Thursday, November 4, 2010

ប្រធាន​រដ្ឋ​សភា​ចិន​ដឹកនាំ​គណៈ​ប្រតិ​ភូ​​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​​៤ថ្ងៃ​នៅ​កម្ពុជា

លោក​វ៉ូប៉ាន​គូ ប្រធាន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជាតិចិន

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ពុធ ទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១០
(រូបថត ស.សុខុម)
លោក​វ៉ូប៉ាន​គូ ប្រធាន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជាតិចិន
 
រាជធានីភ្នំពេញ ៖ លោក​វ៉ូប៉ាន​គូ ប្រធាន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជាតិចិន និង​លោក​ជំទាវ Zhang Ruizhen បានដឹកនាំ​គណៈ​ប្រតិភូ​សភា​​ចិន​មក​​​ដល់​ព្រលាន​​យន្តហោះ​​អន្តរជាតិ​ ភ្នំពេញ កាល​ពី​វេលា​ម៉ោង​៣​​រសៀល​ថ្ងៃទី​​៣ វិច្ឆិកា ​​២០១០ ក្នុងដំណើរ​​បំពេញ​ទស្សន​កិច្ច​​ផ្លូវរដ្ឋ​ចំនួន​៤​ថ្ងៃ​ចាប់​ពី​ថ្ងៃទី​៣ ដល់ថ្ងៃ​ទី​៦ វិច្ឆិកា ២០១០ ដោយ​​មានការ​ទទួលស្វាគមន៍​ពី សំណាក់​លោក​ងួន ញ៉ិល អនុ​ប្រធាន​ទី​១​រដ្ឋ​សភា ​​និង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ជា​ច្រើន​រូប។
យោង​តាម​កម្មវិធី លោក​វ៉ូ​ប៉ាន​គូ និង​លោក​ជំទាវ Zhang Ruizhen ​នឹង​អញ្ជើញ​ទៅទស្សន​កិច្ច​ព្រះបរមរាជ​វាំង​នាវេលាម៉ោង​៥​ល្ងាច​ថ្ងៃ​​ដដែល​ នេះ។ ​ថ្ងៃទី​៤ វិច្ឆិកា ២០១០ លោកវ៉ូ​ប៉ាន​គូ និង​លោក​ជំទាវ Zhang Ruizhen នឹង​ចូល​ជួប​សំដែង​ការ​គួរ​សម​​ជាមួយសម្តេច​ហេង សំរិន និង​​លោកជំទាវ​ និង​បន្ទាប់​មក​​ដឹកនាំ​ប្រតិ​ភូ​ ជួប​ពិភាក្សា​​ការងារ​ជា​ផ្លូវការ​​ជាមួយ​សម្តេច​ហេង សំរិន​ និង​សមាជិក​សភា ។
លោក​វ៉ូប៉ានគូ និង​លោកជំទាវ Zhang Ruizhen ​​ចូល​ជួប​​សវនាការ​​ជាមួយ​សម្តេច​ជា​ ស៊ីម ​ប្រធានព្រឹទ្ធ​សភា​ និង​បន្ទាប់មក​​ចូល​គាល់ព្រះ​មហា​ក្សត្រ​ សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី និង​ជួប​ពិភាក្សា​ការងារ​​មួយ​ចំនួន​​ជាមួយសម្តេច​​តេជោ​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន នៅ​​វិមាន​សន្តិភាព ទីស្តីការ​នាយក​​រដ្ឋ​មន្ត្រី រួចហើយ បន្ត​ចូលរួម​ពិធីចុះ​ហត្ថ​លេខា​លើ​គំរោង​​ពាណិជ្ជ​កម្ម​រវាង​ប្រទេសទាំង​២​ កម្ពុជា-ចិន៕

No comments:

Post a Comment