Wednesday, November 3, 2010

បើកត្រាក់ទ័រ​ជាន់មីនតោន​ផ្ទុះ​ដាច់​ជា​ពីរ​កំណាត់​ របួសធ្ងន់​​៣​ ស្រាល​១

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ អង្គារ ទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១០
 
ខេត្ត ​បាត់ដំបង ៖ ​មន្ត្រី​នគរបាល​​ស្រុក​ភ្នំ​ព្រឹក​បានរាយការណ៍​ថា យ៉ាង​ហោច​ណាស់​​មនុស្ស​​​៣នាក់ ​​រង​របួស​ធ្ងន់ និង​​ម្នាក់​​​ទៀត​រង​របួស​ស្រាល​​ ដោយ​សារ​បើក​ត្រាក់ទ័រ​​កិន​មីន​តោន ​ដែលគេ​ដាក់ត្រួត​គ្នា​ចំនួន​៣គ្រាប់ សេស​សល់​ពី​​សម័យសង្គ្រាម​​ ហើយ​ផ្ទុះ​​យ៉ាង​កក្រើក​នៅ​ចំណុច​ផ្លូវ​ចាស់ (ផ្លូវ​ក៥) ស្ថិតក្នុង​​ភូមិ​ភ្នំ​​៧ ឃុំ​ចក្រី ស្រុ​ក​ភ្នំព្រឹក ​កាលពីវេលាម៉ោង​២​និង​២០​នាទីរសៀល ថ្ងៃទី​២ វិច្ឆិកា។
មន្ត្រីនគរបាល​ប៉ុស្តិ៍​ចក្រី​ដែល​បាន​ទៅដល់​ចំណុច​​កើ​ត ​ហេតុ លោក​រិត សោភ័ណ្ឌ បាន​ប្រាប់​តាម​​ទូរស័ព្ទ​​ពី​តំបន់​នោះ​មក​ថា ​​ត្រាក់ទ័រ​ម៉ាក​ហ្វត ​បាន​បើក​ជាន់មីន​តោន​ផ្ទុះ​កក្រើក​ទ្រហឹង​ ហើយ​អ្នក​ជិះ​ និង​អ្នក​បើក​បរ​សរុប​ចំនួន​៤នាក់ បាន​ប៉ើង​ខ្ទាត​ទៅ​តាម​ត្រាក់ទ័រ​រង​របួស​ធ្ងន់​ និងស្រាល​។ ​​អ្នក​រង​របួស​​មាន​១-​ឈ្មោះ​ឆេង ធា ភេទប្រុស អាយុ​២៤​ឆ្នាំ ​ជា​ម្ចាស់​ត្រាក់​ទ័រ របួសស្រាល ២-​ឈ្មោះ​​ចិត្ត វីហាក់ ភេទ​ប្រុស អាយុ​២២​​ឆ្នាំ ​រង​របួស​ធ្ងន់ បាក់ជើង​ឆ្វេង និង​​ដៃ​ឆ្វេង ៣-​ឈ្មោះ​​ចូត ខន ភេទ​ប្រុស អាយុ​​២២​​ឆ្នាំ ដាច់​ជើង​ទាំង​២ និង​​ដៃ​ឆ្វេងផង និង​៤-​ឈ្មោះ​អ៊ីន ​ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ អ្នក​បើកបរ​ដាច់ជើង​ឆ្វេង​​ រី​ឯ​ត្រាក់ទ័រ​ដាច់​២កំណត់។
មន្ត្រី​រូប​នេះ​​បាន​បញ្ជាក់​​ថា ត្រាក់ទ័រ​​នេះ បាន​បើក​ចេញ​ពីព្រៃ​តាម​ផ្លូវ​ចាស់ (ផ្លូវ​ក៥) ដែលជា​ផ្លូវ​​​មន្ត្រីស៊ីម៉ាក់​​ដាក់​ស្លាក​សញ្ញា​ហាមឃាត់ ​តែ​ពួកគេ​​មិន​យកចិត្ត​​ទុក​ដាក់​​ ​ចំពោះ​គ្រោះថ្នាក់​ដោយ​សារ​មីននេះ ហ៊ាន​​បើក​ទាំង​ប្រថុយ​ប្រថាន​​​ ទើប​ជួប​គ្រោះ​ថ្នាក់​​​គួរ​ឱ្យ​សោកស្តាយ​។ ​បើ​ពិនិត្យ​​រណ្តៅ​គ្រាប់វិញ គឺមីន​នេះ​អាច​ដាក់​ត្រួត​គ្នា​​ចំនួន​៣គ្រាប់ ​ទើប​បណ្តាល​ឱ្យ​​ត្រាក់ទ័រ​ប៉ើង​ដាច់​ជា​ពីរ​កំណាត់ និង​មនុស្ស​រង​​របួស​​ធ្ងន់ធ្ងរ​បែបនេះ៕ ដកស្រង់ពី កោះសន្តិភាព

No comments:

Post a Comment