Sunday, October 24, 2010

ទស្សនៈ​ជុំវិញ​ការ​ប្រារព្ធ​ទិវា​១៩​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

2010-10-23
គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​អះអាង​ថា ខ្លួន​បាន​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម នៅ​តែ​បន្ត​ឃោសនា​ឲ្យ​មាន​ការ​អបអរ​ថ្ងៃ​៧ មករា​នេះ យ៉ាង​គគ្រឹកគគ្រេង ប៉ុន្តែ​គ្មាន​ពិធី​អបអរ​ចំពោះ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ថ្ងៃ​២៣ តុលា ដែល​នាំ​ឲ្យ​មាន​ការ​បង្កើត​រដ្ឋធម្មនុញ្ញ និង​ការ​ទទួល​ស្គាល់​ប្រទេស​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ​ឡើយ។
Photo Provided
កិច្ច​ព្រមព្រៀង​សន្តិភាព​ប៉ារីស ចុះ​ហត្ថលេខា ថ្ងៃ​ទី​២៣ តុលា ១៩៩១ (ពី​ឆ្វេង​ទៅ​ស្ដាំ​ ៖ លោក សឺន សាន, សម្ដេច នរោត្តម សីហនុ, លោក ហ៊ុន សែន)
រយៈ​ពេល​ប្រហែល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ប្រារព្ធ​ពិធី​អបអរ និង​ការ​ទទួល​ស្គាល់​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​រវាង​ខ្មែរ និង​ខ្មែរ មិន​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ជា​ថ្ងៃ​សម្រាក​ជា​សាធារណៈ​ដូច​មុន​ទៀត​ ឡើយ។
មនុស្ស​ដែល​មាន​វ័យ​ចំណាស់​ចាប់​ពី​ជាង ៤០​ឆ្នាំ​ឡើង​ទៅ បាន​ថ្លែង​ថា ថ្ងៃ​២៣ តុលា​នោះ គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សំខាន់​បំផុត​សម្រាប់​ខ្មែរ ដែល​នាំ​ឲ្យ​ខ្មែរ​ត្រូវ​គេ​ទទួល​ស្គាល់​ឡើង​វិញ​នៅ​លើ​ឆាក​អន្តរជាតិ ជា​ថ្ងៃ​បញ្ចប់​សង្គ្រាម​រវាង​ខ្មែរ និង​ខ្មែរ ជា​ថ្ងៃ​ដែល​ខ្មែរ​ជា​ម្ចាស់​ប្រទេស​រួច​ផុត​ពី​ការ​គ្រប់គ្រង​របស់​កង​ទ័ព​ វៀតណាម ហើយ​ក៏​ជា​ថ្ងៃ​ដែល​នាំ​ឲ្យ​មាន​ការ​ដឹកនាំ​ប្រទេស​មក​ដល់​ថ្ងៃ​នេះ។
បុរស​ម្នាក់​នៅ​ខេត្ត​សៀមរាប ឈ្មោះ សែន រៀប​រាប់​ដូច្នេះ ៖ «រដ្ឋាភិបាល ​សព្វថ្ងៃ​គេ​មិន​សូវ​ឲ្យ​តម្លៃ​ថ្ងៃ​២៣ តុលា​ទេ នៅ​សៀមរាប​នេះ គេ​ប្រារព្ធ​ថ្ងៃ​៧ មករា គ្រាន់​ជា​ប្រជាភិថុតិ។ ថ្ងៃ​២៣ តុលា មាន​ប្រយោជន៍​ណាស់ ជា​ការ​បញ្ចប់​នូវ​សង្គ្រាម​រវាង​ខ្មែរ និង​ខ្មែរ ប៉ុន្តែ​គេ​នាំ​គ្នា​ឲ្យ​តម្លៃ​ថ្ងៃ​៧ មករា»
លោក សួន សុភ័ក្ដិ រស់​នៅ​ស្រុក​ស្អាង ៖ «គឺ​មាន​សារសំខាន់​ណាស់! ដោយសារ​តែ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ហ្នឹង​ហើយ ដែល​កាល​ពី​មុន​ចុះ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស គឺ​មាន​តែ​ប្រទេស​កុម្មុយនិស្ត​ទេ ដែល​បាន​ផ្ដល់​ពោត​សាលី ហើយ​អា​របស់​អត់​ប្រយោជន៍ ដល់​តែ​យើង​មាន​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ហើយ​ខ្មែរ​យើង​គេ​ជួយ​ច្រើន​ ណាស់»
លោក សារិទ្ធ ៖ «រដ្ឋាភិបាល​យើង​គ្មាន​ខ្លាច​អ្នក​ណា​ទាំង​អស់។ អំណាច​លើ​គាត់​ទាំង​អស់ បើ​គាត់​ឲ្យ​ធ្វើ ធ្វើ បើ​គាត់​មិន​ឲ្យ​ធ្វើ អត់​មាន​ធ្វើ​អី​ទេ»
កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង គឺ​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល ១៩​ឆ្នាំ​មក​ហើយ។ ភាគី​ខ្មែរ​ធំៗ ក្នុង​នោះ​មាន​រដ្ឋ​កម្ពុជា នៃ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​តំណាង​លោក ហ៊ុន សែន បាន​ចូល​រួម​ក្នុង​តុ​ចរចា​ជាមួយ​នឹង​ភាគី​ខ្មែរ​ចំនួន ៣​ទៀត គឺ​មាន​ភាគី​លោក សឺន សាន ប្រធាន​បក្ស​សេរី​និយម​ព្រះពុទ្ធ​សាសនា សម្ដេច នរោត្ដម សីហនុ សម្ដេច នរោត្តម រណឫទ្ធិ តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង ខៀវ សំផន តំណាង​ឲ្យ​ភាគី​ខ្មែរ​ក្រហម បាន​ស្រុះស្រួល​គ្នា​បញ្ចប់​សង្គ្រាម​ស៊ីវិល​ក្រោម​ការ​រៀបចំ​របស់​អង្គការ​ សហ​ប្រជាជាតិ។
