Thursday, November 4, 2010

ប្រធាន​រដ្ឋ​សភា​ចិន​ដឹកនាំ​គណៈ​ប្រតិ​ភូ​​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​​៤ថ្ងៃ​នៅ​កម្ពុជា

លោក​វ៉ូប៉ាន​គូ ប្រធាន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជាតិចិន

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ពុធ ទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១០
(រូបថត ស.សុខុម)
លោក​វ៉ូប៉ាន​គូ ប្រធាន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជាតិចិន
 
រាជធានីភ្នំពេញ ៖ លោក​វ៉ូប៉ាន​គូ ប្រធាន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជាតិចិន និង​លោក​ជំទាវ Zhang Ruizhen បានដឹកនាំ​គណៈ​ប្រតិភូ​សភា​​ចិន​មក​​​ដល់​ព្រលាន​​យន្តហោះ​​អន្តរជាតិ​ ភ្នំពេញ កាល​ពី​វេលា​ម៉ោង​៣​​រសៀល​ថ្ងៃទី​​៣ វិច្ឆិកា ​​២០១០ ក្នុងដំណើរ​​បំពេញ​ទស្សន​កិច្ច​​ផ្លូវរដ្ឋ​ចំនួន​៤​ថ្ងៃ​ចាប់​ពី​ថ្ងៃទី​៣ ដល់ថ្ងៃ​ទី​៦ វិច្ឆិកា ២០១០ ដោយ​​មានការ​ទទួលស្វាគមន៍​ពី សំណាក់​លោក​ងួន ញ៉ិល អនុ​ប្រធាន​ទី​១​រដ្ឋ​សភា ​​និង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ជា​ច្រើន​រូប។
យោង​តាម​កម្មវិធី លោក​វ៉ូ​ប៉ាន​គូ និង​លោក​ជំទាវ Zhang Ruizhen ​នឹង​អញ្ជើញ​ទៅទស្សន​កិច្ច​ព្រះបរមរាជ​វាំង​នាវេលាម៉ោង​៥​ល្ងាច​ថ្ងៃ​​ដដែល​ នេះ។ ​ថ្ងៃទី​៤ វិច្ឆិកា ២០១០ លោកវ៉ូ​ប៉ាន​គូ និង​លោក​ជំទាវ Zhang Ruizhen នឹង​ចូល​ជួប​សំដែង​ការ​គួរ​សម​​ជាមួយសម្តេច​ហេង សំរិន និង​​លោកជំទាវ​ និង​បន្ទាប់​មក​​ដឹកនាំ​ប្រតិ​ភូ​ ជួប​ពិភាក្សា​​ការងារ​ជា​ផ្លូវការ​​ជាមួយ​សម្តេច​ហេង សំរិន​ និង​សមាជិក​សភា ។
លោក​វ៉ូប៉ានគូ និង​លោកជំទាវ Zhang Ruizhen ​​ចូល​ជួប​​សវនាការ​​ជាមួយ​សម្តេច​ជា​ ស៊ីម ​ប្រធានព្រឹទ្ធ​សភា​ និង​បន្ទាប់មក​​ចូល​គាល់ព្រះ​មហា​ក្សត្រ​ សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី និង​ជួប​ពិភាក្សា​ការងារ​​មួយ​ចំនួន​​ជាមួយសម្តេច​​តេជោ​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន នៅ​​វិមាន​សន្តិភាព ទីស្តីការ​នាយក​​រដ្ឋ​មន្ត្រី រួចហើយ បន្ត​ចូលរួម​ពិធីចុះ​ហត្ថ​លេខា​លើ​គំរោង​​ពាណិជ្ជ​កម្ម​រវាង​ប្រទេសទាំង​២​ កម្ពុជា-ចិន៕

LEXUS-470 ហោះឡើងទុំលើរបាំងចែកផ្លូវ

ដោយ ៖ កោះឯករាជ្យ

រថយន្ត​មួយគ្រឿងបាន​បើក​បុក​របាំង​ថ្ម​នៅ​លើ​កំណាត់​មហាវិថីព្រះ​​​មុនីវង្ស​
ថ្ងៃ ពុធ ទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១០
(​រូបថត ជោគជ័យ)
រថយន្ត​មួយគ្រឿងបាន​បើក​បុក​របាំង​ថ្ម​នៅ​លើ​កំណាត់​មហាវិថីព្រះ​​​មុនីវង្ស​
 
រាជធានីភ្នំពេញ ៖ រថយន្ត​មួយគ្រឿង​ម៉ាក​ឡិចស៊ីស៤៧០ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-9888 ​បើកបរ​ដោយ​ជន​មិន​ស្គាល់​​អត្ត​សញ្ញាណ ​បាន​បើក​បុក​របាំង​ថ្ម​នៅ​លើ​កំណាត់​មហាវិថីព្រះ​​​មុនីវង្ស​ ស្ថិត​ក្នុង​ភូមិសាស្ត្រ​​ខណ្ឌ​ចំការ​មន បណ្តាល​ឱ្យជាប់របាំង​ទ្រូង​ផ្លូវ​បើក​ចុះ​លែង​រួច​។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​១២​និង​៣០នាទី​រំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី​៣ តុលា ឆ្នាំ២០១០។​ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ ពុំ​បណ្តាល​ឱ្យ​មាន​មនុស្ស​ណាម្នាក់​ទទួល​រង​គ្រោះ​ថ្នាក់​អ្វីឡើយ។ ទោះជាយ៉ាងនេះក្តី អ្នក​បើកបរ​រថយន្ត​បាន​ព្យាយាម​បើក​​រថយន្ត​ដែលជាប់​លើទ្រូង​ផ្លូវ​នោះ​ ក្នុង​បំណង​រត់​គេច​ពីការ​ទទួល​ខុស​ត្រូវ​លើ​សំណង​ទ្រព្យ​សម្បត្តិ​សាធារណៈ​ ប៉ុន្តែ​ដោយ​សារ​បើកបររថយន្ត​ចុះពី​លើ​របាំង​ចែក​ផ្លូវ​ពុំរួច​ក៏​បាន​ ទូរស័ព្ទ​ហៅ​មិត្តភក្តិ​សុទ្ធ​សឹង​ជា​មនុស្ស​ជិះ​រថយន្ត​ទំនើប​ៗ​ប្រមាណ​១០​ គ្រឿងមក​ជួយ​​​លើក​រថយន្ត​ខាង​លើ​ពីលើ​ទ្រូងផ្លូវ​។ ប៉ុន្តែ​ដោយ​សារ​លើក​ពុំរួច​ទើប​សុខចិត្ត​ប្រគល់​រថយន្ត​ឱ្យ​សមត្ថកិច្ច​​ ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយា​ល័យ​​ចរាចរណ៍​ផ្លូវគោក​នៃស្នងការ​​ដ្ឋាន​ នគរបាល​​រាជធានីភ្នំពេញ​។
តាម​ប្រភព​ព័ត៌​មាន​នៅ​កន្លែង​កើត​ហេតុ​​បាន​ ​ឱ្យដឹង​ថា មុនពេល​កើត​ហេតុ​ អ្នក​បើក​បរ​រថយន្ត​ខាងលើ​​បាន​បើកបរ​ធ្វើ​ដំណើរ​លើ​កំណាត់​​ មហាវិថីព្រះមុនីវង្ស​ ក្នុង​ទិស​ដៅ​ពីជើង​ទៅ​ត្បូង​​លុះ​ដល់​ចំណុច​កើត​ហេតុ​ក៏ជ្រុល​ចង្កូត​បើក​ ឡើង​លើ​របាំង​ចែក​ផ្លូវ​​​ជាប់​​ទៅ​មុខ​លេង​រួច។ នៅ​កន្លែង​​កើត​ហេតុ​គេ​សង្កេត​ឃើញ​ម្ចាស់​រថយន្ត​ខាង​លើ​និង​បក្សពួក​មាន​ ចរិត​ក្រអឺត​ក្រទម ​និង​កំញើញ​អាវុធ​ខ្លី​នៅ​ជាប់​ខ្លួន​ផ្គើន​សមត្ថ​កិច្ច​យ៉ាង​ខ្លាំង​បំផុត។ ជាង​នេះ​ទៅ​ទៀត​ក្រុម​ម្ចាស់​រថយន្ត​ប្រើ​ពាក្យ​សំដី​​គំរោះ​គំរើយ​គំរាម​រក ​មុខ​អ្នក​កាសែត​ចុះយក​ព័ត៌​មាន​ជុំវិញ​ទិដ្ឋភាព​កើត​ហេតុ​ខាង​លើ​នេះផង​​។ ដោយ​​គោរព​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ និង​សេចក្តី​ថ្លៃថ្នូរ ក្នុង​សង្គម​ អ្នកយក​ព័ត៌​មាន​​កោះ​សន្តិភាព​មួយ​រូប​បាន​ព្យាយាម​ដើរ​ចេញពី​ហ្វូង​មនុស្ស ​ប្រមឹកដែល​​ដើរ​ពេល​យប​់ខាង​លើ​ដោយ​ពុំ​តបត​អ្វី​ឡើយ។
មានការ​លើក​ឡើង​ថា អំពើ​មិនទទួល​ខុស​ត្រូវ​រាល់​ផលប៉ះពាល់​ទ្រព្យ​សម្បត្តិ​សាធារណៈ​ក៏ដូចជា​ ការ​បង្ក​ឱ្យ​បាត់​បង់​នូវ​សន្តិសុខ​ សណ្តាប់​ធ្នាប់​ជាទូទៅ​នៅ​ក្នុង​សង្គម​គឺជា​ការ​ប្រមាថធ្ងន់​ធ្ងរ​ដល់​ ច្បាប់​ទម្លាប់នានារបស់​សង្គម​ជាតិ​ដែល​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្រោម​ការ​ ដឹកនាំ​ដ៏ឈ្លាសវៃ​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​កំពុង​បាន​ពង្រឹង ​ពិសេស​គឺបញ្ហា​ជនទំនើង​ទាំងឡាយ​ដែល​តែងតែ​បង្ក​ឱ្យ​មាន​ការភ័យ​ខ្លាច​ដល់​ ការ​រស់​នៅរបស់​ប្រជា​ពលរដ្ឋ​ទូទៅ៕

