Wednesday, November 3, 2010

ក្មេង​ស្រី អាយុ​១៦​ឆ្នាំ បើក​ម៉ូតូ​បុក​យាយ​អាយុ​៨០​ឆ្នាំ​របួស​ធ្ងន់

អង្គារ, 02 វិច្ឆិកា 2010 11:57
02-10-2010-bបន្ទាយមានជ័យ ៖ ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ ដោយសារ​ការ​បើក​បរ​ភ្លើតភ្លើន​លើស​ល្បឿន​កំណត់​បាន​បុក​ចំ​យាយ​ចាស់​ម្នាក់​ អាយុ​៨០​ឆ្នាំ ដែល​កំពុង​ដើរ​ឆ្លង​កាត់​ផ្លូវ បណ្ដាល​ឲ្យ​រូប​គាត់​រង​របួស​ធ្ងន់ ដឹក​យក​ទៅ​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ។
ហេតុការណ៍ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១០​​ ដោយ​ម៉ូតូ​១​គ្រឿង បើក​បរ​យ៉ាង​លឿន​បញ្ជា​ចង្កូត​ដោយ​ឈ្មោះ​ឆើត លីដា អាយុ​១៦​ឆ្នាំ រស់​នៅ​ភូមិ កណ្ដោល ឃុំ​សឹង​ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ។​ចំណែក​ឯ​ជន​រង​គ្រោះ​មាន​ឈ្មោះ​យន់ រី ភេទ ស្រី អាយុ​៨០​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​សុរិយាថ្មី ឃុំ​គោក ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ។
សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​នោះ ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ បាន​បើក ម៉ូតូ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ មក​ដល់​ចំណុច​ភូមិ​សុរិយាថ្មី ឃុំ​គោក ស្រុក​អូរជ្រៅ ក៏​គាប់​ជួន​ជួប​ជាមួយ​លោក​យាយ​អាយុ​៨០​ដើរ​ឆ្លង​ផ្លូវ ទៅ​មុខ​មិន​ទៅ ថយ​ក្រោយ​មិន​ថយ ទៅ​មុខ​បន្តិច​ថយ​ក្រោយ​បន្តិច ក៏​បុក​ចំ​ពេញ​ទំហឹង​តែម្ដង។ សមត្ថកិច្ច​បន្ត​ថា ករណី​នេះ​បង្ក​ឡើង​ដោយ​ម៉ូតូ​ក្មេង​ស្រី​បើក​បរ​លឿន និង​មិន​ទាន់​គ្រប់​អាយុ​ដែល​ច្បាប់​ឲ្យ​បើក​បរ ហើយ​លោក​យាយ​ក៏​ដើរ​ឆ្លង​ផ្លូវ​មិន​បាន​ប្រយ័ត្ន​ដោយ​ភាព​ភ័យ​ស្លន់ ទើប​កើត​គ្រោះ​ថ្នាក់​នេះ​ឡើង។
បច្ចុប្បន្ន លោក​យាយ​អាយុ​៨០ ត្រូវ​បាន​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ចំណែក​ឯ​ម៉ូតូ​និង អ្នក​បើក​បរ​យក​មក​រក្សា​ទុក​​ នៅ​​ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ៕ ដកស្រង់ពី កម្ពុជាថ្មី

No comments:

Post a Comment