Friday, November 5, 2010

សភា​​ថៃមិនទាន់បាន​អនុម័តលើ​​​កំណត់ហេតុរបស់ JBC ធ្វើឱ្យបញ្ហាព្រំដែនអូសបន្លាយ


ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១០
 
រាជធានីភ្នំពេញ ៖ លោក​ហោ ណាំ​ហុង ឧបនាយករដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ បានសំដែង​នូវ​ការ​សោក​ស្តាយ​ ដែលសភា​ថៃ​កន្លង​មក​នេះ​មិន​​បានអនុម័ត​លើ​កំណត់​ហេតុ​ទាំង​៣ នៃកិច្ច​ព្រម​ព្រៀង​របស់ JBC ​ធ្វើ​ឱ្យ​​​ការ​ចរចា​ស្តី​ពី​​បញ្ហា​​ព្រំ​ដែន​ត្រូវ​អូស​បន្លាយ។ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​បាន​​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ពិធីជួប​សំណេះ​សំណាល ​​ និង​​ស្វាគមន៍​​ចំពោះ​វត្ត​មាន​ឯកអគ្គ​រាជ​​ទូត​ថ្មី​នៃ​ប្រទេស​ថៃ ប្រចាំ​កម្ពុជា កាល​​ពីល្ងាច​ថ្ងៃទី​៣ វិច្ឆិកា ឆ្នាំ​២០១០។
លោក Prasas Prasasvinitchai គឺ​ជា​ឯក​អគ្គ​រាជ​ទូត​ថ្មី​នៃព្រះរាជាណាចក្រ​ថៃ ប្រចាំ​ព្រះ​រាជាណា​​ចក្រ​កម្ពុជា ដែលគេ​រំពឹង​ថា ការ​ផ្លាស់​ប្តូរ​​មន្ត្រី​ការទូត​ថ្មី​នេះ​ គឺ​ជា​សញ្ញា​វិជ្ជ​មាន​នៃ​ទំនាក់​ទំនង​ និងកិច្ច​​សហ​ប្រតិបត្តិ​​រវាង​ប្រទេស​ទាំង​ពីរ​ បន្ទាប់​ពី​​មាន​ការ​ប្រេះស្រាំ​កន្លងមក បណ្តាល​មក​ពី​ភាគី​ថៃ​​បាន​បញ្ជូន​កងទ័ព​ចូលឈ្លានពាន​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​២០០៨។​ នៅ​ក្នុង​ជំនួប​​នោះ​ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​​បានប្រាប់​​មន្ត្រី​ការទូត​ថៃ​ថា កម្ពុជា​មិន​ចង់​បាន​​ទឹកដី​ប្រទេស​ណាមួយ សូម្បី​មួយមីល្លី​ម៉ែត្រ​ ប៉ុន្តែ​កម្ពុជា​ក៏​ចង់​បាន​​​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ ខាង​ ដោយ​សន្តិ​វិធី​ សហ​ប្រតិបត្តិការ​​ និង​គោរព​​តាម​ផែន​ទី​ដែល​ទទួល​ស្គាល់​​ជា​អន្តរជាតិ។
លោក​​ឧប​នាយករដ្ឋ​មន្ត្រី​ហោ ណាំ​ហុង ក៏​បាន​​លើក​ឡើង​​ផងដែរអំពី​ការជំរុញ​បើក​ច្រក​ស្ទឹង​បត់​ឱ្យ​បាន​​ឆាប់​ រហ័ស​ ដើម្បី​ផ្លាស់​ប្តូរ​​ពាណិជ្ជ​កម្ម​​រវាង​ប្រទេស​ទាំង​២ ដោយ​ទុក​​ច្រក​ប៉ោយ​ប៉ែត​ សំរាប់តែ​ភ្ញៀវ​ទេស​ចរ​ឆ្លង​កាត់​ប៉ុណ្ណោះ។​ លោក Prasas Prasasvinitchai បាន​លើក​ឡើង​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ នឹង​បាន​ល្អ​ប្រសើរ​ជា​បណ្តើរៗ​ឡើង​វិញ​ ហើយ​សំរាប់​ប្រទេស​ថៃ​ក៏កំពុង​តែ​ត្រៀម​រៀបចំ​រំលឹក​ខួប​លើក​ទី​៦០ នៃ​ចំណ​ងសាមគ្គី​ភាព​រវា​ង​ប្រទេស​កម្ពុជា​ និ​ងប្រទេស​ថៃ ដោយ​​រៀបចំ​ជា​ពិធីជប់​លៀង និង​ការ​សំដែង​សិល្បៈ​ផ្សេងៗ។
លោក​បញ្ជាក់​ថា នៅថ្ងៃទី​១៤ វិច្ឆិកា ខាង​មុខ​នេះ​ប្រទេស​ថៃនឹងមានរៀបចំ​ការ​ដង្ហែ​អង្គ​កឋិន​ទាន​មួយ​ចូលវត្ត​ ស្វាយពពែ រាជធានី​ភ្នំពេញ ។ ទោះ​ជា​យ៉ាងណា លោក​មិន​បាន​ធ្វើ​​អត្ថាធិប្បាយ​ជុំវិញ​ការ​សោក​ស្តាយ​ដែល​បាន​​សំដែង​ចេញ​​ ដោយ​លោក​ឧប​នាយករដ្ឋ​​​មន្ត្រីហោ ណាំហុង នោះ  ​ទេ ។ ​លោកឯក​អគ្គរាជ​ទូត​ ថៃ បានអះ​អាង​ថា លោក​នឹង​ជំរុញ​ឱ្យ​មានការ​ចុះហត្ថ​លេខា​លើ​សេចក្តី​សំរេច​លើកលែង​​ទិដ្ឋា​ ការ​សំរាប់​អ្នក​កាន់​​លិខិត​ឆ្លង​ដែន​ធម្មតា ហើយអាច​នឹង​សំរេច​នៅ​ក្នុង​កិច្ច​ប្រជុំ​ APEC នាពេលខាង​មុខ​នេះ ៕​ ដកស្រង់ពី​ កោះសន្តិភាព

No comments:

Post a Comment