Wednesday, November 3, 2010

ទឹក​ដី​ខេត្ត​ពោធិ៍សាត់ ងាយ​ស្រួល​រក​ស៊ី​ឈើ​ប្រណិត និង​ឈើ​គ្រញូង​ណាស់!

អង្គារ, 02 វិច្ឆិកា 2010 16:08
02-10-2010-j
02-10-2010-k
ពោធិ៍សាត់ ៖ សកម្មភាព​ចរាចរ​បទ​ល្មើស​ឈើ​ប្រណិត និង​ឈើ​គ្រញូង នៃ​ខេត្ត​ពោធិ៍សាត់ ដែល​បាន​​ស្ងប់ស្ងាត់​មួយ​រយៈ​នោះ ឥឡូវ​នេះ​ក្រុម​ឈ្មួញ​នាំ​គ្នា​ដឹក​យ៉ាង​បន្ត​កន្ទុយ​គ្នា ដូច​ហែ​កឋិន​អ៊ីចឹង ដោយ​អ្នក​ដឹក​គឺ​លាន់​ឮ​សម្លេង​គគ្រឹកគគ្រេង​លាន់​ទ្រហឹង​អឹងកង​​ពេញ​ផ្លូវ​ ជាតិ​លេខ​៥ ក្នុង​ពេល​រាត្រី សុទ្ធតែ​ប្រភេទ​រថយន្ត​ធុន​តូច​ក្នុង​១​យប់​ៗ ​មិន​ក្រោម​ពី​២៥ ទៅ​៣០​រថយន្ត​នោះ​ឡើយ។
02-10-2010-iសេចក្ដីរាយការណ៍ បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ឈើ​គ្រញូង​ទាំង​នោះ​ដឹក​ចេញ​ពី​ស្រុក​ភ្នំ​ក្រវាញ ស្រុក​បាកាន និង​ស្រុក​ក្រគរ សំដៅ​មក​ផ្លូវ​ជាតិ​លេខ​៥​​តម្រង់​យក​ទៅ​លក់​នៅ​ភ្នំពេញ ដោយ​មាន​ក្រុម ឈ្មួញ​បាន​សហការ​គ្នា​យ៉ាង​ល្អ​ជាមួយ​សមត្ថកិច្ច​តាម​គោល​ដៅ ចាំ​យក​លុយ​តាម​តូច​តាម​ធំ ចាប់​ពី ១០ ទៅ​២០ ឬ​៣០​ដុល្លារ​ឯ​ណោះ​ក្នុង​១​រថយន្ត។

