Sunday, October 24, 2010

ព័ត៌មាន៖ កូរ៉េ​ខាង​ជើង​ប្រហែល នឹង​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ទី​បី

101021_b02
ទាហាន ​កូរ៉េ​ខាង​ជើង​ឈរ​យាម​កាល​នៅ​ភូមិ​ប៉ាន់មុនជុំ កណ្តាល​តំបន់​ស រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ នៅ​ថ្ងៃ​ទី ២០​តុលា ២០១០ ខណៈ​ដែល​ព័ត៌មាន​រាយ​ការណ៍​ថា កូរ៉េ​ខាង​ជើង​ត្រៀម​រៀប​ចំ​ធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ​ទី​៣។ រូបថត AFP

កាសែត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​មួយ ​បាន​រាយ​ការណ៍​នៅ​​ថ្ងៃ​ព្រហស្បតិ៍ ទី ២១ ខែ​តុលា​​នេះ ដោយ​ស្រង់​ប្រភព​ពី​រដ្ឋា​ភិបាល​ថា ប្រទេស​កូរ៉េ​ខាង​ជើង​ហាក់​ដូច​ជា​កំពុង​រៀប​ចំ​ធ្វើ​ការ​សាក​ល្បង​អាវុធ​ បរមាណូ​លើក​ទី ៣ របស់​ខ្លួន។
កាសែត​ចូស៊ុន​អ៊ីលបូ ​បាន​រាយ​ការណ៍​ថា ផ្កាយ​រណប​របស់​អាមេរិក​ចាប់​បាន​រូប​ភាព​ចល័ត​ទ័ព និង​យាន​យន្ត​នៅ​ទី​តាំង​មួយ ជា​ទី​ដែល​រដ្ឋ​កុម្មុយនិស្ត​ឯកោ​​មួយ​នេះ​ធ្លាប់​បាន​ធ្វើ​ការ​សាក​ល្បង​ អាវុធ​នុយក្លេអ៊ែរ ២ លើក​ដំបូង​របស់​ខ្លួន​រួច​មក​ហើយ។
ប៉ុន្តែ មន្ត្រី​ម្នាក់​នៃ​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ថ្លែង​ប្រាប់ AFP ក្នុង​លក្ខ​ខណ្ឌ​អនាមិក​ថា ការ​ចល័ត​ទ័ព​បែប​នោះ​ត្រូវ​បាន​គេ​ត្រួត​ពិនិត្យ​ចាប់​បាន​ជា​ញឹក​ញាប់ ដែល​វា​អាច​ជា​សកម្ម​ភាព​ថែ​ទាំ​ប្រចាំ​ថ្ងៃ​របស់​រោង​ចក្រ​យុទ្ធ​សាស្ត្រ​ ដ៏​សំខាន់​នេះ​នៅ​ទី​នោះ។
កាសែត​ចូស៊ុន​បាន​ស្រង់​សម្តី​ពី​ប្រភព​ មន្ត្រី​រដ្ឋា​ភិបាល​មិន​បង្ហាញ​អត្ត​សញ្ញាណ​រូប​នោះ​ដែល​បាន​ថ្លែង​ថា៖​ «ការ​ចល័ត​ទ័ព និង​យាន​យន្ត​ជានិច្ច​កាល និង​ដោយ​ប្រញាប់​ប្រញាល់​កាល​ពី​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​ផ្កាយ​រណប​ចាប់​ បាន​នៅ​តំបន់​ពុងយេរី»។
យោង​តាម​ប្រភព​ដដែល កូរ៉េ​ខាង​ជើង​ក៏​ហាក់​ដូច​ជា​កំពុង​ស្តារ​ឡើង​វិញ​នូវ​ផ្លូវ​រូង​ក្រោម​ដី​ ដែល​រង​ការ​បំផ្លាញ​នៅ​ក្នុង​ពេល​ធ្វើ​ការ​សាក​ល្បង ២ លើក​មុន​នេះ​ផង​ដែរ។

No comments:

Post a Comment