Thursday, November 4, 2010

LEXUS-470 ហោះឡើងទុំលើរបាំងចែកផ្លូវ

ដោយ ៖ កោះឯករាជ្យ

រថយន្ត​មួយគ្រឿងបាន​បើក​បុក​របាំង​ថ្ម​នៅ​លើ​កំណាត់​មហាវិថីព្រះ​​​មុនីវង្ស​
ថ្ងៃ ពុធ ទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១០
(​រូបថត ជោគជ័យ)
រថយន្ត​មួយគ្រឿងបាន​បើក​បុក​របាំង​ថ្ម​នៅ​លើ​កំណាត់​មហាវិថីព្រះ​​​មុនីវង្ស​
 
រាជធានីភ្នំពេញ ៖ រថយន្ត​មួយគ្រឿង​ម៉ាក​ឡិចស៊ីស៤៧០ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-9888 ​បើកបរ​ដោយ​ជន​មិន​ស្គាល់​​អត្ត​សញ្ញាណ ​បាន​បើក​បុក​របាំង​ថ្ម​នៅ​លើ​កំណាត់​មហាវិថីព្រះ​​​មុនីវង្ស​ ស្ថិត​ក្នុង​ភូមិសាស្ត្រ​​ខណ្ឌ​ចំការ​មន បណ្តាល​ឱ្យជាប់របាំង​ទ្រូង​ផ្លូវ​បើក​ចុះ​លែង​រួច​។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​១២​និង​៣០នាទី​រំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី​៣ តុលា ឆ្នាំ២០១០។​ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ ពុំ​បណ្តាល​ឱ្យ​មាន​មនុស្ស​ណាម្នាក់​ទទួល​រង​គ្រោះ​ថ្នាក់​អ្វីឡើយ។ ទោះជាយ៉ាងនេះក្តី អ្នក​បើកបរ​រថយន្ត​បាន​ព្យាយាម​បើក​​រថយន្ត​ដែលជាប់​លើទ្រូង​ផ្លូវ​នោះ​ ក្នុង​បំណង​រត់​គេច​ពីការ​ទទួល​ខុស​ត្រូវ​លើ​សំណង​ទ្រព្យ​សម្បត្តិ​សាធារណៈ​ ប៉ុន្តែ​ដោយ​សារ​បើកបររថយន្ត​ចុះពី​លើ​របាំង​ចែក​ផ្លូវ​ពុំរួច​ក៏​បាន​ ទូរស័ព្ទ​ហៅ​មិត្តភក្តិ​សុទ្ធ​សឹង​ជា​មនុស្ស​ជិះ​រថយន្ត​ទំនើប​ៗ​ប្រមាណ​១០​ គ្រឿងមក​ជួយ​​​លើក​រថយន្ត​ខាង​លើ​ពីលើ​ទ្រូងផ្លូវ​។ ប៉ុន្តែ​ដោយ​សារ​លើក​ពុំរួច​ទើប​សុខចិត្ត​ប្រគល់​រថយន្ត​ឱ្យ​សមត្ថកិច្ច​​ ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយា​ល័យ​​ចរាចរណ៍​ផ្លូវគោក​នៃស្នងការ​​ដ្ឋាន​ នគរបាល​​រាជធានីភ្នំពេញ​។
តាម​ប្រភព​ព័ត៌​មាន​នៅ​កន្លែង​កើត​ហេតុ​​បាន​ ​ឱ្យដឹង​ថា មុនពេល​កើត​ហេតុ​ អ្នក​បើក​បរ​រថយន្ត​ខាងលើ​​បាន​បើកបរ​ធ្វើ​ដំណើរ​លើ​កំណាត់​​ មហាវិថីព្រះមុនីវង្ស​ ក្នុង​ទិស​ដៅ​ពីជើង​ទៅ​ត្បូង​​លុះ​ដល់​ចំណុច​កើត​ហេតុ​ក៏ជ្រុល​ចង្កូត​បើក​ ឡើង​លើ​របាំង​ចែក​ផ្លូវ​​​ជាប់​​ទៅ​មុខ​លេង​រួច។ នៅ​កន្លែង​​កើត​ហេតុ​គេ​សង្កេត​ឃើញ​ម្ចាស់​រថយន្ត​ខាង​លើ​និង​បក្សពួក​មាន​ ចរិត​ក្រអឺត​ក្រទម ​និង​កំញើញ​អាវុធ​ខ្លី​នៅ​ជាប់​ខ្លួន​ផ្គើន​សមត្ថ​កិច្ច​យ៉ាង​ខ្លាំង​បំផុត។ ជាង​នេះ​ទៅ​ទៀត​ក្រុម​ម្ចាស់​រថយន្ត​ប្រើ​ពាក្យ​សំដី​​គំរោះ​គំរើយ​គំរាម​រក ​មុខ​អ្នក​កាសែត​ចុះយក​ព័ត៌​មាន​ជុំវិញ​ទិដ្ឋភាព​កើត​ហេតុ​ខាង​លើ​នេះផង​​។ ដោយ​​គោរព​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ និង​សេចក្តី​ថ្លៃថ្នូរ ក្នុង​សង្គម​ អ្នកយក​ព័ត៌​មាន​​កោះ​សន្តិភាព​មួយ​រូប​បាន​ព្យាយាម​ដើរ​ចេញពី​ហ្វូង​មនុស្ស ​ប្រមឹកដែល​​ដើរ​ពេល​យប​់ខាង​លើ​ដោយ​ពុំ​តបត​អ្វី​ឡើយ។
មានការ​លើក​ឡើង​ថា អំពើ​មិនទទួល​ខុស​ត្រូវ​រាល់​ផលប៉ះពាល់​ទ្រព្យ​សម្បត្តិ​សាធារណៈ​ក៏ដូចជា​ ការ​បង្ក​ឱ្យ​បាត់​បង់​នូវ​សន្តិសុខ​ សណ្តាប់​ធ្នាប់​ជាទូទៅ​នៅ​ក្នុង​សង្គម​គឺជា​ការ​ប្រមាថធ្ងន់​ធ្ងរ​ដល់​ ច្បាប់​ទម្លាប់នានារបស់​សង្គម​ជាតិ​ដែល​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្រោម​ការ​ ដឹកនាំ​ដ៏ឈ្លាសវៃ​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​កំពុង​បាន​ពង្រឹង ​ពិសេស​គឺបញ្ហា​ជនទំនើង​ទាំងឡាយ​ដែល​តែងតែ​បង្ក​ឱ្យ​មាន​ការភ័យ​ខ្លាច​ដល់​ ការ​រស់​នៅរបស់​ប្រជា​ពលរដ្ឋ​ទូទៅ៕

No comments:

Post a Comment