Friday, November 5, 2010

គេ​យក​ លី ស៊ាវឡុង​ បិទ​លើ​សំបក​ទំនិញ​ព្រាត គ្មាន​ការ​អនុញ្ញាត

101103_b02
រូប ​សំណាក់​​តារា​សម្តែង​ភាព​យន្ត​ហុងកុង​ ប្រ៊ូស លី ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​​លើ​ដង​ផ្លូវ​ Avenue of Stars ក្នុង​ទីក្រុង​ហុងកុង ហើយ​ថ្មីៗ​នេះ នៅ​ប្រទេស​ចិន​ដី​គោក​ រូបថត និង​ឈ្មោះ​របស់​​តារា​សម្តែង​រូប​នេះ ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​លើ​ផលិត​ផល​ព្រោង​ព្រាត។ រូបថត Bloomberg
យោង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី​០៣ វិច្ឆិកា​ថា ក្រុមហ៊ុន​ភាពយន្ត​​ចិន និង​ជន​ជាតិ​ចិន កំពុង​តែ​ប្រើ​ប្រាស់​ឈ្មោះ និង​រូបថត​អតីត​តារា​សម្តែង​ក្បាច់​គុន​ដ៏​ល្បី​ល្បាញ លោក ប្រ៊ូស លី ដោយ​ពុំ​មាន​សិទ្ធិ​អនុញ្ញាត​ពី​ក្រុម​គ្រួសារ​របស់​​តារា​សម្តែង​រូប​នេះ ភ្ជាប់​នៅ​លើ​វត្ថុ​គ្រប់​យ៉ាង​ចាប់​តាំង​ពី​កញ្ចប់​មី រហូតដល់​ច្រាស់​ដុស​ធ្មេញ។
កាសែត​​រដ្ឋ​ចិន បាន​រាយ​ការណ៍​ថា ​ក្រុម​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ Sharon កូន​ស្រី​របស់​តារា​សម្តែង​​ក្បាច់​គុន​​រូប​នេះ បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ និង​ស៊ើប​អង្កេត​នៅ​ទូទាំង​ប្រទេស​ពី​ការ​ប្រើ​ប្រាស់​ឈ្មោះ លី ស៊ាវឡុង ឈ្មោះ​ជា​ភាសា​​ចិន​របស់​​លោក​ ប្រ៊ូស លី ធ្វើ​ជា​ពាណិជ្ជ​សញ្ញា​នៅ​លើ​ផលិត​ផល​ជា​ច្រើន។
នាង Sharon ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​​ដែល​បាន​ថ្លែង​ថា ក្រុម​ហ៊ុន​ចិន​នានា និង​បុគ្គល​ផ្ទាល់​ខ្លួន ក៏​បាន​ប្រើ​ប្រាស់​ផង​ដែរ​នូវ​រូប​ថត​តារា​សម្តែង​ «Enter the Dragon» ដែល​បាន​​ទទួល​មរណភាព​​ដោយសារ​​ស្ទះ​ឈាម​​ក្នុង​ខួរ​ក្បាល នៅ​ពេល​អាជីព​របស់​គាត់​​បាន​ឡើង​ដល់​កំពូល​នៅ​ឆ្នាំ​១៩៧៣ ក្នុង​​អាយុ ៣២​ឆ្នាំ។
សេចក្តី​រាយការណ៍​មួយ​នៅ​ក្នុង​កាសែត​ Southern Daily បាន​និយាយ​ថា នាង Sharon បាន​ជួប​ពិភាក្សា​ជា​មួយ​ក្រុម​មន្ត្រី​នៅ​ក្នុង​​ទីក្រុង​ស៊ុនដេ ក្នុង​ខេត្ត​ក្វាងទុង ភាគ​ខាង​ត្បូង​ប្រទេស​ចិន ជា​ទី​កន្លែង​កំណើត​​នៃ​បុព្វ​បុរស​កំពូល​តារា​សម្បែង​ក្បាច់​គុន ប្រ៊ូស លី។
