ថ្ងៃ អង្គារ ទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១០
(រូបថត ច័ន្ទថា)
លោក WOLFGANG MOSER ឯកអគ្គរដ្ឋទូតថ្មីនៃសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា
រាជធានីភ្នំពេញ ៖ លោកអ៊ាង សុផល្លែត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រាប់ឱ្យដឹងថា នាព្រឹកថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០១០ នៅអគារសន្តិភាពនៃទីស្តីការនាយករដ្ឋមន្ត្រី សម្តេចតេជោនាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យលោក WOLFGANG MOSER ឯកអគ្គរដ្ឋទូតថ្មីនៃសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា, លោក PREMJITH SADASIVAN ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសសិង្ហបុរី ប្រចាំនៅកម្ពុជា និងលោក CHANG HO-JIN ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម ខណៈពេលដែលអស់លោកមកបំពេញបេសកកម្មការទូតនៅប្រទេសកម្ពុជា។
លោកអ៊ាង សុផល្លែត បន្តថា លោក WOLFGANG MOSER បានជំរាបសម្តេចតេជោនាយករដ្ឋមន្ត្រីថា បេសកកម្មរបស់លោកនៅកម្ពុជានៅពេលនេះ គឺលោកធ្វើយ៉ាងណាប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំង២ឱ្យមានការរីកចំរើនកាន់តែល្អ ឡើង។ លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានសំដែងនូវសេចក្តីរីករាយយ៉ាង ខ្លាំង ដោយសព្វថ្ងៃនេះមានអ្នកវិនិយោគអាល្លឺម៉ង់ជាច្រើនមកកាន់កម្ពុជា ហើយនៅដើមខែវិច្ឆិកានេះ នឹងមានការហោះហើរមកកាន់កម្ពុជាទៀត។ លោកបានប្តេជ្ញាជូនចំពោះសម្តេចតេជោ ហ៊ុន សែន ថា នឹងធ្វើយ៉ាងណាពង្រីកកិច្ចសហប្រតិបត្តិការនេះ ជាពិសេសលើវិស័យពាណិជ្ជកម្មឱ្យបានកាន់តែរីកចំរើនថែមទៀត។
ដោយឡែកលោក PREMJITH SADA SIVAN ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសសិង្ហបុរីបានប្តេជ្ញាចិត្តជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីថា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការការទូតរវាងកម្ពុជា និងសិង្ហបុរីឱ្យបានកាន់តែរឹងមាំថែមទៀត។ ក្នុងបេសកកម្មការទូតរបស់លោក លោកនឹងស្វែងរកនូវសក្តានុពលថ្មីៗផ្សេងទៀតដើម្បីពង្រីកកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំង២។ លោកនឹងពិចារណាលើវិស័យពាណិជ្ជកម្ម-អភិវឌ្ឍន៍ធនធានមនុស្ស និងធ្វើឱ្យមានការកែប្រែគេហទំព័រមួយចំនួនរបស់ប្រទេសសិង្ហបុរី ឱ្យមានជាភាសាកម្ពុជា ដើម្បីឱ្យសិង្ហបុរី បានយល់ដឹងនូវអ្វីដែលអាចជាកត្តាសំខាន់របស់កម្ពុជា ហើយនឹងជំរុញការបណ្តុះបណ្តាលមន្ត្រីកម្ពុជាដែលធ្លាប់បាន បណ្តុះបណ្តាលនៅសិង្ហបុរីនោះឱ្យមកធ្វើការបណ្តុះបណ្តាលនៅកម្ពុជា វិញ ជាពិសេសនឹងពង្រីកទៅតាមបណ្តាខេត្តនៅកម្ពុជាទៀត។
ចំណែកលោក CHANG HO-JIN ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក នាយករដ្ឋមន្ត្រី លោកប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េជូនចំពោះសម្តេចតេជោនាយករដ្ឋ មន្ត្រី ហ៊ុន សែន។ លោកមានប្រសាសន៍ថា ក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះទំនាក់ទំនងការទូតរវាងប្រទេសទាំង២ បានរីកចំរើនយ៉ាងឆាប់រហ័សជាទីបំផុត។ ការរីកចំរើននោះបានឈានទៅដល់កិច្ចសហប្រតិបត្តិការទាំងវិស័យ សន្តិសុខ វិស័យពាណិជ្ជកម្ម វិស័យកសិកម្ម វិស័យសុខាភិបាល និងវិស័យអប់រំជាដើម។ លោកមានប្រសាសន៍បន្តថា ក្នុងបេសកកម្មការទូតនៅកម្ពុជា លោកនឹងព្យាយាមធ្វើយ៉ាងណាពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិ នេះឱ្យបានកាន់តែទូលំទូលាយជាងនេះថែមទៀត។
ដកស្រង់ពីកោះសន្តិភាព
No comments:
Post a Comment