Wednesday, November 3, 2010

មនុស្ស​ស្លាប់​២នាក់​ដោយ​គ្រោះ​ថ្នាក់​ផ្សេង​គ្នា​ក្នុង​រយៈ​ពេល​៣ថ្ងៃ

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ អង្គារ ទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១០

សពបុរសម្នាក់​​ទៀត​ស្លាប់​ដោយ​លង់​ទឹក​
(​រូបថត ​ស្ទឹង​សែន)
សពស្រ្តីម្នាក់​ស្លាប់​ដោយ​ខ្សែ​ភ្លើង​ឆក់​
 
សពស្រ្តីម្នាក់​ស្លាប់​ដោយ​ខ្សែ​ភ្លើង​ឆក់​ខេត្ត ​កំពង់​ធំ​ ៖ ក្នុង​រយៈ​ពេល​៣​ថ្ងៃ​កន្លង​ទៅ​នេះ​ (ពី​ថ្ងៃ​ទី​៣១ តុលា ដល់​២ វិច្ឆិកា ២​០១០) នៅ​ខេត្ត​កំពង់​ធំ​មាន​មនុស្ស​ស្លាប់​២​នាក់​ ក្នុង​នោះ​មាន​ម្នាក់​ស្លាប់​ដោយ​ខ្សែ​ភ្លើង​ឆក់​នៅ​ក្រុង​ស្ទឹង​សែន​​ និង​ម្នាក់​​ទៀត​ស្លាប់​ដោយ​លង់​ទឹក​នៅ​ស្រុក​កំពង់​ស្វាយ​។ ​តាម​របាយ​ការណ៍​របស់​សមត្ថ​កិច្ច​ក្រុង​ស្ទឹង​សែន​បាន​ឱ្យ​ដឹង​ថា នៅ​វេលាម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២ វិច្ឆិកា ត្រង់​ចំណុច​មុខ​សណ្ឋា​គារ​អរុណ​រះ​​ស្ថិត​ក្នុង​ភូមិ​ទី​៦ សង្កាត់​កំពង់​ធំ មាន​ស្ត្រី​ម្នាក់​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ស្លាប់​​ឈ្មោះ​ឡុង ផល្លា អាយុ​៣៩​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ត្នោត​ជុំ ស្រុក​បារាយណ៍​ បច្ចុប្បន្ន​ស្នាក់​នៅ​ជាមួយ​ឈ្មោះ​លី ថាន់​នី ភេទ​ស្រី អាយុ​៤១​ឆ្នាំ រស់​នៅ​ភូមិ​ក្តី​ សង្កាត់​ព្រៃ​តា​ប៊ូ ក្រុង​ស្ទឹង​សែន​ ជា​អ្នក​លក់​ទឹក​ក្រឡុក និង​ភេសជ្ជៈ​ពេល​យប់​នៅ​ចំណុច​មុខ​សណ្ឋា​គារ​អរុណ​រះ​។
មន្ត្រី​ប៉ូលិស​មូល​ដ្ឋាន​បាន​ឱ្យ​ដឹង​ថា​ នារី​រង​គ្រោះ​បាន​មក​តាម​ប្តី​ដែល​មក​ធ្វើ​ការ​នៅ​ក្រុង​ស្ទឹង​សែន​ បន្ទាប់​ពី​ដឹង​ថា ប្តី​មាន​ស្រី​ថ្មី​ ដោយ​​គ្មាន​ប្រាក់​ធ្វើ​សោ​ហ៊ុយ​​ទៅ​ផ្ទះ​វិញ​ក៏​មក​សុំ​ស៊ីឈ្នួល​បំរើ​ ស្ត្រី​ឈ្មោះ​លី ថាន់​នី ដែល​មាន​មុខ​របរ​ជា​អ្នក​លក់​ទឹក​ក្រឡុក​ ដោយ​ក្នុង​១​ខែ​ត្រូវ​បាន​ថ្លៃ​ឈ្នួល​ចំនួន​១៥​ម៉ឺន​រៀល​។ ដោយ​ឡែក​នៅ​យប់​កើត​ហេតុ​ នារី​រង​គ្រោះ​ចូល​ធ្វើ​ការ​ទើប​តែ​បាន​៣​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លាង​ចាន​ឆ្នាំង​ កែវ​រួច​ក៏​ត្រូវ​ម្ចាស់​ហាង​ (លី​ ថាន់​នី) ឱ្យ​ទៅ​សា​ខ្សែ​ភ្លើង​ ចំណែក​ម្ចាស់​ហាង​កំពុង​រៀប​ចំ​ចាន ឆ្នាំង កែវ និង​សំភារ​ផ្សេងៗ​ដាក់​រ៉ឺម៉ក​​ដើម្បី​ដឹក​យក​ទៅ​​ទុក​​ឯ​​ផ្ទះ​។ ពេល​នារី​​រង​គ្រោះ​សា​ខ្សែ​ភ្លើង​នោះ គឺ​មិន​ទាន់​ដក​ឌុយ​ផ្តាច់​ចរន្ត​ភ្លើង​ពី​គល់​ខ្សែ​នៅ​ឡើយ​​ទេ​ គឺ​នាង​សា​ពី​ចុង​ខ្សែ​ភ្លើង​ទៅ​មុន​ ដោយ​ខ្សែ​ភ្លើង​មាន​មុខតំណ​ច្រើន​គួប​ផ្សំ​នឹង​ដៃ​នាង​នៅ​សើម​ទៀត​ ទើប​បណ្តាល​ឱ្យ​ខ្សែ​ភ្លើង​ឆក់​ ហើយ​នាង​ស្រែក​ឱ្យ​គេ​ជួយ​ ស្រប​ពេល​នោះ​នាង​ក៏​ដួល​សន្លប់​ទៅ។
ភ្លាម​នោះ​ម្ចាស់​ហាង​រត់​ទៅ​ដក​ឌុយ​ផ្តាច់​ចរន្ត​ភ្លើង ដើម្បី​កុំ​ឱ្យ​ឆក់​ទៀត បន្ទាប់​មក​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​ខេត្ត​ តែ​ត្រូវ​គ្រូ​ពេទ្យ​និយាយ​ថា​ នាង​ស្លាប់​តាំង​ពី​នៅ​កន្លែង​កើត​ហេតុ​ម្ល៉េះ​។ បច្ចុប្បន្ន​​សពនារី​​រង​គ្រោះ​កំពុង​តំកល់​នៅ​មន្ទីរ​ពេទ្យ​ដើម្បី​រង់​ចាំ ​ក្រុម​គ្រួសារទៅ​​ទទួល​យក​​ធ្វើ​បុណ្យ​នៅ​ឯ​ស្រុក​កំណើត​វិញ​។ ករណី​គ្រោះ​ថ្នាក់​មួយ​ទៀត​​នៅ​ឯ​ស្រុក​កំពង់​ស្វាយ​ឯ​ណោះ​វិញ​កាល​ពី​វេលា​ ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​៣១ តុលា នៅ​ចំណុច​ប្រឡាយ​ខាង​ជើង​របង​វត្ត​ក្តីដូង​ ស្ថិត​ក្នុង​ភូមិ​ក្តី​ដូង ឃុំ​ក្តី​ដូង មាន​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​លង់​ទឹក​ស្លាប់​។ ជន​រង​គ្រោះ​ឈ្មោះ ជា​ ខេម អាយុ​៥៤​ឆ្នាំ រស់​នៅ​ភូមិ-ឃុំ​កើត​ហេតុ​ខាង​លើ​។ តាម​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ក្តី​ដូង​បាន​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ជាម​នុស្ស​ប្រមឹក​ជា​ប្រចាំ​ បន្ទាប់​ពី​ដក​មេ​ហើយ​ (ផឹក​បន្តិច​បន្តួច​) ជន​រង​គ្រោះ​ក៏​ជិះ​កង់​មក​ដល់​កន្លែង​កើត​ហេតុ​ ហើយ​ផ្តេក​កង់​ក្បែរ​ប្រឡាយ​ ​ចុះទៅ​​ដក​ព្រលឹត​ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប។ ពេល​ដើរ​ដក​ព្រលឹត​ក្នុង​ប្រឡាយ​ស្រាប់​តែ​ផុង​រណ្តៅ​ក្នុង​ប្រឡាយ​លេច​ ខ្លួន​បាត់​។ ពេល​បាត់​ជន​រង​គ្រោះ​យូរ​ពេក​ក្រុម​គ្រួសារ​បាន​ដើរ​រក​ឃើញ​តែ​កង់ និង​ស្បែក​ជើង​ នៅ​មាត់​ប្រឡាយ​ ទើប​នាំ​គ្នា​ចុះ​រាវ​រក​ស្រាប់​តែ​ឃើញ​ជន​រង​គ្រោះ​លង់​ទឹក​ស្លាប់​ក៏​នាំ​ គ្នា​ដឹក​សព​មក​ផ្ទះ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី៕ ដកស្រង់ពី កោះសន្តិភាព

No comments:

Post a Comment