Monday, October 11, 2010

ព្យុះ​នៅ​ក្រុង​ព្រះសីហនុ​បាត់​ខ្លួន​មនុស្ស​១៦​ នាក់ និង​ពលរដ្ឋ​នៅ​តាម​ឆ្នេរ​ត្រូវ​បាន​ជម្លៀស

ច័ន្ទ, 11 តុលា 2010 10:07
ព្រះសីហនុ ៖ ព្យុះ​កំណាច​មួយ ដែល​គេ​មិន​ស្គាល់​ឈ្មោះ បាន​បោក​បក់​ទៅ​លើ​ក្រុង​ព្រះ សីហនុ​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា​ ឆ្នាំ​២០១០ បណ្ដាល​ឲ្យ​បាត់​ខ្លួន​មនុស្ស​១៦​នាក់ និង​មនុស្ស​នៅ​តាម ឆ្នេរ​សមុទ្រ​ត្រូវ​បាន​ជម្លៀស​ចេញ។

លោក​ស្បោង សារ៉ាត់ អភិបាល​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​កម្ពុជា​ថ្មី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​តុលា​​ ឆ្នាំ​២០១០​​នេះ​​ថា កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា​ ពិតជា​មាន​ព្យុះ​កំណាច​យ៉ាង​ខ្លាំង​បោក​បក់​មក​លើ​ក្រុង​ព្រះសីហនុ មិន​គួរ​ឲ្យ​ជឿ​មែន មុន​ដំបូង​យើង​នឹក​ស្មាន​ថា ជា​ព្យុះ​សូណាមិ ដែល​ធ្លាប់​កើត​ឡើង​នៅ​ប្រទេស​របស់​គេ ប៉ុន្តែ​ព្យុះ​នៅ​ពេល​នេះ​ដែល​មិន​ត្រូវ​បាន​ប្រាប់​ឲ្យ​ដឹង​មុន​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ទាំង​មូល។ លោក​បន្ត​ថា យើង​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ចំនួន​មនុស្ស​ពិត​ប្រាកដ​ដែល​ត្រូវ​បាន​បាត់ ​ខ្លួន​នៅ​ឡើយ​ទេ តែ​លោក​បាន​ដឹង​ថា​ទូក​ទេសចរ​មួយ​បាន​លិច​ក្បែរ​កោះ​ត្រេះ ដោយ​សារ​ព្យុះ​នេះ តែ​មនុស្ស​ត្រូវ​បាន​ជួយ​សង្រ្គោះ​ទាន់។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា មាន​មនុស្ស​ចំនួន​១៦​នាក់ បាន​បាត់​ខ្លួន​នៅ​ឡើយ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ជន​ជាតិ​វៀតណាម ដែល​ស្ទូច​មឹក នៅ​កណ្ដាល​សមុទ្រ។ ជន​ជាតិ​វៀតណាម​ម្នាក់ ក្នុង​ចំណោម​១៦​នាក់​ត្រូវ​បាន​រក​ឃើញ ដោយ​សារ​តោង​កញ្ច្រែង​អណ្ដែត​មក​​ទើរ​នៅ​ចំណុច​ឆ្នេរ​អូរ​ឈើ​ទាល ឥឡូវ​ត្រូវ​បាន​ជួយ​សង្រ្គោះ​នៅ​មនី្ទរ​ពេទ្យ​ក្រុង ព្រះ​សីហនុ។ ជន​ជាតិ​វៀត​ណាម​ម្នាក់​នេះ ឈ្មោះ​ចាង ធុងកាំង ភេទប្រុស អាយុ​៣៩​ឆ្នាំ មាន​ស្រុក កំណើត​នៅ​ខេត្ត​កៀងយ៉ាង។

មក​ដល់​ពេល​នេះ​អាកាស​ធាតុ​នៅ​មាត់​សមុទ្រ នៅ​តែ​មាន​ខ្យល់​បក់​និង​រលក​ធំ​ៗ ភ្លៀង​នៅ​តែ បន្ត​ធា្លក់ ហើយ​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ឆ្នេរ​ត្រូវ​បាន​គេ​ជម្លៀស​ចេញ។

ប្រជាពលរដ្ឋ​ក្រុង​ព្រះសីហនុ បាន​ស្ដី​បន្ទោស​ក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិយម ដែល​មិន​បាន ជូន​ដំណឹង​ដល់​ពលរដ្ឋ​ជា​មុន៕

No comments:

Post a Comment