ប្រទេស​ចំនួន ១៨ ក្នុង​នោះ​មាន​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី ដូចជា វៀតណាម លាវ ថៃ និង​ប្រទេស​មហា​អំណាច​ធំៗ ដូចជា​សហរដ្ឋ​អាមេរិក បារាំង អូស្ត្រាលី បាន​ចុះ​ហត្ថលេខា​រួម​គ្នា​ក្នុង​ការ​គោរព និង​ជួយ​ជ្រោមជ្រែង​ប្រទេស​កម្ពុជា ការ​បោះឆ្នោត ការ​បង្កើត​រដ្ឋធម្មនុញ្ញ ការ​គោរព​អធិបតេយ្យ ជួយ​ស្ដារ​សេដ្ឋកិច្ច ជួយ​ផ្នែក​នយោបាយ ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស និង​បញ្ហា​ជាច្រើន​ទៀត។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​លីកាដូ លោកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​រំឭក​អំពី​សារប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ ដូច្នេះ ៖ «សំខាន់​ខ្លាំង​ណាស់ ពីព្រោះ​យើង​កុំ​ភ្លេច​ថា ពេល​ហ្នឹង​ប្រទេស​កម្ពុជា យើង​មាន​សង្គ្រាម ហើយ​សង្គ្រាម​ហ្នឹង សង្គ្រាម​ស៊ីវិល​ទៅ​ទៀត បាន​ន័យ​ថា ខ្មែរ និង​ខ្មែរ​គ្នា​ឯង​ទៅ​ទៀត អកុសល​អី​ទៅ​វាយ​គ្នា​ឯង​ទៅ​ទៀត។ មាន​បក្ស​បី នៅ​ខាង​ក្រៅ​ជា​អ្នក​រៀបចំ​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន និង​មាន​អ្នក​នៅ​ខាង​ក្នុង។ វាយ​គ្នា​មិន​អស់​មិន​ហើយ​សោះ ដល់​បាន​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ហ្នឹង​មក​ទាំង​អស់​គ្នា​ព្រមព្រៀង​ គ្នា។ កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ហ្នឹង​សំខាន់​ណាស់​សម្រាប់​ឯកសារ​ជា​អន្តរជាតិ មាន​អគ្គលេខាធិការ​សហ​ប្រជាជាតិ ជា​អ្នក​ចុះ​ហត្ថលេខា ហើយ​មាន​ប្រទេស​ចំនួន ១៨​ទៀត អ៊ីចឹង​ឯកសារ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​នេះ ជា​ឯកសារ​មួយ​ដើម្បី​ឲ្យ​ប្រទេស​ទាំង ១៨ គោរព​ផង ហើយ​ប្រទេស​ឯ​ទៀត​ក៏​ទទួល​ស្គាល់​ដែរ»
ចាប់​តាំង​ពី​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​នោះ​រួច​មក រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ក៏​បាន​បង្កើត​ឡើង ហើយ​ការ​បោះឆ្នោត​លើក​ដំបូង​ក៏​កើត​មាន​ឡើង​នៅ​ឆ្នាំ​១៩៩៣។ កងទ័ព​វៀតណាម ក៏​បាន​ដក​ចេញ​ពី​ប្រទេស​កម្ពុជា ហើយ​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​បាន​ផ្ដល់​នូវ​ជំនួយ​មនុស្ស​ធម៌ ជំនួយ​ទឹក​ប្រាក់ និង​ជំនួយ​ជា​ច្រើន​ទៀត ផ្អែក​លើ​ការ​សន្យា​នៃ​ការ​ជួយ​ស្ដារ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ឡើង​វិញ។
ចាប់​ពី​ពេល​នោះ​មក ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ដែល​ជា​ថ្ងៃ​ព្រមព្រៀង​សន្តិភាព​រវាង​ខ្មែរ និង​ខ្មែរ​នេះ ត្រូវ​បាន​គេ​រំឭក​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​ចាប់​ពី​ពេល​នោះ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា រដ្ឋាភិបាល​ក៏​ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​ស្គាល់​អំពី​អត្ថប្រយោជន៍​នៃ​ថ្ងៃ​នោះ ដោយ​ធ្វើការ​ផ្សព្វផ្សាយ ប៉ុន្តែ​នៅ​ជុំវិញ​សំណួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​គណបក្ស​ប្រជាជន ក៏​ដូច​រដ្ឋាភិបាល​មិន​រៀបចំ​ការ​សាទរ​សម្រាប់​ថ្ងៃ​នេះ ឲ្យ​ដូច​ថ្ងៃ​៧ មករា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ?
