Friday, October 15, 2010

ឥទ្ធិពល​សម្ពាធ​ទាប​នៅ​តែ​បន្ត​គ្រប​ដណ្ដប់​លើ​​ ប្រទេស​​កម្ពុជា

14-10-2010-o-ភ្នំពេញ ​៖ ​ជ្រលង​សម្ពាធ​ទាប​ និង​ប្រព័ន្ធ​សម្ពាធ​ទាប​នៅ​តែ​បន្ត​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ប្រទេស​កម្ពុជា​ ដដែល​ រហូត​ ដល់​ថ្ងៃ​ទី​១៨​។​នេះ​បើ​តាម​ការ​តាម​ដាន​ស្រាវ​ជ្រាវ​របស់​ក្រសួង​ធនធាន​ ទឹក​ និង​ឧតុនិយម​ហើយ​បាន​ជូន​ដំណឹង​បន្ថែម​។

ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​បាន​ជូន​ដំណឹង​បន្ថែម​នៅ​ថ្ងៃ​ទី​១៤​ ខែ​តុលា​នេះ​ថា​ បន្ទាប់​ពី​ធ្វើ​ការ​តាម​ដាន​ ស្រាវ​ជ្រាវ​ពី​ធាតុ​អាកាស​ និង​បាត​ភូត​​ធម្មជាតិ​រួច​មក​ឃើញ​ថា​ មក​ដល់​ថ្ងៃ​ទី​១៤​ ខែ​តុលា​នេះ​ជ្រលង​សម្ពាធ​ទាប​ និង​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​ក្រសួង​ធនធាន​ទឹក​បាន​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ ទី​១១​ ខែ​តុលា​កន្លង​ទៅ​នេះ​នៅ​តែ​បន្ត​គ្រប​ដណ្ដប់​ និង​មាន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ដដែល​។

សេចក្ដី​ជូនដំណឹង​បន្ថែម​របស់​ក្រសួង ​ធនធាន​ទឹក ​និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា​ ឥទ្ធិពល​នៃ​ជ្រលង ​សម្ពាធ​ទាប​ និង​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ​នឹង​បន្ត​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ចាប់​ពី​ ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៨​ ខែ​តុលា​ឆ្នាំ​២០១០​ នៅ​តំបន់​វាល​ទំនាប​ តំបន់​មាត់​សមុទ្រ​ពិសេស​នៅ​តាម​ខេត្ត​មួយ​ចំនួន​ដូច​ជា​ រាជធានី​ភ្នំពេញ ​កណ្ដាល​ កំពង់​ស្ពឺ ​តាកែវ​ កំពង់​ឆ្នាំង​ ពោធិសាត់​ បាត់ដំបង​ សៀម​រាប​ កំពង់​ធំ​ ព្រះ​សីហនុ​ កំពត​ កោះ​កុង​ កែប​ ព្រៃវែង ​និង​ខេត្ត​ស្វាយ​រៀង​។

សេចក្ដី​ជូន​ដំណឹង​បន្ថែម​របស់​ ក្រសួង​ធនធាន​ទឹក​ និង​​ឧតុនិយម​បាន​គូស​​បញ្ជាក់​ថា​ ស្ថាន​ភាព​ទឹក​ភ្លៀង​ដែល​នឹង​បន្ត​ធ្លាក់​ចុះ​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​ ជំនន់​ទឹក​ភ្លៀង​នៅ​តាម​បណ្តា​រាជធានី​ និង​ខេត្ត​ ទាំង​១៤​ដូច​ដែល​បាន​ជម្រាប​ជូន​​ខាង​លើ​។

ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​បាន​អំពាវ​នាវ​ដោយ​យោង​តាម​សភាព​ការណ៍​អាកាស​ធាតុ​ខាង​លើ​ ឲ្យ​អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដា​រាជ​ធានី​ ខេត្ត​ខាង​លើ​ ព្រម​ទាំង​ប្រជា​នេសាទ​ សមុទ្រ​សូម​បន្ត​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​ ដើម្បី​ចៀស​វាង​នូវ​រាល់​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ជាយថា​ហេតុ​ ​៕

No comments:

Post a Comment