ថ្ងៃ សុក្រ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ពិព័រណ៍រូបថតប្រទេសអាស៊ាន ដែលបានរៀបចំឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១០ នៅប្រទេសវៀតណាម មាន១០ប្រទេសចូលរួម ក្នុងនោះរូបថតជាស្នាដៃរបស់លោកចាន់ សូរ ទទួលបានចំណាត់ថ្នាក់លេខ២ ខណៈដែលរូបថតរបស់អ្នកថតរូបប្រទេសភូមា ទទួលបានចំណាត់ថ្នាក់លេខ១។ លោកចាន់ សូរ មានអាយុ៦០ឆ្នាំ ជាប្រធានការិយាល័យរៀបរៀង និងវិចិត្រកម្មនាយកដ្ឋានទស្សនាវដ្តីកម្ពុជា ក្រសួងព័ត៌មាន ។
លោកគឺជាអតីតអ្នកថតរូប ដែលមានជំនាញម្នាក់និងធ្លាប់ត្រូវបានទទួលស្គាល់និងគាំទ្រ ហើយស្នាដៃរូបថតរបស់លោកក៏ធ្លាប់យកទៅប្រកួតប្រជែងក្នុងពិព័រណ៍រូបថតអន្តរជាតិចំនួន៣លើករួចមកហើយដែរ នៅប្រទេសវៀតណាម និងឡាវ តែជាអកុសលទាំង៣លើកនោះ ស្នាដៃរបស់លោកមិនទទួលបានចំណាត់ថ្នាក់អ្វីឡើយ ។ លោកចាន់ សូរ មានប្រសាសន៍ថា ការជ្រើសរើសយករូបថតដែលជាស្នាដៃរបស់លោកទៅតាំងពិព័រណ៍លើកនេះ គឺជាការអបអរសាទរខួប១៧ឆ្នាំរបស់សមាគមអាស៊ាន ដែលរៀបចំធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម ។
ប៉ុន្តែអ្វីដែលជាការភ្ញាក់ផ្អើលនោះ គឺលោកមិនបានត្រៀមខ្លួនជាមុនដើម្បីសំរិតសំរាំង ក្នុងការថតរូបនោះទេ តែលោកបានយកហ្វីលរូបថតចាស់ៗដែលជាស្នាដៃរបស់លោកទៅផ្តិត ហើយយកទៅចូលរួមប្រកួតប្រជែងតែម្តង។ ព្រោះការទទួលព័ត៌មាននិងការសំរេចចិត្តរបស់ក្រសួងព័ត៌មាន ឱ្យលោកយករូបថតទៅចូលរួមក្នុងការតាំងពិព័រណ៍នោះមានរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ។ យ៉ាងនេះក្តីស្នាដៃរូបថតរបស់លោកដែលភាគច្រើនជារូបភាពនៃប្រាង្គប្រាសាទបុរាណរបស់ខ្មែរ ពិសេសរូបភាពអង្គរវត្ត គឺទទួលបានការគាំទ្រយ៉ាងខ្លាំងតែម្តង រហូតមានការវាយតម្លៃក្នុងចំណាត់ថ្នាក់លេខ២ ដែលធ្វើឱ្យលោកមានក្តីរំភើប និងរីករាយយ៉ាងខ្លាំង ។
លោកចាន់ សូរ បានបន្តថា ថ្វីដ្បិតតែអ្វីដែលទទួលបានជាស្នាដៃរបស់លោកមែន តែក៏ជាមោទនភាពសំរាប់ប្រជាជាតិខ្មែរទាំងមូលផងដែរ ។ លោកមានជំនឿថា ស្នាដៃរបស់លោកនិងទទួលបានចំណាត់ថ្នាក់លេខ១ នាពេលខាងមុខមិនខាន ព្រោះលោកធ្លាប់មានជំនាញថតរូបនេះរយៈពេលជិត៣០ឆ្នាំហើយ និងមានបទពិសោធន៍ច្រើន ក្នុងការថតរូបដើម្បីចូលរួមក្នុងការតាំងពិព័រណ៍ និងការប្រកួតប្រជែងទាំងលក្ខណៈជាតិ និងអន្តរជាតិ ៕ ដកស្រង់ពី កោះសន្តីភាព
No comments:
Post a Comment