មន្រ្តី ស៊ើបការណ៍សម្ងាត់របស់ប្រទេសប៉ាគីស្ថាន បាននិយាយថា យន្តហោះគ្មានមនុស្សបើក ដែលគេ សង្ស័យថា ជារបស់អាមេរិកបានវាយប្រហារ និងសម្លាប់ពួកអ្នកសកម្មប្រយុទ្ធ សញ្ជាតិអាល្លឺម៉ង់ ៨នាក់ នៅ ភាគពាយ័ព្យ នៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃច័ន្ទ។
មន្រ្តីទាំងនោះបានបន្តថា ពួកគេបានស្លាប់នៅពេលដែល កាំជ្រួច២គ្រាប់ ដែលបាញ់ចេញពីយន្តហោះគ្មានមនុស្សបើក ធ្លាក់ទៅលើវិហារឥស្លាមមួយនៅ Mirali ខាងជើងវ៉ាហ្ស៊ីរីស្ថាន។
ការវាយប្រហារនេះបានកើតមានមួយថ្ងៃ បន្ទាប់ពីអាមេរិក និងអង់គ្លេស បានព្រមានអំពីគ្រោះថ្នាក់កើនឡើង ដែលការវាយប្រហាររបស់ភេរវជននៅអឺរ៉ុប។ មន្រ្តីសន្ដិសុខ របស់លោកខាងលិចបាននិយាយ កាលពីអាទិត្យកន្លងមកថា ពួកគេជឿថាក្រុមមួយនៅភាគខាងជើងប្រទេសប៉ាគីស្ថាន បានជាប់ទាក់ទងនៅក្នុងការរួមគំនិតធ្វើការវាយប្រហារនេះ។
មន្រ្តីស៊ើបការណ៍សម្ងាត់ប៉ាគីស្ថាន បាននិយាយថា ពួកអ្នកសកម្មប្រយុទ្ធនេះ គឺជាសមាជិករបស់ក្រុម មួយដែលគេហៅថា Jihad Islami។ ពុំមានការផ្ទៀងផ្ទាត់បញ្ជាក់ដោយឯករាជ្យនោះទេ ហើយជាញឹកញាប់ ពួកអ្នកសកម្មប្រយុទ្ធបានបដិសេធរបាយការណ៍ស្ដីពីជោគជ័យ នៃការធ្វើប្រតិបត្តិការប្រឆាំងនឹងពួកគេ។
លោកម៉ូសាម៉េត អាឡាម អ្នកស្រុកនៅ Mirali បានពិពណ៌នាអំពីការវាយប្រហារដោយយន្តហោះគ្មាន មនុស្សបើក កាលពីថ្ងៃច័ន្ទថា «មនុស្សម្នាបានមកប្រមូលផ្ដុំគ្នានៅក្នុងវិហារអ៊ីស្លាមនេះ ដើម្បីសូត្រធម៌ នៅពេលដែលកាំជ្រួចបានធ្លាក់ទៅលើអគារនេះ»។ «តំបន់នោះត្រូវបានហ៊ុំព័ទ្ធដោយពួកអ្នកសកម្មប្រយុទ្ធ និង មិនបានអនុញ្ញាតឲ្យនរណាម្នាក់ ទៅកាន់ទីនោះឡើយ»។
ក្រសួងការបរទេសអាមេរិក បានព្រមានដល់ពលរដ្ឋអាមេរិក ឲ្យមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ទៅកាន់អឺរ៉ុប។ ប្រទេសអង់គ្លេស បានលើកឡើង អំពីការគម្រាមកំហែងខ្ពស់ ដល់ពលរដ្ឋរបស់ខ្លួនកុំឲ្យធ្វើ ដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ និងប្រទេសបារាំង៕
No comments:
Post a Comment