ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏គួរឲ្យសាហាវនោះ បានកើតឡើងកាលពីវេលាម៉ោង១២រំលង អធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១០ នៅត្រង់ចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ប្រភពព័ត៌មានពីប៉ូលិសចរាចរខេត្តកោះកុង បានឲ្យដឹងថា អ្នករងគ្រោះថ្នាក់ចរាចរនោះ មាន ឈ្មោះសំ ឡាង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិបាងកាយាក ឃុំបាងកាយាក ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាអ្នកបើកបររថយន្តវីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K9596បានរងរបួសធ្ងន់។ ចំណែកស្រ្តីម្នាក់ទៀតមានឈ្មោះស្រី នាង មុខរបរលក់គ្រឿងក្លែម មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ បានស្លាប់ភ្លាមៗនៅក្នុងរថយន្ត។
ប្រភពបានឲ្យដឹងទៀតថា បុរសជាជនរងគ្រោះជាកូនប្រសារបស់លោកមេឃុំបាងកាយាក ប៉ុន្តែបានផឹកស៊ីស្រវឹងដឹកស្រីស្នេហ៍ត្រឡប់ទៅផ្ទះវិញ ក៏ជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរបុកដើមស្វាយនោះតែម្ដង។ ប្រភពបានឲ្យដឹងថា នៅពេលជូនស្រីស្នេហ៍ទៅផ្ទះ ក្នុងពេលយប់តៃកុងបានប្រឡែងលេងជាមួយស្រីស្នេហ៍ ក៏ជ្រុលចង្កូតរេទៅកៀរជញ្ជាំងផ្ទះប្រជាពលរដ្ឋ ដោយមិនទាន់អស់ល្បឿននឹងអំណាចស្រា ក៏សំដៅទៅបុកដើមស្វាយបណ្ដាលឲ្យរងគ្រោះខ្ទេចរថយន្ត និងមានមនុស្សស្លាប់រងរបួសតែម្ដង។
បច្ចុប្បន្នរថយន្តត្រូវបានរក្សាទុកនៅអធិការដ្ឋាន នគរបាលខេត្តកោះកុង ចំណែកមនុស្សរងរបួសយកទៅព្យាបាល ឯអ្នកស្លាប់យកទៅធ្វើបុណ្យតាមប្រពៃណី៕ ដកស្រង់ពី កម្ពុជាថ្មី
No comments:
Post a Comment