|
សុក្រ, 05 វិច្ឆិកា 2010 09:32 |
នៅក្រោយជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយឯកឧត្តម Wu Bangguo ប្រធានគណៈកម្មការអន្ត្រៃយ៍សភាតំណាងប្រជាជនចិនទូទាំងប្រទេសលើកទី ១១ កាលពីថ្ងៃទី៤ វិច្ឆិកានៅវិមានសន្តិភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រាប់ឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេច ហ៊ុន សែន បានសំដែងនូវការរីករាយដោយបានធ្វើការកត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-ចិនបានឈានដល់បីដំណាក់កាល គឺពីទំនាក់ទំនងអ្នកជិត ខាងល្អទៅជាសហប្រតិបត្តិការ ដែលប្រកបដោយការជឿទុកចិត្ត ហើយមកដល់ពេលបច្ចុប្បន្ននេះ ទំនាក់ទំនងរបស់យើង បានក្លាយទៅជាទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ដែលជាដំណាក់កាលថ្មីមួយបង្ហាញពីការវិវត្តនៃភាពទំនាក់ទំនង រវាងប្រជាជាតិទាំងពីរ ។ ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានថា សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីម្តងទៀត នូវគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនៅតែប្រកាន់គោលនយោបាយចិនមួយ ពីព្រោះនេះជាការគោរពនូវអធិបតេយ្យរបស់ប្រទេសចិន ក៏ដូចជាការគោរពនូវអធិបតេយ្យរបស់កម្ពុជាខ្លួនឯងផងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រីថ្លែងថា ឯកឧត្តម Wu Bangguo បានអបអរសាទរចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ របស់ប្រទេសទាំងពីរទាំងផ្នែក នីតិបញ្ញត្តិ ផ្នែកនីតិប្រតិបត្តិ តុលាការ និង ទំនាក់ទំនងរវាងបក្សទាំងពីរផងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រីថ្លែងថា នៅក្នុងជំនួបនោះ ឯកឧត្តម Wu Bangguo បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាន់ជំហរក្នុងការបង្រួបបង្រួមជាតិរបស់ចិន ជាពិសេស គឺជំហររបស់សម្តេច ហ៊ុន សែន ចំពោះវិបត្តិនៅសមុទ្រចិនខាងត្បូង ដែលបានជំទាស់នឹងការប៉ុនប៉ងចង់ធ្វើអន្តរជាតូបនីយកម្មលើបញ្ហានេះ ។ ឯកឧត្តម Wu Bangguo មានប្រសាសន៍ថា ប្រទេសចិននឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកាន់តែ មានការរីកចម្រើនបន្តទៅទៀត ពីព្រោះថាបើទំនាក់ទំនងវិស័យសេដ្ឋកិច្ចបានល្អ វានឹងជួយជម្រុញដល់ទំនាក់ទំនងផ្នែកនយោបាយ ហើយបើទំនាក់ទំនងនយោបាយល្អវានឹងជួយដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ ។ ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា នៅក្នុងកិច្ចពិភាក្សានោះ ភាគីចិនផ្តល់ជំនួយដល់កម្ពុជាចំនួន១០០លានយ័ន បានប្រកាសលុបបំណុលដែលកម្ពុជាជំពាក់ហើយត្រូវសងនៅឆ្នាំ ២០១០ ចំនួន៤លាន ២៤ម៉ឺនដុល្លារ និង បានបញ្ជាថ្មីអំពីការពន្លឿនការសាងសង់ផ្លូវដែកពីភ្នំពេញទៅកាន់ ព្រំដែនវៀតណាមផងដែរ ។ ឯកឧត្តមថ្លែងបន្តថា នៅក្នុងរយៈពេល ៥ឆ្នាំទៅមុខនេះ ប្រទេសកម្ពុជា-ចិនមានគម្រោងធ្វើកិច្ចសហប្រតិបត្តិការលើគម្រោងចំនួន ២៣ ដែលមានតម្លៃចំនួន ១៦០០ លានដុល្លារសហរដ្ឋអាមេរិក ហើយចិនក៏នឹងជម្រុញការវិនិយោគមកកាន់កម្ពុជាឱ្យបានកាន់តែច្រើន ថែមទៀត និងបានដំឡើងការផ្តល់អាហារូបរណ៍ដល់និស្សិតកម្ពុជាពី៨០នាក់ទៅដល់ ចំនួន ២០០ នាក់ក្នុងមួយឆ្នាំផងដែរ៕ ដកស្រង់ពី កម្ពុជាថ្មី |
No comments:
Post a Comment