 ភ្នំពេញ ៖ ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១០ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងទទួលអំណោយពីលោកជំទាវ ហ្សាំង រ៉ូហ្សិន ភរិយាឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន ដែលអមដំណើរដោយលោកជំទាវ ហ្សៅ សៀលីង ភរិយាឯកឧត្តមឯកអគរដ្ឋទូតចិនប្រចាំកម្ពុជា លោកស្រី វ៉ាង ឈិន អនុប្រធានការិយាល័យកិច្ចការបរទេស នៃនាយកដ្ឋានការងារទូទៅនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជន ចិន កញ្ញា សៀវ វីវី លេខាទី ១ ស្ថាន ទូតចិន និងលោក ស៊ី វីវី ភារធារីស្ថានទូតចិន ។ អញ្ជើញចូលរួមក្នុងកិច្ចសវនាការនេះដែរ មានលោកជំទាវ សៅទី ហេងសំរិន ភរិយាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន លោកជំទាវ ញ៉ែម សុផានី ងួនញ៉ិល ភរិយាឯកឧត្តម ងួន ញ៉ិល និងលោកជំទាវ ឃួន សុដារី ប្រធានគណៈកម្មការសិទ្ធមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងជាសមាជិកាគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ។
មានប្រសាសន៍នៅក្នុងឱកាសនោះលោកជំទាវ ហ្សាំង រ៉ូហ្សិន បានសម្តែងទឹកចិត្តសប្បាយរីករាយចំពោះការ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត មានឱកាសបានចូលជួបធ្វើសវនាការប្រកបដោយស្មារតីសាមគ្គី និងសហប្រតិបត្តិការយ៉ាងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ចិន-កម្ពុជា ជាពិសេសកាន់តែ បង្កើនបាននូវកិច្ចសហប្រតិបត្តិការល្អរវាងកាកបាទក្រហមចិន និងកាកបាទក្រហមកម្ពុជា ។ ប្រទេសកម្ពុជា និងប្រទេសចិនធ្លាប់មានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យទាំងសេដ្ឋកិច្ច និងវប្បធម៌ ក្នុងលក្ខណៈជាបងប្អូន ។ លោកជំទាវក៏បានទទួលស្គាល់ថាប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានធនធានប្រកបដោយសក្តានុពល ហើយសង្ឃឹមថាប្រទេសកម្ពុជានឹងឈានទៅកសាងប្រទេសសម្បូររុងរឿងលើ បណ្តាប្រទេសជឿនលឿនឯទៀតៗ ។ លោកជំទាវ ហ្សាំង រ៉ូហ្សិន ក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលបានគាំទ្រលើការងារទូតចំពោះ ប្រទេសចិន នៅឆាក អន្តរជាតិ តាមរយៈនេះប្រទេសទាំងពីរនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងនាមជាបងប្អូន ដើម្បីអភិវឌ្ឍន៍ ប្រទេសរៀងៗខ្លួន ព្រមជាមួយនឹងការកោតសរសើរដ៏ជ្រាលជ្រៅចំពោះលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល មានថាមពល ប្រាជ្ញាវាងវៃ ក្នុងការដឹកនាំចលនាមនុស្សធម៌នៅកម្ពុជា ជួយសង្គ្រោះជនក្រីក្រ ជនងាយរងគ្រោះ កុមារ កំព្រា ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ អ្នកកើតនិងផ្ទុកមេរោគអេដស៍ ជួយឱ្យអ្នកទាំងនោះមានជីវភាព ប្រសើរឡើង ធ្វើឱ្យកិត្តិសព្ទ និងកិត្យានុភាពកាកបាទក្រហមកម្ពុជាត្រូវបានលើកកម្ពស់ក្នុងឆាក អន្តរជាតិ ។ លោកជំទាវប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកជំទាវ ហ្សាំង រ៉ូហ្សិន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនូវកម្ពុជា ព្រមទាំងសម្តែងនូវការដឹងគុណយ៉ាង ជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ន និងសម្រាប់អនាគត បានជួយកសាង អភិវឌ្ឍន៍កម្ពុជា រួមមាន ស្ពាន ថ្នល់ សាលារៀន និងបណ្តាសមិទ្ធផលឯទៀត រួមចំណែកពិតប្រាកដដល់ការលើក កម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយជាបណ្តើរៗភាពក្រីក្ររបស់ប្រជាជនកម្ពុជា ។ ជាមួយគ្នានេះដែរ ប្រទេសចិនក៏ បានជួយដល់កាកបាទក្រហមកម្ពុជាទៅតាមកម្មវិធីមួយចំនួនដែលបានចុះ ហត្ថលេខាព្រមព្រៀងគ្នាតាំងពីឆ្នាំ ២០០០ ហើយបន្តបន្ទាប់មកកាកបាទក្រហមនៃប្រទេសទាំងពីរតែងតែផ្តល់ជូន គ្នាទៅវិញទៅមក នូវបទពិសោធន៍ល្អៗដើម្បីឱ្យ កិច្ចដំណើរការការងារមនុស្សធម៌របស់ប្រទេសទាំងពីរទទួលបានលទ្ធផល ល្អ និងតាមរយៈនៃកិច្ចសហប្រតិបត្តិការនេះ កាកបាទក្រហមកម្ពុជាក៏បានទៅទស្សនកិច្ចដកពិសោធន៍ការងារនៅប្រទេស ចិនចំនួនបីលើករួចមកហើយ ។ លោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានថ្លែងអំណរគុណផងដែរយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិន ដែល បានយកចិត្តទុកដាក់បដិសណ្ឋារកិច្ច និងជួយព្យាបាលព្រះរោគថ្វាយសម្តេចឪ និងសម្តេចម៉ែ ទទួលបាននូវព្រះរាជសុខ ភាពល្អបរិបូរ មានព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់កូនចៅ ចៅទូតរបស់ព្រះអង្គតរៀងទៅ ។ បន្ទាប់មកលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញទទួលអំណោយពីលោកជំទាវ ហ្សាំង រ៉ូហ្សិន ដែលផ្តល់ជូនកាកបាទក្រហមកម្ពុជា រួមមាន ៖ទូរទស្សន៍ទំហ៊ុម ៥៥ អ៊ិញ ១ គ្រឿង កុំព្យូទ័រយួរដៃ ៥ គ្រឿង ប្រូយេកទ័រ ១ គ្រឿង និងម៉ាស៊ីនចាក់ DVD ១ គ្រឿង ព្រមទាំងអញ្ជើញទស្សនាបន្ទប់សារមន្ទីរតាំងពិព័រណ៍សកម្មភាព កាកបាទក្រហមកម្ពុជា និងបានអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយប្រតិភូភរិយាឯកឧត្តមប្រធាន គណៈកម្មាធិការ អចិន្ត្រៃយ៍សភាប្រជាជនចិនផងដែរ៕ ដកស្រង់ពី កម្ពុជាថ្មី |
No comments:
Post a Comment