(រូបថត បាវិត)
យោធិនពិការរងគ្រោះ
ខេត្តស្វាយ រៀង ៖ យោធិនពិការម្នាក់ឈ្មោះខឹម សាវន អាយុ៤០ឆ្នាំ នៅភូមិអំពិល ឃុំអំពិល ស្រុកព្រះស្តេច ត្រូវក្មួយប្រុសបង្កើតវាយ នឹងដំបងឈើជ្រុងប៉ុនក.ដៃចំកំភួនជើងស្តាំធ្លាក់ពីលើជណ្តើរមក ដី ខណៈជនរងគ្រោះកំពុងឡើងតាមជណ្តើរទៅលើផ្ទះ។ ក្រោយពីវាយទំលាក់ដីហើយ ក្មួយរូបនោះ ក៏វាយថែមជាច្រើនដំបងទៀត និងកាប់ជាច្រើនកាំបិតបណ្តាលឱ្យជនរងគ្រោះដួលប្រកាច់ក្នុងថ្លុក ឈាមរងរបួសយ៉ាងធ្ងន់ធ្ងរ តែសំណាងល្អ អ្នកស្រុកជួយសង្គ្រោះទាន់ពេល។
ទាក់ទិននឹងករណីខាងលើ ជនរងគ្រោះបានប្រាប់កោះសន្តិភាពថា កាលពីថ្ងៃទី២៩ តុលា វេលាម៉ោងប្រមាណជា៧យប់ជនរងគ្រោះបានមកពីកន្លែងស៊ីផឹក ពេលកំពុងឡើងតាមជណ្តើរបានពីរកាំក៏ត្រូវក្មួយប្រុសឈ្មោះប្រាក់ មាន អាយុ២២ឆ្នាំ វាយទំលាក់ពីលើកាំជណ្តើរ រួចវាយ និងកាប់ដោយកាំបិតធ្វើឱ្យរូបគាត់រងរបួសជាច្រើនកន្លែង បណ្តាលឱ្យសន្លប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។ បុរសរងគ្រោះបន្តថា គាត់ជាយោធិនពិការនៅសមរភូមិ កាលពីធ្វើជាទាហាននៅ កងពលលេខ២៨៦ ហើយត្រូវមេបញ្ជាការបញ្ជូនទៅសមរភូមិអូព្រាល ខេត្តសៀមរាប កាលពីឆ្នាំ១៩៨៨ ហើយក៏បានរងរបួសពិការភ្នែកខាងស្តាំ និងកំបុតដៃស្តាំម្ខាង ហើយក៏ត្រូវរំសាយនៅឆ្នាំ១៩៩៣។
ក្មួយប្រុសចិត្តពាលនោះឈ្មោះប្រាក់ មាន អាយុ២២ឆ្នាំ នៅភូមិជាមួយគ្នាត្រូវជាកូនរបស់បងស្រីគាត់បង្កើត។ តាមប្រភពពីអ្នកស្រុកនិយាយថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទៅផឹកស៊ីនៅផ្ទះអ្នកស្រុកចុងភូមិ ក៏ជួបនឹងក្មួយប្រុសបង្កើតឈ្មោះប្រាក់ មាន កំពុងផឹកស៊ីក្បែរគ្នានោះដែរ ក៏បានប៉ះពាក្យសំដីគ្នារវាងឪពុកមា និងក្មួយរឿងដណ្តើមដីកេរម្តាយ គឺដីស្រែ១ហិកតាកន្លះ។ ក្រោយពីប៉ះសំដីគ្នាមួយប្រាវ ម្ចាស់ផ្ទះបានឃាត់ជនរងគ្រោះឱ្យដើរចេញពីកន្លែងកើតហេតុ មិននឹកស្មានថា ក្មួយប្រុសនេះ ដើរតាមមកពីក្រោយរួចប៉ងសំលាប់ឪពុកមា ដូច្នេះទេ។ អ្វីដែលអ្នកស្រុកហូសចិត្តនោះ ម្តាយមិនទាន់ស្លាប់ផងកូនៗ និងចៅកាប់សំលាប់គ្នាដណ្តើមកេរទៅហើយ ហើយអ្វីគួរឱ្យអាណិតទៀតនោះ គឺជនរងគ្រោះរស់នៅម្នាក់ឯង។
ក្រោយពីធ្លាក់ខ្លួនពិការភ្នែក និងពិការដៃ ត្រូវប្រពន្ធសុំលែងលះ ហើយបានចុះចោលផ្ទះ និងនាំកូនៗ៣នាក់ទៅរស់នៅជាមួយឪពុកម្តាយគេវិញ ទុកឱ្យរូបគាត់ពិការរស់នៅផ្ទះម្នាក់ឯង រហូតមក។ រីឯម្តាយចាស់ជរានៅជាមួយបងស្រី ទើបពេលរូបគាត់ត្រូវក្មួយកាប់ឱ្យរងរបួសត្រូវបានអ្នកស្រុកយក មកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ហើយជនរងគ្រោះគ្មានប្រាក់ សូម្បីតែមួយសេនក៏គ្មានដែរ៕ដកស្រង់ពីកោះសន្តិភាព
No comments:
Post a Comment