Friday, November 5, 2010

លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួល​អំណោយ​ពី​ភរិយា​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន




ព្រហស្បតិ, 04 វិច្ឆិកា 2010 18:28
04-11-2010-iភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១០ នៅ​ទី​ស្នាក់​ការ​កណ្តាល​កាក​បាទ​ក្រហម​កម្ពុជា លោក​ជំទាវ​បណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​ពី​លោក​ជំទាវ ហ្សាំង រ៉ូហ្សិន ភរិយា​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន ដែល​អម​ដំណើរ​ដោយ​លោក​ជំទាវ ហ្សៅ
សៀលីង ភរិយា​ឯកឧត្តម​ឯក​អគរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា លោកស្រី វ៉ាង ឈិន អនុប្រធាន​ការិយាល័យ​កិច្ចការ​បរទេស នៃ​នាយក​ដ្ឋាន​ការងារ​ទូទៅ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ ចិន កញ្ញា សៀវ វីវី លេខាទី ១ ស្ថាន ទូតចិន និង​លោក ស៊ី វីវី ភារធារី​ស្ថាន​ទូត​ចិន ។
អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​សវនាការ​នេះ​ដែរ​ មាន​លោក​ជំទាវ សៅទី ហេងសំរិន ភរិយា​សម្តេច​អគ្គ​មហា​ពញាចក្រី ហេង សំរិន លោកជំទាវ ញ៉ែម សុផានី ងួនញ៉ិល ភរិយា​ឯកឧត្តម ងួន ញ៉ិល និង​លោក​ជំទាវ ឃួន សុដារី ប្រធាន​គណៈកម្មការ​សិទ្ធ​មនុស្ស​ទទួល​ពាក្យ​បណ្តឹង អង្កេត និង​ទំនាក់​ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​ជា​សមាជិកា​គណៈកម្មាធិការ​កណ្តាល​កាក​បាទ​ក្រហម​កម្ពុជា ។

មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ​លោក​ជំទាវ ហ្សាំង រ៉ូហ្សិន បាន​សម្តែង​ទឹក​ចិត្ត​សប្បាយ​រីករាយ​ចំពោះ​ការ អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​លោក​ជំទាវ​បណ្ឌិត មាន​ឱកាស​បាន​ចូល​ជួប​ធ្វើ​សវនាការ​ប្រកប​ដោយ​ស្មារតី​សាមគ្គី និង​សហប្រតិបត្តិការ​យ៉ាង​ល្អ​រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ចិន-កម្ពុជា ជា​ពិសេស​កាន់​តែ បង្កើន​បាន​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កាក​បាទ​ក្រហម​ចិន និង​កាក​បាទ​ក្រហម​កម្ពុជា ។ ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​ធ្លាប់​មាន​ប្រវត្តិសាស្ត្រ​ដ៏​យូរ​លង់​ណាស់​មក​ហើយ លើ​កិច្ច​សហប្រតិបត្តិការ​គ្រប់​វិស័យ​ទាំង​សេដ្ឋកិច្ច និង​វប្បធម៌ ក្នុង​លក្ខណៈ​ជា​បង​ប្អូន ។
លោក​ជំទាវ​ក៏​បាន​ទទួល​ស្គាល់​ថា​ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​មួយ​ដែល​មាន​ធន​ធាន​ប្រកប​ដោយ​សក្តានុពល ហើយ​សង្ឃឹម​ថា​ប្រទេស​កម្ពុជា​នឹង​ឈាន​ទៅ​កសាង​ប្រទេស​សម្បូរ​រុង​រឿង​លើ​ បណ្តា​ប្រទេស​ជឿនលឿន​ឯ​ទៀតៗ ។
លោកជំទាវ ហ្សាំង រ៉ូហ្សិន ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​កម្ពុជា​ដែល​បាន​គាំទ្រ​លើ​ការងារ​ទូត​ចំពោះ​ ប្រទេស​ចិន នៅ​ឆាក អន្តរជាតិ តាម​រយៈ​នេះ​ប្រទេស​ទាំង​ពីរ​នៅ​តែ​បន្ត​​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា ​ក្នុង​នាម​ជា​បង​ប្អូន ដើម្បី​អភិវឌ្ឍន៍ ប្រទេស​រៀង​ៗ​ខ្លួន ព្រម​ជាមួយ​នឹង​ការ​កោត​សរសើរ​ដ៏​ជ្រាលជ្រៅ​ចំពោះ​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល មាន​ថាមពល ប្រាជ្ញាវាងវៃ ក្នុង​ការ​ដឹក​នាំ​ចលនា​មនុស្ស​ធម៌​នៅ​កម្ពុជា ជួយ​សង្គ្រោះ​ជន​ក្រីក្រ ជន​ងាយ​រង​គ្រោះ កុមារ កំព្រា ចាស់​ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ ជន​ពិការ អ្នក​កើត​និង​ផ្ទុក​មេរោគ​អេដស៍ ជួយ​ឱ្យ​អ្នក​ទាំង​នោះ​មាន​ជីវភាព ប្រសើរ​ឡើង ធ្វើ​ឱ្យ​កិត្តិសព្ទ និង​កិត្យានុភាព​កាក​បាទ​ក្រហម​កម្ពុជា​ត្រូវ​បាន​លើក​កម្ពស់​ក្នុង​ឆាក​ អន្តរជាតិ ។
លោក​ជំទាវ​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ ចំពោះ​វត្ត​មាន​របស់​លោកជំទាវ ហ្សាំង រ៉ូហ្សិន ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នូវ​កម្ពុជា ព្រម​ទាំង​សម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង ជ្រាលជ្រៅ ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​កន្លង​មក ក៏​ដូច​ជា​បច្ចុប្បន្ន និង​សម្រាប់​អនាគត បាន​ជួយ​កសាង អភិវឌ្ឍន៍​កម្ពុជា រួមមាន ស្ពាន ថ្នល់ សាលារៀន និង​បណ្តា​សមិទ្ធផល​ឯ​ទៀត រួម​ចំណែក​ពិត​ប្រាកដ​ដល់​ការ​លើក កម្ពស់​ជីវភាព​រស់​នៅ និង​កាត់​បន្ថយ​ជា​បណ្តើរៗ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា ។ ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​ចិន​ក៏ បាន​ជួយ​ដល់​កាក​បាទ​ក្រហម​កម្ពុជា​ទៅ​តាម​កម្មវិធី​មួយ​ចំនួន​ដែល​បាន​ចុះ​ ហត្ថ​លេខា​ព្រម​ព្រៀង​គ្នា​តាំង​ពី​ឆ្នាំ ២០០០ ហើយ​បន្ត​បន្ទាប់​មក​កាក​បាទ​ក្រហម​នៃ​ប្រទេស​ទាំង​ពីរ​តែង​តែ​ផ្តល់​ជូន​ គ្នា​ទៅ​វិញ​ទៅ​មក​ នូវ​បទ​ពិសោធន៍​ល្អ​ៗ​ដើម្បី​ឱ្យ កិច្ច​ដំណើរ​ការ​ការងារ​មនុស្សធម៌​របស់​ប្រទេស​ទាំង​ពីរ​ទទួល​បាន​លទ្ធផល​ ល្អ និង​តាម​រយៈ​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ កាក​បាទ​ក្រហម​កម្ពុជា​ក៏​បាន​ទៅ​ទស្សនកិច្ច​ដក​ពិសោធន៍​ការងារ​នៅ​ប្រទេស​ ចិន​ចំនួន​បី​លើក​រួច​មក​ហើយ ។
លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏​បាន​ថ្លែង​អំណរ​គុណ​ផង​ដែរ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប្រទេស​ចិន ដែល បាន​យក​ចិត្ត​ទុក​ដាក់​បដិសណ្ឋារកិច្ច និង​​ជួយ​ព្យាបាល​ព្រះ​រោគ​ថ្វាយ​សម្តេចឪ និង​សម្តេច​ម៉ែ ទទួល​បាន​នូវ​ព្រះ​រាជ​សុខ ភាព​ល្អ​បរិបូរ មាន​ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​របស់​កូន​ចៅ ចៅ​ទូត​របស់​ព្រះ​អង្គ​ត​រៀង​ទៅ ។
បន្ទាប់​មក​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញ​ទទួល​អំណោយ​ពី​លោក​ជំទាវ ហ្សាំង រ៉ូហ្សិន ដែល​ផ្តល់​ជូន​កាក​បាទ​ក្រហម​កម្ពុជា រួមមាន ៖ទូរទស្សន៍​ទំហ៊ុម ៥៥ អ៊ិញ ១ គ្រឿង កុំព្យូទ័រ​យួរ​ដៃ ៥ គ្រឿង ប្រូយេកទ័រ ១ គ្រឿង និង​ម៉ាស៊ីន​ចាក់ DVD ១ គ្រឿង ព្រម​ទាំង​អញ្ជើញ​ទស្សនា​បន្ទប់​សារមន្ទីរ​តាំង​ពិព័រណ៍​សកម្មភាព កាក​បាទ​ក្រហម​កម្ពុជា និង​បាន​អញ្ជើញ​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​ប្រតិភូ​ភរិយា​ឯកឧត្តម​ប្រធាន​ គណៈកម្មាធិការ អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន​ផង​ដែរ៕ ដកស្រង់ពី​​ កម្ពុជាថ្មី

No comments:

Post a Comment