Saturday, November 13, 2010

កិច្ចប្រជុំ​គណៈ​រដ្ឋម​ន្ត្រី អនុម័តសេចក្តី​ព្រាង​ច្បាប់​​អនុវត្ត​ក្រម​រដ្ឋ​ប្បវេណី

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១០
នៅទីស្តី​ការ​គណៈរដ្ឋមន្ត្រី មានបើកសម័យប្រជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
(​រូបថត សហការី​)
នៅទីស្តី​ការ​គណៈរដ្ឋមន្ត្រី មានបើកសម័យប្រជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

រាជធានីភ្នំពេញ ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០១០ វេលាម៉ោង​៨​និង៣០នាទីព្រឹក នៅទីស្តី​ការ​គណៈរដ្ឋមន្ត្រី មានបើកសម័យប្រជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី​៤ ដើម្បីឆ្លង ១-សេចក្តីព្រាងច្បាប់ ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី។ ២-សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពីការបណ្តុះបណ្តាលថ្នាក់បណ្ឌិត។ ៣-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតតំបន់​គ្រប់គ្រង និងអភិរក្សដែនបំរុងសត្វក្រៀល និង​សត្វស្លាបផ្សេងទៀត ស្ថិតនៅទីតាំងអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត។ ៤-បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំ​សច្ចាប័នពីស្ថាប័ននីតិប្បញ្ញតិ្តលើ​ក​កិច្ចព្រមព្រៀង​ចំនួន៣ ក្រោមតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា» ។
ក្រោយពីបានស្តាប់របាយការណ៍ និងមតិ​ពិភាក្សា​ផ្លាស់​ប្តូរយោបល់រួចមក ​កិច្ចប្រជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រីបានសម្រេច៖
១-សេចក្តីព្រាងច្បាប់​ស្តីពីការអនុវត្ត​ក្រមរដ្ឋ​ប្បវេណីក្រមរដ្ឋប្បវេណីកម្ពុជា ដែល​ប្រមូល​ផ្តុំនូវ​បណ្តាច្បាប់ជាមូលដ្ឋាននៃនីតិឯកជនទាំង​ឡាយ ត្រូវបានប្រកាសឱ្យប្រើតាមព្រះរាជក្រម​លេខ​នស/រកម/១២០៧/០៣០ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ​២០០៧។ ទោះបីជា​ក្រមរដ្ឋប្បវេណីត្រូវបាន​ប្រកាស​ឱ្យប្រើរួចហើយក៏ដោយ នៅក្នុងបញ្ញត្តិ​នៃ​មាត្រា១៣០៥ ចែងថា ក្រមនេះត្រូវអនុវត្ត​ចាប់ពីថ្ងៃដែលកំណត់ផ្សេងដោយច្បាប់ ក៏ដូចជាទំនាក់ទំនងរដ្ឋប្បវេណីនេះមាន​ភាពស្មុគស្មាញ​ ទាំងនៅក្នុងការបកស្រាយ និងទាំងនៅក្នុងការ​អនុ​វត្ត​ជាមួយបណ្តាច្បាប់មួយចំនួនដូចជា ក្រឹត្យ ច្បាប់លេខ​៣៨ក្រ.ច ស្តីពីកិច្ចសន្យា និង​ការ​ទទួលខុសត្រូវក្រៅកិច្ចសន្យា​ ច្បាប់ស្តីពី​អាពាហ​៍​ពិពាហ៍​និងគ្រួសារ ច្បាប់ភូមិបាល និង​ច្បាប់ស្តី​ពី​ប្រតិបត្តិការដែលមានកិច្ចធានាជាដើម​។ អាស្រ័យ​ហេតុនេះទើបក្រសួងយុត្តិធម៌ ដោយ​មាន​ជំនួយពីទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរ​ជាតិ​ជប៉ុន បានរៀបចំសេចក្តីព្រាងច្បាប់នេះ​ឡើង ដើម្បីធ្វើការសម្របសម្រួលជាមួយបទ​ប្បញ្ញត្តិ​ច្បាប់ និងបទដ្ឋានគតិយុត្តធរមាននានា ឱ្យ​មានភាពស៊ីសង្វាក់នៅក្នុងការអនុវត្ត និងដើម្បី​ឱ្យ​ក្រមរដ្ឋប្បវេណីអាចអនុវត្តបានដោយរលូន។ សេចក្តីព្រាងច្បាប់​ស្តីពីការអនុវត្តក្រម​រដ្ឋប្ប​វេណី ដែលមានវិសាលភាពអនុវត្ត ចំពោះបញ្ហា​ដែលទាក់ទងនឹងការអនុវត្តក្រមរដ្ឋប្បវេណី រួម​មាន​៨ជំពូក និង​៨៤មាត្រា។