លោក ជាម យៀប បញ្ជាក់​ថា ៖ «៧ មករា​ហ្នឹង​ហើយ​ដែល​ជា​កំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា ដែល​នៅ​សេសសល់​ពី ប៉ុល ពត ហើយ​ជា​គុណូបការៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​រំដោះ​ប្រជាជន​កម្ពុជា ដែល​នៅ​សេសសល់​ពី​ការ​កាប់​សម្លាប់ គួប​ផ្សំ​នឹង​ការ​ជួយ​របស់​កងទ័ព​វៀតណាម ។ ប៉ុន្តែ​សៀម គេ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចង់​បំផ្លាញ​កម្ពុជា គេ​ឲ្យ ប៉ុល ពត រស់​នៅ​តាម​ព្រំដែន។ អ៊ីចឹង​ខ្ញុំ​សូម​ជម្រាប​ថា យើង​ទាំង​អស់​គ្នា​ត្រូវ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ដិតដល់។ មាន​អ្នក​ខ្លះ​សុទ្ធ​តែ​ចោទ​ថា ៧ មករា កង​ទ័ព​វៀតណាម​ឈ្លានពាន បើ​អត់​មាន ៧ មករា​ទេ យើង​ទាំង​អស់​គ្នា​អត់​មាន​ថ្ងៃ​នេះ​ទេ»
ការ​ព្រងើយ​កន្តើយ មិន​ដឹង​មិន​ឮ ចំពោះ​ថ្ងៃ​នោះ ដោយ​គេ​មិន​ឃើញ​មាន​ការ​ឈប់​សម្រាក​របស់​មន្ត្រី​រាជការ ឬ​ពិធី​បុណ្យ​ជាតិ​យ៉ាង​ឱឡារិក ដូចជា​បណ្ដា​ប្រទេស​មហា​អំណាច​ធំៗ ក្នុង​ពិភពលោក សម្រាប់​សម្ដែង​ការ​រំឭក​ថ្ងៃ​ប្រវត្តិសាស្ត្រ​នេះ ស្ទើរ​តែ​នាំ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ជា​ច្រើន​នាក់​ភ្លេច​បាត់​ថា តើ​ថ្ងៃ​នោះ​ជា​ថ្ងៃ​អ្វី​ទៅ​ហើយ។
ផ្ទុយ​ទៅ​វិញ​គេ​ឃើញ​មាន​ភាព​គគ្រឹកគគ្រេង​នៃ​ការ​អបអរ​នៅ​ក្នុង​ប្រទេស នៅ​ថ្ងៃ​បុណ្យ​ជា​ច្រើន ដូចជា​ថ្ងៃ​៧ មករា ថ្ងៃ​ចម្រើន​ព្រះជន្ម ថ្ងៃ​សិទ្ធិ​នារី ថ្ងៃ​ទិវា​ពលកម្ម ថ្ងៃ​បុណ្យ​ពិសាខបូជា មាឃបូជា និង​ថ្ងៃ​បុណ្យ​ជា​ច្រើន​ស្អេកស្កះ​ទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា។
ប្រធាន​អង្គការ​លីកាដូ​ដដែល លោកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​ពន្យល់​អំពី​ភាព​ខុស​គ្នា​រវាង​ថ្ងៃ​៧ មករា និង​ថ្ងៃ​២៣ តុលា នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ដូច្នេះ ៖ «ខ្ញុំ​មាន​ការ​សោក​ស្តាយ និង​ក្រៀមក្រំ​ណាស់ ដែល​ថា មិន​គួរ​សោះ មិន​គោរព​ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១។ ដូច​យើង​និយាយ​អម្បាញ់មិញ​ថា ខ្ញុំ​ទទួល​ស្គាល់​ថា ថ្ង​ ៧ មករា​នេះ គឺ​ជា​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​ក្រហម​នោះ​រត់​ចេញ ធ្វើ​ឲ្យ​ខ្មែរ​រួច​ខ្លួន​ឡើង​វិញ ប៉ុន្តែ​យើង​វិភាគ​ទៅ​មើល ចប់​ពី​៧ មករា មក នៅ​តែ​មាន​វាយ​គ្នា ពីព្រោះ​មាន​ទ័ព​បរទេស​នៅ​ក្នុង​ស្រុក​យើង។ ខ្ញុំ​ជឿ​ជាក់​ថា បើ​អត់​ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ខ្ញុំ​នៅ​តែ​ជឿ​ជាក់​ថា យើង​នៅ​តែ​វាយ​គ្នា យើង​គ្មាន​សេរីភាព​ទេ ទ័ព​បរទេស​នៅ​តែ​នៅ​ក្នុង​ស្រុក​របស់​យើង ដោយ​ថា ខ្មែរ​ហើយ និង​ខ្មែរ​នៅ​តែ​វាយ​គ្នា»
ជុំវិញ​ការ​ខ្វែង​គំនិត​គ្នា​នៃ​អ្នក​ចង់​រំឭក​ថ្ងៃ​កិច្ចព្រមព្រៀង​ សន្តិភាព​ក្រុង​ប៉ារីស និង​ថ្ងៃ​រំដោះ ៧ មករា អ្នក​វិភាគ​ផ្សេង​ទៀត​ឲ្យ​យោបល់​ថា គណបក្ស​ប្រជាជន​គួរ​តែ​គោរព​ថ្ងៃ​នោះ សម្រាប់​សកម្មជន និង​អ្នក​គាំទ្រ​ក្នុង​រង្វង់​បក្ស​របស់​ខ្លួន​ទៅ​បាន​ហើយ មិន​គួរ​ដាក់​ឲ្យ​មាន​ការ​គោរព​ជា​សាធារណៈ ចំពោះ​មនុស្ស​ដែល​មាន​ទស្សនៈ​ផ្សេង​ផ្ទុយ ហើយ​រដ្ឋាភិបាល​បច្ចុប្បន្ន​មាន​ការ​គាំទ្រ​ពី​អន្តរជាតិ ដោយសារ​តែ​សន្ធិសញ្ញា​សន្តិភាព​មួយ​នោះ ក៏​មិន​ត្រូវ​បំភ្លេច​ថ្ងៃ​នេះ​ដែរ។
ក្នុង​ដំណើរ​រយៈ​ពេល ១៩​ឆ្នាំ​កន្លង​មក​នេះ អ្នក​សង្កេត​ឯករាជ្យ​ក្នុង​ស្រុក​បាន​អះអាង​ថា ប្រទេស​កម្ពុជា បាន​វិវឌ្ឍ​ពី​ប្រទេស​ដែល​មាន​ឋានៈ​ជា​ប្រទេស​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់ ​ប្រកាស​គ្រោះ​អាសន្ន បាន​ឈាន​ឡើង​មួយ​កម្រិត មក​ជា​ប្រទេស​ចាប់​ផ្ដើម​កសាង ហើយ​បាន​វិវឌ្ឍ​មក​ដល់​សព្វថ្ងៃ ក្នុង​ឋានៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍។
យ៉ាង​ណា​ក្ដី អ្នក​សង្កេត​ឯករាជ្យ​ក្នុង​ស្រុក​បាន​ចង្អុល​បង្ហាញ​ថា ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​គំរាម​កំហែង​លើ​សិទ្ធិ​រស់​នៅ ការ​គាប​សង្កត់​សិទ្ធិ​បញ្ចេញ​មតិ ការ​រំលោភ​ដីធ្លី​របស់​អ្នក​ក្រ​ពី​សំណាក់​អ្នក​មាន​ប្រាក់ និង​អ្នក​មាន​អំណាច ប្រព័ន្ធ​យុត្តិធម៌​មិន​ឯករាជ្យ ដែល​ធ្វើ​ឲ្យ​តម្លៃ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជាជន​ខ្មែរ​ទូទៅ​ត្រូវ​គេ​រំលោភ និង​ជិះជាន់​ឥត​ស្រាកស្រាន្ត​រហូត​ដល់​សព្វថ្ងៃ​នេះ៕

No comments:

Post a Comment