Wednesday, October 6, 2010

យន្តហោះ​គ្មាន​មនុស្ស​បើក​សម្លាប់​សកម្មជន​អាល្លឺម៉ង់​៨​នាក់ នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន

មន្រ្តី ​ស៊ើប​ការណ៍​សម្ងាត់​របស់​ប្រទេស​ប៉ាគីស្ថាន បាន​និយាយ​ថា យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​គេ សង្ស័យ​ថា ជា​របស់​អាមេរិក​បាន​វាយ​ប្រហារ និង​សម្លាប់​ពួក​អ្នក​សកម្ម​ប្រយុទ្ធ​ សញ្ជាតិ​អាល្លឺម៉ង់ ៨​នាក់ នៅ ភាគ​ពាយ័ព្យ នៃ​ប្រទេស​ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​ច័ន្ទ។

មន្រ្តី​ទាំង​នោះ​បាន​បន្ត​ថា ពួក​គេ​បាន​ស្លាប់​នៅ​ពេល​ដែល កាំ​ជ្រួច​២​គ្រាប់ ដែល​បាញ់​ចេញ​​ពី​យន្ត​ហោះ​គ្មាន​មនុស្ស​បើក ធ្លាក់​ទៅ​លើ​វិហារ​ឥស្លាម​មួយ​នៅ Mirali ខាង​ជើង​វ៉ាហ្ស៊ីរីស្ថាន។

ការ​វាយ​ប្រហារ​នេះ​​បាន​កើត​មាន​មួយ​ថ្ងៃ បន្ទាប់​ពី​អាមេរិក និង​អង់គ្លេស បាន​ព្រមាន​អំពី​គ្រោះ​ថ្នាក់​កើន​ឡើង ដែល​ការ​វាយ​ប្រហារ​របស់​ភេរវជន​នៅ​អឺរ៉ុប។ មន្រ្តី​សន្ដិសុខ របស់​លោក​ខាង​លិច​បាន​និយាយ កាល​ពី​អាទិត្យ​កន្លង​មក​ថា ពួក​គេ​ជឿ​ថា​ក្រុម​មួយ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ប៉ាគីស្ថាន បាន​ជាប់​ទាក់​ទង​នៅ​ក្នុង​ការ​រួម​គំនិត​ធ្វើ​ការ​វាយ​ប្រហារ​នេះ។

មន្រ្តី​ស៊ើបការណ៍​សម្ងាត់​ប៉ាគីស្ថាន បាន​និយាយ​ថា ពួក​អ្នក​សកម្ម​ប្រយុទ្ធ​នេះ គឺ​ជា​សមាជិក​របស់​ក្រុម មួយ​ដែល​គេ​ហៅ​ថា Jihad Islami។ ពុំ​មាន​ការ​ផ្ទៀង​ផ្ទាត់​បញ្ជាក់​ដោយ​ឯករាជ្យ​នោះ​ទេ ហើយ​ជា​ញឹកញាប់ ពួក​អ្នក​សកម្ម​ប្រយុទ្ធ​បាន​បដិសេធ​​របាយការណ៍​ស្ដីពី​ជោគ​ជ័យ នៃ​ការ​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ពួក​គេ។

លោក​ម៉ូសាម៉េត អាឡាម អ្នក​ស្រុក​នៅ Mirali បាន​ពិពណ៌នា​អំពី​ការ​វាយ​ប្រហារ​ដោយ​យន្ត​ហោះ​គ្មាន មនុស្ស​បើក កាល​ពី​ថ្ងៃ​ច័ន្ទ​ថា «មនុស្ស​ម្នា​បាន​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​វិហារ​អ៊ីស្លាម​នេះ ដើម្បី​សូត្រ​ធម៌ នៅ​ពេល​ដែល​កាំជ្រួច​បាន​ធ្លាក់​ទៅ​លើ​អគារ​នេះ»។ «តំបន់​នោះ​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​ពួក​អ្នក​សកម្ម​ប្រយុទ្ធ និង មិន​បាន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់ ទៅ​កាន់​ទី​នោះ​ឡើយ»។

ក្រសួង​ការ​បរទេស​អាមេរិក បាន​ព្រមាន​ដល់​ពលរដ្ឋ​អាមេរិក ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​​ដំណើរ ទៅ​កាន់​អឺរ៉ុប។ ប្រទេស​អង់គ្លេស បាន​លើក​ឡើង អំពី​ការ​គម្រាម​កំហែង​ខ្ពស់ ដល់​ពលរដ្ឋ​របស់​ខ្លួន​កុំ​ឲ្យ​ធ្វើ ដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​បារាំង៕

No comments:

Post a Comment