២-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបណ្តុះ​បណ្តាល​ថ្នាក់បណ្ឌិតដោយអនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់​បំផុតរបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ​កម្ពុជា ដែលបានថ្លែងក្នុងពិធីសន្និបាតជាតិអប់រំ និងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៃសាកល​វិទ្យាល័យអន្តរជាតិនៅឆ្នាំ២០០៩ សេចក្តីព្រាង​អនុក្រឹត្យស្តីពីការបណ្តុះបណ្តាលថ្នាក់បណ្ឌិតនេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិ​រៀបចំគោលការណ៍ណែនាំ និងនីតិវិធីក្នុងការដឹក​នាំ និងការពារសារណានិក្ខេបបទ​ក្នុងគោល​បំណង ដើម្បីបង្កើននិងធានាគុណភាព និងធ្វើ​ឯក​ភាពនីយកម្មក្នុងការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ហើយក៏ដើម្បីជួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និង​ឯកជនឱ្យមានភាពងាយស្រួលក្នុងការរៀបចំការ​បណ្តុះបណ្តាលថ្នាក់បណ្ឌិត ហើយក៏ដើម្បីជួយ​ជម្រុញ និងលើកទឹកចិត្តចំពោះការស្រាវជ្រាវ​ផង​ដែរ។សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបណ្តុះ​បណ្តាល​ថ្នាក់បណ្ឌិតរួមមាន៧​ជំពូក និង៣១ មាត្រា។
៣-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើត​តំបន់​គ្រប់គ្រង និងអភិរក្សដែនបំរុងសត្វក្រៀល និងសត្វស្លាបផ្សេងទៀតស្ថិតនៅទីតាំងអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពតសេចក្តីព្រាងអនុក្រឹត្យនេះត្រូវបានរៀបចំ​ឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងគោលបំណងអភិរក្សសត្វក្រៀល និង​សត្វស្លាបផ្សេងទៀតស្ថិតនៅទីតាំងអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត ហើយប្រែក្លាយ​តំបន់​អភិរក្ស ដែលមានផ្ទៃក្រឡាទំហំ​២១៧​ហិកតា ឱ្យទៅជាគោលដៅ​អេកូ​ទេស​ចរណ៍​នា​ពេល​អនាគត ក៏ដូចជាជួយរួមចំណែកដល់​ការ​នេសាទត្រីជាលក្ខណៈគ្រួសារគ្រប់រដូវកាល​សំរាប់ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះផងដែរ។ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើត​តំបន់​គ្រប់គ្រង និងអភិរក្សដែនបំរុងសត្វក្រៀល និង​សត្វស្លាបផ្សេងទៀតស្ថិតនៅទីតាំងអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត រួមមាន​៤​ជំពូក និង ៨មាត្រា។
៤-បញ្ហាផ្សេងៗ
-អង្គប្រជុំគណៈរដ្ឋមន្ត្រីបានសម្រេច​បញ្ជូន «កិច្ចព្រមព្រៀងចំនួន៣ ក្រោមតំបន់ពាណិជ្ជកម្ម​សេរី​អាស៊ាន-ឥណ្ឌា» ទៅសុំការផ្តល់សច្ចាប័នពី​ស្ថាប័ន​នីតិប្បញ្ញត្តិតាមនីតិវិធី។
-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការងារបង្កបង្កើន​ផលស្រូវរដូវវស្សាឆ្នាំ២០១០ ដែលសម្រេចបាន​លទ្ធផលល្អ បើទោះបីជាត្រូវជួបប្រទះនឹងគ្រោះ​ធម្មជាតិជំនន់ទឹកភ្លៀងក៏ដោយ ដោយសម្តេច​មាន​ប្រសាសន៍បញ្ជាក់ថា ច្រូតស្រូវក្នុងទឹក​ប្រសើរ​ជាង​គ្មានស្រូវច្រូត។ សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី​បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និង​ស្ថាប័នពាក់ព័ន្ធឲ្យបន្តចាត់វិធានការនានា ដើម្បី​ធានាឱ្យការប្រមូលផលស្រូវមានប្រសិទ្ធភាព​ខ្ពស់។
-សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុ​សាសន៍ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ស្ថាប័ន​ត្រូវយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខសុវត្ថិ​ភាព និងរៀបចំសណ្តាប់ធ្នាប់​ចរាចរណ៍ឱ្យ​បាន​ល្អ​សំរាប់បំរើឱ្យអង្គប្រជុំអន្តរជាតិនានា ដែល​ប្រព្រឹត្ត​ទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា និង​ដើម្បី​បំរើសេចក្តីសប្បាយរីករាយជូន​ប្រជាពល​រដ្ឋ និងភ្ញៀវទេសចរ​ដែលមកចូលរួមក្នុង​ពិធី​បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅពេល​ខាង​មុខនេះ។ ជាពិសេសអាជ្ញាធររាជធានី-ខេត្ត​ត្រូវ​យកចិត្តទុកដាក់ខ្ពស់ ចំពោះសន្តិសុខ សុវត្ថិ​ភាពជូនដល់កីឡាករ កីឡាការិនីប្រណាំងទូក​ចាប់​តាំងពីពេលចាកចេញរហូតដល់ការវិល​ត្រលប់​ទៅ​ដល់មូលដ្ឋានដើមវិញ៕

No comments:

Post a Comment