ថ្ងៃ សុក្រ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១០
(រូបថត សហការី)
នៅទីស្តីការគណៈរដ្ឋមន្ត្រី មានបើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
រាជធានីភ្នំពេញ ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១០ វេលាម៉ោង៨និង៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី មានបើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៤ ដើម្បីឆ្លង ១-សេចក្តីព្រាងច្បាប់ ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី។ ២-សេចក្តីព្រាងអនុក្រឹត្យស្តីពីការបណ្តុះបណ្តាលថ្នាក់បណ្ឌិត។ ៣-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតតំបន់គ្រប់គ្រង និងអភិរក្សដែនបំរុងសត្វក្រៀល និងសត្វស្លាបផ្សេងទៀត ស្ថិតនៅទីតាំងអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត។ ៤-បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញតិ្តលើកកិច្ចព្រមព្រៀងចំនួន៣ ក្រោមតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា» ។
ក្រោយពីបានស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានសម្រេច៖
១-សេចក្តីព្រាងច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណីក្រមរដ្ឋប្បវេណីកម្ពុជា ដែលប្រមូលផ្តុំនូវបណ្តាច្បាប់ជាមូលដ្ឋាននៃនីតិឯកជនទាំងឡាយ ត្រូវបានប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខនស/រកម/១២០៧/០៣០ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៧។ ទោះបីជាក្រមរដ្ឋប្បវេណីត្រូវបានប្រកាសឱ្យប្រើរួចហើយក៏ដោយ នៅក្នុងបញ្ញត្តិនៃមាត្រា១៣០៥ ចែងថា ក្រមនេះត្រូវអនុវត្តចាប់ពីថ្ងៃដែលកំណត់ផ្សេងដោយច្បាប់ ក៏ដូចជាទំនាក់ទំនងរដ្ឋប្បវេណីនេះមានភាពស្មុគស្មាញ ទាំងនៅក្នុងការបកស្រាយ និងទាំងនៅក្នុងការអនុវត្តជាមួយបណ្តាច្បាប់មួយចំនួនដូចជា ក្រឹត្យ ច្បាប់លេខ៣៨ក្រ.ច ស្តីពីកិច្ចសន្យា និងការទទួលខុសត្រូវក្រៅកិច្ចសន្យា ច្បាប់ស្តីពីអាពាហ៍ពិពាហ៍និងគ្រួសារ ច្បាប់ភូមិបាល និងច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានាជាដើម។ អាស្រ័យហេតុនេះទើបក្រសួងយុត្តិធម៌ ដោយមានជំនួយពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បានរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីធ្វើការសម្របសម្រួលជាមួយបទប្បញ្ញត្តិច្បាប់ និងបទដ្ឋានគតិយុត្តធរមាននានា ឱ្យមានភាពស៊ីសង្វាក់នៅក្នុងការអនុវត្ត និងដើម្បីឱ្យក្រមរដ្ឋប្បវេណីអាចអនុវត្តបានដោយរលូន។ សេចក្តីព្រាងច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី ដែលមានវិសាលភាពអនុវត្ត ចំពោះបញ្ហាដែលទាក់ទងនឹងការអនុវត្តក្រមរដ្ឋប្បវេណី រួមមាន៨ជំពូក និង៨៤មាត្រា។
២-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបណ្តុះបណ្តាលថ្នាក់បណ្ឌិតដោយអនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីសន្និបាតជាតិអប់រំ និងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៃសាកលវិទ្យាល័យអន្តរជាតិនៅឆ្នាំ២០០៩ សេចក្តីព្រាងអនុក្រឹត្យស្តីពីការបណ្តុះបណ្តាលថ្នាក់បណ្ឌិតនេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំគោលការណ៍ណែនាំ និងនីតិវិធីក្នុងការដឹកនាំ និងការពារសារណានិក្ខេបបទក្នុងគោលបំណង ដើម្បីបង្កើននិងធានាគុណភាព និងធ្វើឯកភាពនីយកម្មក្នុងការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ហើយក៏ដើម្បីជួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនឱ្យមានភាពងាយស្រួលក្នុងការរៀបចំការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ហើយក៏ដើម្បីជួយជម្រុញ និងលើកទឹកចិត្តចំពោះការស្រាវជ្រាវផងដែរ។សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរួមមាន៧ជំពូក និង៣១ មាត្រា។
៣-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតតំបន់គ្រប់គ្រង និងអភិរក្សដែនបំរុងសត្វក្រៀល និងសត្វស្លាបផ្សេងទៀតស្ថិតនៅទីតាំងអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពតសេចក្តីព្រាងអនុក្រឹត្យនេះត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងអភិរក្សសត្វក្រៀល និងសត្វស្លាបផ្សេងទៀតស្ថិតនៅទីតាំងអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត ហើយប្រែក្លាយតំបន់អភិរក្ស ដែលមានផ្ទៃក្រឡាទំហំ២១៧ហិកតា ឱ្យទៅជាគោលដៅអេកូទេសចរណ៍នាពេលអនាគត ក៏ដូចជាជួយរួមចំណែកដល់ការនេសាទត្រីជាលក្ខណៈគ្រួសារគ្រប់រដូវកាលសំរាប់ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះផងដែរ។ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតតំបន់គ្រប់គ្រង និងអភិរក្សដែនបំរុងសត្វក្រៀល និងសត្វស្លាបផ្សេងទៀតស្ថិតនៅទីតាំងអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត រួមមាន៤ជំពូក និង ៨មាត្រា។
៤-បញ្ហាផ្សេងៗ
-អង្គប្រជុំគណៈរដ្ឋមន្ត្រីបានសម្រេចបញ្ជូន «កិច្ចព្រមព្រៀងចំនួន៣ ក្រោមតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា» ទៅសុំការផ្តល់សច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិតាមនីតិវិធី។
-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១០ ដែលសម្រេចបានលទ្ធផលល្អ បើទោះបីជាត្រូវជួបប្រទះនឹងគ្រោះធម្មជាតិជំនន់ទឹកភ្លៀងក៏ដោយ ដោយសម្តេចមានប្រសាសន៍បញ្ជាក់ថា ច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធឲ្យបន្តចាត់វិធានការនានា ដើម្បីធានាឱ្យការប្រមូលផលស្រូវមានប្រសិទ្ធភាពខ្ពស់។
-សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ស្ថាប័នត្រូវយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យបានល្អសំរាប់បំរើឱ្យអង្គប្រជុំអន្តរជាតិនានា ដែលប្រព្រឹត្តទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីបំរើសេចក្តីសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកចូលរួមក្នុងពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅពេលខាងមុខនេះ។ ជាពិសេសអាជ្ញាធររាជធានី-ខេត្តត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះសន្តិសុខ សុវត្ថិភាពជូនដល់កីឡាករ កីឡាការិនីប្រណាំងទូកចាប់តាំងពីពេលចាកចេញរហូតដល់ការវិលត្រលប់ទៅដល់មូលដ្ឋានដើមវិញ៕

No comments:
Post a Comment