បើ​តាម​សេចក្ដី​រាយ​ការណ៍ ពី​ស្រុក​បាកាន​ដែល​កម្ពុជា​ថ្មី​ទទួល​បាន​ពី​កម្លាំង​សមត្ថកិច្ច​ថា រយៈ ពេល​ប្រហែល​១​ខែ​នេះ ចរាចរ​ឈើ​គ្រញូង​ពេល​យប់​បាន​ដឹក​យ៉ាង​កង​រំពង តាម​រថយន្ត​ធុន​តូច​យ៉ាង ហោច​ណាស់​ក្នុង​១​យប់​ក៏​១០​គ្រឿង​ដែរ ហើយ​ការ​ដឹក​នេះ គឺ​ចេញ​ពី​ឃុំ​តា​ណេ ដែល​ជា​កន្លែង​ស្ដុក ឈើ​យក​មក​ពី​ស្រុក​វាលវែង ហើយ​ពេល​ខ្លះ​គឺ​គេ​ដឹក​ឆ្លង​ព្រំ​ប្រទល់​ទៅ​ស្ដុក​ទុក​នៅ​ស្រុក​រុក្ខគីរី ខេត្ត បាត់ដំបង ហើយ​ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ​៥ តម្រង់​ទៅ​ភ្នំពេញ។
សេចក្ដីរាយការណ៍ ពី​ស្រុក​ភ្នំ​ក្រវាញ​វិញ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ក្រុម​ឈ្មួញ​មាន​ឈ្មោះ​ ដដែល​ៗ​មិន​​មាន​នរណា​ហ៊ាន​ដឹក​ឈើ​គ្រញូង​នោះ​ទេ ក្រៅ​តែ​ពី​ថ្នាក់​លើ​ៗ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី ខ្មៅ​ដែល​ត្រូវ​ស្វែង​រក​នោះ​ ហើយ​អ្នក​ទាំង​នោះ​ហាក់​ដូច​ជា​មិន​ខ្លាច​ញញើត​ច្បាប់​​ឬ​សមត្ថកិច្ច​​ បន្តិច​​ណា​សោះ​​ឡើយ ថែម​ទាំង​បង្កើន​ការ​ដឹក​ឈើ​ខ្លាំង​ជាង​មុន​ទៀត ចេញ​ពី​ស្រុក​វាលវែង ដែល​ស្ដុក​ទុក នៅ​តំបន់​ព្រែក​១ ព្រែក​២​នោះ។ ​នៅ​ឯ​​ស្រុក​បាកាន​វិញ​ក៏​មិន​ខុស​ពី​ស្រុក​ផ្សេង​ដែរ គឺ​​​​រថយន្ត​​ធុន​​​​តូច មាន​ពេល​ខ្លះ​ចេញ​តាម​ផ្លូវ​ឧកញ៉ា​ឃ្លាំង មឿង និង​ខ្លះ​ទៀត​ចេញ​មក​តាម​ផ្លូវ​បំបែក​លាច តម្រង់​ចូល​ផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ​តែម្ដង។
ចំពោះ​សមត្ថកិច្ច​ជំនាញ​និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​គឺ​ តាម​គោល​ដៅ​នីមួយៗ ចាប់​ពី​កន្លែង​ស្ដុក​ឈើ​លួច​លាក់ រហូត​ដល់​ព្រំដែន​ទឹក​ដី​ខេត្ត​ពោធិ៍សាត់ គឺ​ស៊ី​ចង្វាក់​គ្នា​ល្អ​ណាស់​ឥត​មាន​រលក​ទឹក​នាំ ឲ្យ​កើត​ជា​បញ្ហា​ឡើយ ដោយ​ពួក​អស់​ទាំង​នោះ​ស៊ី​តាម​ជំនាញ​រៀង​ៗ​ខ្លួន គឺ​តូច​ស៊ី​តាម​តូច ធំ​ស៊ី​តាម ធំ។
សេចក្ដី​រាយ​ការណ៍​មួយ​ដែល​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹង​ថា ការ​ដឹក​ឈើ​ល្មើស​ច្បាប់​ប្រភេទ គ្រញូង​ចេញ​ពី​គោល​ដៅ​ស្ដុក គឺ​ក្នុង​មួយ​រថយន្ត​ត្រូវ​បង់​សមត្ថកិច្ច​ទាំងអស់ ដើម្បី​ឆ្លង​ផុត​ពី​ទឹក​ដី​ខេត្ត ពោធិ៍សាត់ អស់​ចំនួន​២០០​ដុល្លារ ហើយ​បើ​ឆ្ពោះ​ទៅ​ដល់​ក្រុង​ភ្នំពេញ គឺ​រថយន្ត​១​តម្លៃ​៧០០​ដុល្លារ គឺ រថយន្ត​តូច​នោះ​ផ្ទុក​ឈើ​ពេញ​ៗ​តែ​ម្ដង។
អ្នក​ផ្ដល់​ព័ត៌មាន​នោះ​ឲ្យ​ដឹង​ទៀត​ថា ការ​ដឹក​ឈើ​គ្រញូង​ឈ្មើស​ច្បាប់​នេះ គឺ​ចែក​ចេញ​ជា​ក្រុម របស់​មេ​ឈ្មួញ​នីមួយៗ ដោយ​នៅ​ខេត្ត​ពោធិ៍សាត់​មាន​៥-៦​ក្រុម ដែល​១​ក្រុម​មាន​រថយន្ត​ចាប់​​ពី​៣​គ្រឿង​ឡើង​ទៅ​សម្រាប់​ដឹក​ឈើ​គ្រញូង។
ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ដឹក​ឈើ​គ្រញូង​នៅ​ខេត្ត​ ពោធិ៍សាត់​នោះ ប្រជាពលរដ្ឋ​បាន​ធ្វើ​ការ​រិះគន់ យ៉ាង​ខ្លាំង ទៅ​លើ​ចំណាត់​ការ​របស់​សមត្ថកិច្ច ដែល​មិន​អើ​ពើ​អ្វី​សោះ​នោះ ប្រហែល​ជា​អាជ្ញាធរ​ខេត្ត ពោធិ៍សាត់​ត្រូវ​មន្ត​អាគម គេ​អស់​ហើយ​មិន​ដឹង។
កម្ពុជា​ថ្មី​កំពុង​តាម​ដាន​អំពី​សកម្មភាព​ក្រុម​ឈ្មួញ ដែល​បាន​ដឹក​ឈើ​យ៉ាង​គគ្រឹកគគ្រេង​មិន​ខ្លាច​នរណា​សោះ​នោះ៕ដកស្រង់ពីកម្ពុជាថ្មី

No comments:

Post a Comment