Wednesday, October 6, 2010

ទ័ព​សៀម​ចាប់​ផ្ដើម​ដក​ទ័ព​ចេញ​ពី​ព្រំដែន​ប្រាសាទ​ព្រះវិហារ

ភ្នំពេញ ៖ ព័ត៌​មាន​ថ្មី​ៗ ដែល​កម្ពុជា​ថ្មី​ទើប​ទទួល​បាន​ពី​មេ​ទ័ព​នៅ​ជួរ​មុខ​ប្រាសាទ​ព្រះវិហារ កាល​ពី​រសៀល​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១០​នេះ បាន​ឲ្យ​ដឹង​ថា ទ័ព​សៀម​មួយ​ចំនួន ត្រូវ​បាន​ដក​ចេញ​ពី​ខ្សែ​ត្រៀម​ជួរ​មុខ នៃ​ប្រាសាទ​ព្រះវិហារ​កាល​ពី​ព្រឹក​ថ្ងៃ​នេះ។
លោក​នាយ​ឧត្ដម​សេនីយ៍ ជា តារា បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​ថា កង​ទ័ព​សៀម​ពិត​ជា​បាន​ដក​ចេញ​ពី​តំបន់​ខ្សែ​ត្រៀម​ជួរ​មុខ​ប្រាសាទ​ ព្រះវិហារ​មែន ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​តួ​លេខ​ពិត​ប្រាកដ​ថា​កង​ទ័ព​សៀម​ដក​ចេញ​ មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ គ្រាន់​​តែ​បញ្ជាក់​ថា ស្ថាន​ភាព​នៅ​ព្រំដែន​កាន់​តែ​ធូរ​ស្រាល​មែន​ទែន បន្ទាប់​ពី​ជំនួប​រវាង​សម្ដេច​តេជោ ហ៊ុន សែន និង​លោក​អាប់ភីស៊ីត​នៅ​ទីក្រុង​ញូវយ៉ក និង​ក្រោយ​មក​ទៀត ជំនួប​នៅ​ទីក្រុង​ប៊្រុចហ្សែល ​ប្រទេស​បែលហ្សិក។
លោក​ជា តារា បាន​បញ្ជាក់​ទៀត​ថា កង​ទ័ព​សៀម​ដែល​ត្រូវ​ដក​ចេញ​ត្រូវ​បាន​បញ្ជាក់​ថា នៅ​តាម​ព្រំ​ដែន ត្រូវ​មាន​សន្តិភាព និង​ស្ថេរភាព​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ដូច​ពេល​មុន​ៗ។
ទោះ​បី​មេ​ទ័ព​ខ្មែរ​លោក ជា​ តារា មិន​បាន​បញ្ជាក់​ពី​តួ​លេខ​ច្បាស់​លាស់​​ថា​ ទ័ព​សៀម​ដក​ចេញ​មាន​ចំនួន​ប៉ុន្មាន​នោះ​ក៏​ដោយ ក៏​ប៉ុន្តែ​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​​ការពារ​ជាតិ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹង​ថា ទ័ព​សៀម​ដក ចេញ​មាន​ប្រមាណ​ជាង​៣០​រថយន្ត​ធំៗ ដែល​​​គេ​បាន​​ឃើញ។ ដូច្នេះ ទ័ព​សៀម​ដែល​នៅ​សេស​សល់ នឹង​ដក ទ័ព​ជា​បន្ត​បន្ទាប់ រហូត​ធ្វើ​ឲ្យ​ស្ថាន​ភាព​ព្រំ​ដែន​ប្រាសាទ​ព្រះវិហារ និង​តំបន់​ជុំវិញ​​​​ឲ្យ​បាន​ប្រសើរ​ឡើង​ដូច​មុន​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨៕

No comments:

Post a Comment