ដោយ ៖ កោះឯករាជ្យ
(រូបថត ជោគជ័យ)
រថយន្តមួយគ្រឿងបានបើកបុករបាំងថ្មនៅលើកំណាត់មហាវិថីព្រះមុនីវង្ស
រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2L-9888 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានបើកបុករបាំងថ្មនៅលើកំណាត់មហាវិថីព្រះមុនីវង្ស ស្ថិតក្នុងភូមិសាស្ត្រខណ្ឌចំការមន បណ្តាលឱ្យជាប់របាំងទ្រូងផ្លូវបើកចុះលែងរួច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ តុលា ឆ្នាំ២០១០។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ពុំបណ្តាលឱ្យមានមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់អ្វីឡើយ។ ទោះជាយ៉ាងនេះក្តី អ្នកបើកបររថយន្តបានព្យាយាមបើករថយន្តដែលជាប់លើទ្រូងផ្លូវនោះ ក្នុងបំណងរត់គេចពីការទទួលខុសត្រូវលើសំណងទ្រព្យសម្បត្តិសាធារណៈ ប៉ុន្តែដោយសារបើកបររថយន្តចុះពីលើរបាំងចែកផ្លូវពុំរួចក៏បាន ទូរស័ព្ទហៅមិត្តភក្តិសុទ្ធសឹងជាមនុស្សជិះរថយន្តទំនើបៗប្រមាណ១០ គ្រឿងមកជួយលើករថយន្តខាងលើពីលើទ្រូងផ្លូវ។ ប៉ុន្តែដោយសារលើកពុំរួចទើបសុខចិត្តប្រគល់រថយន្តឱ្យសមត្ថកិច្ច ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាន ឱ្យដឹងថា មុនពេលកើតហេតុ អ្នកបើកបររថយន្តខាងលើបានបើកបរធ្វើដំណើរលើកំណាត់ មហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូងលុះដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតបើក ឡើងលើរបាំងចែកផ្លូវជាប់ទៅមុខលេងរួច។ នៅកន្លែងកើតហេតុគេសង្កេតឃើញម្ចាស់រថយន្តខាងលើនិងបក្សពួកមាន ចរិតក្រអឺតក្រទម និងកំញើញអាវុធខ្លីនៅជាប់ខ្លួនផ្គើនសមត្ថកិច្ចយ៉ាងខ្លាំងបំផុត។ ជាងនេះទៅទៀតក្រុមម្ចាស់រថយន្តប្រើពាក្យសំដីគំរោះគំរើយគំរាមរក មុខអ្នកកាសែតចុះយកព័ត៌មានជុំវិញទិដ្ឋភាពកើតហេតុខាងលើនេះផង។ ដោយគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ ក្នុងសង្គម អ្នកយកព័ត៌មានកោះសន្តិភាពមួយរូបបានព្យាយាមដើរចេញពីហ្វូងមនុស្ស ប្រមឹកដែលដើរពេលយប់ខាងលើដោយពុំតបតអ្វីឡើយ។
មានការលើកឡើងថា អំពើមិនទទួលខុសត្រូវរាល់ផលប៉ះពាល់ទ្រព្យសម្បត្តិសាធារណៈក៏ដូចជា ការបង្កឱ្យបាត់បង់នូវសន្តិសុខ សណ្តាប់ធ្នាប់ជាទូទៅនៅក្នុងសង្គមគឺជាការប្រមាថធ្ងន់ធ្ងរដល់ ច្បាប់ទម្លាប់នានារបស់សង្គមជាតិដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកំពុងបានពង្រឹង ពិសេសគឺបញ្ហាជនទំនើងទាំងឡាយដែលតែងតែបង្កឱ្យមានការភ័យខ្លាចដល់ ការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ៕
No comments:
Post a Comment