Wednesday, November 3, 2010

ផឹក​ស្រា​ឪពុក​មា​យោធិន​ពិកា​រ​ប៉ះ​សំដី​ជា​មួយ​ក្មួយ​រឿង​ដី​កេរ​កាប់​ចាក់​ស្ទើរ​ស្លាប់

ដោយ ៖ កោះឯករាជ្យ
យោធិន​ពិការ​រង​គ្រោះ
ថ្ងៃ អង្គារ ទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១០
(​រូបថត ​បាវិត​)
យោធិន​ពិការ​រង​គ្រោះ
 
ខេត្តស្វាយ ​រៀង ៖ យោធិន​ពិការ​ម្នាក់​ឈ្មោះ​ខឹម សាវន អាយុ​៤០​ឆ្នាំ នៅ​ភូមិ​អំពិល ឃុំ​អំពិល ​ស្រុក​ព្រះ​ស្តេច ត្រូវ​ក្មួយ​ប្រុស​បង្កើត​វាយ នឹង​ដំបង​ឈើ​ជ្រុង​ប៉ុន​ក.ដៃ​ចំ​កំភួន​ជើង​​ស្តាំ​ធ្លាក់​ពី​លើ​ជណ្តើរ​មក​ ដី ខណៈ​ជន​រង​គ្រោះ​កំពុង​ឡើង​តាម​ជណ្តើរ​ទៅ​លើ​ផ្ទះ។ ក្រោយ​ពី​វាយ​ទំលាក់​ដី​ហើយ ​ក្មួយ​រូប​នោះ ក៏​​វាយ​ថែម​​ជា​ច្រើន​​​ដំបង​​​ទៀត និង​កាប់​ជា​ច្រើន​កាំបិត​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ដួល​ប្រកាច់​ក្នុង​ថ្លុក​ ឈាម​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ តែ​​សំណាង​ល្អ អ្នក​ស្រុក​ជួយ​​សង្គ្រោះ​ទាន់​ពេល។
ទាក់​ទិន​​នឹង​ករណី​ខាង​លើ ជន​រង​​គ្រោះ​បាន​​ប្រាប់​កោះ​សន្តិ​ភាព​ថា កាល​ពី​ថ្ងៃ​ទី​២៩ តុលា វេលា​ម៉ោង​​ប្រមាណ​ជា​៧​យប់​​ជន​រង​គ្រោះ​បាន​មក​ពី​កន្លែង​ស៊ី​ផឹក​ ពេល​កំពុង​ឡើង​​តាម​ជណ្តើរ​បាន​ពីរ​កាំ​ក៏​​ត្រូវ​ក្មួយ​ប្រុស​ឈ្មោះ​ប្រាក់ មាន អាយុ​២២​ឆ្នាំ វាយ​ទំលាក់​ពី​លើ​កាំជណ្តើរ​ រួច​វាយ​ និង​កាប់​ដោយ​កាំបិត​ធ្វើ​ឱ្យ​រូប​គាត់​​រង​របួស​ជា​ច្រើន​កន្លែង បណ្តាល​ឱ្យ​សន្លប់​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោច​អាធ័ម។ បុរស​រង​គ្រោះ​បន្ត​ថា គាត់​ជា​យោធិន​ពិការ​​​នៅ​សមរ​ភូមិ​ កាល​ពី​​ធ្វើ​ជា​ទាហាន​នៅ កង​ពល​លេខ​​២៨៦ ហើយ​​​ត្រូវ​មេ​បញ្ជា​ការ​បញ្ជូន​ទៅ​សម​រភូមិអូ​ព្រាល ខេត្ត​សៀម​រាប កាល​ពី​ឆ្នាំ​១៩៨៨ ហើយ​ក៏​​បាន​រង​របួស​ពិការ​ភ្នែក​ខាង​ស្តាំ និង​កំបុត​ដៃ​ស្តាំ​ម្ខាង​ ​ហើយ​ក៏​ត្រូវ​រំសាយ​នៅឆ្នាំ​១៩៩៣។
ក្មួយ​ប្រុស​​ចិត្ត​ពាល​នោះ​ឈ្មោះ​ប្រាក់ មាន អាយុ​២២​ឆ្នាំ នៅភូមិ​ជា​មួយ​គ្នា​ត្រូវ​ជា​កូន​របស់​បង​ស្រី​​​គាត់​បង្កើត។ តាម​ប្រភព​ពី​​អ្នក​ស្រុក​និយាយ​ថា មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​ទៅ​ផឹក​ស៊ីនៅ​ផ្ទះអ្នក​ស្រុក​​ចុង​ភូមិ​ ក៏​ជួប​នឹង​​ក្មួយ​ប្រុស​បង្កើត​ឈ្មោះ​ប្រាក់ មាន កំពុង​ផឹក​ស៊ី​ក្បែរ​គ្នា​នោះ​ដែរ ក៏​បាន​ប៉ះ​​ពាក្យ​សំដី​គ្នា​រវាង​ឪពុក​មា និង​ក្មួយ​រឿង​ដណ្តើម​​ដី​កេរ​ម្តាយ គឺ​ដី​ស្រែ​១​ហិក​តា​កន្លះ។ ក្រោយ​ពី​ប៉ះ​សំដី​គ្នា​មួយ​ប្រាវ​ ម្ចាស់​ផ្ទះ​បាន​ឃាត់​ជន​រង​គ្រោះ​ឱ្យ​​ដើរ​ចេញ​ពី​កន្លែង​កើត​ហេតុ ​មិន​នឹក​ស្មាន​ថា ក្មួយ​ប្រុស​​​នេះ ដើរ​តាម​មក​ពី​ក្រោយ​រួច​ប៉ង​សំលាប់​ឪពុក​មា ដូច្នេះ​​ទេ។ អ្វី​ដែល​អ្នក​ស្រុក​ហូស​ចិត្ត​នោះ ម្តាយ​មិន​ទាន់​ស្លាប់​ផង​កូនៗ និង​ចៅ​កាប់​សំលាប់​គ្នា​ដណ្តើម​កេរ​​ទៅ​ហើយ ហើយ​​អ្វី​គួរ​ឱ្យ​អាណិត​ទៀត​នោះ គឺ​ជន​រង​គ្រោះ​រស់​នៅ​ម្នាក់​​ឯង។
ក្រោយ​ពី​ធ្លាក់​ខ្លួន​ពិការ​ភ្នែក​ និង​ពិការ​ដៃ​ ត្រូវ​ប្រពន្ធ​សុំ​លែង​លះ ហើយ​បាន​ចុះ​ចោល​ផ្ទះ​ និង​នាំ​កូនៗ​៣​នាក់​ទៅ​​​រស់​នៅ​ជា​មួយ​ឪពុក​ម្តាយ​គេ​វិញ ទុក​ឱ្យ​រូប​​គាត់​ពិការ​រស់​នៅ​ផ្ទះ​ម្នាក់​ឯង រហូត​មក។ រីឯ​ម្តាយ​ចាស់​ជរា​នៅ​ជា​​មួយ​បង​ស្រី ទើប​​ពេល​រូប​គាត់​ត្រូវ​​ក្មួយ​កាប់​​ឱ្យ​រង​របួស​ត្រូវ​បាន​អ្នក​ស្រុក​យក ​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ស្វាយ​រៀង ហើយ​ជន​រង​គ្រោះ​គ្មាន​ប្រាក់​ សូម្បី​តែ​មួយ​សេន​ក៏​គ្មាន​ដែរ៕ដកស្រង់ពីកោះសន្តិភាព

No comments:

Post a Comment