Wednesday, November 3, 2010

រថយន្ត​ធុនធ្ងន់​ដឹកឈើ​លើស​ទំងន់​កំណត់​ត្រូវ​បាន​ចាប់​ឃាត់​ផាក​ពិន័យ

រថយន្តដែលត្រូវអាជ្ញាធរចាប់ផាក់ពិន័យ(ប្រុសកោះ)
ថ្ងៃ អង្គារ ទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១០
រូបភាព កោះសន្តិភាព
ខេត្ត ​ស្ទឹង​ត្រែង ៖ ​រថយន្ត​​​ធុន​ធ្ងន់ ដឹក​លើស​ទំងន់​ ​ដែល​បើក​បរ​​ឆ្លង​កាត់​ផ្លូវជាតិ​លេខ​៧ ពី​ខេត្ត​ស្ទឹង​ត្រែង​ ទៅ​ខេត្ត​ក្រចេះ ​គឺ​ជា​មូល​ហេតុ​មួយ​ធ្វើ​ឱ្យ​ខូច​ខាត​ផ្លូវជា​សម្បត្តិ​ដ៏មហាសាល​របស់​ ប្រជា​ជាតិ​ខ្មែរ ដែល​បាន​បើក​សម្ពោធ​ឱ្យ​ប្រើ​​ប្រាស់​ដោយ​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា កាលពី​​ខែ​មេសា ឆ្នាំ​២០០៨ កន្ល​ង​ទៅ​ ។​
ថ្វីដ្បិត​មន្ទីរសាធារណ​ការ និង​ដឹកជញ្ជូន ដាក់​ជញ្ជីង​ថ្លឹង​រថយន្ត​​ដឹក​លើស​ទំងន់ និង​មាន​ប៉ូលិស​ចរា​ចរ​ដាក់​កុង​ត្រូល​ត្រួតពិនិត្យ​​លើ​ផ្លូវ​ជាតិ​លេខ​៧ ​នៅ​ចំណុចអូរ​ពង​មាន់ យ៉ាង​ណា​ក៏​ដោយ ក៏​រថ​យន្ត​ប្រភេទ​យីឌុប​ធំៗ ដឹក​លើស​ទំងន់​នៅ​តែ​ធ្វើចរា​ចរណ៍​ឆ្លង​កាត់​​គ្មាន​ញញើត​សមត្ថ​កិច្ច​សោះ ​តែ​ទោះ​យ៉ាង​ណា សមត្ថ​កិច្ច​នៅតែ​ឃាត់ និង​ធ្វើ​ការ​ផាក​ពិន័យ​​បាន​ជា​បន្ត​បន្ទាប់​ ។​ ជាក់ស្តែង​កាល​ពីវេលាម៉ោង​១២​និង​៣០​នាទី​​យប់​​ថ្ងៃ​ទី​១ វិច្ឆិកា សមត្ថ​កិច្ច​បានចាប់​ឃាត់​​រថយន្ត​ធុនធំ ដឹក​ឈើ​របស់​ក្រុមហ៊ុន​ហេង ប្រា​ដឺ ចេញពីខេត្ត​រតន​គិរី ចំនួន​៥​គ្រឿង ដែល​បាន​ដឹក​លើស​ទំងន់ កំណត់ ។​
លោកប្រាក់ ​ សោភ័ណ ប្រធាន​ក្រុម​ត្រួត​ពិនិត្យ​​ផ្លូវជាតិលេខ​៧ និង​ផ្លូវជាតិ​លេខ​៧៨​ ចំណុច​អូរពង​មាន់ បាន​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ចាប់​ឃាត់​រថយន្ត​ទាំង​នោះ​គឺ​ដោយសារ​តែ​ពួក​គេ​បានដឹកឈើ​លើស​ ទំងន់ ដែល​​បាន​កំណត់​ ចេញ​ពី​ខេត្ត​រតន​គិរី តាមផ្លូវជាតិ​លេខ​៨ និង​បន្ត​​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៧ ឆ្ពោះទៅ​កន្លែង​
ផ្សេង ។ ចំពោះ​រថយន្តដែល​បាន​ចាប់​​ឃាត់​នោះ​មាន ១-​​រថយន្តប្រភេទ​យីឌុប​ ម៉ាកហ្វុ៊យហ្សូ​ពាក់ស្លាក​លេខ​ ព្រះសីហនុ 3A-0476 លើស​ទំងន់​ជាង​៩​តោន, ​២​-រថយន្ត​ប្រភេទ​យីឌុប ម៉ាក​ហ៊ីណូ ពាក់ស្លាកលេខ យ-១៥២៣ ភព៣ លើស​​​ទំងន់​៣តោន,​ ​​៣-​​រថយន្ត​ប្រភេទ​ផ្លូវ​២ ពាក់ស្លាក​លេខ ស្វាយរៀង 3A-0344 លើស​ទំងន់​​៨តោន, ៤-​រថយន្តប្រភេទ​ផ្លូវ​២ ពាក់​ស្លាក​លេខ ព្រៃ​វែង 3A-0178 លើស​ទំងន់​៩តោន និង​​៥-​រថយន្ត​ប្រភេទ​ផ្លូវ​៣ ពាក់ស្លាក​លេខ​ ស្វាយ​រៀង 3A-0508 លើសទំងន់​ជាង​៩តោន ។ លោក​បាន​បន្ត​ថា ចំពោះ​រថយន្ត​ទាំង​នោះ​គឺ​បាន​ណែនាំ​ឱ្យបង់​ប្រាក់​ផាក​ពិន័យ ក្នុង​១តោន​៣០​ម៉ឺនរៀល ​និង​ឱ្យ​រើឈើ​ចេញ ទុកត្រឹមតែ​កំរិត​ទំងន់​ដែលច្បាប់​បាន​អនុញ្ញាត ។​
ដោយឡែក​ ខាង​ក្រុម​​ហ៊ុន​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ឱ្យ​ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ថា ខ្លួនបាន​សុំ​ចរចា​ចំពោះ​ការ​​ផាក​ពិន័យ​នេះ ដោយ​ឱ្យ​ក្រុម​ហ៊ុន​​មក​ដោះស្រាយ​វិញ តែសុំ​មិន​រើ​ឈើចេញ ​ព្រោះ​​ខ្លាច​ខុស​​ទៅនឹង​បែប​បទ​ដឹក​ជញ្ជូន ហើយ​ម្យ៉ាង​ទៀត ឈើ​ក្នុង​មួយ​រថយន្ត​មាន​១១ម៉ែត្រ​គូប ទំងន់​ជាង​១១តោន​ប៉ុណ្ណោះ ម្តេច​ក៏​ថ្លឹង​ទៅ​​​​លើស​ទំងន់​ច្រើន​ម៉្លេះ? ដកស្រង់ពី កោះសន្តិភាព

ជិះ​ម៉ូតូ​ឆក់​យក​ទូរស័ព្ទ​កញ្ចាស់​​​​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​ចាប់ខ្លួន


    ប៉ូលិសបង្ហាញមុខចោរឆក់ទូរស័ព្ទ (ប្រុសកោះ)
    ថ្ងៃ អង្គារ ទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១០
    រូបភាព កោះសន្តិភាព
    ប៉ូលិសបង្ហាញមុខចោរឆក់ទូរស័ព្ទ
     
    រាជធានីភ្នំពេញ ៖ ជនសង្ស័យ​​​២នាក់ ត្រូវ​​​សមត្ថកិច្ច​ខណ្ឌ​សែនសុខ​ចាប់​ឃាត់ខ្លួន​ កាល​ពី​វេលា​ម៉ោង​៨​និង​៣០នាទី​យប់ថ្ងៃទី​១ វិច្ឆិកា ​នៅ​ចំណុច​ភ្លើង​​ស្តុប​ណត​ប្រ៊ីដ​ ក្នុងសង្កាត់ទឹក​ថ្លា ខណ្ឌ​សែន​សុខ បន្ទាប់​ពីជននោះ​ជិះ​ម៉ូតូ​ម៉ាក SL ពណ៌ខ្មៅ មានស្លាក​លេខ ភ្នំពេញ 1X-6416 ធ្វើ​ស​កម្ម​ភាព​ឆក់ទូរស័ព្ទ ម៉ាកណូ​គៀរកញ្ចាស់​ ស៊េរី​១២១០ ​មួយគ្រឿង ពីនិស្សិត​ស្រី​ម្នាក់ ដែល​ជិះ​ម៉ូតូ​និយាយ​ទូរស័ព្ទ​នៅ​តាម​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ​មុខ​សាលាកូរ៉េ ហើយ​ជិះ​ម៉ូតូ​​គេច​ខ្លួន​ជួបគ្រោះ​ថ្នាក់​ចរាចរណ៍ ។
    ជនសង្ស័យ ​ដែលត្រូវ​ចាប់ខ្លួន​ ១-​ឈ្មោះ​មាស ដេវីដ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ ​ត្រូវ​ចាប់ខ្លួន​បានភ្លាមៗ​បន្ទាប់ពីគ្រោះថ្នាក់​ចរា​ចរណ៍​ ២-​ឈ្មោះ​​ភិន សុធា ភេទប្រុស អាយុ​២៥​ឆ្នាំ ជា​កម្មករ​សំណង់ មានទីលំនៅ​ភូមិ​​ប៉ប្រក​ខាងត្បូង សង្កាត់​កាកាប ខណ្ឌ​ដង្កោ បាន​គេច​ខ្លួន​​បាត់​រយៈ​ពេលជាង​៥ម៉ោង​ ទើបសមត្ថ​កិច្ច​​ស្រាវជ្រាវ​ចាប់បាន​វិញ​។​ តាម​មន្ត្រីប៉ូលិស​ខណ្ឌ​​សែនសុខ​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​​​២នាក់នេះ​ ត្រូវ​កំលាំង​ប៉ូលិស​ល្បាត​រួមទាំង​ប៉ូលិស​ចរាចរ​​ដែលឈរ​ជើង​ចំណុច​ភ្លើង​​ ស្តុប​ណត​ប្រ៊ីដ ចាប់​ខ្លួន​ បន្ទាប់ពី​ធ្វើស​កម្ម​ភាព​ឆក់​ទូរស័ព្ទ​មួយគ្រឿង ពី​​​និស្សិត​​​ស្រីមា្នក់​ដែលជិះ​ម៉ូតូនិយាយ​ទូរស័ព្ទ ។
    ពេល​​ឆក់​បាន ​សំរេច​ ជន​សង្ស័យ​បានជិះ​ម៉ូតូ​គេ​ចខ្លួន​ ហើយ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ចំណុច​​​ភ្លើងស្តុប ដែល​ជា​ហេតុធ្វើ​ឱ្យ​ប៉ូលិស​ចាប់ខ្លួន​បាន​ភ្លាមៗ​ម្នាក់គឺ​​ឈ្មោះ​មាស ដេវីដ ហើយ​ជាង​៥ម៉ោង​ក្រោយ​មក​ក៏ឈានទៅ​ចាប់​ខ្លួន​បាន​ម្នាក់ទៀត ខណៈ​កំពុង​ផឹកស៊ី​នៅផ្ទះ​ជួល៕ ដកស្រង់ពី កោះសន្តិភាព

    នគរ​បាល​ប៉ុសិ៍្ត​​ផ្សារ​ថ្មី​ទី3​ឃាត់​ខ្លួន​ចោរ​លួច​ម៉ូតូ​ម្នាក់

    ថ្ងៃ អង្គារ ទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១០ជនលួចម៉ូតូដែលត្រូវប៉ូលិសឃាត់ខ្លួន
    ជនលួចម៉ូតូដែលត្រូវប៉ូលិសឃាត់ខ្លួនរាជ ​ធានីភ្នំពេញ ៖ កំលាំង​នគរបាល​ប៉ុសិ៍្ត​​រដ្ឋ​​បាលផ្សារ​ថ្មី​ទី៣ សហការ​ជាមួយ​ប្រជា​ពល​រដ្ឋ​​បាន​ឃាត់​ខ្លួនបុរស​ជនជាតិ​វៀត​ណាម​​ម្នាក់​ នៅចំណុច​​​ច្រក​ឌឿង​ហែម​កាំជណ្តើរ​ផ្ទះ​លេខ​៤៨​Eoផ្លូវ​​​លេខ​១៧៤ ភូមិ​១៣ សង្កាត់​ផ្សារ​ថ្មីទី​៣ ខណ្ឌ​ដូនពេញ​វេលា​ម៉ោង​១២ និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃទី១ វិច្ឆិកា​ ២០១០ ​ខណៈ​ពេល​ជន​នោះ​ធ្វើ​សកម្ម​ភាព​​កាច់​សោ.កម៉ូតូ​ម៉ាក​អាយ​ខន​បំរុង​ជិះ​គេច ​ខ្លួន ។
    ជនសង្ស័យ​លួច​ម៉ូតូ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ឈ្មោះ​ង្វៀង​​ វុំងហុង ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​មុខ​របរ​ជាង​​លាប​ថ្នាំ ស្នាក់​នៅ​ផ្ទះ​​ជួល ក្រោយ​អតីត​រោង​ភាព​យន្ត​គិរី​រម្យ ផ្លូវ​លេខ​២៨៨ សង្កាត់បឹងកេងក​ងទី២ ខណ្ឌចំការមន ។
    យោង​តាម​ពាក្យ​បណ្តឹង​​ម្ចាស់ម៉ូតូ​ឈ្មោះ​ឃុន ភ័ក្ត្រា ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​៤៨E1 ផ្លូវលេខ​១៧៤​ ភូមិ​១៣ សង្កាត់​ផ្សារ​ថ្មីទី ៣ ខណ្ឌ​ដូនពេញ​ ឱ្យ​នគរ​បាល​ប៉ុសិ៍្ត​រដ្ឋ​បាលផ្សារ​ថ្មីទី៣ដឹង​ថា មុន​ពេល​កើត​ហេតុ​ខ្លួនបានចត
    ម៉ូតូ​ម៉ាកអាយខន ពណ៌​ក្រហម​​ ពាក់ស្លាក​លេខ​ភ្នំពេញ​1H-7505 ទុកនៅ​ច្រកឌឿង​ហែមកាំ​ជណ្តើរ​ផ្ទះលេខ៤៨Eo រួចឡើងទៅ​លើផ្ទះ​ដើម្បី ហូប​បាយ​ ។​ នៅ​ពេល​ឡើង​ទៅ​ដល់​​លើផ្ទះបាន បន្តិច​​មិន​ទាន់​រៀប​បាយ​ហូបផង​ ខ្លួនក៏អើត​ចុះ​មក​ក្រោម​ ស្រាប់តែឃើញ​ជន​ម្នាក់កំពុង​តែ​បញ្ឆេះ​​ម៉ូតូ​របស់ខ្លួន​បំរុង​ជិះ​ចេញ ។ ឃើញដូច្នេះ
    ខ្លួនក៏​រត់ចុះ​មក​ក្រោម​ហើយ​ស្រែក​ឆោឡោ​ឡើង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ និង​សមត្ថ​កិច្ច​ជួយអន្តរា​​ គមន៍​ចាប់​ជន​សង្ស័យ ។
    មន្ត្រីនគរ ​បាល​មូល​ដ្ឋាន​បាននិយាយថា ខណៈ​ពេលដែល​មានសំឡេង​ប្រជាពលរដ្ឋ​ស្រែក​​ថា «ចោរៗ» ​នោះ គឺ​ស្របពេលដែលកំលាំង​នគរ​បាល​ប៉ុសិ៍្ត​ផ្សារ​ថ្មីទី៣ ជិះ​ម៉ូតូ​ល្បាត​ឃើញក៏​ចាប់​បាន​ជន​សង្ស័យម្នាក់នោះ​ ព្រម​ទាំង​ដកហូត​ប្រដាប់​ដាច់​សោ.កម៉ូតូចំនួន​មួយ​ និងម៉ូតូ​ម៉ាក​អាយ​ខន​មួយគ្រឿង​របស់​ជនរងគ្រោះ​ឈ្មោះ​ឃុន ភ័ក្ត្រា​។
    ជន​សង្ស័យ​ខាងលើ​ត្រូវ​បានបញ្ជូន​ទៅ​អធិ​ការ​​ដ្ឋាននគរ​បាល​ខណ្ឌ​ដូនពេញ​ដើម្បី​កសាង​សំណុំរឿងបញ្ជូន​ទៅ​សាលា​ដំបូងរាជធានី ៕ ដកស្រង់ពី  ​កោះសន្តិភាព

