ថ្ងៃ សុក្រ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១០
(រូបថត សហការី)
លោកឧបនាយករដ្ឋមន្ត្រីសុខ អាន ថ្លែងនៅសាលាក្តីខ្មែរក្រហមថ្ងៃទី២៧ តុលា ២០១០
នៅឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំការជួយឧបត្ថម្ភគាំទ្រពីអង្គការសហប្រជាជាតិដើម្បីស្វែងរកការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងដែលបានប្រព្រឹត្តឡើងនៅក្នុងប្រទេសកម្ពុជាពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ហើយដែលបទឧក្រិដ្ឋកម្មនេះមិនមានការទទួលខុសត្រូវជាយូរណាស់មកហើយ។ អង្គការសហប្រជាជាតិបានឆ្លើយតបជាវិជ្ជមានចំពោះសំណើនេះ ហើយដំណើរការដើម្បីបង្កើតសាលាក្តី ដែលជាដំណើរការដ៏មានសារសំខាន់មួយបញ្ជាក់ពីការបង្កើតបាននូវមូលដ្ឋានថ្មីៗសំរាប់ប្រព័ន្ធយុត្តិធម៌អន្តរជាតិក៏បានចាប់ផ្តើម និងសំរេចបានលទ្ធផលល្អដូចសព្វថ្ងៃនេះ ជាពិសេសក្រោមការគាំទ្រជាប់មិនដាច់ពីសំណាក់ឯកឧត្តមក្នុងរយៈពេលជិត៤ឆ្នាំដែលឯកឧត្តមត្រូវបានតែងតាំងជាថ្នាក់ដឹកនាំកំពូល។
អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចាប់ផ្តើមដំណើរការងារនៅដើមឆ្នាំ២០០៦ ដោយនៅក្នុងឆ្នាំដំបូងបានផ្តោតលើបញ្ហានីតិវិធីនិងបញ្ហារៀបចំដំណើរការការងារមុនពេលចាប់ផ្តើមការងារលើសំណុំរឿងលើកដំបូងនៅពាក់កណ្តាលឆ្នាំ២០០៧។ ក្នុងរយៈពេល៣ឆ្នាំចាប់ពីពេលនោះមក អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជាបានវិវឌ្ឍន៍ទៅមុខយ៉ាងល្អប្រសើរក្នុងការបំពេញការងាររបស់ខ្លួន។ ការជំនុំជំរះលើសំណុំរឿង០០១ ទទួលបាននូវការស្វាគមន៍យ៉ាងទូលំទូលាយពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ អង្គជំនុំជំរះសាលាដំបូងដែលរួមមានសមាសភាពចៅក្រមជាតិចំនួន៣រូប និងចៅក្រមអន្តរជាតិចំនួន២រូបបានរកឃើញថា កាំង ហ្គេកអ៊ាវ ហៅឌុច មានពិរុទ្ធភាពលើឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ហើយបានសំរេចដាក់ពន្ធនាគារចំនួន៣៥ឆ្នាំ។ ភាគីទាំងបីពោលគឺ ក្រុមមេធាវីការពារក្តី សហព្រះរាជអាជ្ញា និងដើមបណ្តឹងរដ្ឋប្បវេណី បានដាក់សេចក្តីជូនដំណឹងអំពីការដាក់បណ្តឹងសាទុកជូនទៅអង្គជំនុំជំរះតុលាការកំពូលដែលនឹងត្រូវសំរេចលើករណីនេះក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
