
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ អង្គារ ទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១0
រាជធានីភ្នំពេញ ៖ លោកអ៊ាង សុផល្លែត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រាប់ឱ្យដឹងថា លោកជំទាវ NGUYEN THI KIM NGAN រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការ សង្គមកិច្ចវៀតណាម បានគោរពជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់ព្រះរាជាណាចក្រកម្ពុជានៅ ពេលនេះ គឺដើម្បីជួបជាមួយក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវតីតិសម្បទាកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារយុទ្ធជនពិការ សង្គមកិច្ចវៀតណាម និងក្រសួងទាំងពីររបស់កម្ពុជា។
លោកអ៊ាង សុផល្លែត បានប្រាប់ឱ្យដឹងបែបនេះ នាព្រឹកថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១០ ក្នុងឱកាសដែលលោកជំទាវរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ សង្គមកិច្ចវៀតណាមចូលជួបសំដែងការគួរសមជាមួយសម្តេចតេជោនាយក រដ្ឋមន្ត្រី ហ៊ុន សែន នៅអគារសន្តិភាពនៃទីស្តីការនាយករដ្ឋមន្ត្រី ខណៈពេលដែលគណៈប្រតិភូវៀតណាមអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះ រាជាណាចក្រកម្ពុជា។ លោកជំទាវរដ្ឋមន្ត្រីមានប្រសាសន៍ថា លោកជំទាវបានជួបប្រជុំកាលពីថ្ងៃទី៧ វិច្ឆិកា ជាមួយនឹងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈដោយបានពិភាក្សា គ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធាន មនុស្ស។ តមកលោកជំទាវបានពិភាក្សាជាមួយនឹងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដោយបានលើកឡើងពីការសហការគ្នាជំរុញលើវិស័យសុខុមាលភាព។
លោកជំទាវរដ្ឋមន្ត្រីបានសំដែងនូវការប្តេជ្ញា ចិត្ត ដោយធ្វើយ៉ាងណាសហការជាមួយភាគីកម្ពុជាឱ្យបានកាន់តែខ្លាំង ក្លាថែមទៀតក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានការរីកចំរើនផងដែរ ។ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរដល់ជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ទាំងបី នៃប្រទេសទាំង២។ សម្តេចបានផ្តល់អនុសាសន៍ឱ្យក្រសួងពាក់ព័ន្ធនៃប្រទេសទាំង២ បន្តសហការគ្នាក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសទៅលើវិស័យកសិកម្ម។ កន្លងមក និស្សិតដែលបានរៀនចប់ហើយតែងតែផ្តោតការយកចិត្តទុកដាក់ទៅលើ ការងារផ្សេងៗ ក្រៅពីវិស័យកសិកម្ម ដូច្នេះគប្បីត្រូវយកចិត្តទុកដាក់លើវិស័យនេះ៕