោក​ទាំង​ប្រាំ​របស់​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ជា​អាទិ៍​ល្បឿន​នៃ​ការ​អនុវត្ត​ការ​ងារ​របស់​ខ្លួន​ដោយ​រាប់​បញ្ចូល​ទាំង​ការ​អនុ​ម័ត​បទ​បញ្ជា​ផ្ទៃ​ក្នុង​ និង​ដំណើរ​ការ​ជំនុំ​ជំរះ​លើក​ដំបូង​ កំរិត​ចំណាយ​ទាប​ជាង​តុលា​ការ​ផ្សេងៗ​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា ​ចាប់​ខ្លួន​ជន​ជាប់​ចោទ​ទាំង​អស់​​ក្នុង​រយៈ​ពេល​ខ្លី​ ការ​ចូល​រួម​ និង​ការ​ចាប់​អារម្មណ៍​ខ្ពស់​ពី​សា​ធា​រណ​ជន​ទូ​ទៅ​ និង​ការ​អនុញ្ញាត​ឱ្យ​ជន​រង​គ្រោះ​ចូល​រួម​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​នៅ​ក្នុង​ដំណើរ​ការ​ជំនុំ​ជំរះ​នេះ​។
នា​ពេល​បច្ចុប្បន្ន​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​​ជា​អន្តរ​ជាតិ​ថា​ មិន​ត្រឹម​តែ​ជា​តុលាការ​គំរូ​ល្អ​មួយ​សំរាប់​ប្រទេស​ក​ម្ពុជា​ប៉ុណ្ណោះ​ទេ ហើយ​វា​ក៏​ជា​តុលា​ការ​គំរូ​ល្អ​មួយសំរាប់​តុលាការ​ទាំង​ឡាយ​ដែល​អាច​នឹង​ត្រូវ​បង្កើត​ឡើង​នា​ពេល​អនា​គត​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​របស់​សហ​គមន៍​អន្តរ​ជាតិ​ផង​ដែរ​។ បញ្ហា​ប្រឈម​ខ្លាំង​បំផុត​នា​ពេល​បច្ចុប្បន្ន​គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​បំពេញ​ការ​ងារ​ដែល​នៅ​សេស​សល់​ឱ្យ​បាន​រលូន​ និង​ចប់​សព្វ​គ្រប់​ឱ្យ​បាន​ទាន់​ពេល​វេលា​ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។ ប្រសិន​បើ​យើង​ទទួល​បាន​ជោគ​ជ័យ​លើ​បញ្ហា​ប្រឈម​ទាំង​នេះ​ នោះ​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជានឹង​ទទួល​បាន​ឯត​ទគ្គ​កម្ម​ពិភព​លោក​ទី​៦​បន្ថែម​ទៀត៕
  • ដកស្រង់​សុន្ទរកថា​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​សុខ អាន ថ្លែង​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​ថ្ងៃ​ទី​២៧ តុលា ២០១០​​​​៕ ដកស្រង់ពី​ កោះសន្តិភាព

No comments:

Post a Comment