ថ្ងៃ ពុធ ទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១០
(រូបថត ស.សុខុម)
លោកវ៉ូប៉ានគូ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជាតិចិន
រាជធានីភ្នំពេញ ៖ លោកវ៉ូប៉ានគូ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជាតិចិន និងលោកជំទាវ Zhang Ruizhen បានដឹកនាំគណៈប្រតិភូសភាចិនមកដល់ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣ វិច្ឆិកា ២០១០ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋចំនួន៤ថ្ងៃចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ វិច្ឆិកា ២០១០ ដោយមានការទទួលស្វាគមន៍ពី សំណាក់លោកងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងក្រុមមន្ត្រីជាន់ខ្ពស់ជាច្រើនរូប។
យោងតាមកម្មវិធី លោកវ៉ូប៉ានគូ និងលោកជំទាវ Zhang Ruizhen នឹងអញ្ជើញទៅទស្សនកិច្ចព្រះបរមរាជវាំងនាវេលាម៉ោង៥ល្ងាចថ្ងៃដដែល នេះ។ ថ្ងៃទី៤ វិច្ឆិកា ២០១០ លោកវ៉ូប៉ានគូ និងលោកជំទាវ Zhang Ruizhen នឹងចូលជួបសំដែងការគួរសមជាមួយសម្តេចហេង សំរិន និងលោកជំទាវ និងបន្ទាប់មកដឹកនាំប្រតិភូ ជួបពិភាក្សាការងារជាផ្លូវការជាមួយសម្តេចហេង សំរិន និងសមាជិកសភា ។
លោកវ៉ូប៉ានគូ និងលោកជំទាវ Zhang Ruizhen ចូលជួបសវនាការជាមួយសម្តេចជា ស៊ីម ប្រធានព្រឹទ្ធសភា និងបន្ទាប់មកចូលគាល់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងជួបពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី រួចហើយ បន្តចូលរួមពិធីចុះហត្ថលេខាលើគំរោងពាណិជ្ជកម្មរវាងប្រទេសទាំង២ កម្ពុជា-ចិន៕