Wednesday, November 3, 2010

រថយន្ត​ធុនធ្ងន់​ដឹកឈើ​លើស​ទំងន់​កំណត់​ត្រូវ​បាន​ចាប់​ឃាត់​ផាក​ពិន័យ

រថយន្តដែលត្រូវអាជ្ញាធរចាប់ផាក់ពិន័យ(ប្រុសកោះ)
ថ្ងៃ អង្គារ ទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១០
រូបភាព កោះសន្តិភាព
ខេត្ត ​ស្ទឹង​ត្រែង ៖ ​រថយន្ត​​​ធុន​ធ្ងន់ ដឹក​លើស​ទំងន់​ ​ដែល​បើក​បរ​​ឆ្លង​កាត់​ផ្លូវជាតិ​លេខ​៧ ពី​ខេត្ត​ស្ទឹង​ត្រែង​ ទៅ​ខេត្ត​ក្រចេះ ​គឺ​ជា​មូល​ហេតុ​មួយ​ធ្វើ​ឱ្យ​ខូច​ខាត​ផ្លូវជា​សម្បត្តិ​ដ៏មហាសាល​របស់​ ប្រជា​ជាតិ​ខ្មែរ ដែល​បាន​បើក​សម្ពោធ​ឱ្យ​ប្រើ​​ប្រាស់​ដោយ​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា កាលពី​​ខែ​មេសា ឆ្នាំ​២០០៨ កន្ល​ង​ទៅ​ ។​
ថ្វីដ្បិត​មន្ទីរសាធារណ​ការ និង​ដឹកជញ្ជូន ដាក់​ជញ្ជីង​ថ្លឹង​រថយន្ត​​ដឹក​លើស​ទំងន់ និង​មាន​ប៉ូលិស​ចរា​ចរ​ដាក់​កុង​ត្រូល​ត្រួតពិនិត្យ​​លើ​ផ្លូវ​ជាតិ​លេខ​៧ ​នៅ​ចំណុចអូរ​ពង​មាន់ យ៉ាង​ណា​ក៏​ដោយ ក៏​រថ​យន្ត​ប្រភេទ​យីឌុប​ធំៗ ដឹក​លើស​ទំងន់​នៅ​តែ​ធ្វើចរា​ចរណ៍​ឆ្លង​កាត់​​គ្មាន​ញញើត​សមត្ថ​កិច្ច​សោះ ​តែ​ទោះ​យ៉ាង​ណា សមត្ថ​កិច្ច​នៅតែ​ឃាត់ និង​ធ្វើ​ការ​ផាក​ពិន័យ​​បាន​ជា​បន្ត​បន្ទាប់​ ។​ ជាក់ស្តែង​កាល​ពីវេលាម៉ោង​១២​និង​៣០​នាទី​​យប់​​ថ្ងៃ​ទី​១ វិច្ឆិកា សមត្ថ​កិច្ច​បានចាប់​ឃាត់​​រថយន្ត​ធុនធំ ដឹក​ឈើ​របស់​ក្រុមហ៊ុន​ហេង ប្រា​ដឺ ចេញពីខេត្ត​រតន​គិរី ចំនួន​៥​គ្រឿង ដែល​បាន​ដឹក​លើស​ទំងន់ កំណត់ ។​
លោកប្រាក់ ​ សោភ័ណ ប្រធាន​ក្រុម​ត្រួត​ពិនិត្យ​​ផ្លូវជាតិលេខ​៧ និង​ផ្លូវជាតិ​លេខ​៧៨​ ចំណុច​អូរពង​មាន់ បាន​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ចាប់​ឃាត់​រថយន្ត​ទាំង​នោះ​គឺ​ដោយសារ​តែ​ពួក​គេ​បានដឹកឈើ​លើស​ ទំងន់ ដែល​​បាន​កំណត់​ ចេញ​ពី​ខេត្ត​រតន​គិរី តាមផ្លូវជាតិ​លេខ​៨ និង​បន្ត​​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៧ ឆ្ពោះទៅ​កន្លែង​
ផ្សេង ។ ចំពោះ​រថយន្តដែល​បាន​ចាប់​​ឃាត់​នោះ​មាន ១-​​រថយន្តប្រភេទ​យីឌុប​ ម៉ាកហ្វុ៊យហ្សូ​ពាក់ស្លាក​លេខ​ ព្រះសីហនុ 3A-0476 លើស​ទំងន់​ជាង​៩​តោន, ​២​-រថយន្ត​ប្រភេទ​យីឌុប ម៉ាក​ហ៊ីណូ ពាក់ស្លាកលេខ យ-១៥២៣ ភព៣ លើស​​​ទំងន់​៣តោន,​ ​​៣-​​រថយន្ត​ប្រភេទ​ផ្លូវ​២ ពាក់ស្លាក​លេខ ស្វាយរៀង 3A-0344 លើស​ទំងន់​​៨តោន, ៤-​រថយន្តប្រភេទ​ផ្លូវ​២ ពាក់​ស្លាក​លេខ ព្រៃ​វែង 3A-0178 លើស​ទំងន់​៩តោន និង​​៥-​រថយន្ត​ប្រភេទ​ផ្លូវ​៣ ពាក់ស្លាក​លេខ​ ស្វាយ​រៀង 3A-0508 លើសទំងន់​ជាង​៩តោន ។ លោក​បាន​បន្ត​ថា ចំពោះ​រថយន្ត​ទាំង​នោះ​គឺ​បាន​ណែនាំ​ឱ្យបង់​ប្រាក់​ផាក​ពិន័យ ក្នុង​១តោន​៣០​ម៉ឺនរៀល ​និង​ឱ្យ​រើឈើ​ចេញ ទុកត្រឹមតែ​កំរិត​ទំងន់​ដែលច្បាប់​បាន​អនុញ្ញាត ។​
ដោយឡែក​ ខាង​ក្រុម​​ហ៊ុន​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ឱ្យ​ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ថា ខ្លួនបាន​សុំ​ចរចា​ចំពោះ​ការ​​ផាក​ពិន័យ​នេះ ដោយ​ឱ្យ​ក្រុម​ហ៊ុន​​មក​ដោះស្រាយ​វិញ តែសុំ​មិន​រើ​ឈើចេញ ​ព្រោះ​​ខ្លាច​ខុស​​ទៅនឹង​បែប​បទ​ដឹក​ជញ្ជូន ហើយ​ម្យ៉ាង​ទៀត ឈើ​ក្នុង​មួយ​រថយន្ត​មាន​១១ម៉ែត្រ​គូប ទំងន់​ជាង​១១តោន​ប៉ុណ្ណោះ ម្តេច​ក៏​ថ្លឹង​ទៅ​​​​លើស​ទំងន់​ច្រើន​ម៉្លេះ? ដកស្រង់ពី កោះសន្តិភាព

No comments:

Post a Comment