ពោធិ៍សាត់ ៖ សកម្មភាពចរាចរបទល្មើសឈើប្រណិត និងឈើគ្រញូង នៃខេត្តពោធិ៍សាត់ ដែលបានស្ងប់ស្ងាត់មួយរយៈនោះ ឥឡូវនេះក្រុមឈ្មួញនាំគ្នាដឹកយ៉ាងបន្តកន្ទុយគ្នា ដូចហែកឋិនអ៊ីចឹង ដោយអ្នកដឹកគឺលាន់ឮសម្លេងគគ្រឹកគគ្រេងលាន់ទ្រហឹងអឹងកងពេញផ្លូវ ជាតិលេខ៥ ក្នុងពេលរាត្រី សុទ្ធតែប្រភេទរថយន្តធុនតូចក្នុង១យប់ៗ មិនក្រោមពី២៥ ទៅ៣០រថយន្តនោះឡើយ។
បើតាមសេចក្ដីរាយការណ៍ ពីស្រុកបាកានដែលកម្ពុជាថ្មីទទួលបានពីកម្លាំងសមត្ថកិច្ចថា រយៈ ពេលប្រហែល១ខែនេះ ចរាចរឈើគ្រញូងពេលយប់បានដឹកយ៉ាងកងរំពង តាមរថយន្តធុនតូចយ៉ាង ហោចណាស់ក្នុង១យប់ក៏១០គ្រឿងដែរ ហើយការដឹកនេះ គឺចេញពីឃុំតាណេ ដែលជាកន្លែងស្ដុក ឈើយកមកពីស្រុកវាលវែង ហើយពេលខ្លះគឺគេដឹកឆ្លងព្រំប្រទល់ទៅស្ដុកទុកនៅស្រុករុក្ខគីរី ខេត្ត បាត់ដំបង ហើយឆ្ពោះទៅផ្លូវជាតិលេខ៥ តម្រង់ទៅភ្នំពេញ។
សេចក្ដីរាយការណ៍ ពីស្រុកភ្នំក្រវាញវិញបានឲ្យកម្ពុជាថ្មីដឹងថា ក្រុមឈ្មួញមានឈ្មោះ ដដែលៗមិនមាននរណាហ៊ានដឹកឈើគ្រញូងនោះទេ ក្រៅតែពីថ្នាក់លើៗដែលមានឈ្មោះក្នុងបញ្ជី ខ្មៅដែលត្រូវស្វែងរកនោះ ហើយអ្នកទាំងនោះហាក់ដូចជាមិនខ្លាចញញើតច្បាប់ឬសមត្ថកិច្ច បន្តិចណាសោះឡើយ ថែមទាំងបង្កើនការដឹកឈើខ្លាំងជាងមុនទៀត ចេញពីស្រុកវាលវែង ដែលស្ដុកទុក នៅតំបន់ព្រែក១ ព្រែក២នោះ។ នៅឯស្រុកបាកានវិញក៏មិនខុសពីស្រុកផ្សេងដែរ គឺរថយន្តធុនតូច មានពេលខ្លះចេញតាមផ្លូវឧកញ៉ាឃ្លាំង មឿង និងខ្លះទៀតចេញមកតាមផ្លូវបំបែកលាច តម្រង់ចូលផ្លូវជាតិលេខ៥ ឆ្ពោះទៅរាជធានីភ្នំពេញតែម្ដង។
ចំពោះសមត្ថកិច្ចជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធគឺ តាមគោលដៅនីមួយៗ ចាប់ពីកន្លែងស្ដុកឈើលួចលាក់ រហូតដល់ព្រំដែនទឹកដីខេត្តពោធិ៍សាត់ គឺស៊ីចង្វាក់គ្នាល្អណាស់ឥតមានរលកទឹកនាំ ឲ្យកើតជាបញ្ហាឡើយ ដោយពួកអស់ទាំងនោះស៊ីតាមជំនាញរៀងៗខ្លួន គឺតូចស៊ីតាមតូច ធំស៊ីតាម ធំ។
សេចក្ដីរាយការណ៍មួយដែលច្បាស់ការណ៍បានឲ្យដឹងថា ការដឹកឈើល្មើសច្បាប់ប្រភេទ គ្រញូងចេញពីគោលដៅស្ដុក គឺក្នុងមួយរថយន្តត្រូវបង់សមត្ថកិច្ចទាំងអស់ ដើម្បីឆ្លងផុតពីទឹកដីខេត្ត ពោធិ៍សាត់ អស់ចំនួន២០០ដុល្លារ ហើយបើឆ្ពោះទៅដល់ក្រុងភ្នំពេញ គឺរថយន្ត១តម្លៃ៧០០ដុល្លារ គឺ រថយន្តតូចនោះផ្ទុកឈើពេញៗតែម្ដង។
អ្នកផ្ដល់ព័ត៌មាននោះឲ្យដឹងទៀតថា ការដឹកឈើគ្រញូងឈ្មើសច្បាប់នេះ គឺចែកចេញជាក្រុម របស់មេឈ្មួញនីមួយៗ ដោយនៅខេត្តពោធិ៍សាត់មាន៥-៦ក្រុម ដែល១ក្រុមមានរថយន្តចាប់ពី៣គ្រឿងឡើងទៅសម្រាប់ដឹកឈើគ្រញូង។
ពាក់ព័ន្ធទៅនឹងការដឹកឈើគ្រញូងនៅខេត្ត ពោធិ៍សាត់នោះ ប្រជាពលរដ្ឋបានធ្វើការរិះគន់ យ៉ាងខ្លាំង ទៅលើចំណាត់ការរបស់សមត្ថកិច្ច ដែលមិនអើពើអ្វីសោះនោះ ប្រហែលជាអាជ្ញាធរខេត្ត ពោធិ៍សាត់ត្រូវមន្តអាគម គេអស់ហើយមិនដឹង។
កម្ពុជាថ្មីកំពុងតាមដានអំពីសកម្មភាពក្រុមឈ្មួញ ដែលបានដឹកឈើយ៉ាងគគ្រឹកគគ្រេងមិនខ្លាចនរណាសោះនោះ៕ដកស្រង់ពីកម្ពុជាថ្មី
No comments:
Post a Comment