    បើកត្រាក់ទ័រ​ជាន់មីនតោន​ផ្ទុះ​ដាច់​ជា​ពីរ​កំណាត់​ របួសធ្ងន់​​៣​ ស្រាល​១

    ដោយ ៖ កោះឯករាជ្យ
    ថ្ងៃ អង្គារ ទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១០
     
    ខេត្ត ​បាត់ដំបង ៖ ​មន្ត្រី​នគរបាល​​ស្រុក​ភ្នំ​ព្រឹក​បានរាយការណ៍​ថា យ៉ាង​ហោច​ណាស់​​មនុស្ស​​​៣នាក់ ​​រង​របួស​ធ្ងន់ និង​​ម្នាក់​​​ទៀត​រង​របួស​ស្រាល​​ ដោយ​សារ​បើក​ត្រាក់ទ័រ​​កិន​មីន​តោន ​ដែលគេ​ដាក់ត្រួត​គ្នា​ចំនួន​៣គ្រាប់ សេស​សល់​ពី​​សម័យសង្គ្រាម​​ ហើយ​ផ្ទុះ​​យ៉ាង​កក្រើក​នៅ​ចំណុច​ផ្លូវ​ចាស់ (ផ្លូវ​ក៥) ស្ថិតក្នុង​​ភូមិ​ភ្នំ​​៧ ឃុំ​ចក្រី ស្រុ​ក​ភ្នំព្រឹក ​កាលពីវេលាម៉ោង​២​និង​២០​នាទីរសៀល ថ្ងៃទី​២ វិច្ឆិកា។
    មន្ត្រីនគរបាល​ប៉ុស្តិ៍​ចក្រី​ដែល​បាន​ទៅដល់​ចំណុច​​កើ​ត ​ហេតុ លោក​រិត សោភ័ណ្ឌ បាន​ប្រាប់​តាម​​ទូរស័ព្ទ​​ពី​តំបន់​នោះ​មក​ថា ​​ត្រាក់ទ័រ​ម៉ាក​ហ្វត ​បាន​បើក​ជាន់មីន​តោន​ផ្ទុះ​កក្រើក​ទ្រហឹង​ ហើយ​អ្នក​ជិះ​ និង​អ្នក​បើក​បរ​សរុប​ចំនួន​៤នាក់ បាន​ប៉ើង​ខ្ទាត​ទៅ​តាម​ត្រាក់ទ័រ​រង​របួស​ធ្ងន់​ និងស្រាល​។ ​​អ្នក​រង​របួស​​មាន​១-​ឈ្មោះ​ឆេង ធា ភេទប្រុស អាយុ​២៤​ឆ្នាំ ​ជា​ម្ចាស់​ត្រាក់​ទ័រ របួសស្រាល ២-​ឈ្មោះ​​ចិត្ត វីហាក់ ភេទ​ប្រុស អាយុ​២២​​ឆ្នាំ ​រង​របួស​ធ្ងន់ បាក់ជើង​ឆ្វេង និង​​ដៃ​ឆ្វេង ៣-​ឈ្មោះ​​ចូត ខន ភេទ​ប្រុស អាយុ​​២២​​ឆ្នាំ ដាច់​ជើង​ទាំង​២ និង​​ដៃ​ឆ្វេងផង និង​៤-​ឈ្មោះ​អ៊ីន ​ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ អ្នក​បើកបរ​ដាច់ជើង​ឆ្វេង​​ រី​ឯ​ត្រាក់ទ័រ​ដាច់​២កំណត់។
    មន្ត្រី​រូប​នេះ​​បាន​បញ្ជាក់​​ថា ត្រាក់ទ័រ​​នេះ បាន​បើក​ចេញ​ពីព្រៃ​តាម​ផ្លូវ​ចាស់ (ផ្លូវ​ក៥) ដែលជា​ផ្លូវ​​​មន្ត្រីស៊ីម៉ាក់​​ដាក់​ស្លាក​សញ្ញា​ហាមឃាត់ ​តែ​ពួកគេ​​មិន​យកចិត្ត​​ទុក​ដាក់​​ ​ចំពោះ​គ្រោះថ្នាក់​ដោយ​សារ​មីននេះ ហ៊ាន​​បើក​ទាំង​ប្រថុយ​ប្រថាន​​​ ទើប​ជួប​គ្រោះ​ថ្នាក់​​​គួរ​ឱ្យ​សោកស្តាយ​។ ​បើ​ពិនិត្យ​​រណ្តៅ​គ្រាប់វិញ គឺមីន​នេះ​អាច​ដាក់​ត្រួត​គ្នា​​ចំនួន​៣គ្រាប់ ​ទើប​បណ្តាល​ឱ្យ​​ត្រាក់ទ័រ​ប៉ើង​ដាច់​ជា​ពីរ​កំណាត់ និង​មនុស្ស​រង​​របួស​​ធ្ងន់ធ្ងរ​បែបនេះ៕ ដកស្រង់ពី កោះសន្តិភាព

    មនុស្ស​ស្លាប់​២នាក់​ដោយ​គ្រោះ​ថ្នាក់​ផ្សេង​គ្នា​ក្នុង​រយៈ​ពេល​៣ថ្ងៃ

    ដោយ ៖ កោះឯករាជ្យ
    ថ្ងៃ អង្គារ ទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១០

    សពបុរសម្នាក់​​ទៀត​ស្លាប់​ដោយ​លង់​ទឹក​
    (​រូបថត ​ស្ទឹង​សែន)
    សពស្រ្តីម្នាក់​ស្លាប់​ដោយ​ខ្សែ​ភ្លើង​ឆក់​
     
    សពស្រ្តីម្នាក់​ស្លាប់​ដោយ​ខ្សែ​ភ្លើង​ឆក់​ខេត្ត ​កំពង់​ធំ​ ៖ ក្នុង​រយៈ​ពេល​៣​ថ្ងៃ​កន្លង​ទៅ​នេះ​ (ពី​ថ្ងៃ​ទី​៣១ តុលា ដល់​២ វិច្ឆិកា ២​០១០) នៅ​ខេត្ត​កំពង់​ធំ​មាន​មនុស្ស​ស្លាប់​២​នាក់​ ក្នុង​នោះ​មាន​ម្នាក់​ស្លាប់​ដោយ​ខ្សែ​ភ្លើង​ឆក់​នៅ​ក្រុង​ស្ទឹង​សែន​​ និង​ម្នាក់​​ទៀត​ស្លាប់​ដោយ​លង់​ទឹក​នៅ​ស្រុក​កំពង់​ស្វាយ​។ ​តាម​របាយ​ការណ៍​របស់​សមត្ថ​កិច្ច​ក្រុង​ស្ទឹង​សែន​បាន​ឱ្យ​ដឹង​ថា នៅ​វេលាម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២ វិច្ឆិកា ត្រង់​ចំណុច​មុខ​សណ្ឋា​គារ​អរុណ​រះ​​ស្ថិត​ក្នុង​ភូមិ​ទី​៦ សង្កាត់​កំពង់​ធំ មាន​ស្ត្រី​ម្នាក់​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ស្លាប់​​ឈ្មោះ​ឡុង ផល្លា អាយុ​៣៩​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ត្នោត​ជុំ ស្រុក​បារាយណ៍​ បច្ចុប្បន្ន​ស្នាក់​នៅ​ជាមួយ​ឈ្មោះ​លី ថាន់​នី ភេទ​ស្រី អាយុ​៤១​ឆ្នាំ រស់​នៅ​ភូមិ​ក្តី​ សង្កាត់​ព្រៃ​តា​ប៊ូ ក្រុង​ស្ទឹង​សែន​ ជា​អ្នក​លក់​ទឹក​ក្រឡុក និង​ភេសជ្ជៈ​ពេល​យប់​នៅ​ចំណុច​មុខ​សណ្ឋា​គារ​អរុណ​រះ​។
    មន្ត្រី​ប៉ូលិស​មូល​ដ្ឋាន​បាន​ឱ្យ​ដឹង​ថា​ នារី​រង​គ្រោះ​បាន​មក​តាម​ប្តី​ដែល​មក​ធ្វើ​ការ​នៅ​ក្រុង​ស្ទឹង​សែន​ បន្ទាប់​ពី​ដឹង​ថា ប្តី​មាន​ស្រី​ថ្មី​ ដោយ​​គ្មាន​ប្រាក់​ធ្វើ​សោ​ហ៊ុយ​​ទៅ​ផ្ទះ​វិញ​ក៏​មក​សុំ​ស៊ីឈ្នួល​បំរើ​ ស្ត្រី​ឈ្មោះ​លី ថាន់​នី ដែល​មាន​មុខ​របរ​ជា​អ្នក​លក់​ទឹក​ក្រឡុក​ ដោយ​ក្នុង​១​ខែ​ត្រូវ​បាន​ថ្លៃ​ឈ្នួល​ចំនួន​១៥​ម៉ឺន​រៀល​។ ដោយ​ឡែក​នៅ​យប់​កើត​ហេតុ​ នារី​រង​គ្រោះ​ចូល​ធ្វើ​ការ​ទើប​តែ​បាន​៣​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លាង​ចាន​ឆ្នាំង​ កែវ​រួច​ក៏​ត្រូវ​ម្ចាស់​ហាង​ (លី​ ថាន់​នី) ឱ្យ​ទៅ​សា​ខ្សែ​ភ្លើង​ ចំណែក​ម្ចាស់​ហាង​កំពុង​រៀប​ចំ​ចាន ឆ្នាំង កែវ និង​សំភារ​ផ្សេងៗ​ដាក់​រ៉ឺម៉ក​​ដើម្បី​ដឹក​យក​ទៅ​​ទុក​​ឯ​​ផ្ទះ​។ ពេល​នារី​​រង​គ្រោះ​សា​ខ្សែ​ភ្លើង​នោះ គឺ​មិន​ទាន់​ដក​ឌុយ​ផ្តាច់​ចរន្ត​ភ្លើង​ពី​គល់​ខ្សែ​នៅ​ឡើយ​​ទេ​ គឺ​នាង​សា​ពី​ចុង​ខ្សែ​ភ្លើង​ទៅ​មុន​ ដោយ​ខ្សែ​ភ្លើង​មាន​មុខតំណ​ច្រើន​គួប​ផ្សំ​នឹង​ដៃ​នាង​នៅ​សើម​ទៀត​ ទើប​បណ្តាល​ឱ្យ​ខ្សែ​ភ្លើង​ឆក់​ ហើយ​នាង​ស្រែក​ឱ្យ​គេ​ជួយ​ ស្រប​ពេល​នោះ​នាង​ក៏​ដួល​សន្លប់​ទៅ។
    ភ្លាម​នោះ​ម្ចាស់​ហាង​រត់​ទៅ​ដក​ឌុយ​ផ្តាច់​ចរន្ត​ភ្លើង ដើម្បី​កុំ​ឱ្យ​ឆក់​ទៀត បន្ទាប់​មក​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​ខេត្ត​ តែ​ត្រូវ​គ្រូ​ពេទ្យ​និយាយ​ថា​ នាង​ស្លាប់​តាំង​ពី​នៅ​កន្លែង​កើត​ហេតុ​ម្ល៉េះ​។ បច្ចុប្បន្ន​​សពនារី​​រង​គ្រោះ​កំពុង​តំកល់​នៅ​មន្ទីរ​ពេទ្យ​ដើម្បី​រង់​ចាំ ​ក្រុម​គ្រួសារទៅ​​ទទួល​យក​​ធ្វើ​បុណ្យ​នៅ​ឯ​ស្រុក​កំណើត​វិញ​។ ករណី​គ្រោះ​ថ្នាក់​មួយ​ទៀត​​នៅ​ឯ​ស្រុក​កំពង់​ស្វាយ​ឯ​ណោះ​វិញ​កាល​ពី​វេលា​ ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​៣១ តុលា នៅ​ចំណុច​ប្រឡាយ​ខាង​ជើង​របង​វត្ត​ក្តីដូង​ ស្ថិត​ក្នុង​ភូមិ​ក្តី​ដូង ឃុំ​ក្តី​ដូង មាន​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​លង់​ទឹក​ស្លាប់​។ ជន​រង​គ្រោះ​ឈ្មោះ ជា​ ខេម អាយុ​៥៤​ឆ្នាំ រស់​នៅ​ភូមិ-ឃុំ​កើត​ហេតុ​ខាង​លើ​។ តាម​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ក្តី​ដូង​បាន​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ជាម​នុស្ស​ប្រមឹក​ជា​ប្រចាំ​ បន្ទាប់​ពី​ដក​មេ​ហើយ​ (ផឹក​បន្តិច​បន្តួច​) ជន​រង​គ្រោះ​ក៏​ជិះ​កង់​មក​ដល់​កន្លែង​កើត​ហេតុ​ ហើយ​ផ្តេក​កង់​ក្បែរ​ប្រឡាយ​ ​ចុះទៅ​​ដក​ព្រលឹត​ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប។ ពេល​ដើរ​ដក​ព្រលឹត​ក្នុង​ប្រឡាយ​ស្រាប់​តែ​ផុង​រណ្តៅ​ក្នុង​ប្រឡាយ​លេច​ ខ្លួន​បាត់​។ ពេល​បាត់​ជន​រង​គ្រោះ​យូរ​ពេក​ក្រុម​គ្រួសារ​បាន​ដើរ​រក​ឃើញ​តែ​កង់ និង​ស្បែក​ជើង​ នៅ​មាត់​ប្រឡាយ​ ទើប​នាំ​គ្នា​ចុះ​រាវ​រក​ស្រាប់​តែ​ឃើញ​ជន​រង​គ្រោះ​លង់​ទឹក​ស្លាប់​ក៏​នាំ​ គ្នា​ដឹក​សព​មក​ផ្ទះ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី៕ ដកស្រង់ពី កោះសន្តិភាព

