Friday, November 5, 2010

អាល្លឺម៉ង់​នឹង​មាន​ជើង​ហោះ​ហើរ​ដោយ​ផ្ទាល់​មកកាន់ប្រទេស​កម្ពុជា

លោក​ឧបនាយករដ្ឋមន្ដ្រី ហោ ណាំ​ហុង ជួប​មន្ដ្រី​ទូត​អា​ល្លឺ​ម៉​ង់​នៅ​ទីស្ដីការក្រសួង
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១០
(​រូបថត ​សារ៉ាយ​)
លោក​ឧបនាយករដ្ឋមន្ដ្រី ហោ ណាំ​ហុង ជួប​មន្ដ្រី​ទូត​អា​ល្លឺ​ម៉​ង់​នៅ​ទីស្ដីការក្រសួង
 
រាជធានីភ្នំពេញ ៖ ​ថ្លែង​​ក្នុង​ឱកាសអញ្ជើញ​​ចូលជួប​​សំដែង​ការ​គួរ​សម​​ជាមួយ​លោក​ឧប​ នាយករដ្ឋ​មន្ត្រី​ហោ​ ណាំ​ហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​​អន្តរជាតិ កាលពី​ព្រឹកថ្ងៃទី​៣ វិច្ឆិកា ​កន្លង​ទៅ​នេះ លោក Woefgang MOSER ឯក​អគ្គរដ្ឋ​ទូត​​ថ្មី​នៃ​ប្រទេស​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​​បាន​មាន​ ប្រសាសន៍​​ថា នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ អាល្លឺ​ម៉ង់​នឹង​មាន​ជើង​ហោះ​ហើរ​​ដោយ​ផ្ទាល់​មក​កាន់​ប្រទេស​​កម្ពុជា​ ហើយ​តាម​រយៈ​នៃ​ជើង​ហោះ​ហើរ​ដោយ​ផ្ទាល់​នោះ លោក​សង្ឃឹម​ថា ភ្ញៀវ​ទេសចរ​អាល្លឺម៉ង់​កាន់តែច្រើន​​ថែមទៀត នឹង​មក​ទស្សនា​ប្រទេស​កម្ពុជា។
លោក​បញ្ជាក់​ថា មាន​ក្រុម​ហ៊ុន​អាល្លឺម៉ង់​ចំនួន​​ពីរ​ដែល​គ្រោង​នឹង​បង្កើត​ជើង​ហោះ​ហើរនា​ ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​ ចំពោះ​បេសកកម្ម​ការ​ទូត​នៅកម្ពុជា លោក MOSER បាន​សន្យា​ថា នឹង​បន្ត​ធ្វើ​អ្វីៗ​ទាំងអស់ ដើម្បីពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា​-អាល្លឺម៉ង់​​​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។ លោក​បាន​​សំដែង​​នូវ​អំណរ​គុណ​ផងដែរ ចំពោះ​ប្រទេស​កម្ពុជា​ ដែល​បាន​គាំទ្រ​​ប្រទេស​​​​អាល្លឺម៉ង់​ចូល​ជា​សមាជិក​​មិន​អចិន្ត្រៃយ៍​ ក្រុម​ប្រឹក្សា​​​​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​​សំរាប់​​ឆ្នាំ​២០១១ កាលពី​បោះឆ្នោត​កន្លង​ទៅ។ ចំណែក​អាល្លឺម៉ង់​​វិញសន្យា​​ថា នឹង​គាំទ្រ​បេក្ខ​ភាព​កម្ពុជា​​ចូលជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ ប្រឹក្សា​​​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ឆ្នាំ​​២០១៣-២០១៤ ខាង​​មុខ ដែល​ការបោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​​នា​ឆ្នាំ​២០១២ ចំពេល​ដែលកម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន ដែល​​លោក​គិត​ថា ជា​ពេល​វេលាដ៏​​ស័ក្តិ​សម​បំផុត​សំរាប់​កម្ពុជា។
លោក​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំហុង ​រដ្ឋ​​មន្ត្រី​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិ​ការ​​អន្តរជាតិ​បាន​សំដែង​នូវ​ការ​ស្វាគមន៍​​ចំពោះ​ បេសកកម្ម​​ការ​ទូត​នៅ​កម្ពុជា​របស់​លោក MOSER ឯកអគ្គ​រដ្ឋទូត​ថ្មី​នៃ​​ប្រទេស​​អាល្លឺ​ម៉ង់។​លោក​មាន​ប្រសាសន៍​ថា កន្លង​មក​អាល្លឺម៉ង់​បាន​ផ្តល់​នូវ​ជំនួយ​ឥត​សំណង​ជា​ច្រើន​ដល់​កម្ពុជា​លើ​ វិស័យ​ជា​ច្រើន​រួមមាន ​វិស័យ​ដោះមីន​ សាលា​ក្តី​ខ្មែរ​ក្រហម​​ ហេដ្ឋារចនាសម្ព័ន្ធ​​ និង​អភិវឌ្ឍន៍​ជន​បទ​ជា​ដើម។ លោក​បញ្ជាក់​ថា ហេតុ​ដែល​​កម្ពុជា​ចង់​ចូល​​ជា​សមាជិក​​មិន​អចិន្ត្រៃយ៍​​ក្រុមប្រឹក្សា​ សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ព្រោះ​កម្ពុជា​ចង់​រំលែក​​នូវ​បទ​ពិសោធន៍​ជាមួយ​ពិភព​លោក​អំពី​ការ​ស្វះ​ ស្វែង​​រក​ការ​បញ្ចប់​សង្គ្រាម​ បង្កើត​​នូវ​សន្តិ​ភាព​ និង​ការ​អភិវឌ្ឍន៍​ខណៈ​ពេលដែល​កម្ពុជា​ធ្លាប់​រង​គ្រោះ​ដោយ​​សង្គ្រាម​ បំផ្លិច​បំផ្លាញ​អស់​ជា​ច្រើន​ទសវត្ស​​កន្លង​មក។ លោកសង្ឃឹម​ថា ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា និង​អាល្លឺម៉ង់​កាន់តែ​រឹង​មាំ និង​រីកចំរើន​​ថែម​​ទៀត ​តាម​រយៈ​នៃ​​បេសក​កម្ម​​​ការ​ទូត​របស់​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​នេះ ដែលនឹងបន្ត​គាំទ្រការអភិវឌ្ឍន៍នៅកម្ពុជា៕ ដកស្រង់ពី​កោះសន្តិភាព

No comments:

Post a Comment