តាមសំដីរបស់សមាជិកព្រឹទ្ធសភា ចន ខេរី បានលើកឡើងថា «ការកាត់ទោសឌុច គឺជាសមិទ្ធផលដ៏មានសារសំខាន់មួយសំរាប់ប្រទេសកម្ពុជា។ អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបង្ហាញឱ្យយើងឃើញទាំងអស់គ្នាដោយគ្មានមន្ទិលសង្ស័យថា ស្ថាប័ននេះពិតជាមានលទ្ធភាពធ្វើការជំនុំជំរះលើរឿងក្តីធំៗដែលមានលក្ខណៈស្មុគស្មាញទៅតាមបទដ្ឋានអន្តរជាតិ។ លើសពីនេះអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជាបានបង្ហាញអំពីសមត្ថភាពធនធានមនុស្សផ្នែកជាតិរបស់ខ្លូនដែលត្រូវបានអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព។ ដូច្នេះយើងក៏ត្រូវចាប់យកឱកាសនេះ ហើយព្យាយាមច្របាច់ចំណេះដឹង និងជំនាញទាំងឡាយដាក់បញ្ចូលទៅក្នុងរចនាសម្ព័ន្ធតុលាការ និងប្រព័ន្ធគតិយុត្តជាតិនៅកម្ពុជាផងដែរ។
បទពិសោធន៍នៅក្នុងតុលាការផ្សេងៗទៀតនៅលើពិភពលោកទាក់ទងនឹងបទឧក្រិដ្ឋកម្មធំៗដែលមានលក្ខណៈស្រដៀងគ្នានេះដែលសហគមន៍អន្តរជាតិធ្លាប់បានចូលរួមបង្ហាញថា ចំណេះដឹង និងជំនាញនឹងត្រូវបានផ្ទេរទៅឱ្យប្រព័ន្ធយុត្តិធម៌ក្នុងប្រទេសកម្ពុជា និងប្រព័ន្ធយុត្តិធម៌អន្តរជាតិផងដែរ។ ដំណើរការជំនុំជំរះសំណុំរឿងបែបនេះគឺជារឿងងាយស្រួលណាស់ប៉ុន្តែប្រសិនបើគេចង់បន្សល់ទុកឱ្យមានកេរដំណែលដ៏ល្អសំរាប់ប្រព័ន្ធយុត្តិធម៌ទៅថ្ងៃក្រោយនោះ ការប្រព្រឹតិ្តទៅរបស់អង្គជំនុំជំរះគឺពិតជាត្រូវការពេលវេលា និងធនធានជាច្រើន។ នៅក្នុងប្រទេសកម្ពុជាយើងមានពាក្យស្លោកមួយពោលថា «ទូកទៅកំពង់នៅ»។ យើងត្រូវតែធានាឱ្យបានថា ប្រជាជនកម្ពុជាយល់ដឹងច្បាស់នូវអ្វីដែលបានកើតឡើងនៅក្នុងអង្គជំនុំជំរះនេះ ហើយពួកគាត់បាននិងកំពុងទទួលបានយុត្តិធម៌ និងទទួលបានអត្ថប្រយោជន៍បន្តទៅទៀតពីភាពប្រសើរឡើងនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់យើង។ តាំងពីដើមមកនេះគឺជាកម្មវត្ថុដ៏ជាក់លាក់មួយរបស់អង្គជំនុំជំរះដែលរួមចំណែកដោយរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ ហើយនេះគឺជាកត្តាសំខាន់បំផុតមួយនៃកេរដំណែលដ៏ពិតប្រាកដ និងយូរអង្វែងរបស់អង្គជំនុំជំរះ។
ទាំងនេះគឺជាផ្នែកមួយសំខាន់នៃកេរដំណែលដ៏ពិតប្រាកដ និងយូរអង្វែងដែលបន្សល់ទុកដោយអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ទន្ទឹមនឹងការផ្ទេរចំណេះដឹង និងសមត្ថភាពអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជាបាននិងកំពុងគិតគូរទៅដល់គំរោងរក្សាទុកកេរដំណែលផ្សេងៗទៀតដូចជាការសាងសង់ទីកន្លែងសុវត្ថិភាពមួយសំរាប់រក្សាទុកប័ណ្ណសាររបស់តុលាការ។ ប្រជាជនកម្ពុជា អ្នកស្រាវជ្រាវ និងអ្នកច្បាប់ជាតិ និងអន្តរជាតិ នឹងមានលទ្ធភាពប្រើប្រាស់ប័ណ្ណសារទាំងនេះតាមតំរូវការផ្សេងៗរបស់ខ្លួននៅមណ្ឌលថែរក្សានោះ។ ជាការពិតណាស់ កេរដំណែលដ៏ធំបំផុតក្នុងចំណោមកេរដំណែលទាំងអស់នោះ គឺការនាំមកនូវយុត្តិធម៌ដែលមនុស្សគ្រប់រូបកំពុងទន្ទឹងរង់ចាំយ៉ាងយូរមកហើយ និងការបង្កើតឱ្យមានការទទួលខុសត្រូវលើបទឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តឡើងនាពេលកន្លងទៅ។
