ទាហាន កូរ៉េខាងជើងឈរយាមកាលនៅភូមិប៉ាន់មុនជុំ កណ្តាលតំបន់ស រវាងប្រទេសកូរ៉េទាំងពីរ នៅថ្ងៃទី ២០តុលា ២០១០ ខណៈដែលព័ត៌មានរាយការណ៍ថា កូរ៉េខាងជើងត្រៀមរៀបចំធ្វើតេស្តអាវុធនុយក្លេអ៊ែរទី៣។ រូបថត AFP
កាសែតនៅក្នុងប្រទេសកូរ៉េខាងត្បូងមួយ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី ២១ ខែតុលានេះ ដោយស្រង់ប្រភពពីរដ្ឋាភិបាលថា ប្រទេសកូរ៉េខាងជើងហាក់ដូចជាកំពុងរៀបចំធ្វើការសាកល្បងអាវុធ បរមាណូលើកទី ៣ របស់ខ្លួន។
កាសែតចូស៊ុនអ៊ីលបូ បានរាយការណ៍ថា ផ្កាយរណបរបស់អាមេរិកចាប់បានរូបភាពចល័តទ័ព និងយានយន្តនៅទីតាំងមួយ ជាទីដែលរដ្ឋកុម្មុយនិស្តឯកោមួយនេះធ្លាប់បានធ្វើការសាកល្បង អាវុធនុយក្លេអ៊ែរ ២ លើកដំបូងរបស់ខ្លួនរួចមកហើយ។
ប៉ុន្តែ មន្ត្រីម្នាក់នៃក្រសួងការពារជាតិកូរ៉េខាងត្បូងបានថ្លែងប្រាប់ AFP ក្នុងលក្ខខណ្ឌអនាមិកថា ការចល័តទ័ពបែបនោះត្រូវបានគេត្រួតពិនិត្យចាប់បានជាញឹកញាប់ ដែលវាអាចជាសកម្មភាពថែទាំប្រចាំថ្ងៃរបស់រោងចក្រយុទ្ធសាស្ត្រ ដ៏សំខាន់នេះនៅទីនោះ។
កាសែតចូស៊ុនបានស្រង់សម្តីពីប្រភព មន្ត្រីរដ្ឋាភិបាលមិនបង្ហាញអត្តសញ្ញាណរូបនោះដែលបានថ្លែងថា៖ «ការចល័តទ័ព និងយានយន្តជានិច្ចកាល និងដោយប្រញាប់ប្រញាល់កាលពីពេលថ្មីៗនេះត្រូវបានផ្កាយរណបចាប់ បាននៅតំបន់ពុងយេរី»។
យោងតាមប្រភពដដែល កូរ៉េខាងជើងក៏ហាក់ដូចជាកំពុងស្តារឡើងវិញនូវផ្លូវរូងក្រោមដី ដែលរងការបំផ្លាញនៅក្នុងពេលធ្វើការសាកល្បង ២ លើកមុននេះផងដែរ។
No comments:
Post a Comment