Friday, November 5, 2010

ទំនាក់ទំនង​កម្ពុជា-ចិន​បាន​ក្លាយ​ពី​មិត្ត​ជិត​ខាង​ល្អ​មក​ជា​ដៃ​គូ​យុទ្ធសាស្ត្រ





សុក្រ, 05 វិច្ឆិកា 2010 09:32
05-10-2010-aភ្នំពេញ ៖ ប្រទេស​កម្ពុជា និង ប្រទេស​ចិន​បាន​អប​អរ​សាទរ​ចំពោះ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័យ​រវាង​ ទំនាក់​ទំនង​ នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​ឈាន​ពី​អ្នក​ជិត​ខាង​ល្អ​មក​ជា​ដៃ​គូ​យុទ្ធសាស្ត្រ ហើយ​ក៏​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​ ដើម្បី​ធ្វើ​យ៉ាងណា បង្កើន​នូវ​កិច្ច​សហប្រតិបត្តិការ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​នៅ​ពេល​បច្ចុប្បន្ន និង​សម្រាប់​អនាគត​ផងដែរ ។
នៅ​ក្រោយ​ជំនួប​រវាង​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជាមួយ​ឯកឧត្តម Wu Bangguo ប្រធាន​គណៈកម្មការ​អន្ត្រៃយ៍​សភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស​លើក​ទី​ ១១ កាល​ពី​ថ្ងៃ​ទី​៤ វិច្ឆិកា​នៅ​វិមាន​សន្តិភាព ឯក​ឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​នោះ សម្តេច ហ៊ុន សែន បាន​សំដែង​នូវ​ការ​រីក​រាយ​ដោយ​បាន​ធ្វើ​ការ​កត់​សម្គាល់​ថា ទំនាក់​ទំនង​កម្ពុជា-ចិន​បាន​ឈាន​ដល់​បី​ដំណាក់​កាល​ គឺ​ពី​ទំនាក់​ទំនង​អ្នក​ជិត ខាង​ល្អ​ទៅ​ជា​សហប្រតិបត្តិការ ដែល​ប្រកប​ដោយ​ការ​ជឿ​ទុក​ចិត្ត ហើយ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ទំនាក់​ទំនង​របស់​យើង បាន​ក្លាយ​ទៅ​ជា​ទំនាក់ទំនង​ក្នុង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ ដែល​ជា​ដំណាក់​កាល​ថ្មី​មួយ​បង្ហាញ​ពី​ការ​វិវត្ត​នៃ​ភាព​ទំនាក់ទំនង រវាង​ប្រជាជាតិ​ទាំង​ពីរ ។

ឯកឧត្តម ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ នូវ​គោល​ជំហរ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​នៅ​តែ​ប្រកាន់​គោល​នយោបាយ​ចិន​មួយ ពី​ព្រោះ​នេះ​ជា​ការ​គោរព​នូវ​អធិបតេយ្យ​របស់​ប្រទេស​ចិន ក៏​ដូច​ជា​ការ​គោរព​នូវ​អធិបតេយ្យ​របស់​កម្ពុជា​ខ្លួន​ឯង​ផង​ដែរ ។ ឯកឧត្តម​រដ្ឋមន្ត្រី​ថ្លែង​ថា ឯកឧត្តម Wu Bangguo បាន​អបអរ​សាទរ​ចំពោះ​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិ​ការ របស់​ប្រទេស​ទាំង​ពីរ​ទាំង​ផ្នែក នីតិ​បញ្ញត្តិ ផ្នែក​នីតិ​ប្រតិបត្តិ តុលាការ និង ទំនាក់​ទំនង​រវាង​បក្ស​ទាំង​ពីរ​ផង​ដែរ ។
ឯកឧត្តម​រដ្ឋមន្ត្រី​ថ្លែង​ថា នៅ​ក្នុង​ជំនួប​នោះ ឯកឧត្តម Wu Bangguo បាន​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ប្រកាន់​ជំហរ​ក្នុង​ការ​បង្រួប​បង្រួម​ជាតិ​របស់​ចិន ជា​ពិសេស គឺ​ជំហរ​របស់​សម្តេច ហ៊ុន សែន ចំពោះ​វិបត្តិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​បាន​ជំទាស់​នឹង​ការ​ប៉ុនប៉ង​ចង់​ធ្វើ​អន្តរជាតូបនីយកម្ម​លើ​បញ្ហា​នេះ ។ ឯកឧត្តម Wu Bangguo មាន​ប្រសាសន៍​ថា ប្រទេស​ចិន​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ មាន​ការ​រីក​ចម្រើន​បន្ត​ទៅ​ទៀត ពីព្រោះ​ថា​បើ​ទំនាក់​ទំនង​វិស័យ​សេដ្ឋកិច្ច​បាន​ល្អ វា​នឹង​ជួយ​ជម្រុញ​ដល់​ទំនាក់ទំនង​ផ្នែក​នយោបាយ ហើយ​បើ​ទំនាក់ទំនង​នយោបាយ​ល្អ​វា​នឹង​ជួយ​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជ​កម្ម​ផង​ដែរ ។
ឯកឧត្តម ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ ភាគី​ចិន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ចំនួន​១០០​លាន​យ័ន បាន​ប្រកាស​លុប​បំណុល​ដែល​កម្ពុជា​ជំពាក់​ហើយ​ត្រូវ​សង​នៅ​ឆ្នាំ ២០១០ ចំនួន​៤​លាន ២៤​ម៉ឺន​​ដុល្លារ និង បាន​បញ្ជា​ថ្មី​អំពី​ការ​ពន្លឿន​ការ​សាង​សង់​ផ្លូវ​ដែក​ពី​ភ្នំពេញ​ទៅ​កាន់​ ព្រំដែន​វៀតណាម​ផងដែរ ។ ឯកឧត្តម​ថ្លែង​បន្ត​ថា នៅ​ក្នុង​រយៈពេល ៥​ឆ្នាំ​ទៅ​មុខ​នេះ ប្រទេស​កម្ពុជា-ចិន​មាន​គម្រោង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​គម្រោង​ចំនួន ២៣ ដែល​មាន​តម្លៃ​ចំនួន ១៦០០ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​ចិន​ក៏​នឹង​ជម្រុញ​ការ​វិនិយោគ​មក​កាន់​កម្ពុជា​ឱ្យ​បាន​កាន់​តែ​ច្រើន​ ថែម​ទៀត និង​បាន​ដំឡើង​ការ​ផ្តល់​អាហារូបរណ៍​ដល់​និស្សិត​កម្ពុជា​ពី​៨០​នាក់​ទៅ​ដល់ ​ចំនួន ២០០ នាក់​ក្នុង​មួយ​ឆ្នាំ​ផង​ដែរ៕​ ដកស្រង់ពី​ កម្ពុជាថ្មី

No comments:

Post a Comment