លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ឆ្វេង) និងលោក ត្រាំ អ៊ីវតឹក (ជាប់លោក គាត ឈន់) រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី ហ្វីអូណា កូឈូត (ស្តាំ) តំណាងស្ថានទូតអូស្ត្រាលី និងលោក វ៉េយនី ហាន់ នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Toll Global Logistics ឈរនៅក្នុងទូររថភ្លើង នៅពេលបើកសម្ពោធដាក់ឲ្យដំណើរការផ្លូវរថភ្លើងនៅឯស្ថានីយរថភ្លើង រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ តុលា ឆ្នាំ២០១០។ រូបថត AFP
ផ្លូវរថភ្លើងទើបស្ថាបនាឡើង វិញថ្មីៗប្រវែង ១២០គីឡូម៉ែត្រ ភ្ជាប់ទីក្រុងភ្នំពេញ ទៅនឹងទីប្រជុំជនទូកមាសភាគខាងត្បូងប្រទេស ជិតតំបន់ព្រំដែនវៀតណាម។
នេះគឺជាផ្នែកដំបូងនៃផែនការសាងសង់ ឡើងវិញនូវបណ្តាញផ្លូវដែកប្រវែង ៦៥០គីឡូម៉ែត្រ នៅទូទាំងប្រទេស ដែលនឹងភ្ជាប់ព្រំដែនភាគខាងជើងជាប់ប្រទេសថៃ ឆ្លងកាត់រាជធានីភ្នំពេញ ទៅកាន់តំបន់ទីក្រុងមាត់សមុទ្រខេត្តព្រះសីហនុ នៅភាគខាងត្បូងប្រទេស។
ការចំណាយសរុបទៅលើការស្តារឡើងវិញ នូវបណ្តាញផ្លូវរថភ្លើង ដែលគ្រោងនឹងសម្រេចរួចរាល់នៅឆ្នាំ២០១៣នោះ មានតម្លៃ ១៤១លានដុល្លារ ដោយក្នុងនោះបានទទួលការជួយឧបត្ថម្ភពីសំណាក់ធនាគារពិភពលោកនូវ ទឹកប្រាក់ ៨៤លានដុល្លារ។
លោក កុននីយ៉ូ សេងហ្គា អគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា៖ «ផ្លូវដែកថ្មីនេះ បង្ហាញនូវជំហានដ៏មានសារសំខាន់មួយទៀត សម្រាប់ប្រទេសកម្ពុជា ក្នុងការជម្នះជម្លោះផ្លូវច្បាប់»។
យោងតាមធនាគារអភិវឌ្ឍន៍ អាស៊ី បណ្តាញផ្លូវដែកភ្ជាប់រាជធានីភ្នំពេញ ទៅនឹងតំបន់ទូកមាសមួយនេះ ក៏ជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកផែនការដ៏ធំក្នុងការបង្កើតប្រព័ន្ធផ្លូវដែកពី សិង្ហបុរី ទៅកាន់ប្រទេសចិន។
បណ្តាប្រទេសក្នុងតំបន់ កំពុងតែគាំទ្រដល់បណ្តាញផ្លូវដែកអាស៊ី ដែលជាមធ្យោបាយដឹកជញ្ជូនមានតម្លៃថោក៕ ប្រែសម្រួល ឌិត សុខធី
No comments:
Post a Comment