ចំពោះសំណុំរឿង០០២ ដីកាដំណោះស្រាយបានចេញកាលពីខែមុន ហើយការជំនុំជំរះរំពឹងថា នឹងចាប់ផ្តើមក្នុងឆ្នាំក្រោយ។ សំណុំរឿង០០២ មានលក្ខណៈស្មុគស្មាញខ្លាំងជាងសំណុំរឿង០០១។ មេដឹកនាំជាន់ខ្ពស់ចំនួនបួនរូបនៅក្នុងរបបនោះដែលនៅមានជីវិតត្រូវបានចោទប្រកាន់ពីបទទាំងឡាយដែលគេអាចអះអាងថា ជាសំណុំរឿងដែលមានលក្ខណៈសំខាន់ជាងគេនៅក្នុងប្រវត្តិគតិយុត្តអន្តរជាតិ។ តាមរយៈសំណុំរឿងទាំងពីរនេះតុលាការអាចបង្កើតបាននូវកំណត់ត្រាជាប្រវត្តិសាស្ត្រ និងគណនេយ្យភាពផ្នែកគតិយុត្តរបស់មេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះទុក្ខវេទនា និងសេចក្តីឈឺចាប់របស់ប្រជាជនកម្ពុជាក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ យើងនឹងរង់ចាំទទួលការគាំទ្របន្តរបស់សហគមន៍អន្តរជាតិចំពោះការខិតខំប្រឹងប្រែងនេះដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះទាំងអស់នៃរបបខ្មែរក្រហមឱ្យបានជាស្ថាពរ។
គ្រប់មជ្ឈដ្ឋានទាំងអស់តែងតែលើកឡើងអំពីឯតទគ្គកម្មពិភពលោកទាំងប្រាំរបស់អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា ជាអាទិ៍ល្បឿននៃការអនុវត្តការងាររបស់ខ្លួនដោយរាប់បញ្ចូលទាំងការអនុម័តបទបញ្ជាផ្ទៃក្នុង និងដំណើរការជំនុំជំរះលើកដំបូង កំរិតចំណាយទាបជាងតុលាការផ្សេងៗដែលមានលក្ខណៈស្រដៀងគ្នា ចាប់ខ្លួនជនជាប់ចោទទាំងអស់ក្នុងរយៈពេលខ្លី ការចូលរួម និងការចាប់អារម្មណ៍ខ្ពស់ពីសាធារណជនទូទៅ និងការអនុញ្ញាតឱ្យជនរងគ្រោះចូលរួមជាដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងដំណើរការជំនុំជំរះនេះ។
នាពេលបច្ចុប្បន្នអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជាត្រូវបានគេទទួលស្គាល់ជាអន្តរជាតិថា មិនត្រឹមតែជាតុលាការគំរូល្អមួយសំរាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ហើយវាក៏ជាតុលាការគំរូល្អមួយសំរាប់តុលាការទាំងឡាយដែលអាចនឹងត្រូវបង្កើតឡើងនាពេលអនាគត ក្រោមការជួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិផងដែរ។ បញ្ហាប្រឈមខ្លាំងបំផុតនាពេលបច្ចុប្បន្នគឺត្រូវធ្វើយ៉ាងណាឱ្យអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជាបំពេញការងារដែលនៅសេសសល់ឱ្យបានរលូន និងចប់សព្វគ្រប់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ប្រសិនបើយើងទទួលបានជោគជ័យលើបញ្ហាប្រឈមទាំងនេះ នោះអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជានឹងទទួលបានឯតទគ្គកម្មពិភពលោកទី៦បន្ថែមទៀត៕
- ដកស្រង់សុន្ទរកថាលោកឧបនាយករដ្ឋមន្ត្រីសុខ អាន ថ្លែងនៅសាលាក្តីខ្មែរក្រហមថ្ងៃទី២៧ តុលា ២០១០៕ ដកស្រង់ពី កោះសន្តិភាព
No comments:
Post a Comment