    ក្មេង​ស្រី អាយុ​១៦​ឆ្នាំ បើក​ម៉ូតូ​បុក​យាយ​អាយុ​៨០​ឆ្នាំ​របួស​ធ្ងន់

    អង្គារ, 02 វិច្ឆិកា 2010 11:57
    02-10-2010-bបន្ទាយមានជ័យ ៖ ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ ដោយសារ​ការ​បើក​បរ​ភ្លើតភ្លើន​លើស​ល្បឿន​កំណត់​បាន​បុក​ចំ​យាយ​ចាស់​ម្នាក់​ អាយុ​៨០​ឆ្នាំ ដែល​កំពុង​ដើរ​ឆ្លង​កាត់​ផ្លូវ បណ្ដាល​ឲ្យ​រូប​គាត់​រង​របួស​ធ្ងន់ ដឹក​យក​ទៅ​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ។
    ហេតុការណ៍ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១០​​ ដោយ​ម៉ូតូ​១​គ្រឿង បើក​បរ​យ៉ាង​លឿន​បញ្ជា​ចង្កូត​ដោយ​ឈ្មោះ​ឆើត លីដា អាយុ​១៦​ឆ្នាំ រស់​នៅ​ភូមិ កណ្ដោល ឃុំ​សឹង​ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ។​ចំណែក​ឯ​ជន​រង​គ្រោះ​មាន​ឈ្មោះ​យន់ រី ភេទ ស្រី អាយុ​៨០​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​សុរិយាថ្មី ឃុំ​គោក ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ។
    សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​នោះ ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ បាន​បើក ម៉ូតូ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ មក​ដល់​ចំណុច​ភូមិ​សុរិយាថ្មី ឃុំ​គោក ស្រុក​អូរជ្រៅ ក៏​គាប់​ជួន​ជួប​ជាមួយ​លោក​យាយ​អាយុ​៨០​ដើរ​ឆ្លង​ផ្លូវ ទៅ​មុខ​មិន​ទៅ ថយ​ក្រោយ​មិន​ថយ ទៅ​មុខ​បន្តិច​ថយ​ក្រោយ​បន្តិច ក៏​បុក​ចំ​ពេញ​ទំហឹង​តែម្ដង។ សមត្ថកិច្ច​បន្ត​ថា ករណី​នេះ​បង្ក​ឡើង​ដោយ​ម៉ូតូ​ក្មេង​ស្រី​បើក​បរ​លឿន និង​មិន​ទាន់​គ្រប់​អាយុ​ដែល​ច្បាប់​ឲ្យ​បើក​បរ ហើយ​លោក​យាយ​ក៏​ដើរ​ឆ្លង​ផ្លូវ​មិន​បាន​ប្រយ័ត្ន​ដោយ​ភាព​ភ័យ​ស្លន់ ទើប​កើត​គ្រោះ​ថ្នាក់​នេះ​ឡើង។
    បច្ចុប្បន្ន លោក​យាយ​អាយុ​៨០ ត្រូវ​បាន​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ចំណែក​ឯ​ម៉ូតូ​និង អ្នក​បើក​បរ​យក​មក​រក្សា​ទុក​​ នៅ​​ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ៕ ដកស្រង់ពី កម្ពុជាថ្មី

    រវល់​ប្រឡែង​បី​បម​ស្រី​ក្មេង​ពេល​បើក​រថយន្ត​ទៅ​កៀរ​ជញ្ជាំង​ផ្ទះ រួច​បុក​ដើម​ស្វាយ​ទើប​អស់​កំហឹង

    អង្គារ, 02 វិច្ឆិកា 2010 14:52
    02-10-2010-g02-10-2010-fកំពង់ស្ពឺ ៖ រថយន្ត​វីហ្គោ​១​គ្រឿង បាន​បើក​បុក​ដើម​ស្វាយ​១​ដើម ពេញ​មួយ​ទំហឹង​រួញ​មុខ​រថយន្ត​ចូល​គ្នា បណ្ដាល​ឲ្យ​នារី​វ័យ​ក្មេង​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត នៅ​កន្លែង​កើត​ហេតុ​ភ្លាមៗ​និង​បុរស ម្នាក់​ទៀត​ជា​សង្សារ​បាន​រង​របួស​ធ្ងន់ ព្រោះ​តែ​ផឹក​ស្រា​ស្រវឹង​ជោក​ជាំ​ហើយ​បើក​បរ​ក្នុង​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន រួច​ក៏​ជួប​គ្រោះ​ថ្នាក់​តែ​ម្ដង។
    ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​ដ៏​គួរ​ឲ្យ​សាហាវ​នោះ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​រំលង អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ នៅ​ត្រង់​ចំណុច​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង។
    ប្រភព​ព័ត៌មាន​ពី​ប៉ូលិស​ចរាចរ​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា អ្នក​រង​គ្រោះ​ថ្នាក់​ចរាចរ​នោះ មាន ឈ្មោះ​សំ ឡាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​បាង​កាយាក ឃុំ​បាងកាយាក ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង ជា​អ្នក​បើក​បរ​រថយន្ត​វីហ្គោ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2K9596​បាន​រង​របួស​ធ្ងន់។ ចំណែក​ស្រ្តី​ម្នាក់​ទៀត​មាន​ឈ្មោះ​ស្រី នាង មុខរបរ​លក់​គ្រឿង​ក្លែម មាន​ទីលំនៅ​ភូមិ ឃុំ​កើត​ហេតុ​​ខាង​លើ បាន​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​រថយន្ត។
    ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ជា​ជន​រង​គ្រោះ​ជា​កូន​ប្រសា​របស់​លោក​មេ​ឃុំ​បាង​កាយាក ប៉ុន្តែ​បាន​ផឹក​ស៊ី​ស្រវឹង​ដឹក​ស្រី​ស្នេហ៍​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ក៏​ជួប​ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​ចរាចរ​បុក​ដើម​ស្វាយ​នោះ​តែ​ម្ដង។ ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ជូន​ស្រី​ស្នេហ៍​ទៅ​ផ្ទះ ក្នុង​ពេល​យប់​តៃកុង​បាន​ប្រឡែង​លេង​ជាមួយ​ស្រី​ស្នេហ៍​ ក៏​ជ្រុល​ចង្កូត​រេ​ទៅ​កៀរ​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ ដោយ​មិន​ទាន់​អស់​ល្បឿន​នឹង​អំណាច​​ស្រា​ ក៏​សំដៅ​ទៅ​បុក​ដើម​ស្វាយ​បណ្ដាល​ឲ្យ​រង​គ្រោះ​ខ្ទេច​រថយន្ត និង​មាន​មនុស្ស​ស្លាប់​រង​របួស​តែម្ដង។
    បច្ចុប្បន្ន​រថយន្ត​ត្រូវ​បាន​រក្សា​ទុក​នៅ​អធិការដ្ឋាន ​នគរបាល​ខេត្ត​កោះកុង ចំណែក​មនុស្ស​រង​របួស​យក​ទៅ​ព្យាបាល ឯ​អ្នក​ស្លាប់​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕ ដកស្រង់ពី កម្ពុជាថ្មី

    ទឹក​ដី​ខេត្ត​ពោធិ៍សាត់ ងាយ​ស្រួល​រក​ស៊ី​ឈើ​ប្រណិត និង​ឈើ​គ្រញូង​ណាស់!

    អង្គារ, 02 វិច្ឆិកា 2010 16:08
    02-10-2010-j
    02-10-2010-k
    ពោធិ៍សាត់ ៖ សកម្មភាព​ចរាចរ​បទ​ល្មើស​ឈើ​ប្រណិត និង​ឈើ​គ្រញូង នៃ​ខេត្ត​ពោធិ៍សាត់ ដែល​បាន​​ស្ងប់ស្ងាត់​មួយ​រយៈ​នោះ ឥឡូវ​នេះ​ក្រុម​ឈ្មួញ​នាំ​គ្នា​ដឹក​យ៉ាង​បន្ត​កន្ទុយ​គ្នា ដូច​ហែ​កឋិន​អ៊ីចឹង ដោយ​អ្នក​ដឹក​គឺ​លាន់​ឮ​សម្លេង​គគ្រឹកគគ្រេង​លាន់​ទ្រហឹង​អឹងកង​​ពេញ​ផ្លូវ​ ជាតិ​លេខ​៥ ក្នុង​ពេល​រាត្រី សុទ្ធតែ​ប្រភេទ​រថយន្ត​ធុន​តូច​ក្នុង​១​យប់​ៗ ​មិន​ក្រោម​ពី​២៥ ទៅ​៣០​រថយន្ត​នោះ​ឡើយ។
    02-10-2010-iសេចក្ដីរាយការណ៍ បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ឈើ​គ្រញូង​ទាំង​នោះ​ដឹក​ចេញ​ពី​ស្រុក​ភ្នំ​ក្រវាញ ស្រុក​បាកាន និង​ស្រុក​ក្រគរ សំដៅ​មក​ផ្លូវ​ជាតិ​លេខ​៥​​តម្រង់​យក​ទៅ​លក់​នៅ​ភ្នំពេញ ដោយ​មាន​ក្រុម ឈ្មួញ​បាន​សហការ​គ្នា​យ៉ាង​ល្អ​ជាមួយ​សមត្ថកិច្ច​តាម​គោល​ដៅ ចាំ​យក​លុយ​តាម​តូច​តាម​ធំ ចាប់​ពី ១០ ទៅ​២០ ឬ​៣០​ដុល្លារ​ឯ​ណោះ​ក្នុង​១​រថយន្ត។

    បើ​តាម​សេចក្ដី​រាយ​ការណ៍ ពី​ស្រុក​បាកាន​ដែល​កម្ពុជា​ថ្មី​ទទួល​បាន​ពី​កម្លាំង​សមត្ថកិច្ច​ថា រយៈ ពេល​ប្រហែល​១​ខែ​នេះ ចរាចរ​ឈើ​គ្រញូង​ពេល​យប់​បាន​ដឹក​យ៉ាង​កង​រំពង តាម​រថយន្ត​ធុន​តូច​យ៉ាង ហោច​ណាស់​ក្នុង​១​យប់​ក៏​១០​គ្រឿង​ដែរ ហើយ​ការ​ដឹក​នេះ គឺ​ចេញ​ពី​ឃុំ​តា​ណេ ដែល​ជា​កន្លែង​ស្ដុក ឈើ​យក​មក​ពី​ស្រុក​វាលវែង ហើយ​ពេល​ខ្លះ​គឺ​គេ​ដឹក​ឆ្លង​ព្រំ​ប្រទល់​ទៅ​ស្ដុក​ទុក​នៅ​ស្រុក​រុក្ខគីរី ខេត្ត បាត់ដំបង ហើយ​ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ​៥ តម្រង់​ទៅ​ភ្នំពេញ។
    សេចក្ដីរាយការណ៍ ពី​ស្រុក​ភ្នំ​ក្រវាញ​វិញ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ក្រុម​ឈ្មួញ​មាន​ឈ្មោះ​ ដដែល​ៗ​មិន​​មាន​នរណា​ហ៊ាន​ដឹក​ឈើ​គ្រញូង​នោះ​ទេ ក្រៅ​តែ​ពី​ថ្នាក់​លើ​ៗ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី ខ្មៅ​ដែល​ត្រូវ​ស្វែង​រក​នោះ​ ហើយ​អ្នក​ទាំង​នោះ​ហាក់​ដូច​ជា​មិន​ខ្លាច​ញញើត​ច្បាប់​​ឬ​សមត្ថកិច្ច​​ បន្តិច​​ណា​សោះ​​ឡើយ ថែម​ទាំង​បង្កើន​ការ​ដឹក​ឈើ​ខ្លាំង​ជាង​មុន​ទៀត ចេញ​ពី​ស្រុក​វាលវែង ដែល​ស្ដុក​ទុក នៅ​តំបន់​ព្រែក​១ ព្រែក​២​នោះ។ ​នៅ​ឯ​​ស្រុក​បាកាន​វិញ​ក៏​មិន​ខុស​ពី​ស្រុក​ផ្សេង​ដែរ គឺ​​​​រថយន្ត​​ធុន​​​​តូច មាន​ពេល​ខ្លះ​ចេញ​តាម​ផ្លូវ​ឧកញ៉ា​ឃ្លាំង មឿង និង​ខ្លះ​ទៀត​ចេញ​មក​តាម​ផ្លូវ​បំបែក​លាច តម្រង់​ចូល​ផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ​តែម្ដង។
    ចំពោះ​សមត្ថកិច្ច​ជំនាញ​និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​គឺ​ តាម​គោល​ដៅ​នីមួយៗ ចាប់​ពី​កន្លែង​ស្ដុក​ឈើ​លួច​លាក់ រហូត​ដល់​ព្រំដែន​ទឹក​ដី​ខេត្ត​ពោធិ៍សាត់ គឺ​ស៊ី​ចង្វាក់​គ្នា​ល្អ​ណាស់​ឥត​មាន​រលក​ទឹក​នាំ ឲ្យ​កើត​ជា​បញ្ហា​ឡើយ ដោយ​ពួក​អស់​ទាំង​នោះ​ស៊ី​តាម​ជំនាញ​រៀង​ៗ​ខ្លួន គឺ​តូច​ស៊ី​តាម​តូច ធំ​ស៊ី​តាម ធំ។
    សេចក្ដី​រាយ​ការណ៍​មួយ​ដែល​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹង​ថា ការ​ដឹក​ឈើ​ល្មើស​ច្បាប់​ប្រភេទ គ្រញូង​ចេញ​ពី​គោល​ដៅ​ស្ដុក គឺ​ក្នុង​មួយ​រថយន្ត​ត្រូវ​បង់​សមត្ថកិច្ច​ទាំងអស់ ដើម្បី​ឆ្លង​ផុត​ពី​ទឹក​ដី​ខេត្ត ពោធិ៍សាត់ អស់​ចំនួន​២០០​ដុល្លារ ហើយ​បើ​ឆ្ពោះ​ទៅ​ដល់​ក្រុង​ភ្នំពេញ គឺ​រថយន្ត​១​តម្លៃ​៧០០​ដុល្លារ គឺ រថយន្ត​តូច​នោះ​ផ្ទុក​ឈើ​ពេញ​ៗ​តែ​ម្ដង។
    អ្នក​ផ្ដល់​ព័ត៌មាន​នោះ​ឲ្យ​ដឹង​ទៀត​ថា ការ​ដឹក​ឈើ​គ្រញូង​ឈ្មើស​ច្បាប់​នេះ គឺ​ចែក​ចេញ​ជា​ក្រុម របស់​មេ​ឈ្មួញ​នីមួយៗ ដោយ​នៅ​ខេត្ត​ពោធិ៍សាត់​មាន​៥-៦​ក្រុម ដែល​១​ក្រុម​មាន​រថយន្ត​ចាប់​​ពី​៣​គ្រឿង​ឡើង​ទៅ​សម្រាប់​ដឹក​ឈើ​គ្រញូង។
    ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ដឹក​ឈើ​គ្រញូង​នៅ​ខេត្ត​ ពោធិ៍សាត់​នោះ ប្រជាពលរដ្ឋ​បាន​ធ្វើ​ការ​រិះគន់ យ៉ាង​ខ្លាំង ទៅ​លើ​ចំណាត់​ការ​របស់​សមត្ថកិច្ច ដែល​មិន​អើ​ពើ​អ្វី​សោះ​នោះ ប្រហែល​ជា​អាជ្ញាធរ​ខេត្ត ពោធិ៍សាត់​ត្រូវ​មន្ត​អាគម គេ​អស់​ហើយ​មិន​ដឹង។
    កម្ពុជា​ថ្មី​កំពុង​តាម​ដាន​អំពី​សកម្មភាព​ក្រុម​ឈ្មួញ ដែល​បាន​ដឹក​ឈើ​យ៉ាង​គគ្រឹកគគ្រេង​មិន​ខ្លាច​នរណា​សោះ​នោះ៕ដកស្រង់ពីកម្ពុជាថ្មី