ទីក្រុង​នេះ បាន​សាង​ទុក​នូវ​​សួន​អនុស្សាវរីយ៍ដ៏​ធំ​​មួយ​ ហៅ​ថា «ឋាន​សួគ៌​លី ស៊ាវឡុង» ដើម្បី​ឧទ្ទិស​ដល់​វីរភាព​ ជីវិត​រស់​នៅ និង​អាជីព​សម្តែង​របស់​លោក​ លី ស៊ាវឡុង ។
សេចក្តី​រាយការណ៍ បាន​និយាយ​បន្ត​ថា កូន​ស្រី​របស់​លោក លី កំពុង​តែ​ស្វែង​រក​ជំនួយ​ពី​រដ្ឋាភិបាល​ក្នុង​តំបន់ ឲ្យ​ប្រគល់​ត្រឡប់​មក​ឲ្យ​ក្រុម​គ្រួសារ និង​មូលនិធិ​លោក ប្រ៊ូស លី វិញ ​នូវ​ពាណិជ្ជ​សញ្ញា​​គ្មាន​ការ​អនុញ្ញាត​នោះ ដើម្បី​ថែ​រក្សា​ភាព​ស្រប​ច្បាប់​របស់​អតីត​តារា​សម្តែង​ហុងកុង​រូប​នេះ។ ការ​អំពាវ​នាវ​របស់​កូន​ស្រី​​លោក លី ​ទៅ​ដល់​​រដ្ឋាភិបាល​ក្នុង​ទីក្រុង​​ស៊ុនដេ និង​អាជ្ញាធរ​សុវត្ថិភាព​ទីផ្សារ​ មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ទេ​នៅ​ថ្ងៃ​ពុធ ទី​០៣​ វិច្ឆិកា។
យោង​តាម​ កាសែត China Daily បាន​ឲ្យ​ដឹង​ថា រដ្ឋ​បាល​​ចិន​​​សម្រាប់​​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ដែល​ទទួល​បន្ទុក​ការពារ​ពាណិជ្ជ​សញ្ញា ថ្មីៗ​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ឈ្មោះ​របស់​អតីត​តារា​សម្តែង​ក្បាច់​គុន ទាំង​ភាសា​ចិន និង​ភាសា​អង់គ្លេស គឺ​ជា​កម្មសិទ្ធិ​របស់​ទាយាទ​លោក លី។
កាសែត ​ China Daily បាន​និយាយ​បន្ត​ថា ទីភ្នាក់ងារ​រដ្ឋ​ដដែល​នេះ បាន​បញ្ជា​ថា ការ​ដាក់​ពាក្យ​ស្នើ​សុំ​ដទៃ​ទៀត​ដើម្បី​ប្រើ​ប្រាស់​ឈ្មោះ​លោក លី ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ដំណើរ​ការ​ នឹង​ត្រូវ​បាន​គេ​ច្រាន​ចោល។
ច្បាប់ ​កម្មសិទ្ធិ​បញ្ញា​ មិន​ត្រូវ​បាន​គេ​គោរព​ឡើយ​នៅ​ក្នុង​ប្រទេស​ចិន ដែល​ជា​ប្រទេស​​​មាន​ទីផ្សារ​​លួច​ចម្លង និង​ក្លែង​​បន្លំ​ធំ​បំផុត​នៅ​លើ​ពិភព​លោក។
ក្រុម​ប្រឹក្សា​រដ្ឋ​របស់ ​ប្រទេស​ចិន ឬ​គណៈ​រដ្ឋ​មន្ត្រី បាន​ប្រកាស​កាល​ពី​ខែ​មុន​ថា ខ្លួន​នឹង​ចាប់​ផ្តើម​នូវ​ការ​បង្រ្កាប​រយៈ​ពេល ៦​ខែ​មួយ ទៅ​លើ​ការ​​បទ​ឧក្រិដ្ឋ​លួច​ចម្លង​កម្មសិទ្ធិ​បញ្ញា ដែល​ចិន​និយាយ​ថា វា​បាន​រំខាន​ដល់​សណ្តាប់​ទូទៅ​របស់​ទីផ្សារ​​…និង​ធ្វើ​ឲ្យ​គេ​ឈ្មោះ​ ប្រទេស​ចិន​អាក្រក់​នៅ​ឯ​បរទេស៕ ប្រែ​សម្រួល ឌិត សុខធី

No comments:

Post a Comment