(រូបថត អរុណ)
បុរសម្នាក់ជាប់ចោទប៉ុនប៉ងរំលោភស្ត្រីគត្រូវបានប៉ូលិសឃាត់ខ្លួនរួចយកទៅដាក់ទ្រុង
ក្រុង ប៉ោយប៉ែត ៖ បុរសម្នាក់ជាប់ចោទប៉ុនប៉ងរំលោភស្ត្រីគត្រូវបានប៉ូលិសវរការពារ ព្រំដែនគោកធ្វើការឃាត់ខ្លួនរួចយកទៅដាក់ទ្រុង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២ វិច្ឆិកា ក្នុងភូមិព្រៃគប់ សង្កាត់ប៉ោយប៉ែត។ បុរសជាប់ចោទរូបនេះ ឈ្មោះថែន ពេជ្រ អាយុ២៥ឆ្នាំ ជាកម្មករស្នាក់នៅក្នុងភូមិកើតហេតុ មានស្រុកកំណើតនៅភូមិអន្លង់ ឃុំតាអាន់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ នាងក្រមុំគដែលរងការប៉ុនប៉ងរំលោភមានអាយុ២៣ឆ្នាំ ជាកម្មកររស់នៅជាមួយបងប្អូន និងជាកូនស្រីអតីតមន្ត្រីប៉ូលិសវរការពារព្រំដែនលេខ៩១១ ដែលទើបតែស្លាប់កាលពីឆ្នាំកន្លងទៅ។
តាមការឱ្យដឹងពីឈ្មោះបូ រឿង អាយុ៤៨ឆ្នាំ ត្រូវជាឪពុកមារបស់នារីរងគ្រោះ និងជាប៉ូលិសវរការពារព្រំដែនបានប្រាប់ថា តាមការសួរនាំជាកាយវិការនាងគបានប្រាប់ថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១ វិច្ឆិកា ខណៈនាងកំពុងដើរទៅទិញបង្អែមហូបនៅផ្សារព្រៃគប់ ស្រាប់តែត្រូវជនជាប់ចោទខាងលើវាយតប់មកលើរូបនាង ហើយយកដៃខ្ទប់មាត់អូសនាងចូលកន្លែងស្ងាត់ក្នុងចំការក្បែរដង ផ្លូវប៉ុនប៉ងរំលោភ ប៉ុន្តែនាងថា ដោយសារនាងតបតវិញ ទើបជននោះរត់គេចខ្លួនបាត់។
តាមការឱ្យដឹងពីលោកកែវ បូរ៉ា នាយប៉ុស្តិ៍ព្រៃគប់ នៃប៉ូលិសវរការពារព្រំដែនគោកលេខ៩១១ បានប្រាប់ថា ក្រោយហេតុការណ៍កើតឡើងនារីរងគ្រោះបានមកប្តឹងនៅប៉ុស្តិ៍របស់ លោកទាំងយប់ ហើយលោកក៏បានចាត់កំលាំងអន្តរាគមន៍តាមរកចាប់ជននោះ ប៉ុន្តែជនកំហូចនេះបានរត់គេចចេញពីផ្ទះអស់មួយយប់ លុះព្រឹកថ្ងៃទី២ វិច្ឆិកា ពេលឃើញជននេះវិលមកផ្ទះវិញ ក៏បានហៅមកសួរនាំ ហើយជនកំហូចនេះបានសារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ទើបបញ្ជូនមកទីបញ្ជាការវរៈដើម្បីចាត់ការបន្ត។
ជនជាប់ចោទបានឆ្លើយសារភាពដែរថា ខ្លួនពិតជាបានប្រព្រឹត្តបែបនេះមែន ដោយសារតែស្រលាញ់នាងជាយូរមកហើយ។ ជននេះបានបន្តថា ខ្លួនបានសុំស្នេហ៍នាងដោយប្រាប់ត្រង់ៗជាច្រើនដងហើយ ប៉ុន្តែត្រូវនាងបដិសេធជានិច្ច ទើបរូបគេបង្ខំចិត្តធ្វើបែបនេះ។ តាមឪពុកមានារីគបានប្រាប់ថា បុរសជាប់ចោទនេះមានប្រពន្ធហើយ មិនមែននៅលីវនោះទេ។ លោកឈូក អាង មេបញ្ជាការប៉ូលិសការពារព្រំដែនគោកវរសេនាតូចលេខ៩១១ បានប្រាប់កោះសន្តិភាពថា ជននេះក្រោយពីធ្វើកំណត់ហេតុសួរនាំរួច នឹងធ្វើការបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ដកស្រង់ពីកោះសន្តិភាព
No comments:
Post a Comment