    ផឹក​ស្រា​ឪពុក​មា​យោធិន​ពិកា​រ​ប៉ះ​សំដី​ជា​មួយ​ក្មួយ​រឿង​ដី​កេរ​កាប់​ចាក់​ស្ទើរ​ស្លាប់

    ដោយ ៖ កោះឯករាជ្យ
    យោធិន​ពិការ​រង​គ្រោះ
    ថ្ងៃ អង្គារ ទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១០
    (​រូបថត ​បាវិត​)
    យោធិន​ពិការ​រង​គ្រោះ
     
    ខេត្តស្វាយ ​រៀង ៖ យោធិន​ពិការ​ម្នាក់​ឈ្មោះ​ខឹម សាវន អាយុ​៤០​ឆ្នាំ នៅ​ភូមិ​អំពិល ឃុំ​អំពិល ​ស្រុក​ព្រះ​ស្តេច ត្រូវ​ក្មួយ​ប្រុស​បង្កើត​វាយ នឹង​ដំបង​ឈើ​ជ្រុង​ប៉ុន​ក.ដៃ​ចំ​កំភួន​ជើង​​ស្តាំ​ធ្លាក់​ពី​លើ​ជណ្តើរ​មក​ ដី ខណៈ​ជន​រង​គ្រោះ​កំពុង​ឡើង​តាម​ជណ្តើរ​ទៅ​លើ​ផ្ទះ។ ក្រោយ​ពី​វាយ​ទំលាក់​ដី​ហើយ ​ក្មួយ​រូប​នោះ ក៏​​វាយ​ថែម​​ជា​ច្រើន​​​ដំបង​​​ទៀត និង​កាប់​ជា​ច្រើន​កាំបិត​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ដួល​ប្រកាច់​ក្នុង​ថ្លុក​ ឈាម​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ តែ​​សំណាង​ល្អ អ្នក​ស្រុក​ជួយ​​សង្គ្រោះ​ទាន់​ពេល។
    ទាក់​ទិន​​នឹង​ករណី​ខាង​លើ ជន​រង​​គ្រោះ​បាន​​ប្រាប់​កោះ​សន្តិ​ភាព​ថា កាល​ពី​ថ្ងៃ​ទី​២៩ តុលា វេលា​ម៉ោង​​ប្រមាណ​ជា​៧​យប់​​ជន​រង​គ្រោះ​បាន​មក​ពី​កន្លែង​ស៊ី​ផឹក​ ពេល​កំពុង​ឡើង​​តាម​ជណ្តើរ​បាន​ពីរ​កាំ​ក៏​​ត្រូវ​ក្មួយ​ប្រុស​ឈ្មោះ​ប្រាក់ មាន អាយុ​២២​ឆ្នាំ វាយ​ទំលាក់​ពី​លើ​កាំជណ្តើរ​ រួច​វាយ​ និង​កាប់​ដោយ​កាំបិត​ធ្វើ​ឱ្យ​រូប​គាត់​​រង​របួស​ជា​ច្រើន​កន្លែង បណ្តាល​ឱ្យ​សន្លប់​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោច​អាធ័ម។ បុរស​រង​គ្រោះ​បន្ត​ថា គាត់​ជា​យោធិន​ពិការ​​​នៅ​សមរ​ភូមិ​ កាល​ពី​​ធ្វើ​ជា​ទាហាន​នៅ កង​ពល​លេខ​​២៨៦ ហើយ​​​ត្រូវ​មេ​បញ្ជា​ការ​បញ្ជូន​ទៅ​សម​រភូមិអូ​ព្រាល ខេត្ត​សៀម​រាប កាល​ពី​ឆ្នាំ​១៩៨៨ ហើយ​ក៏​​បាន​រង​របួស​ពិការ​ភ្នែក​ខាង​ស្តាំ និង​កំបុត​ដៃ​ស្តាំ​ម្ខាង​ ​ហើយ​ក៏​ត្រូវ​រំសាយ​នៅឆ្នាំ​១៩៩៣។
    ក្មួយ​ប្រុស​​ចិត្ត​ពាល​នោះ​ឈ្មោះ​ប្រាក់ មាន អាយុ​២២​ឆ្នាំ នៅភូមិ​ជា​មួយ​គ្នា​ត្រូវ​ជា​កូន​របស់​បង​ស្រី​​​គាត់​បង្កើត។ តាម​ប្រភព​ពី​​អ្នក​ស្រុក​និយាយ​ថា មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​ទៅ​ផឹក​ស៊ីនៅ​ផ្ទះអ្នក​ស្រុក​​ចុង​ភូមិ​ ក៏​ជួប​នឹង​​ក្មួយ​ប្រុស​បង្កើត​ឈ្មោះ​ប្រាក់ មាន កំពុង​ផឹក​ស៊ី​ក្បែរ​គ្នា​នោះ​ដែរ ក៏​បាន​ប៉ះ​​ពាក្យ​សំដី​គ្នា​រវាង​ឪពុក​មា និង​ក្មួយ​រឿង​ដណ្តើម​​ដី​កេរ​ម្តាយ គឺ​ដី​ស្រែ​១​ហិក​តា​កន្លះ។ ក្រោយ​ពី​ប៉ះ​សំដី​គ្នា​មួយ​ប្រាវ​ ម្ចាស់​ផ្ទះ​បាន​ឃាត់​ជន​រង​គ្រោះ​ឱ្យ​​ដើរ​ចេញ​ពី​កន្លែង​កើត​ហេតុ ​មិន​នឹក​ស្មាន​ថា ក្មួយ​ប្រុស​​​នេះ ដើរ​តាម​មក​ពី​ក្រោយ​រួច​ប៉ង​សំលាប់​ឪពុក​មា ដូច្នេះ​​ទេ។ អ្វី​ដែល​អ្នក​ស្រុក​ហូស​ចិត្ត​នោះ ម្តាយ​មិន​ទាន់​ស្លាប់​ផង​កូនៗ និង​ចៅ​កាប់​សំលាប់​គ្នា​ដណ្តើម​កេរ​​ទៅ​ហើយ ហើយ​​អ្វី​គួរ​ឱ្យ​អាណិត​ទៀត​នោះ គឺ​ជន​រង​គ្រោះ​រស់​នៅ​ម្នាក់​​ឯង។
    ក្រោយ​ពី​ធ្លាក់​ខ្លួន​ពិការ​ភ្នែក​ និង​ពិការ​ដៃ​ ត្រូវ​ប្រពន្ធ​សុំ​លែង​លះ ហើយ​បាន​ចុះ​ចោល​ផ្ទះ​ និង​នាំ​កូនៗ​៣​នាក់​ទៅ​​​រស់​នៅ​ជា​មួយ​ឪពុក​ម្តាយ​គេ​វិញ ទុក​ឱ្យ​រូប​​គាត់​ពិការ​រស់​នៅ​ផ្ទះ​ម្នាក់​ឯង រហូត​មក។ រីឯ​ម្តាយ​ចាស់​ជរា​នៅ​ជា​​មួយ​បង​ស្រី ទើប​​ពេល​រូប​គាត់​ត្រូវ​​ក្មួយ​កាប់​​ឱ្យ​រង​របួស​ត្រូវ​បាន​អ្នក​ស្រុក​យក ​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ស្វាយ​រៀង ហើយ​ជន​រង​គ្រោះ​គ្មាន​ប្រាក់​ សូម្បី​តែ​មួយ​សេន​ក៏​គ្មាន​ដែរ៕ដកស្រង់ពីកោះសន្តិភាព

    តាម​​ស្មុំ​ស្នេហ៍​ពី​នាងគ​មិន​បាន​ប៉ង​ចាប់​រំលោភ​ជាប់​ទ្រុង

    ដោយ ៖ កោះឯករាជ្យ
    បុរស​ម្នាក់​ជាប់​ចោទ​ប៉ុន​ប៉ង​រំលោភ​ស្ត្រី​គ​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​រួច​យក​ទៅ​ដាក់​ទ្រុង ថ្ងៃ អង្គារ ទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១០
    (​រូបថត អរុណ​)
    បុរស​ម្នាក់​ជាប់​ចោទ​ប៉ុន​ប៉ង​រំលោភ​ស្ត្រី​គ​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​រួច​យក​ទៅ​ដាក់​ទ្រុង
     
