ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១០
(រូបថត ប៊ុនរី)
កុមារាដែលរួចពីសេចក្តីស្លាប់នៃគំនរសពសោកនាដកម្មលើស្ពានពេជ្រ
រាជធានីភ្នំពេញ ៖ កុមារាម្នាក់ដែលមិនទាន់ដឹងក្តីនៅឡើយបានរងគ្រោះស្ថិតនៅក្រោមគំនរ មនុស្សក្នុងអន្លង់សោកនាដកម្មលើស្ពានពេជ្រនៃទីក្រុងកោះពេជ្រ ដែលសមត្ថកិច្ចបានទាញចេញពីគំនរសពបញ្ជូនទៅកាន់កន្លែងរក្សាសពនៅ ឯមន្ទីរពេទ្យកាល់ម៉ែត ហើយគិតថា ក្មេងនេះស្លាប់បាត់ទៅហើយ ស្រាប់តែរស់ឡើងវិញ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈម្តាយបង្កើត ម្តាយមីង បងស្រីរបស់គេបានស្លាប់គួរឱ្យរន្ធត់ ។ គួររំលឹកឡើងវិញថា នៅក្នុងព្រឹត្តិការណ៍កោលាហលមនុស្សប្រជៀតរត់ជាន់គ្នាបណ្តាលឱ្យ ស្លាប់ជិត៤០០នាក់ និងរងរបួសជាង៧០០នាក់នៅលើស្ពានពេជ្រនៃទីក្រុងកោះពេជ្រ កាលពីរាត្រីថ្ងៃទី២២ វិច្ឆិកា ២០១០ ជាថ្ងៃចុងក្រោយនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនោះ គេឃើញសមត្ថកិច្ចប៉េអឹមបានទាញកុមារាតូចនោះចេញពីគំនរសព ដោយមានសភាពទន់ដៃទន់ជើង និងទន់.កល្ងៀក ហើយត្រូវបានគេចាត់ទុកថា ស្លាប់បាត់ទៅហើយ ក៏យកសពកុមារតូចនោះទៅដាក់នៅសាលរក្សាសពក្នុងមន្ទីរពេទ្យកាល់ ម៉ែត្រគឺដាក់លាយឡំជាមួយសពមនុស្សប្រុស-ស្រីក្មេង-ចាស់ជាច្រើន នាក់ទៀតរង់ចាំបងប្អូនសាច់ញាតិឪពុក-ម្តាយមកទទួលយកទៅធ្វើបុណ្យតែ ប៉ុណ្ណោះ ។
ខណៈមនុស្សម្នាមកវែកពិនិត្យរកមើលសពសាច់ ញាតិ ឡូកឡំជាមួយអារម្មណ៍រន្ធត់នោះ ស្រាប់តែអ្នកគ្រូពេទ្យម្នាក់នៃមន្ទីរពេទ្យកាល់ម៉ែត្រប្រទះឃើញ សពកុមារានេះគួរឱ្យអាណិត ហើយសង្ស័យថា ដូចជាមានសភាពខុសគេបន្តិចក៏យកដៃស្ទាបថ្ងាស ស្ទាបទ្រូង ដឹងថា សាច់នៅក្តៅឧណ្ហៗ...ហើយក៏ចាប់ក្តិចសច់ក្លៀកតាមបែបបច្ចេកទេសពេទ្យ សាកមើល ស្រាប់តែក្មេងនោះស្រែកអូយ៎...! អ្នកគ្រូពេទ្យក៏មានការភ្ញាក់ផ្អើល និងរហ័សយកទៅសង្គ្រោះបន្ទាន់ ទើបគេនៅរស់រានមានជីវិតដល់សព្វថ្ងៃនេះ ។
កុមារាដែលគេគិតថា ស្លាប់ហើយរស់ឡើងវិញនេះ មានឈ្មោះស័ក កនរៀមរក្សារស្មី អាយុ៧ឆ្នាំ ស្នាក់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល រៀននៅសាលាបឋមសិក្សាភូមិធំ ។ ម្តាយបង្កើតរបស់គេឈ្មោះអ៊ូ ស្រីមុំ អាយុ៣៦ឆ្នាំ ម្តាយមីងឈ្មោះអ៊ូ ចន្ថា អាយុ២៤ឆ្នាំ បងស្រីបង្កើតរបស់គេឈ្មោះស័កកនកន្និដ្ឋា អាយុ១១ឆ្នាំ អ្នកទាំងនេះបានស្លាប់នៅក្នុងគំនរសពនៃសោកនាដកម្មលើស្ពានពេជ្រ អស់ទៅហើយ ។
កុមារស័ក កនរៀមរក្សារស្មី អាយុ៧ឆ្នាំ ដែលរួចពីសេចក្តីស្លាប់នៃគំនរសពសោកនាដកម្មលើស្ពានពេជ្របាន ឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២២ វិច្ឆិកា ២០១០ នោះ រូបគេ និងម្តាយបង្កើត ម្តាយមីង និងបងស្រី បានជិះរ៉ឺម៉កម៉ូតូកង់៤ (តុក តុក) ទៅលេងសួនមាត់ទន្លេមុខវាំង...យប់បន្តិចទៅលេងសួនណាហ្គា និងសសៀរទៅកាន់តំបន់កោះពេជ្រ...លុះត្រឡប់មកវិញ ស្ពានពេជ្រកាន់តែចង្អៀតទៅៗ ធ្វើឱ្យម្តាយមីង និងបងស្រីបែកចេញទៅឆ្ងាយបាត់នៅសល់តែរូបគេត្រូវម្តាយ.ពជាប់ ប៉ុន្តែភាពចង្អៀតបានរុញច្រានឱ្យរូបគេឃ្លាតចេញពីម្តាយទៅទៀត ហើយមនុស្សម្នាជាច្រើនចេះតែជាន់សង្កត់មកលើរូបគេខ្លាំងទៅៗ និងជាន់គរលើគ្នា...បន្ទាប់មករូបគេក៏សន្លប់លែងដឹងខ្លួនតាំងពី ពេលនោះទៅ...លុះពេលដឹងខ្លួនស្រាប់តែស្ថិតនៅមន្ទីរពេទ្យកាល់ម៉ែត ទន្ទឹមគ្នានឹងគេប្រាប់ថា ម្តាយបង្កើត ម្តាយមីង បងស្រី បានស្លាប់នៅក្នុងគំនរមនុស្សនោះអស់ទៅហើយ ៕ដកស្រង់ពី កោះសន្តិភាព
No comments:
Post a Comment