    ក្រុង ​ប៉ោយ​ប៉ែត ៖ បុរស​ម្នាក់​ជាប់​ចោទ​ប៉ុន​ប៉ង​រំលោភ​ស្ត្រី​គ​ត្រូវ​បាន​ប៉ូលិស​វរ​ការ​ពារ ​ព្រំ​ដែន​គោក​ធ្វើ​ការ​ឃាត់​ខ្លួន​រួច​យក​ទៅ​ដាក់​ទ្រុង កាល​ពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២ វិច្ឆិកា ក្នុង​ភូមិ​​ព្រៃ​​គប់ សង្កាត់​ប៉ោយ​ប៉ែត។ បុរស​ជាប់​ចោទ​​​រូប​នេះ ឈ្មោះ​ថែន ពេជ្រ អាយុ​២៥​ឆ្នាំ ​ជា​កម្ម​ករ​​ស្នាក់​នៅ​​ក្នុង​ភូមិ​កើត​ហេតុ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​អន្លង់​ ឃុំ​តា​អាន់ ស្រុក​ក្រឡាញ់ ​ខេត្ត​សៀម​រាប។ នាង​ក្រមុំ​​គ​ដែល​រង​ការ​ប៉ុន​ប៉ង​រំលោភ​មាន​អាយុ​២៣​ឆ្នាំ ​ជា​កម្ម​ករ​រស់​នៅ​ជា​មួយ​បង​ប្អូន​ និង​ជា​កូន​ស្រី​អតីត​មន្ត្រី​ប៉ូលិស​វរ​​ការ​ពារ​ព្រំ​ដែន​​លេខ​៩១១ ដែល​ទើប​តែ​ស្លាប់​កាល​ពី​ឆ្នាំ​កន្លង​ទៅ។
    តាម​ការ​ឱ្យ​ដឹង​ពី​ឈ្មោះ​បូ រឿង អាយុ​៤៨​ឆ្នាំ ត្រូវ​ជា​ឪពុក​មា​របស់​​នារី​​រង​គ្រោះ​ និង​ជា​ប៉ូលិស​វរ​ការ​ពារ​ព្រំ​ដែន​បាន​ប្រាប់​ថា តាម​ការ​សួរ​នាំ​ជា​កាយ​វិការ​​នាង​គ​បាន​ប្រាប់​ថា កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១ វិច្ឆិកា ខណៈ​នាង​កំពុង​ដើរ​ទៅ​ទិញ​បង្អែម​ហូប​​នៅ​ផ្សារ​​​ព្រៃ​​គប់ ស្រាប់​តែ​ត្រូវ​ជន​ជាប់​ចោទ​​ខាង​លើ​វាយ​តប់​មក​លើ​​រូប​នាង ហើយ​យក​ដៃ​ខ្ទប់​មាត់​អូស​នាង​ចូល​កន្លែង​ស្ងាត់​ក្នុង​ចំការ​ក្បែរ​ដង​ ផ្លូវ​​ប៉ុន​ប៉ង​រំលោភ ប៉ុន្តែ​នាង​ថា ដោយ​សារ​នាង​តប​ត​វិញ ទើប​ជន​នោះ​​​រត់​គេច​​ខ្លួន​បាត់​។
    តាម​ការ​ឱ្យ​ដឹង​ពី​លោក​កែវ បូរ៉ា នាយ​ប៉ុស្តិ៍​ព្រៃ​គប់ នៃ​ប៉ូលិស​វរ​​ការ​ពារ​​ព្រំ​ដែន​គោក​លេខ​៩១១ បាន​ប្រាប់​ថា ក្រោយ​ហេតុ​ការណ៍​​កើត​ឡើង​នារី​រង​គ្រោះ​បាន​​មក​ប្តឹង​នៅ​ប៉ុស្តិ៍​របស់​ លោក​ទាំង​យប់ ​ហើយ​​លោក​ក៏​បាន​ចាត់​កំលាំង​អន្តរា​គមន៍​តាម​រក​​ចាប់​ជន​​នោះ ប៉ុន្តែ​​ជន​កំហូច​នេះ​​​បាន​រត់​គេច​​ចេញ​ពី​ផ្ទះ​​អស់​មួយ​យប់ លុះ​ព្រឹក​ថ្ងៃ​ទី​២ វិច្ឆិកា ពេល​ឃើញ​ជន​​នេះ​វិល​មក​ផ្ទះ​​វិញ ក៏​​​បាន​ហៅ​​មក​សួរ​នាំ​ ហើយ​ជន​កំហូច​នេះ​​បាន​សារ​ភាព​​ថា ពិត​ជា​បាន​ប្រព្រឹត្ត​​ដូច​ការ​ចោទ​ប្រកាន់​មែន ទើប​បញ្ជូន​មក​ទី​បញ្ជា​ការ​វរៈ​ដើម្បី​​ចាត់​ការ​បន្ត។
    ជន​ជាប់​ចោទ​បាន​ឆ្លើយ​សារ​ភាព​ដែរ​ថា ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​​បែប​នេះ​មែន ដោយ​សារ​តែ​ស្រលាញ់​នាង​ជា​យូរ​មក​ហើយ។ ជន​នេះ​បាន​បន្ត​ថា ខ្លួន​បាន​សុំ​ស្នេហ៍​នាង​ដោយ​ប្រាប់​ត្រង់ៗ​ជា​ច្រើន​ដង​ហើយ ប៉ុន្តែ​ត្រូវ​នាង​បដិ​សេធ​ជា​និច្ច​ ទើប​រូប​គេ​បង្ខំ​ចិត្ត​ធ្វើ​បែប​​នេះ។ តាម​ឪពុក​មា​នារី​គ​បាន​ប្រាប់​ថា បុរស​​ជាប់​ចោទ​នេះ​មាន​ប្រពន្ធ​ហើយ មិន​មែន​នៅ​​លីវ​នោះ​ទេ។ លោក​ឈូក​ អាង មេ​បញ្ជា​ការ​​ប៉ូលិស​ការ​ពារ​ព្រំ​ដែន​គោក​វរ​សេនា​តូច​​លេខ​​៩១១ បាន​ប្រាប់​​កោះ​សន្តិ​ភាព​ថា ជន​នេះ​ក្រោយ​ពី​​ធ្វើ​កំណត់​ហេតុ​​សួរ​នាំ​រួច​ នឹង​ធ្វើការ​បញ្ជូន​ទៅ​អធិ​ការ​ដ្ឋាន​​នគរ​បាល​​ក្រុង​ប៉ោយ​​ប៉ែត ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់៕​ដកស្រង់​ពី​កោះសន្តិភាព

    សម្តេច​តេជោ ហ៊ុន សែន ជួប​សវនា​ការ​ជា​មួយ​​មន្ត្រី​​ទូត​ថ្មី​ចំនួន​៣

    លោក WOLFGANG MOSER ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​​នៃ​សហ​ព័ន្ធ​អាល្លឺ​ម៉ង់​ប្រចាំ​នៅ​កម្ពុជា ដោយ ៖ កោះឯករាជ្យ
    ថ្ងៃ អង្គារ ទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១០
    លោក PREMJITH SADASIVAN ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​​នៃ​ប្រទេស​សិង្ហ​បុរី ប្រចាំ​នៅ​កម្ពុជា លោក CHANG HO-JIN ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​​នៃ​សាធា​រណ​រដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា
    (​រូបថត ​ច័ន្ទថា​)
    លោក WOLFGANG MOSER ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​​នៃ​សហ​ព័ន្ធ​អាល្លឺ​ម៉ង់​ប្រចាំ​នៅ​កម្ពុជា
     
    រាជ​ធានី​ភ្នំពេញ ៖ លោក​អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ប្រាប់​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​២ វិច្ឆិកា ឆ្នាំ​២០១០ ​នៅ​អគារ​សន្តិ​ភាព​នៃ​ទីស្តី​ការ​នាយក​រដ្ឋ​មន្ត្រី សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​អនុ​ញ្ញាត​ឱ្យ​លោក WOLFGANG MOSER ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​​នៃ​សហ​ព័ន្ធ​អាល្លឺ​ម៉ង់​ប្រចាំ​នៅ​កម្ពុជា, លោក PREMJITH SADASIVAN ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​​នៃ​ប្រទេស​សិង្ហ​បុរី ប្រចាំ​នៅ​កម្ពុជា និង​លោក CHANG HO-JIN ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​​នៃ​សាធា​រណ​រដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ចូល​ជួប​សំដែង​ការ​គួរ​សម ខណៈ​ពេល​ដែល​​អស់​លោក​មក​បំពេញ​បេសក​កម្ម​ការ​ទូត​នៅ​ប្រទេស​កម្ពុជា​។
    លោក​អ៊ាង សុផល្លែត បន្ត​ថា លោក WOLF​GANG MOSER បាន​ជំរាប​​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ថា បេសក​កម្ម​របស់​លោក​នៅ​កម្ពុជា​នៅ​ពេល​នេះ គឺ​​លោក​ធ្វើ​យ៉ាង​ណា​​​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​សមត្ថ​ភាព​ ដើម្បី​ធ្វើ​ឱ្យ​កិច្ច​សហ​ប្រតិ​បត្តិ​ការ និង​ទំនាក់​ទំនង​រវាង​ប្រទេស​​ទាំង​២​ឱ្យ​មាន​ការ​រីក​ចំរើន​កាន់​តែ​ល្អ​​ ឡើង។ លោក​ឯក​អគ្គ​រដ្ឋ​ទូត​អាល្លឺ​ម៉ង់​បាន​សំដែង​នូវ​សេចក្តី​រីក​រាយ​យ៉ាង​ ខ្លាំង ដោយ​សព្វ​ថ្ងៃ​នេះ​មាន​អ្នក​វិនិ​យោគ​អាល្លឺ​ម៉ង់​ជា​ច្រើន​មក​កាន់​កម្ពុជា ហើយ​នៅ​ដើម​ខែ​វិច្ឆិកា​នេះ នឹង​មាន​ការ​ហោះ​ហើរ​មក​កាន់​កម្ពុជា​ទៀត។ លោក​បាន​ប្តេជ្ញា​ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ថា នឹង​ធ្វើ​យ៉ាង​ណា​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះ ជា​ពិសេស​លើ​វិស័យ​ពាណិជ្ជ​កម្ម​ឱ្យ​បាន​កាន់​តែ​រីក​ចំរើន​ថែម​ទៀត។
    ដោយ​ឡែក​លោក PREMJITH SADA SIVAN ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​​នៃ​ប្រទេស​សិង្ហ​បុរី​បាន​ប្តេជ្ញា​ចិត្ត​ជូន​ចំពោះ ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ថា លោក​នឹង​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​សមត្ថ​ភាព​ ធ្វើ​យ៉ាង​ណា​ពង្រីក និង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ការ​ទូត​រវាង​​កម្ពុជា និង​សិង្ហ​បុរី​ឱ្យ​បាន​កាន់​តែ​រឹង​មាំ​ថែម​ទៀត។ ក្នុង​បេសក​កម្ម​ការ​ទូត​របស់​លោក លោក​នឹង​ស្វែង​រក​នូវ​សក្តានុ​ពល​ថ្មី​ៗ​ផ្សេង​ទៀត​ដើម្បី​ពង្រីក​ក​ិច្ច​សហ ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​២។ លោក​នឹង​ពិចារណា​លើ​វិស័យ​ពាណិជ្ជ​កម្ម​-អភិ​វឌ្ឍន៍​ធន​ធាន​មនុស្ស និង​ធ្វើ​ឱ្យ​មាន​ការ​កែ​ប្រែ​គេហ​ទំព័រ​មួយ​ចំនួន​របស់​ប្រទេស​សិង្ហ​បុរី​ ឱ្យ​មាន​ជា​ភាសា​កម្ពុជា ដើម្បី​ឱ្យ​​សិង្ហ​បុរី បាន​យល់​ដឹង​នូវ​អ្វី​ដែល​អាច​ជា​កត្តា​សំខាន់​របស់​កម្ពុជា ហើយ​នឹង​ជំរុញ​ការ​បណ្តុះ​បណ្តាល​មន្ត្រី​​កម្ពុជា​​​ដែល​ធ្លាប់​​បាន​ បណ្តុះ​បណ្តាល​នៅ​សិង្ហ​បុរី​នោះ​ឱ្យ​មក​ធ្វើ​ការ​បណ្តុះ​បណ្តាល​នៅ​កម្ពុជា ​វិញ ជា​ពិសេស​នឹង​ពង្រីក​ទៅ​តាម​បណ្តា​ខេត្ត​នៅ​កម្ពុជា​ទៀត។
    ចំណែក​​លោក​ CHANG HO-JIN ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​នៃ​សាធា​រណ​រដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ពាំនាំ​​នូវ​ការ​​ផ្តាំ​ផ្ញើ​​សាក​សួរ​សុខ​ទុក្ខ​ពី​លោក​ នាយក​រដ្ឋ​មន្ត្រី លោក​ប្រធានា​ធិបតី​នៃ​សាធា​រណ​រដ្ឋ​កូរ៉េ​ជូន​ចំពោះ​សម្តេច​តេជោ​នាយក​រដ្ឋ​ មន្ត្រី ហ៊ុន សែន។ លោក​មាន​ប្រសាសន៍​ថា ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​២​ បាន​រីក​ចំរើន​យ៉ាង​ឆាប់​រហ័ស​ជា​ទីបំផុត។ ការ​រីក​ចំរើន​នោះ​បាន​ឈាន​ទៅ​ដល់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ទាំង​វិស័យ​ សន្តិ​សុខ ​វិស័យ​ពាណិជ្ជ​កម្ម​ វិស័យ​កសិ​កម្ម វិស័យ​សុខា​ភិបាល និង​វិស័យ​អប់រំ​ជា​ដើម។ លោក​មាន​ប្រសាសន៍​បន្ត​ថា ​ក្នុង​បេសក​កម្ម​ការ​ទូត​នៅ​កម្ពុជា លោក​នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ពង្រីក​វិសាល​ភាព​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ នេះ​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​ជាង​នេះ​ថែម​ទៀត។
    ដកស្រង់ពីកោះសន្តិភាព

    Tuesday, October 26, 2010

    ជំលៀស​មនុស្ស​ចេញខ្លាច​ភ្នំភ្លើង​ផ្ទុះ​នៅឥណ្ឌូណេស៊ី

    អាជ្ញា​ធរ​ឥណ្ឌូ​ណេ​ស៊ី​កាលពីថ្ងៃទី២៥តុលា បានចេញ​ការ​ប្រកាស​អាសន្ន​នៅជុំ​វិញ​ភ្នំភ្លើង​​ MEREPI ​ដែល​អាច​ផ្ទុះ​គ្រប់​ពេល​ ហើយ​បាន​ជំលៀស​អ្នកភូមិ​ជា​ច្រើន​ពាន់​នាក់​ដែល​រស់នៅ​តាម​ចង្កេះ​ភ្នំភ្លើង ​នេះ ។ សកម្ម​ភាព​របស់​ភ្នំភ្លើង​ MERAPI នៅ​លើ​កោះ​ជ្វា បានបង្កើន​កាលពី​សបា្តហ៍​មុន​ជំរុញ​ឱ្យ​អាជ្ញា​ធរ​បង្កើន​កំរិត​ប្រកាស​ អាសន្ន ។ ការ​ផ្ទុះ​លើក​មុនរបស់​ភ្នំ​ភ្លើង​នេះ​ដែល​មានកំពស់​២.៩៦៨​ម៉ែត្រ​​កើត​មាន​ កាលពីឆ្នាំ​២០០៦ បណ្តាល​ឱ្យមនុស្ស​២​នាក់​ស្លាប់​ដោយ​សារឧស្ម័ន​ឆេះ​និងដុំថ្ម​ក្តៅ ។ បណ្តា​អ្នកទទួល​ខុសត្រូវ​ឥណ្ឌូ​ណេស៊ីព្យា​​ករណ៍​ថា ប្រសិនបើ​ផ្ទុះ ​ភ្នំភ្លើង​នេះ​នឹង​បញ្ចេញ​កំអែ​ហូរធ្លាក់​មកចង្កេះភ្នំ​ប៉ែក​​ខាងឆ្វេង ។ មនុស្ស​ប្រមាណ​ជា១១.៤០០​នាក់​ដែស​់​រស់នៅ​តាម​ចង្កេះ​ភ្នំ​ត្រូវ​បាន​ស្នើ​ ឱ្យ​រៀប​ចំ​ខ្លួន​ជំលៀស​ចេញ​ជា​បន្ទាន់ ។ មាន​មនុស្ស​ដល់ទៅ​ជិត​៤០.០០០​នាក់ រស់នៅ​ជុំ​វិញ​​ភ្នំភ្លើងនោះ ៕

    អាមេរិក​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ឥទ្ធិពល​ជា​អវិជ្ជ​មាន​របស់អ៊ីរ៉ង់​លើ​អាហ្វ​ហ្គានីស្ថាន

    សហរដ្ឋអាេមរិក​កាលពីថ្ងៃទី​២៥ តុលា បាន​សំដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ឥទ្ធិ​ពល​ជា​អវិជ្ជ មាន​របស់អុីរ៉ង់​លើ​អាហ្វ​ហ្គានីស្ថាន ក្រោយ​ពី​ប្រធានាធិបតីអាហ្វ​ហ្គានីស្ថា​ន លោក​ហា​មីដ កា​ហ្សៃ បានសារ​ភាព​ពី​ការ​ទទួល​ប្រាក់​ពី​ក្រុង​តេហេរ៉ង់ ។ ទាក់ទិន​ទៅនឹង​ករណីនេះ​អ្នក​នាំ​​ពាក្យ​សេត​វិមាន​ លោក Bill Burtan បាន​ទទូច​សុំ​ឱ្យអ៊ីរ៉ង់​ដើ​រេ​តួ​ជា​វិជ្ជ​មាន​ថែមទៀត ។​ លោក​​ប្រធានាធិបតី​អាហ្វ​ហ្គានីស្ថាន​ហា​មីដ កា​ហ្សៃ​ បាន​ថ្លែង​បដិសេធ​ថា រូបលោក​មិន​បាន​ធ្វើ​​អ្វីខុស​ឡើយ ដោយ​លោក​ថ្លែង​ថា ប្រាក់ដែល​លោក​​ទទួលបាន​​នោះ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​​តម្លា​ភាព ដើម្បី​ជួយលើ​ការ​គ្រប់គ្រង​ការិយា​ល័យ​​ប្រធានាធិបតី ។ លោក​កាហ្សៃ ​ថ្លែង​ដូច្នេះ​ ដើម្បី​ឆ្លើយ​តប​ចំពោះ​របាយ​ការណ៍​ដែល​ថា អ៊ីរ៉ង់​បាន​ផ្តល់​ប្រាក់​ទៅ​ឱ្យ​លោក​តាម​រយៈ​ជំនួយ​ការ​របស់លោក​ម្នាក់​ ។​
    អ្នក ​នាំពាក្យ​សេតវិមាន​​ថ្លែង​បន្ថែមទៀត​ថា រដ្ឋ​ការ​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបា​ម៉ា ​បានឃើញ​របាយការន៍​ស្តីអំពី​ការ​ផ្តល់​ប្រាក់​របស់​អ៊ីរ៉ង់​ទៅ​ឱ្យអាហ្វ​ ហ្គានីស្ថាន​ ប៉ុន្តែ​​​បាន​បដិ​សេធ​​មិន​ផ្តល់​ព័ត៌មាន​លំអិត​ទេ ។ លោក Bill Burton បានធ្វើ​​​អត្ថា​ធិប្បាយ​ដូច្នេះ​​​​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​លោក​កាហ្សៃ​សារ ​ភាព​ថា សេនា​ធិកា​ររ​បស់​លោក​គឺលោក Umar Daudzai ទទួលបាន​ប្រាក់នោះ​ ៕

    អ៊ីរ៉ាក់​បើក​​ការ​ស៊ើប​អង្កេត​លើ​ឯកសារ​សំងាត់​ដែល​ចេញ​ផ្សាយ​ដោយ​សហ​រដ្ឋ​អាមេរិក

    ថ្ងៃ អង្គារ ទី ២៦ ខែ តុលា ឆ្នាំ ២០១០
     
    អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ថ្លែង​ កាលពីថ្ងៃ​ទី​២៥ តុលា ថា រដ្ឋាភិបាល​អ៊ីរ៉ាក់​ពេលនេះ​បាន​បង្កើត​​គណៈ​កម្មាធិការ​មួយ ដើម្បី​ស៊ើបអង្កេត​លើ​ឯកសារ​សំងាត់ ដែល​ចេញ​ផ្សាយ​​​ដោយ​សហ​រដ្ឋ​អាមេរិក កាលពីថ្ងៃទី​២២ តុលា កន្លងមក ដែល​ស្តី​​អំពី​ការ​ចោទប្រកាន់​លើ​ការ​ចាប់រំលោភ​ ដោយកង​កំលាំង​អ៊ីរ៉ាក់ និងកង​កំលាំង​អាមេរិក ប្រឆាំង​​​អ្នកទោស​ និង​ជនស៊ីវិល​អ៊ីរ៉ាក់ ។​ អ្នក​នាំពាក្យ​រូបនេះ​គឺ​លោក Ali al-Dabbagh ថ្លែង​ទៀត​ថា ក្រុ​ម​ប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ីរ៉ាក់ ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី​នូរី​​អាល់​ម៉ា​លីគី បាន​សំរេច​ចិត្ត​បង្កើត​គណៈ​កម្ម​ការ​មួយ​ដែលដឹកនាំ​ដោយ​រដ្ឋ​មន្ត្រី​ ក្រសួង​យុត្តិ​ធម៌ ។ លោកបាន​បន្ត​ទៀត​ថា គណៈ​កម្ម​ការ​​នេះ​នឹង​​បើក​ការ​ស៊ើបអង្កេត​​ទាំង​ស្រុងលើ​ឯក​សារ​​ទាំង​នោះ ​ ​ដើម្បី​រក​ឱ្យឃើញ​អ្នក​ដែលជាប់ពាក់ព័ន្ធ​​ជាមួយ​នឹង​ការ​រំលោភ​បំពាន​ សិទ្ធិ​មនុស្ស​​ប្រឆាំង​ជន​ស៊ីវិល​អ៊ីរ៉ាក់​​ដែល​នឹង​​ទទួលខុស​ត្រូវ​ចំពោះ​ ទង្វើ​របស់​ពួកគេ ។
    កាលពីថ្ងៃទី​២៤ តុលា ​កន្លងមក​ រដ្ឋាភិបាល​អ៊ីរ៉ាក់​បានរិះ​គន់​ចំពោះ​ឯកសារ​ដែល​ចេញ​ដោយ​គេហទំព័រ Wiki Leaks ដោយ​​​ថ្លែង​ថា​ ឯក​សារ​ដែល​ត្រូវបាន​ចេញ​ផ្សាយ​ទាំង​នោះ​​​ត្រូវ​បាន​ជំរុញ​ដោយ​នយោ​បាយ​ដែរ ​ឬ​ក៏អត់ ។​
    ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​​ រដ្ឋាភិបាល​​អ៊ីរ៉ាក់ និយាយ​ថា នឹង​ស្វះស្វែង​រកយុត្តិធម៌ ​សំរាប់​ពល​រដ្ឋ​អ៊ីរ៉ាក់ ដែល​ក្លាយ​​ជា​ជន​រងគ្រោះ​នៃ​ការ​ចាប់​រំលោភ ។​ មួយ​​ចំនួននៃ​ឯកសារ​​ប្រមាណ​៤០០.០០០​ច្បាប់ ដែលត្រូវ​បាន​ចេញ​ផ្សាយ​នោះ ផ្តល់​ព័ត៌​មាន​​លំអិត​អំពីការ​ចោទ​ប្រកាន់​លើ​ការ​ចាប់​រំលោភ និង​អំពើ​សាហាវ​ឃោរឃៅ​ដែល​បង្ក​ឡើង​​ដោយកង​កំលាំង​សន្តិសុខ​កាន់​សាសនា​ស៊ី​ អ៊ីត ប្រឆាំង​អ្នកទោស​កាន់សាសនា​ស៊ុន​នីត ៕

    តួ ​លេខ​នៃ​ការ​ខូច​ខាត​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​ផ្សារ​ស្វាយ​ដូនកែវ៖ ទឹក​ប្រាក់​ជាង​២១​ម៉ឺន​ដុល្លារ, ៥១​លាន​រៀល, ម៉ូតូ​២​គ្រឿង, រថយន្ត​វីហ្គូ​១ និង​សម្ភារៈ​គិត​ជា​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ត្រូវ​ឆេះ​ម៉ដ្ឋ

    ពោធិ៍សាត់ ៖ ទំហំ​នៃ​ការ​ខូច​ខាត​ដោយ​សារ​គ្រោះ​អគ្គិភ័យ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១០ នៅ​ផ្សារ​ស្វាយ​ដូនកែវ ភូមិ​ស្វាយ​ដូន​កែវ ឃុំ​ស្វាយ​ដូន​កែវ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​នោះ មាន​ទឹក​ប្រាក់​ប្រ មាណ​ជា​២១​ម៉ឺន​ដុល្លារ និង​៥១​លាន​រៀល ម៉ូតូ​២​គ្រឿង រថយន្ត​វីហ្គោ​១ និង​សម្ភារៈ​ជាច្រើន​ទៀត​គិត​ជា​ប្រាក់ រាប់​ម៉ឺន​ដុល្លារ។
    លោក​គុយ បូរ៉ា នាយ​ប៉ុស្ដិ៍​នគរបាល​ស្វាយ​ដូនកែវ បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ តុលា​នេះ​ថា ទឹក​ប្រាក់​នៃ​ការ​ខូច​ខាត​នោះ​បាន​ដឹង​តាម​រយៈ​ម្ចាស់​ផ្ទះ និង​ម្ចាស់​តូប​លក់​អីវ៉ាន់ ដែល​រង​គ្រោះ​ដោយ​សារ​អគ្គិភ័យ។ លោក​បន្ត​ថា អាជីវករ​បាន​រៀប​រាប់​អំពី​ប្រាក់​ដែល​ខ្លួន​មាន​នៅ​ក្នុង​ផ្ទះ​​សរុប​មាន​ ចំនួន​២១​ម៉ឺន ៥​ពាន់ ៨​រយ​ដុល្លារ​អាមេរិក និង​ប្រាក់​ចំនួន​៥១​លាន ៤៧​ម៉ឺន ៤​ពាន់​រៀល, ម៉ូតូ​ចំនួន​២​គ្រឿង, រថយន្ត វីហ្គោ​១​គ្រឿង ចំណែក​ឯ​ទ្រព្យ​សម្បត្តិ​ និង​សម្ភារៈ​មិន​អាច​ប៉ាន់​ស្មាន​គិត​ជា​តម្លៃ​នៃ​ការ​ខូច​ខាត​នៅ​ឡើយ​ទេ។
     
    លោក​បន្ត​ថា នៅ​ក្នុង​ពេល​គ្រោះ​អគ្គិភ័យ​កើត​ឡើង ក្រុម​អាជីវករ​បាន​យក​ម៉ាស៊ីន​គោយន្ត​ចំនួន ១៥​គ្រឿង​​បូម​ទឹក​ស្រះ​នៅ​ជិត​នោះ​បាញ់​ទៅ​លើ​ផ្សារ​ឲ្យ​ហៀរហូរ ទើប​តូប​ខ្លះ​មិន​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចំនួន​៤១​នាក់​បាន​ចេញ​ប្រតិបត្តិ​ការ​បាញ់​ទឹក​ ពន្លត់៕

    មេទ័ព​កំពូល​ៗ​កម្ពុជា-ថៃ ណាត់​ជួប​គ្នា​នៅ​ភ្នំពេញ​ថ្ងៃ​២៧ តុលា និយាយ​រឿង​ដក​ទ័ព

    ភ្នំពេញ ៖ ជំនួប​កំពូល​ថ្នាក់​មេ​ទ័ព​កម្ពុជា-ថៃ បាន​កំណត់​យក​ថ្ងៃ​ទី​២៧ ខែ​តុលា​នេះ ជា​ជំនួប ពិសេស​ចុង​ក្រោយ​របស់​ពួក​គេ​ ដើម្បី​ដក​កង​ទ័ព​ឲ្យ​ផុត​ពី​ព្រំដែន ​ដែល​ប្រឈម​ដាក់​គ្នា​ជាង​២​ឆ្នាំ​ កន្លងមក។
    លោក​នាយ​ឧត្ដម​សេនីយ៍​ជា តារា បាន​ប្រាប់​កម្ពុជា​ថ្មី​ថា សណ្ឋាគារ​ភ្នំពេញ គឺ​ជា​ទីតាំង​កំណត់​យក​ធ្វើ​ជា​កន្លែង​ជំនួប​កំពូល​ថ្នាក់​មេ​ទ័ព​ទាំង​ពីរ​ ភាគី។ លោក​បាន​ប្រាប់​ថា ភាគី​ថៃ​ថ្នាក់​មេ​ទ័ព កំពូល​ៗ​របស់​គេ​គ្រប់​សមាសភាព​ចំនួន​២៦​នាក់ ក្នុង​នោះ​ក៏​មាន​ទីប្រឹក្សា​ក្រសួង​ការពារ​ជាតិ​របស់​គេ ចូល​រួម​ផង​ដែរ។ តាម​គម្រោង​ប្រតិភូ​មេ​បញ្ជា​ការ​កង​ទ័ព​ទាំង​២​ភាគី​មាន​គម្រោង​ក្រោយ​ពី​ បញ្ចប់ ជំនួប នឹង​ចូល​គាល់​ព្រះមហាក្សត្រ។
    ទាក់ទង​នឹង​ការ​ដក​កង​ទ័ព​ចេញ​ពី​ព្រំដែន​ទៀត​នោះ យើង​មិន​ទាន់​ធ្វើ​ក្នុង​ជំហាន​ទី​៣​ទេ ដោយ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា ក្រោយ​ពី​បញ្ចប់​ជំនួប​កំពូល​ថ្នាក់​មេ​ទ័ព​នៅ​ទីក្រុង​ភ្នំពេញ​នេះ កង​ទ័ព​នៅ​តាម​ព្រំដែន​នឹង​មាន​ការ​កែ​សម្រួល​ភ្លាម​ៗ។
    លោក​នាយ​ឧត្ដម​សេនីយ៍​ជា តារា បាន​បញ្ជាក់​ថា បើ​ទោះ​បី​ជំនួប​កំពូល​នេះ ត្រូវ​ជួប​នៅ​ថ្ងៃ​ទី ២៧ តុលា ក៏​ដោយ​តែ​ប្រតិភូ​មួយ​ចំនួន​ដែល​យើង​ចែក​ចេញ​ជា​ក្រុម​ពិសេស​តូច​ៗ បាន​មក​ដល់​ថ្ងៃទី ២៦ តុលា ហើយ​ជួប​ប្រជុំ​គ្នា​មុន​ពេល​ឈាន​ដល់​ជំនួប​កំពូល​ថ្ងៃ​ទី​២៧​តុលា។
    លោក​ឧត្ដម​សេនីយ៍​ទោ ស្រី ឌឹក បាន​និយាយ​ថា ជា​ការ​ពិត​ហើយ​ជំនួប​នេះ ពិត​ជា​កើត​មាន មែន​នៅ​ទីក្រុង​ភ្នំពេញ តែ​នេះ​ជា​ថ្នាក់​ប្រិតភូ​កង​ទ័ព​ដែល​យើង​បាន​ឯកភាព​គ្នា​ថា បញ្ចប់​បញ្ហា​នៅ​តាម​ព្រំដែន រួច​ហើយ​ដក​កង​ទ័ព​ចេញ​ឲ្យ​ផុត​ពី​តំបន់​ប្រាសាទ​បូរាណ​របស់​ខ្មែរ។
    លោក​កាស៊ីត ភីរម្យយ៉ា រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ថៃ ក៏​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​កម្ពុជា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ ទៅ​ទីក្រុង​បាង​កក​រយៈពេល​១​សប្ដាហ៍​ថា រដ្ឋាភិបាល​របស់​លោក​ចង់​បាន​សន្តិភាព​នៅ​តាម​ព្រំដែន ហើយ​ការ​ពន្យារ​ពេល​ក្នុង​ការ​ផ្ដល់​សច្ចាប័ន​ពី​សភា​លើ​កំណត់​ហេតុ ៣ មិន​មែន​ជា​ចេតនា​អូស​បន្លាយ​ជម្លោះ​នោះ​ទេ។ តែ​រឿង​ទាំងអស់​ខាង​លើ​ដោយ​សារ​តែ​សភា​របស់ ខ្លួន​មាន​របៀប​វារៈ​ច្បាប់​ច្រើន​ដែល​ត្រូវ​អនុម័ត។
    លោក​អាប់ភីស៊ីត និយាយ​ថា យើង​អត់​ពង្រីក​ទំនាស់​ឬ​ប្រើប្រាស់​កម្លាំង​នោះ​ទេ បើ​ទោះ​បី ជម្លោះ​នេះ​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​ចប់​ក៏​ដោយ។ លោក​អាប់ភីស៊ីត​បាន​បង្ហាញ​ជំហរ​យ៉ាង​ច្បាស់​ចំពោះ​រដ្ឋាភិបាល​របស់​ខ្លួន​ ថា ដំណោះ​ស្រាយ​ព្រំដែន​នេះ ត្រូវ​ប្រើប្រាស់​យន្តការ​រូប​មន្ត អនុស្សរណៈ​យោគ​យល់​គ្នា​ឆ្នាំ​២០០០(MOU)។
    លោក​អាប់ភីស៊ីត​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា​ ទៀត​ថា អនុសញ្ញា និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៤-១៩០៧-១៩០៨ រដ្ឋាភិបាល​ថៃ​មិន​បដិសេធ​ទេ តែ​យើង​ត្រូវ​តែ​កែ​សម្រួល​ខ្លះ​ឲ្យ​ត្រូវ​តាម​ស្ដង់ ដារ​បច្ចេកវិទ្យា​ទំនើប​ទាន់​សម័យ​ដែល​សង្គម​កំពុង​តែ​ដើរ​បច្ចុប្បន្ន៕

    UN ប្រកាស​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​បាន គីមូន នៅ​កម្ពុជា

    ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​តុលា ឆ្នាំ​២០១០ នៅ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​កម្ពុជា​បាន​រៀប​ចំ​ធ្វើ​សន្និសីទ​មួយ​​ ដើម្បី​ប្រកាស​នូវ​កម្មវិធី​សំខាន់​ៗ​របស់​លោក​អគ្គលេខាធិការ ​អង្គការ​សហប្រជាជាតិ​​ក្នុង​ ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា។
    យោង​តាម​ការ​ប្រកាស​របស់​តំណាង​អង្គការ​សហប្រជាជាតិ​ ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នឹង​ជួប​សវនាការ​ជាមួយ​សម្ដេច អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា នៅ​ក្នុង​វិមាន​សន្តិភាព នៅ​ថ្ងៃ ទី​២៧ ខែ​តុលា វេលា​ម៉ោង​៩​ព្រឹក ហើយ​នៅ​វេលា​រសៀល លោក​បាន គីមូន នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ កម្ពុជា ដែល​នៅ​ទី​នោះ​លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​ឯកឧត្ដម ឧបនាយក រដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្រ្តី។
    យោង​តាម​សេចក្ដី​ប្រកាស​នោះ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​២៨ វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នឹង​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ទួល​ស្លែង និង​ទស្សនកិច្ច​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត៕

    Sunday, October 24, 2010

    កម្ពុជា​ទទួល​ជំនួយ​យោធា​ឥត​សំណង​ពី​កូរ៉េ

    ដោយ សុខ សេរី
    2010-10-22
    មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​បំភ្លឺ​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា​ថា សម្ភារៈ​យោធា ដូចជា​រថយន្ត​យោធា រួម​ទាំង​គ្រឿង​បរិក្ខារ​ពេទ្យ ដែល​កម្ពុជា​ទទួល​បាន​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថ្មីៗ​នេះ គឺ​ជា​ជំនួយ​ឥត​សំណង សម្រាប់​ប្រទេស​ក្រីក្រ​ដូចជា​កម្ពុជា​ជា​ដើម តាម​ការ​ស្នើ​សុំ​របស់​កម្ពុជា កន្លង​ទៅ​ថ្មីៗ​នេះ មិន​មែន​ជា​ការ​ទិញ​ដូរ​នោះ​ទេ។
    ជំនួយ​ទាំង​នោះ​ត្រូវ​បាន​ដឹក​តាម​កប៉ាល់​ទឹក​មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។
    ឧត្ដមសេនីយ៍ឯក លោក ឈុំ សុជាត ជា​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​សុក្រ ទី​២២ ខែ​តុលា​ថា សម្ភារៈ​យោធា​ទាំង​នេះ គឺ​ជា​សេចក្ដី​ត្រូវការ​ចាំបាច់​របស់​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា នៅ​ក្នុង​នោះ​មាន​រថយន្ត​យោធា សម្ភារៈ វិស្វកម្ម និង​កប៉ាល់​ប្រដេញ សម្រាប់​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់ និង​បទ​ឧក្រិដ្ឋ​នៅ​ក្នុង​ដែន​សមុទ្ទ ដូចជា​បទ​ល្មើស​រត់​ពន្ធ​គ្រឿង​ញៀន​ជាដើម។
    លោក​បន្ត​ថា ៖ «សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង ដែល​បាន​ជួយ​ចំពោះ​ការ​ខ្វះខាត​ចំពោះ​មុខ​នៃ​កង​យោធពល​ខេមរភូមិន្ទ​របស់​យើង ​នេះ ដើម្បី​បំពេញ​ភារកិច្ច​ការពារ​ជាតិ​មាតុភូមិ។ យើង​គិត​ថា យក​សម្ភារៈ​ទាំង​អស់​នេះ ដើម្បី​ប្រើប្រាស់​នូវ​ប្រយោជន៍ ពង្រឹង​នូវ​សមត្ថភាព​របស់​កង​យោធពល​ខេមរភូមិន្ទ​របស់​យើង»
    លោក ឈុំ សុជាត មិន​បាន​ឲ្យ​ដឹង​ជា​ពិស្ដារ​ទេ អំពី​ចំនួន​ជាក់លាក់​នៃ​សម្ភារៈ​យោធា​ទាំង​នោះ ប៉ុន្តែ​សេចក្ដី​រាយការណ៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា សម្ភារៈ​យោធា​ទាំង​នោះ​មាន ៣​ប្រភេទ ដូចជា​កប៉ាល់​ប្រដេញ​ចំនួន ៣​គ្រឿង រថយន្ត​យោធា​ចំនួន ១០០​គ្រឿង រថយន្ត​វិស្វកម្ម​ចំនួន ២៤​គ្រឿង និង​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ទៀត។
    មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រសួង​ការពារ​ជាតិ​កម្ពុជា កំពុង​តែ​ស្វែង​រក​ជំនួយ​យោធា​មួយ​ចំនួន​ទៀត​ពី​ប្រទេស​ជា​មិត្ត ដើម្បី​បំពេញ​តាម​សេចក្ដី​ត្រូវការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា។
    ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក កឹម សុខា បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា សម្ភារៈ​ទាំង​នេះ​មាន​សារប្រយោជន៍​ទៅ​បាន អាស្រ័យ​លើ​ឆន្ទៈ​នៃ​ការ​ប្រើប្រាស់ ៖ «តែ​បើ​យក​មក​សម្រាប់​តែ​បាញ់​ប្រជាពលរដ្ឋ​យក​ដី​យក​ធ្លី អា​ហ្នឹង​អត់​មាន​ប្រយោជន៍​ទេ។ វា​អាស្រ័យ​លើ​អ្នក​ដែល​ប្រើប្រាស់»
    កាល​ពី​ខែ​កញ្ញា កន្លង​ទៅ​នេះ ប្រទេស​កម្ពុជា បាន​ទទួល​រថក្រោះ និង​រថពាសដែក​សរុប​ចំនួន ៩៤​គ្រឿង ពី​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត ដើម្បី​យក​មក​ពង្រឹង​សមត្ថភាព​ក្នុង​វិស័យ​យោធា​នៃ​កង​យោធពល​ខេមរភូមិន្ទ​ កម្ពុជា។
    មុន​ពេល​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផ្ដល់​ជំនួយ​សម្ភារៈ​យោធា​ខាង​លើ​នេះ គឺ​ប្រទេស​ចិន ក៏​ធ្លាប់​បាន​ផ្ដល់​ជំនួយ​រថយន្ត​យោធា​ចំនួន ២៥៧​គ្រឿង និង​ឯកសណ្ឋាន​យោធា​ចំនួន ៥​ម៉ឺន​កំប្លេ កាល​ពី​ខែ​មិថុនា កន្លង​ទៅ មក​ឲ្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា។
    ប្រទេស​កម្ពុជា ដែល​​បាន​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​អូស​បន្លាយ​អស់​ជាង ៣០​ឆ្នាំ ហើយ​​ទើប​​តែ​ងើប​ផុត​​ចេញ​ពី​សង្គ្រាម​នោះ បាន​ស្វះស្វែង​រក​ជំនួយ​យោធា​ពី​បរទេស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ ក្រោយ​នេះ ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​ថា កម្ពុជា​កំពុង​ត្រៀម​ការពារ​ខ្លួន​​ទប់ទល់​​ការ​ឈ្លាន​ពាន​របស់​កងទ័ព​ថៃ តែ​រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ៕